អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចារកិច្ច

អគ្គនាយកFBI និងNSA ​ត្រៀមខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​សភា​តំណាង ស្តីពី​សំណុំ​រឿង​ចារកិច្ច​រុស្ស៊ី

សភា​អ្នក​តំណាង​អាមេរិក​ ​នឹង​បើក​ការ​សួរដេញ​ដោល​ ជា​លើក​ដំបូង​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ស្តីពី​សំណុំរឿង​ចារកិច្ច​រុស្ស៊ី ​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​បាន​លូកដៃ​ចូល​មក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ព្រម​ទាំង​ការ​ចោទ​ប្រកាន់​របស់​លោក​ដូណាល់ ត្រាំ ​ ដែល​ថា​លោក​អូបាម៉ា ​បាន​បញ្ជា​ឲ្យ​គេលប​ស្តាប់​ទូរស័ព្ទ​របស់​ខ្លួន។ អគ្គនាយក​FBI​ និង​អគ្គនាយក​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក ​នឹង​ត្រូវ​ទៅឆ្លើយ​បំភ្លឺ​ជា​លើក​ទីមួយ ​ បន្ទាប់​ពី​រឿងរ៉ាវ​ទាំង​អស់​នេះ​បាន​ផ្ទុះឡើង។

លោក James Comey អគ្គនាយក FBI
លោក James Comey អគ្គនាយក FBI REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​លោក​ James Comey ​អគ្គនាយក ​FBI​ និង​លោក​ Mike Rogers ​អគ្គនាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ ហៅកាត់​ថា ​NSA​ នឹង​ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ ​នៅ​ចំពោះមុខ​គណកម្មការ​ស៊ើបការ​សំងាត់ ​នៃ​សភា​តំណាង ​ស្តីពី​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រុស្ស៊ី។ សវនាកា​សួរ​ដេញដោល​ នឹង​ត្រូវ​ធ្វើ​ជា​សាធារណៈ ​ដែល​នេះ​គឺ​ជា​ការ​ទាមទារ​របស់​សមាជិក​សភា​ជាច្រើន​អ្នក​ ដើម្បី​ជំរះ​រាល់​មន្ទិល​សង្ស័យ។

 
អ្នកនាំពាក្យ​គណកម្មការ​ស៊ើបការ​សំងាត់​នៃ​សភា​តំណាង ​បាន​បញ្ជាក់​ថា ​គេ​រំពឹង​ថា ​លោក​ទាំងពីរ​នាក់​ខាងលើ ​នឹង​ផ្តល់​ព័ត៌មាន​លំអិត​ ស្តី​អំពី​សកម្មភាព​លួចលាក់​របស់​រុស្ស៊ី ​កាល​ពី​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ​ ស្តីពី​វិធានការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​អាមេរិក​ ស្តីពី​របាយការណ៍​សន្និដ្ឋាន​លំអិត ​ដែល​ធ្វើ​កាល​ពី​ថ្ងៃទី​៦​មករា ​និង​ចុងក្រោយ ​ គឺ​ទាក់ទង​នឹង​ការ​ចោទប្រកាន់ ​របស់​លោក​ដូណាល់ ត្រាំ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ថា​លោក​អូបាម៉ា ​បាន​បញ្ជា​ឲ្យ​គេ​លប​ស្តាប់​ទូរស័ព្ទ​ខ្លួន​ និង​ក្រុម​ការងារ​ខ្លួន។

តែ​យ៉ាងណា ​គេ​ជឿថា​ លោក​នាយក ​FBI​ និង​ NSA​ អាច​ប្រហែល​ជា​មិន​អាច​និយាយ​អ្វី​បាន​ច្រើន​ទេ ​ដោយ​សារ​តែ​ផ្នែក​ខ្លះ​នៃ​សំណុំរឿង​នេះ ​ត្រូវ​ចាត់​ទុក​ជា​កិច្ចការ​សំងាត់​របស់​រដ្ឋ។ យ៉ាងណាមិញ ​សមាជិក​សភា​តំណាង ​មិន​ថាមក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​រឺ​សាធារណៈ​រដ្ឋ​ទេ ​បាន​រិះគន់​ ស្ថាប័ន​ទាំង​ពីរ​នេះ ​ថា​មិន​បាន​ផ្តល់​ព័ត៌មាន ​រឺក៏​ទិន្ន័យ​ឲ្យ​បាន​ច្បាស់​សោះ ​ទាក់ទិន​នឹង​ចារកិច្ច​រុស្ស៊ី។

ដោយឡែក ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ដូណាល់​ ត្រាំ​ ដែល​ថា​លោក​អូបាម៉ា ​បាន​បញ្ជា​ឲ្យគេ​លបស្តាប់​ទូរស័ព្ទ​គាត់​ កាល​ពី​កំឡុង​ពេល​ឃោសនា បោះឆ្នោត​នោះ ​មាន​សមាជិក​សភា​ជាច្រើន ​ដែល​អ្នក​ខ្លះ​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​  ​យល់​ឃើញ​ថា ​វា​ជា​ការ​ចោទ​ប្រកាន់​ ដោយ​គ្មាន​ភស្តុតាង ​និង​ដោយ​ប្រឌិត​ទាំង​ស្រុង។​ តាម​រយៈ​ សវនាកា​សួរ​ដេញ​ដោល ​នៅ​ថ្ងៃ​នេះ ​និង​លើក​ទីពីរ​ នៅ​ថ្ងៃ​២៨​មីនា​ខាង​មុខ​នេះ ​គេសង្ឃឹម​ថា ​ការ​ពិត​ប្រាកដ​ជា​លាត​ត្រដាង​ ហើយ​លោក​ដូណាល់ ត្រាំ​ ត្រូវតែ​សុំទោស​លោក​អូបាម៉ា​ ជា​សាធារណៈ ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ បំភ្លើស​ការពិត​របស់​ខ្លួន។

សូមរំលឹកថា ​មន្ត្រី​រដ្ឋាភិបា​លោកត្រាំ ​ជាច្រើន​នាក់​ ត្រូវ​បាន​ព័ត៌មាន​បែក​ធ្លាយ​បង្ហាញ​ថា ​បាន​ជាប់​ទំនាក់​ទំនង​ និង​ទទួល​ប្រាក់​ពី​ភ្នាក់ងារ​រុស្ស៊ី។ យ៉ាងណាមិញ​ សមាជិក​សភា​តំណាង ​និង​ព្រឹទ្ធសភា​អាមេរិក​ បាន​គំរាម​ថា​នឹង​ពន្យា​ការ​បោះឆ្នោត​ ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រដ្ឋាភិបាល​លោកត្រាំ  ​បើ​សិន​ជា​ការពិត​ទាក់ទិន​នឹង​រឿង​អាស្រូវ​ទាំង​នេះ ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ