រ្ហ័ន ហ្កៃដូ បន្តអំពាវនាវឲ្យកងទ័ពគាំទ្រ ខណៈម៉ាឌូរ៉ូ ប្រាប់កងទ័ពឲ្យត្រៀមកម្លាំងទល់នឹងអាមេរិក
កាលពីថ្ងៃសៅរ៍ នៅទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា លោករ្ហ័ន ហ្កៃដូ មេដឹកនាំប្រឆាំង បានបន្តអំពាវនាវ ឲ្យប្រជាជនបន្តជួបជុំគ្នានៅមុខបន្ទាយកងទ័ព ដើម្បីផ្ញើសារ ទៅកាន់កងទ័ព ឲ្យងាកមកគាំទ្រប្រជាជន និងឈប់ជួយការពារប្រធានាធិបតីផ្តាច់ការម៉ាឌូរ៉ូ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីម៉ាឌូរ៉ូ ឯណោះ បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ហើយបានប្រកាសថា កងទ័ពត្រូវត្រៀមកម្លាំងឲ្យបានស្រេច ដើម្បីទប់ទល់ជាមួយនឹងការប្រើកម្លាំង របស់អាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃសៅរ៍ទី ៤ឧសភា ប្រជាជនវ៉េណេស៊ុយអេឡា បានដើរដង្ហែរក្បួន ឆ្ពោះទៅកាន់បន្ទាយកងទ័ពចំនួន៤កន្លែង នៅក្រុងការ៉ាកាស។ លោករ្ហ័ន ហ្កៃដូ ដែលជាអ្នកប្រកូកប្រកាសចលនានេះ បានអះអាងលើទំព័រTwitter ថា គឺជាការជួបជុំដោយសន្តិវិធី ពុំមានប្រើពាក្យហិង្សា ឬសកម្មភាពហិង្សាអ្វីទាំងអស់។ លោកបន្តថា កម្មវត្ថុ គឺមិនមែនស្តីបន្ទោស ឬផ្គើនកងទ័ពនោះទេ តែគឺដើម្បីផ្ញើសារប្រាប់កងទ័ព សុំទទូចឲ្យកងទ័ព ងាកមកជួយការពារប្រជាជន ជាជាងការពាររបបផ្តាច់ការក្រាញអំណាច របស់លោក នីកូឡា ម៉ាឌូរ៉ូ។
យោងតាមអ្នកយកព័ត៌មានAFP បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ លោករ្ហ័ន ហ្កៃដូ មិនបានបង្ហាញខ្លួនក្នុងក្បួនដង្ហែរទេ។ បាតុករអ្នកគាំទ្រលោករ្ហ័ន ហ្កៃដូ បានព្យាយាម ដើរឆ្ពោះទៅក្បែរបន្ទាយទាហាន តែត្រូវបានកងកម្លាំងសន្តិសុខ រារាំង។ បាតុករខ្លះ កាន់មេក្រូ ខ្លះចែកក្រដាសខិតបណ្ណទៅកាន់កងកម្លាំងសន្តិសុខ ដោយក្នុងនោះមានសរសេរសារអំពាវនាវ ឲ្យកងទ័ពជួយជ្រោមជ្រែងការផ្លាល់ប្តូរអំណាច ដោយសន្តិវិធី។
គួរកត់សំគាល់ថា កងទ័ពជាស្ថាប័នមានឥទ្ធិពលខ្លាំងណាស់ នៅវ៉េណេស៊ុយអេឡា។ ជញ្ជីងនយោបាយមួយផ្នែកធំ ផ្អៀងទៅខាងកងទ័ព ដោយសារវិស័យសំខាន់មួយចំនួន ក្នុងនោះមានវិស័យប្រេងកាត គឺស្ថិតក្នុងកណ្តាប់ដៃកងទ័ព។ ចាប់តាំងពីផ្ទុះការបះបោរ ប្រឆាំងលោកនីកូឡាម៉ាឌូរ៉ូ មេបញ្ជាការកងទ័ព នៅតែបន្តគាំទ្រ រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។
នៅថ្ងៃសៅរ៍ដដែល លោកប្រធានាធិបតីម៉ាឌូរ៉ូ បានធ្វើដំណើរទៅកាន់បន្ទាយទាហានមួយកន្លែង នៅភាគពាយ័ព្យ ដើម្បីកាន់ទុកទាយាន៧នាក់ ដែលស្លាប់ដោយការធ្លាក់ឧត្ថម្ភាគចក្រ។ ឆ្លៀតក្នុងពេលនោះ លោកម៉ាឌូរ៉ូ បានប្រកាសឲ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធ ក្នុងករណីដែលអាមេរិក ហ៊ានប្រើកម្លាំង។ លោកម៉ាឌូរ៉ូ ក៏បានគំរាមថានឹងតាមចាប់ជនក្បត់ក្នុងជួរកងទ័ពឲ្យអស់។
សូមរំលឹកថា ក្រោយហេតុការណ៍នៅថ្ងៃទី១ឧសភា មានមន្ត្រីកងទ័ព យ៉ាងហោចចំនួន២៥នាក់ ដែលបានរត់គេចខ្លួន សុំសិទ្ធិជ្រកកោណ នៅតាមស្ថានទូតបរទេស។ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យកាសែត Washington Post លោករ្ហ័ន ហ្កៃដូ បានទទួលស្គាល់ថា លោកបានដាក់ការសង្ឃឹមច្រើនបន្តិចទៅលើកងទ័ព កាលពីថ្ងៃទី១ឧសភា។ លោកបន្ថែមថា លោកត្រូវការការគាំទ្រពីកងទ័ពឲ្យបានច្រើននបំផុត ដើម្បីការពាររដ្ឋធម្មនុញ្ញ និងបណ្តេញលោកនីកូឡា ម៉ាឌូរូ ឲ្យចុះចេញពីអំណាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ