អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសសេដ្ឋកិច្ចនាំមុខ G20 ជួបប្រជុំគ្នា នៅថ្ងៃទី១៤ និង១៥ កញ្ញា ឯទីក្រុងMar Del Plata ប្រទេសអាហ្សង់ទីន ដើម្បីនិយាយគ្នា ពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងដើម្បីរៀបចំវេទិកាកំពូលG20 ដែលធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ កិច្ចប្រជុំនេះ ស្ថិតក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានសំរេចដំឡើងពន្ធនាំចូល លើផលិតបរទេស ហើយបានបង្កជាសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសធំៗជាច្រើន។ ប្រឈមមុខនឹងបញ្ហានេះ ក្រុមប្រទេសG20  បានប្រកាសជំហរព្រមៗគ្នា ថាត្រូវតែធ្វើកំណែទម្រង់ លើអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីឲ្យអង្គការនេះមានតួនាទីកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាវិវាទ ព្រមទាំងការពារទីផ្សារពាណិជ្ជកម្មសេរី។

ក្រុមបាតុករ​ធ្វើបាតុកម្ម​ដុតទង់ជាតិអាមេរិក នៅមុខកន្លែងប្រជុំរដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​G20។ ក្រុង Mar del Plata ​ប្រទេស​អាហ្សង់ទីន ​ថ្ងៃទី​​១៤ កញ្ញា ​២០១៨
ក្រុមបាតុករ​ធ្វើបាតុកម្ម​ដុតទង់ជាតិអាមេរិក នៅមុខកន្លែងប្រជុំរដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​G20។ ក្រុង Mar del Plata ​ប្រទេស​អាហ្សង់ទីន ​ថ្ងៃទី​​១៤ កញ្ញា ​២០១៨ REUTERS/Scott Squires
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​សង្រ្គាមពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំ​ បានបញ្ឆេះ

បរិបទពាណិជ្ជកម្មពិភពលោកយើងបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពមួយតានតឹង ដោយសារតែសហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានបញ្ឆេះ ឲ្យមានសង្រ្គាមពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ធនាំចូល ថ្លៃកប់ពពក ទៅលើផលិតផល​បរទេស ដូចជាផលិតដែកថែប អាលុយមីញ៉ូម រថយន្ត និងគ្រឿងផ្សំបច្ចេកវិទ្យា​ជាដើម។

ធម្មតាអង្គការពាណិជ្ជកម្មពិភពលោក ដែលយើងហៅកាត់ថា OMC ឬ WTO នោះ មានតួនាទីចាត់ចែង នឹងដោះស្រាយវិវាទពាណិជ្ជកម្ម ក៏ប៉ុន្តែប្រឈមនឹងសង្រ្គាមពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក កំពុងបង្កើតឡើងនេះ អង្គការពាណិជ្ជកម្មពិភពលោក ហាក់នៅ​នឹង​ថ្កល់ មិនអាចធ្វើអ្វីបាន។ តាមពិតគ្រប់គ្នាដឹង ថាអ្វីដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេច គឺវាផ្ទុយពីច្បាប់ពាណិជ្ជកម្មសេរី។

បើគិតមកត្រឹមពេលនេះ មានពាក្យបណ្តឹងចំនួន៣០រួចហើយ ដែលបានដាក់​មក​ស្ថាប័ន​ដោះស្រាយ​វិវាទ​របស់អង្គការពាណិជ្ជកម្មពិភពលោក។ ពោលគឺមិនដែលធ្លាប់មានបណ្តឹងច្រើនដល់ម្លឹងទេ ក្នុងរវាង១៦ឆ្នាំចុងក្រោយនេះ។ ហេតុនេះហើយ បានជាថ្នាក់ដឹកនាំប្រទេសផ្សេងៗ បានអំពាវនាវ ឲ្យមានការប្រជុំនិយាយគ្នា ដើម្បីរកផ្លូវដោះស្រាយបញ្ហាពាណិជ្ជកម្មសេរីនេះ។

ដំណោះស្រាយនោះ គឺជំហានដំបូង ត្រូវធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីឲ្យដើរទាន់សភាពការណ៍ ហើយអាចមានជំហរនិងតួនាទីកាន់តែរឹងមាំ ដើម្បីដាក់ចុះនូវវិធានពាណិជ្ជកម្មរួម ដែលគ្រប់គ្នាគោរព និងដើម្បីដោះស្រាយវិវាទឲ្យ​រហ័ស។ បញ្ហា ការដំឡើងពន្ធនាំចូលរបស់អាមេរិក បានចោទឡើង ធ្វើមានបញ្ហាដល់ការដោះដូរពាណិជ្ជកម្មមួយហើយ តែនៅមានបញ្ហាមួយទៀត គឺបញ្ហា អន្តរាគមន៍ជំនួយរបស់រដ្ឋចិន ទៅលើក្រុមហ៊ុនចិនជាច្រើនករណីទៀត ដែលគំរាមដល់ការប្រគួតប្រជែងដោយស្មើរភាពភាព។ ទាំងអស់នេះ គឺសុទ្ធតែជារង្វង់តួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ក្រុមប្រទេស G20 យល់ស្របគ្នាជាឯកច្ឆ័ន

ជាលើកទីមួយហើយ ដែលរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានយល់ស្របជាមួយគេជាមួយឯង។ រដ្ឋមន្ត្រីពាណិជ្ជកម្មទាំង២០ប្រទេស បានយល់ស្របគ្នា ជាឯកច្ឆ័ន ថាត្រូវតែធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចប្រជុំនេះ បានបិទបញ្ចប់ ដោយមានការចេញសេចក្តីប្រកាសរួម ចុះហត្ថលេខាទាំងអស់គ្នាផងដែរ។

ក្នុងសេចក្តីប្រកាសនេះ បានសរសេរជាអាថទិ៍ថា៖ “ពួកយើងបានប្រឹងប្រែង ជំរុញការនិយាយពិភាក្សាគ្នា ហើយទទួលស្គាល់ថា វាគឺជាតំរូវការបន្ទាន់របស់យើងគ្រប់គ្នា ដែលត្រូវតែលើកឡើងមកជជែកគ្នា ស្តីពីបញ្ហាប្រឈម ដែលចោទឡើងក្នុងពេលបច្ចុប្បន្ន ទាក់ទិននឹងពាណិជ្ជកម្មសេរី ហើយនឹងត្រូវតែរកមធ្យោបាយ ធ្វើយ៉ាងណាកែលំអអង្គការពាណិជ្ជកម្មពិភពលោក ឲ្យបានប្រសើរ។”

លោកប្រធានាធិបតីបារាំង ធ្លាប់បាននិយាយមុនគេ កាលពីខែឧសភា កន្លងទៅ ថាត្រូវតែធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកជាចាំបាច់។ លោក ម៉ាក្រុង និយាយថា គ្មានភាគីណាឈ្នះទាំងអស់ ក្នុងសង្រ្គាមពាណិជ្ជកម្ម គឺមានតែអ្នកចាញ់។ អ្នកចាញ់គឺគ្រប់វិស័យទាំងអស់គ្នា មិនថាឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យាវិទ្យាសាស្ត្រ ។ល។

លោកម៉ាក្រុង បានបន្ថែមថា ការធ្វើកំណែទំរង់នេះ គឺជាការងាររួម ដែលគ្រប់គ្នាត្រូវតែតាំងចិត្តធ្វើឲ្យ​បាន ព្រោះមានតែការគោរពគ្នា ការគោរពច្បាប់រួម វិធានរួមទេ ដែលអាចនាំផលល្អ ដល់ទាំងអស់គ្នា ដោយចាកផុតពីការធ្វើអំពើហិង្សាលើគ្នា។ សម្តីទាំងប៉ុន្មានម៉ាត់នេះ គឺពិតណាស់ ដែលលោកម៉ាក្រុង បានផ្លែផ្កាទៅឲ្យលោកដូណាល់ ត្រាំ ដែលបានសម្រេចដាក់ដំឡើងពន្ធតែម្នាក់ឯង បំពានលើច្បាប់ពាណិជ្ជកម្មសេរី។

៤ចំណុចធំ​ ត្រូវធ្វើកំណែទម្រង់

កាលពីចុងខែកក្កដាកន្លងទៅ មូលនិធិ Bertelsmann ដែលប្រមូលផ្តុំ ដោយសាស្ត្រាចារ្យសេដ្ឋកិច្ចវិទូល្បីៗ​ បានចេញលិខិតមួយ ដោយបានលើកឡើង នូវចំណុច៤ធំៗ ដើម្បីធ្វើកំណែទម្រង់ ទៅលើអង្គកាពាណិជ្ជកម្មពិភពលោក។ ទីមួយ គឺត្រូវតែពិនិត្យសើរើ លើដំណើរការទូទៅ នៃអង្គការចាត់តាំង របស់អង្គការនេះទាំងអស់។ ក្នុងនោះមានគណកម្មាធិការទទួលបន្ទុកត្រួតពិនិត្យតាមដានការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្ថាបន័ទទួលបន្ទុកដោះស្រាយវិវាទ និងប្រព័ន្ធយន្តការដោះស្រាយបណ្តឹងជំទាស់ជាដើម។

ទី២ មូលនិធិ Bertelsmann បានជំរុញឲ្យមានការបើកទូលាយ និងផ្តល់អាទិភាព ដល់ការចរចាពហុភាគី ដោយបើកចំហរ ដោយឥតរើសអើង។ ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក មាន១៦៤ប្រទេស មានធំមានតូច តែប្រទេសទាំងអស់ មិនមែនសុទ្ធតែចង់ចូលរួមចរចាគ្រប់មុខនោះទេ។ មានប្រទេសខ្លះមិនបានចូលរួម តែអាចទទួលផលពីកិច្ចព្រមព្រៀងដោយប្រយោលដែរ។

ទី៣ គឺត្រូវលើកកំពស់សមត្ថភាពរបស់អគ្គលិខាធិការដ្ឋាននៃអង្គការនេះ។ ត្រូវធ្វើយ៉ាងណា ឲ្យអគ្គលេខាធិការដ្ឋាន មានតួនាទីពេញលេញ  ជំរុញការជជែកពិភាក្សាគ្នា រវាងប្រទេសសមាជិក ស្តីពីគោលនយោបាយពាណិជ្ជកម្ម។ ហើយចំណុចទី៤ចុងក្រោយ គឺត្រូវរៀបចំយន្តការ វាយតំលៃលទ្ធផលការងារ របស់អង្គការចាត់តាំងទាំងអស់នេះ។

ពិភាក្សាគ្នាឲ្យបានលទ្ធផលមុនជំនួបកំពូលG20

បើតាមការលើកឡើង របស់លោកម៉ាក្រុង គឺគេត្រូវចាប់ផ្តើមពិភាក្សាគ្នា រវាងប្រទេសធំៗ ឲ្យបានមុន​វេទិកាកំពូលប្រទេសG20 ដែលនឹងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។ ដូច្នេះ សម្រាប់ដំណាក់កាលនេះ គឺក្រុមការងារផ្សេងៗគ្នា ត្រូវធ្វើកោសល្យវិច័យលើដំណើរការទូទៅរបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីរកចំណុចខ្សោយ ភាពខ្វះចន្លោះ ហើយឈានទៅពិចារណា រកការកែលំអ។

ទាក់ទងនឹងដំណើរការពិភាក្សាគ្នា ក្នុងឱកាសប្រជុំនៅអាហ្សង់ទីន នាពេលនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា បានបញ្ជាក់ឲ្យដឹងថា លោកបានរៀបចំឲ្យមានក្រុមការងារតូចមួយ ដោយមានការចូលរួមពីប្រទេសមួយចំនួនដើម្បី ប្រជុំគ្នា រកចំណុចដែលត្រូវធ្វើការកែលំអ ឲ្យអង្គការពាណិជ្ជកម្មពិភពលោក។

យ៉ាងណាមិញ មន្ត្រីកាណាដាម្នាក់ ដែលមានវត្តមានដែរ បានលើកឡើងថា ក្រុមការងារពិភាក្សានេះ មានដូចជាកាណាដា ប្រេស៊ីល អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី សហភាពអឺរ៉ុប មិចស៊ិក ន័រវែស នូវែលសេឡង់ជាដើម។ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងនេះ នឹងជួបគ្នានៅរដ្ឋធានីអូតាវ៉ា ថ្ងៃទី ២៤ ២៥ ខែតុលា។ ហើយបានលទ្ធផលយ៉ាងណា គេនឹងរៀបចំក្នុងរបៀបវារៈ នៃជំនួបកំពូលG20 ដែលនឹងធ្វើឡើង នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅអាហ្សង់ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ