អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ គំរាម​ដាក់​ពន្ធពិន័យ ​លើការ​នាំចូល​រថយន្ត​ពី​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបានគំរាមដំឡើងពន្ធ លើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីបរទេស លោកដូណាល់ ត្រាំ ទើបតែបាន​ប្រកាសថា នឹងដំឡើងពន្ធពិន័យ ទៅលើរថយន្តដែលនាំចូលទៅលក់នៅអាមេរិក។ ប្រទេសនៅអឺរ៉ុប កំពុងមានអារម្មណ៍ ថាខ្លួនកំពុងរងទណ្ឌកម្មនេះ។ តើលោក ដូណាល់ ត្រាំ កំពុងតែបង្កាត់ភ្លើងសង្រ្គាមពាណិជ្ជកម្ម ជាមួយអឺរ៉ុបឬ? ជាងនេះទៅទៀត ការដែល លោក​ដូណាល់ ត្រាំ សម្រេចដកខ្លួនអាមេរិក ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបានប្រទេសអឺរ៉ុបគិតថា គឺជាហេតុផលសេដ្ឋកិច្ច ព្រោះ​លោក​ដូណាល់ ត្រាំ មិនចង់ឃើញអ៊ីរ៉ង់ ក្លាយជាគូប្រជែងរបស់អាមេរិក ក្នុងវិស័យនាំចេញឧស្ម័ន​ធម្មជាតិ ទៅកាន់អឺរ៉ុប។

លោក Donald Trump និយាយក្នុង​វេទិកា​​ឧស្សាហកម្ម​រថយន្ត​របស់​អាមេរិក​។ រដ្ឋ​មីឈីហ្គែន ថ្ងៃទី​១៥ មីនា ២០១៨។
លោក Donald Trump និយាយក្នុង​វេទិកា​​ឧស្សាហកម្ម​រថយន្ត​របស់​អាមេរិក​។ រដ្ឋ​មីឈីហ្គែន ថ្ងៃទី​១៥ មីនា ២០១៨។ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ដំណឹងល្អ ជូនដល់ឧស្សាហកម្មផលិតរថយន្តអាមេរិក

ប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ស្រាប់តែកាលពីថ្ងៃពុធ ទី២៤ឧសភានេះ សេតវិមានអាមេរិក បានចេញលិខិតមួយ ដោយប្រកាសថានឹងអាចដំឡើងពន្ធ លើផលិតផលរថយន្ត ដែលនាំចូលពីបរទេស។

រដ្ឋាភិបាលអាមេរិក មិនទាន់សម្រេចដំឡើងនៅឡើយទេ តែអ្វីៗគឺកំពុងតែដើរទៅតាមផ្លូវនេះហើយ។ នៅក្នុងលិខិតប្រកាសរបស់សេតវិមាននេះ បានឲ្យដឹងថា លោកដូណាល់ ត្រាំ បានបញ្ជាទៅកាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យធ្វើរបាយការណ៍ ស្តីពីការនាំចូលរថយន្ត ពីបរទេស មកក្នុងទីផ្សារអាមេរិក មិនថារថយន្តធនតូច រថយន្តដឹកទំនិញ ឬក៏គ្រឿងបន្លាស់នោះទេ។ បើសិនជារបាយការណ៍នេះ សន្និដ្ឋានថា ការនាំចូលកន្លងមកនេះ បានធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិអាមេរិក​ នោះរដ្ឋាភិបាល នឹងចាត់វិធានការ ដំឡើងពន្ធ ពិន័យលើផលិតផលទាំងនោះ។

ហើយលិខិតប្រកាសផ្លូវការនេះ បានចេញ ប៉ុន្មានម៉ោង ក្រោយពេលលោកដូណាល់ ត្រាំ សរសេរសារបង្ហោះលើ Twitter គាត់ដូចសព្វដង។ គាត់សរសេរថា គាត់នឹងមានដំណឹងដ៏ល្អមួយជូន ដល់សហគ្រាស ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលកន្លងមកធ្លាប់តែរងគ្រោះបាត់បង់ទីផ្សារ បាត់បង់ការងារ ដោយសារតែពួកក្រុមហ៊ុនបរទេស។

រថយន្តនាំចូល ធ្វើឲ្យខូចឧស្សាហកម្មរថយន្តក្នុងស្រុករបស់អាមេរិក

បើតាមប្រសាសន៍លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា​ គេមានភស្តុតាង មានតួលេខជាក់ច្បាស់ ដែលបង្ហាញថា ប៉ុន្មានទសវត្សចុងក្រោយនេះ ការនាំចូលរថយន្តពីបរទេស បានធ្វើឲ្យសង្វាក់ផលិតកម្មរថយន្តក្នុងស្រុក បានជួបនឹងការអន់ថយ។ គាត់អះអាងថា ក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ការនាំចូលរថយន្តពីបរទេស បានកើនឡើង ពី៣២% ដល់៤៨%។

របាយការណ៍ ដែលក្រសួងពាណិជ្ជកម្មអាមេរិកនឹងធ្វើនេះ នឹងលាតត្រដាងឲ្យឃើញថា តើ ការថយចុះ នៃការផលិតរថយន្ត ការផលិតគ្រឿងបន្លាស់ ឬគ្រៀងផ្សំផ្សេងៗនេះ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ កំរិតណា។ ពោលគឺ តើវាអាចប៉ះពាល់ ដល់ទីផ្សារការងាររបស់បុគ្គិលិកអាមេរិក ព្រមទាំងការស្រាវជ្រាវបច្ចេកវិទ្យាថ្មី ទំនើប ក្នុងវិស័យផលិតយានយន្តនេះ កំរិតណាខ្លះ។

ពន្ធនាំចូល អាចដំឡើងដល់២៥%

ដោយឡែក បើយោងតាមការចុះផ្សាយ របស់កាសែត Wall Street Journal ចុះផ្សាយមុនការប្រកាសផ្លូវការនេះបន្តិច បានឲ្យដឹងថា បើសិនជារដ្ឋាភិបាលអាមេរិក សម្រេចតំឡើងពន្ធ លើការនាំចូលរថយន្តពីបរទេសមែននោះ គឺពន្ធនោះ អាចមានកំរិត ដល់ទៅ២៥% ឯណោះ។ នេះមានន័យថា ប្រទេសដែលនាំចូលរថយន្តទៅអាមេរិក ប្រាកដជាមិនសុខចិត្តទេ។

ជប៉ុនដំបូងគេ ដែលជាអ្នកមិនសប្បាយចិត្ត បើសិនជាអាមេរិក តំឡើងពន្ធ ដល់២៥%មែននោះ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន​ បានមានប្រតិកម្មថា ការដំឡើងពន្ធរបស់អាមេរិកនេះ នឹងបង្កបញ្ហា ធ្វើឲ្យទៅផ្សាររំជើបរំជួល។ យ៉ាងណាមិញ គ្រាន់តែក្រោយការប្រកាសនេះបន្តិច ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Toyota Nissan បានធ្លាក់ចុះ ចន្លោះពី ១,៧៥% ទៅ ២,៧៥% ឯណោះ។

ដូចយើងដឹងហើយ ថាឧស្សាហកម្មផលិតរថយន្ត សំខាន់កំរិតណាសម្រាប់ជប៉ុន។ តែបើយើងក្រឡេកមើលឲ្យជ្រៅ ជប៉ុនមែនមែននាំចូលរថយន្តទៅអាមេរិក ទាំងស្រុងទេ។ ក្នុងចំណោមរថយន្តជប៉ុនដែលលក់នៅអាមេរិក មានមួយចំនួន គឺផលិតនៅលើដីអាមេរិក។ ឧទាហរណ៍ ក្រុមហ៊ុនNissan ដែលលក់រថយន្តនៅអាមេរិក បានចំនួន​១លាន​៥សែន​៩ម៉ឺនគ្រឿង កាលពីឆ្នាំទៅនោះ ក្នុងចំនួននេះ គឺមានដល់​ទៅ​៩សែន​៣ម៉ឺនគ្រឿង ដែលផលិតនៅលើដីអាមេរិក។ មានន័យថា វាជាងពាក់កណ្តាលទៅហើយ។

ហើយក្រៅពីជប៉ុន អ្នកដែលកំពុងស្ថិតក្នុងសំណាញ់នេះ គឺក្រុមហ៊ុនរបស់អាល្លឺម៉ង់ ដូចជា BMW Volkswagen ព្រមទាំងក្រុមហ៊ុនបារាំង ខ្លះ ដូចជា Renault Peugeot PSA ជាដើម។ ក្រុមហ៊ុន BMW បានឲ្យដឹងថា នៅឆ្នាំ២០១៧ ក្នុងចំណោមរថយន្ត ដែលខ្លួនលក់នៅអាមេរិកទាំងអស់​ គឺមាន៦៦% ដែលនាំចូល ពោលគឺស្មើនឹង ប្រមាណ២សែនគ្រឿង។ ក្រៅពីនេះ ៣៤% ទៀត គឺជារថយន្ត ដែលផលិតនៅអាមេរិក។ ដូច្នេះ ការសម្រេចដំឡើងពន្ធនេះ បើសិនរដ្ឋាភិបាលអាមេរិកធ្វើមែន គឺជារឿងមួយមិនអាចទទួលយកបានទេ។

ពន្ធពិន័យ អាចផ្ទុយនឹងច្បាប់ពាណិជ្ជកម្មសេរី

លោកដូណាល់ ត្រាំ តែងតែរអ៊ូថា រថយន្តអាមេរិកនាំចូលទៅអឺរ៉ុប ត្រូវរងពន្ធធ្ងន់ជាងរថយន្តអឺរ៉ុប នាំចូលមកអាមេរិក។ សម្តីនេះ វាពិតមួយផ្នែក តែមិនពិតមួយផ្នែក។ តាមច្បាប់ពន្ធដារអឺរ៉ុប រថយន្តដែលផលិតនៅក្រៅសហភាពអឺរ៉ុប និងរថយន្តដែលនាំចូលពីអាមេរិក ត្រូវជាប់ពន្ធប្រមាណជា ១០%។ ចំណែកពន្ធនាំចូល របស់អាមេរិក ដាក់ទៅលើរថយន្តធនតូចផលិតនៅអឺរ៉ុបវិញ មានកំរិតប្រមាណជាង២,៥%។ ក៏ប៉ុន្តែ សម្រាប់រថយន្តដឹកទំនិញ និងរថយន្ត Pick-up របស់អឺរ៉ុប អាមេរិកបានយកពន្ធដល់ទៅ២៥% ខណៈដែលអឺរ៉ុប យកពន្ធពីអាមេរិក តែប្រមាណ១៤% ជាមធ្យម។

យើងឃើញថា ក្នុងចំណុចនេះ យើងមិនអាចថា អ្នកណាយកពន្ធលើសអ្នកណាទេ។ ហើយវាជាគោលការណ៍ នៃការប្រកួតប្រជែងដោយសេរី។ ការដំឡើងពន្ធហួសហេតុ ដើម្បីដាក់ពិន័យលើផលិតផលបរទេសបែបនេះ គឺវាអាចផ្ទុយពីច្បាប់ពាណិជ្ជកម្មសេរី។

យ៉ាងណាមិញ ការសម្រេចរបស់លោកដូណាល់ ត្រាំទាក់ទិននឹងការដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ក៏កំពុងធ្វើឲ្យទីផ្សារជួបបញ្ហាដែរ។ រុស្ស៊ី ជប៉ុន និងឥណ្ឌា បានដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីដោះស្រាយបញ្ហានេះ។ ចំណែកសហភាពអឺរ៉ុប ត្រូវអាមេរិកលើកលែងជាបណ្តោះអាសន្នមែន តែចាប់ពីដើមខែមិថុនាទៅ ដែកថែប និងអាលុយមីញ៉ូមអឺរ៉ុប ក៏នឹងជាប់សំណាញ់ពន្ធពិន័យ របស់អាមេរិកដែរ។

ដើរនយោបាយការបរទេស ដើម្បីបំរើដល់មហិច្ឆិតាសេដ្ឋកិច្ចជាចំបង

ជាការពិតណាស់ យើងសង្កេតឃើញថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងតែធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយគេឯងគ្រប់គ្នា ដើម្បីការផលប្រយោជន៍សេដ្ឋកិច្ចអាមេរិក។ ជាងនេះទៅទៀត នយោបាយការបរទេស របស់លោកត្រាំ ក៏ត្រូវបានគេសំឡឹងមើលឃើញថា បានផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចអាមេរិកជាធំ ដោយមិនខ្វល់ពីផលវិបាកយូរអង្វែង។

យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ គឺគាត់កំពុងព្យាយាមការពារទីផ្សារអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក នៅដើមបូព៌ា។ ទីមួយ គឺការពារទីផ្សារនាំប្រេងឆៅចេញទៅលក់ របស់អារ៉ាប៊ីសាអូឌីត។ បើអ៊ីរ៉ង់ បើកទ្វារសេដ្ឋកិច្ច អ៊ីរ៉ង់នឹងប្រជែងការនាំប្រេងចេញ ជាមួយអារ៉ាប៊ីសាអូឌីត។ កាលពីមិនទាន់បើកទ្វារសេដ្ឋកិច្ច មុនកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ លក់ប្រេង​បានតែ១លានធុងបារីលទេ ក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ អ៊ីរ៉ង់ អាចលក់បានជាង៣លានធុងបារីល ក្នុងមួយថ្ងៃ ហើយសមត្ថភាពនេះ អាចកើនបន្ថែមទៀត ដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីតភ័យបារម្ភ។

ទី២ទៀត អាមេរិក សម្លឹងឃើញថា អ៊ីរ៉ង់ អាចក្លាយជាគូប្រជែងរបស់ខ្លួនដោយផ្ទាល់ គឺក្នុងវិស័យផលិតឧស្ម័នធម្មជាតិ។ អ៊ីរ៉ង់ គឺជាជង្រុកឧស្ម័នធម្មជាតិ ក្រោមដី និងបាតសមុទ្រ ធំជាងគេបង្អស់លើលោក បន្ទាប់ពីរុស្ស៊ី។ គ្រាន់តែកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចូលជាធរមានភ្លាម ក្រុមហ៊ុនTotal បានទៅដល់អ៊ីរ៉ង់មុនគេ ដើម្បីរៀបគំរោង រុករកឧស្ម័ន និងសាងសង់បំពង់បង្ហូរ ដើម្បីនាំចេញ។ ក៏ប៉ុន្តែពេលនេះ ក្រោយអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង និងគំរាមដាក់ទណ្ឌកម្មទៀត ក្រុមហ៊ុន Total កំពុងតែភ័យ ហើយប្រកាស ថាអាចបោះបង់គំរោងនេះចោល។

អាមេរិក ក៏ជាអ្នកផលិតឧស្ម័នធម្មជាតិ ដ៏សំខាន់ម្នាក់ដែរ។ ចំណែកអឺរ៉ុបវិញ គឺជាទីផ្សារទិញឧស្ម័ននេះ។ កាលពីឆ្នាំ២០១៧ យោងតាមតួលេខ ប្រទេសអឺរ៉ុប នាំចូលឧស្ម័នធម្មជាតិ សម្រាប់តំរូវការក្នុងស្រុក​ ដល់ទៅ៦៦% ដែលគិតជាទឹកប្រាក់ ប្រមាណ៧៥ពាន់លានអឺរ៉ូ។ ក្នុងចំណោមនោះ ពាក់កណ្តាល គឺទិញពីរុស្ស៊ី។ ប៉ុន្តែសហភាពអឺរ៉ុប មិនចង់រំពឹង លើឧស្ម័នរបស់រុស្ស៊ី តែម្នាក់ ដូច្នេះហើយបានជាអឺរ៉ុប សំឡឹងឃើញអ្នកផ្គត់ផ្គង់ថ្មីស្រឡាង គឺអ៊ីរ៉ង់។

សម្រាប់ពេលនេះ ឧស្ម័នអាមេរិក ដែលនាំចូលមកអឺរ៉ុប មានតិចទេ​ បើប្រៀបធៀបនឹងឧស្ម័នរបស់រុស្ស៊ី តែយ៉ាងណា អ្នកវិភាគជឿថា រដ្ឋាភិបាលលោកត្រាំ ដែលស្និទនឹងក្រុមហ៊ុនផលិតឧស្ម័នទាំងនោះ កំពុងតែរិះរកវិធី វាយលុកទីផ្សារអឺរ៉ុប។ ដូច្នេះការងារចំបង នាពេលនេះ សំរាប់អាមេរិក គឺត្រូវកំចាយអ៊ីរ៉ង់ ចេញពីទីផ្សារផលិតឧស្ម័នធម្មជាតិនេះចោលសិន ដើម្បីងាយប្រជែង ជាមួយរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ