ទំនាស់ពន្ធដាររវាងកាណាដា និងសហរដ្ឋអាមេរិក បន្ថែមលើគំរោងសើរើកិច្ចព្រមព្រៀង NAFTA
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៧
រដ្ឋាភិបាលអាមេរិក និងកាណាដា កំពុងមានតែស្ថិតក្នុងកាលៈទេសៈ ដ៏លំបាក បន្ទាប់ពីមានទំនាស់ផ្នែកពន្ធដារ នឹងគ្នា។ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានទាមទារឲ្យរដ្ឋាភិបាលអាមេរិក យកពន្ធឲ្យដល់ ២២០% ទៅលើយន្តហោះរបស់ក្រុមហ៊ុន Bombardier កាណាដា។ ជាការឆ្លើយតប កាណាដា ដែលមានគំរោងចង់ទិញ យន្តហោះយោធា របស់ក្រុមហ៊ុនBoeing នោះ បានប្រកាសថា នឹងបិទបញ្ចប់ការចរចា ហើយងាកទៅរកក្រុមហ៊ុនផ្សេងទៀត។ ភាពតានតឹងនេះ កើតមានឡើង ចំពេលដែល សហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក កំពុងចរចាគ្នា ដើម្បីសើរើ កិព្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោក ដូណាល់ ត្រាំ ទាមទារចង់បាន។
ក្រសួងពាណិជ្ជកម្មអាមេរិក កំណត់ពន្ធកប់ពពកលើយន្តហោះកាណាដា តាមសំណើរបស់Boeing
ដើមដំបូងគឺចេញពីក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក ដែលបានស្នើទៅកាន់ ក្រសួងពាណិជ្ជកម្មអាមេរិក ថាត្រូវតែ កំណត់ពន្ធឲ្យបានធ្ងន់បំផុត ទៅលើការនាំចូលយន្តហោះ ពីរប្រភេទរបស់ក្រុមហ៊ុន Bombardier កាណាដា។ គឺយន្តហោះប្រភេទ CS100 និង CS300។
ក្រុមហ៊ុន Boeing បានចោទក្រុមហ៊ុន Bombardier របស់កាណាដា ថាបានធ្វើការប្រកួតប្រជែងមិនស្មោះត្រង់ នៅលើទីផ្សារ ព្រោះក្រុមហ៊ុននេះ បានទទួលជំនួយឧបត្ថម្ភ ពីរដ្ឋាភិបាលកាណាដា ដែលអនុញ្ញាត ឲ្យក្រុមហ៊ុន Bombardier អាចលក់យន្តហោះ ទាំងខាតដើម មកឲ្យក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines។
ស្រាប់តែកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានសម្រេចតំឡើងពន្ធ កប់ពពក មកលើយន្តហោះ របស់ក្រុមហ៊ុន Bombardier កាណាដា។ ពន្ធទីមួយគឺ ជាប្រភេទពន្ធថ្លៃសំណងខូចខាត ដែលត្រូវតំឡើង ដល់២២០% និងពន្ធទីពីរ គឺពន្ធប្រឆាំងនឹងការកេងចំនេញទីផ្សារ ដែលនឹង ត្រូវតំឡើងដល់៨០%។
កាណាដា មិនអាចទទួលយកបានទេ!
ខាងកាណាដា គេឆ្លើយថា គេមិនអាចទទួលយកបានទេ។ កាលពីថ្ងៃពុធ ទី ១១ តុលា លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានទៅជួបលោកដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ិនតោន ដើម្បីនិយាយគ្នា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ក្នុងឱកាសនោះ លោក នាយករដ្ឋមន្ត្រីកាណាដា ក៏បានឆ្លៀតនិយាយ ពីបញ្ហា ទំនាស់ពន្ធដារនេះដែរ។
លោក Justin Trudeau បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកបាននិយាយ ត្រង់ទៅត្រង់មក ជាមួយនឹងលោកដូណាល់ ត្រាំ ថា កាណាដា មិនអាចទទួលយកបានទេ ព្រោះថាកាណាដា មានគំរោងទិញយន្តហោះយោធា របស់ក្រុមហ៊ុន Boeing អាមេរិក តែផ្ទុយទៅវិញ ក្រុមហ៊ុននេះ និងក្រសួងពាណិជ្ជកម្មអាមេរិក បែរជាមូលមតិគ្នា មកដាក់ពិន័យពន្ធដារ មកលើក្រុមហ៊ុនផលិតយន្តហោះកាណាដា បែបនេះទៅវិញ។ កាណាដា ធ្វើទៅមិនរួចទេ។ ដូច្នេះកាណាដា បានសម្រេច មិនទិញ យន្តហោះយោធា របស់Boeing ទេ។
ភ្លាមៗនោះ រដ្ឋាភិបាលកាណាដា បានចេញលិខិតមួយ ប្រកាសថា កាណាដា បានសម្រេចព្យួរទុក ការចរចា ទិញយន្តហោះចម្បាំង Super Hornet ថ្មីទាំង១៨គ្រឿង ពីក្រុមហ៊ុនBoeing។ ហើយមុននឹង ចាប់ផ្តើម បើកឲ្យមានការដេញថ្លៃ សាជាថ្មី នៅរវាងឆ្នាំ ២០១៩ កាណាដា មានបំណងចរចា ទិញយន្តហោះចម្បាំង ចាស់ៗ ប្រភេទ F18 របស់អូស្ត្រាលី យកមកប្រើសិន។
នេះគឺជាវិធានការឆ្លើយតប របស់រដ្ឋាភិបាល លោក Justin Trudeau ទៅនឹងអ្វីដែលលោកហៅថា ជាចេតនា របស់ Boeing ដែលចង់ឃើញ កាណាដា បិទរោងចក្រ និងធ្វើឲ្យប្រជាជនកាណាដា អត់ការងារធ្វើ ក្នុងវិស័យផលិតយន្តហោះ។
ចរចាជាមួយលោកដូណាល់ ត្រាំ មិនមែនជាការងាយទេ!
ការសម្រេចតំឡើងពន្ធភ្លាមៗកប់ពពក ពីសំណាក់រដ្ឋាភិបាលអាមេរិកបែបនេះ វារិតតែបង្ហាញ ឲ្យប្រទេសភាគីផ្សេងទៀត ឃើញថា រដ្ឋាភិបាលោក ដូណាល់ ត្រាំ មាននិន្នាការ អត្មានិយមណាស់។
យ៉ាងណាមិញ គឺលោកដូណាល់ ត្រាំ តែម្តង ដែលជាអ្នកទាមទារ ឲ្យចរចាសើរើឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើង ហៅកាត់ថា NAFTA នេះ ព្រោះគាត់យល់ថា កិច្ចព្រមព្រៀងនេះ អាមេរិកខាតច្រើនណាស់។ តែផ្ទុយទៅវិញ ការយល់ឃើញ របស់លោកដូណាល់ ត្រាំ មិនត្រូវបានអ្នកជំនាញសេដ្ឋកិច្ច យល់ស្របទាំងស្រុងទេ។
បន្ទាប់ពីបានជួបលោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី ១១ តុលា លោក Justin Trudeau បាននិយាយថា ចរចាជាមួយលោកដូណាល់ ត្រាំ មិនមែនជារឿងងាយទេ តែយ៉ាងណាលោក នៅតែប្រឹងប្រែង និងមានសុទិដ្ឋិនិយម ថាភាគីទាំងបី អាចថែរក្សាកិច្ចព្រមព្រៀង NAFTA នេះឲ្យបានគង់វង្ស។ លោក Justin Trudeau នឹងព្យាយាមពន្យល់ ឲ្យលោកដូណាល់ ត្រាំ យល់ថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា តាំងតែពីឆ្នាំ១៩៩៤នេះ បានផ្តល់ផលល្អច្រើនណាស់ ដល់ការដោះដូរពាណិជ្ចកម្ម រវាងប្រទេសទាំង៣។ គេអាចកែសំរួល ដើម្បីកែលំអវា តែគេមិនអាចបដិសេធ លុបចោលវាទាំងស្រុងទេ។
គោលជំហរអត្មានិយមជ្រុល របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ ក្នុងការចរចា NAFTA
សូម្បីតែប្រធានសភាពាណិជ្ជកម្មអាមេរិក ក៏បានរិះគន់ គោលជំហរបែបអត្មានិយមហួសហេតុ របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ ដែរ។ ឧទាហរណ៍ ភាគីអាមេរិកបានទាមទារ ថា រថយន្តដែលអាចទទួលបានការអនុគ្រោះពន្ធដារ ទាល់តែរថយន្តនោះ មានគ្រឿងផ្សំយ៉ាងហោចណាស់ ៨៥% ផលិតនៅអាមេរិកខាងជើង។ ក្នុងលក្ខខណ្ឌនេះ មានលក្ខខណ្ឌតូចបន្ថែមទៀត ថា ក្នុងចំណោម៨៥%នេះ គឺត្រូវ៥០% ជាគ្រឿងផ្សំ ដែលផលិតនៅសហរដ្ឋអាមេរិក។
លោកប្រធានសភាពាណិជ្ជកម្មអាមេរិក បានលើកឡើងថា រដ្ឋាភិបាលលោកត្រាំ មានបំណង ធ្វើឲ្យភាគីផ្សេងទៀតទ្រាំលែងបាន ហើយការចរចានៅជាប់គាំងលែងទៅមុខ។ ក្នុងករណីនោះ លោកត្រាំ នឹងយកលេសនេះ លុបកិច្ចព្រមព្រៀងចាស់ចោល ហើយវិលមកចរចា ទ្វេរភាគី តែជាមួយកាណាដា ដោយព្រលែងមិចស៊ិកចោល។
ដូចយើងធ្លាប់បានដឹងកន្លងមកហើយ ថា លោកដូណាល់ ត្រាំ ជាមនុស្សមិនអាចឲ្យគេស្មានចិត្តដឹងមុន និងមិនអាចទុកចិត្តបានទេ។ ដូច្នេះ ហើយបានជាលោក Justin Trudeau ទទួលស្គាល់ថា ចរចាជាមួយលោក ដូណាល់ ត្រាំ គឺជារឿងដ៏លំបាកបំផុត ព្រោះលោកត្រាំ អាចដូរចិត្តចុះឡើងតាមមិនទាន់ទេ។
ដោយឡែក អ្នកជំនាញសេដ្ឋកិច្ច នៅមូលនិធិហិរញ្ញវត្ថុអន្តរជាតិ បានទាញសញ្ញាអាសន្នថា ការបង្វែរចង្កូតរបស់អាមេរិក តាមរយៈវិធានការពាណិជ្ជកម្មដែលមានលក្ខណៈអត្មានិយមជ្រុលហួសហេតុនោះ គឺវានឹងធ្វើឲ្យរអាក់រអួល ដោះការដោះដូរពាណិជ្ជកម្ម ហើយវានឹងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទូទាំងពិភពលោកតែម្តង ព្រោះអាមេរិក ជាកំលាំងចលករធំបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ