លោកដូណាល់ ត្រាំ នៅតែប្រកាន់ជំហរចោទអូបាម៉ា ថាបានបញ្ជាឲ្យគេលួចស្តាប់ទូរស័ព្ទ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៥
កាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យរញ្ជួយពិភពនយោបាយអាមេរិក ដោយបានចោទប្រកាន់ ដោយគ្មានភស្តុតាង ថាលោកអូបាម៉ា បានបញ្ជាឲ្យក្រុមស៊ើបការណ៍សំងាត់ លួចស្តាប់ទូរស័ព្ទរបស់គាត់ ក្នុងកំឡុងពេលឃោសនាបោះឆ្នោត។ ថ្វីបើមានការរិះគន់ថាជាការចោទប្រកាន់ ដោយគ្មានអ្វីជាសំអាងក៏ដោយ តែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តប្រកាន់ពាក្យសម្តីខ្លួន ហើយទាមទារឲ្យសភាទាំងពីររបស់អាមេរិក បើកការស៊ើបអង្កេតឲ្យបានច្បាស់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ របស់លោកអូបាម៉ា។
ចោទប្រកាន់ដោយគ្មានភស្តុតាង
ដូចដែលយើងធ្លាប់ដឹងមកហើយ ពីទំលាប់របស់លោកដូណាល់ ត្រាំ គឺថារាល់ពាក្យសម្តីចោទប្រកាន់ រិះគន់ រឺសារនយោបាយទាំងអស់ គឺគាត់ប្រកាសនៅលើទំព័រTwitters របស់គាត់។ តាមធម្មតា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក មួយទាំងមូល ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបែបនេះ លោកត្រាំ គួរណាតែធ្វើការថ្លែងសារដោយផ្ទាល់មាត់ ជាផ្លូវការ មិនមែនសរសេរតាមTwitters ឬFacebook នោះទេ។
ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននេះ ស្រាប់តែលោកដូណាល់ ត្រាំ សរសេរលើTwitters ថា “អូបាម៉ា មិនគួរណាអន់ដល់ម្លឹងសោះ មកបញ្ជាឲ្យគេលួចស្តាប់ខ្សែរទូរស័ព្ទនៅផ្ទះខ្ញុំ នៅអាគារ Trump Tower ក្នុងកំឡុងពេលឃោសនាបោះឆ្នោត”។ លោកត្រាំ សរសេរចោទប្រកាន់តែប៉ុណ្ណេះ ដោយគ្មានបញ្ជាក់ថាបានប្រភពមកពីណា មានភស្តុតាងអ្វីខ្លះនោះទេ។
បន្ទាប់មកទៀត នៅថ្ងៃអាទិត្យ ខាងសេតវិមាន បានបន្តបញ្ជាក់ និងរក្សាពាក្យចោទប្រកាន់របស់លោកដូណាល់ ត្រាំ ហើយសំណូមពរឲ្យសភាទាំងពីរ បើកការស៊ើបអង្កេត។ ចំណែកខាងសភាទាំងពីរ នៅមិនទាន់មានប្រតិកម្មអ្វីទាំងអស់ មកត្រឹមពេលនេះ។ តែជាទូទៅ តាមច្បាប់ ក្នុងនាមអ្នកចោទ ត្រូវមានភស្តុតាងសំអាងជាមុនសិន ដើម្បីឲ្យគេបើកការស៊ើបអង្កេត រកខុសត្រូវ មិនមែនចេះតែចោទៗនោះទេ។
បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានអាមេរិក បានឲ្យដឹងថា ការចោទប្រកាន់របស់លោកដូណាល់ ត្រាំ នេះ គឺលោកដូណាល់ ត្រាំ បានផ្អែកលើប្រភព ដែលជាការចុះផ្សាយរបស់គេហទំព័រស្តាំនិយមជ្រុលមួយ ឈ្មោះថា Breitbart។ អតីតប្រធានគេហទំព័រព័ត៌មានស្តាំនិយមជ្រុលនេះ មានឈ្មោះថា Steve Bannon ដែលបច្ចុប្បន្ននេះ បានក្លាយទីប្រឹក្សារបស់លោកដូណាល់ ត្រាំ។
ដូច្នេះយើងឃើញថា លោកដូណាល់ ត្រាំ មិនត្រឹមតែបានធ្វើការចោទប្រកាន់ ដោយពុំមានអ្វីសំអាងនោះទេ ថែមទាំងផ្អែកលើប្រភពដែលជាគេហទំព័រព័ត៌មាន ស្តាំនិយមជ្រុល ដឹកនាំដោយទីប្រឹក្សា របស់ខ្លួនឯងទៀត។
ប្រធានFBI ចេញមុខការពារអូបាម៉ា
កាសែត New York Times បានចុះផ្សាយថា លោក James Comey អគ្គនាយក FBI បានសំណូមពរទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ថាត្រូវប្រកាសច្រានចោល ការចោទប្រកាន់របស់ដូណាល់ ត្រាំនេះ ជាសាធារណៈភ្លាម ព្រោះវាជាការចោទប្រកាន់ ដែលគ្មានភស្តុតាងអ្វីទាំងអស់។
អន្តរាគមន៍របស់លោក James Comey អគ្គនាយក FBI ចេញមកតទល់នឹងលោកដូណាល់ ត្រាំ ដើម្បីការពារលោកអូបាម៉ា នាពេលនេះ ជារឿងកម្រមិនដែលមានទេ ព្រោះកន្លងមកលោកប្រធានFBI ម្នាក់នេះតែងតែត្រូវបានគេសង្កេតឃើញថាជាមនុស្សកណ្តាល មិនលម្អៀងទេ។ យ៉ាងណាមិញ គឺលោកម្នាក់នេះហើយ ដែលបានជំនះបើកការស៊ើបអង្កេត រឿងឯកសារអ៊ីមែលរបស់លោកស្រី ហ៊ីឡារី គ្លីនតុន។
លោកប្រធាន FBI ធ្វើអន្តាគមនេះ ក៏ដោយសារតែតាមច្បាប់ មុននឹងបើកប្រតិបត្តិការលួចស្តាប់ទូរស័ព្ទ រឺតាមដាននរណាម្នាក់ គឺទាល់តែមានការសម្រេចយល់ព្រមពីចៅក្រមស៊ើបអង្កេត។ ដូច្នេះមានន័យថា បើសិនជាមានការបើកប្រតិបត្តិការលបស្តាប់ទូរស័ព្ទលោកដូណាល់ ត្រាំ កាលពីមុនពេលបោះឆ្នោតមែន គឺក្រសួងយុត្តិធម៌អាមេរិក ជាអ្នកដឹងរឿងនេះ ហើយឯកសារក៏មានតំកល់ទុកនៅទីនោះដែរ។ អញ្ចឹងហើយ ទើបបានជាលោកប្រធានFBI សុំឲ្យក្រសួងយុត្តិធម៌ឆ្លើយភ្លាមៗ ថាគ្មានប្រតិបត្តិការនេះ។ ក៏ប៉ុន្តែ ក្រសួងយុត្តិធម៌អាមេរិក មិនបានឆ្លើយតបទៅតាមការសំណូមពរ របស់លោកប្រធានFBI ទេ។
អតីតប្រធានចារកិច្ចអាមេរិក បដិសេធការចោទប្រកាន់របស់លោកដូណាល់ ត្រាំ
នៅថ្ងៃអាទិត្យ ដដែលដែរ លោក James Clapper អតីអគ្គនាយកការិយាល័យស៊ើបការណ៍សំងាត់របស់អាមេរិក កាលពីអាណត្តិលោកអូបាម៉ា បានចេញមុខមកប្រកាសទៀតថា ក្នុងនាមលោកជាអតីតប្រធានការិយាល័យស៊ើបការណ៍សំងាត់នេះ គឺលោកពុំដែលបានបញ្ជា រឺក៏ទទួលបញ្ជា ឲ្យបើកបេសកកម្ម លួចស្តាប់ទូរស័ព្ទរបស់លោកដូណាល់ ត្រាំ ទេ។
តែបើយើងស្តាប់សម្តីរបស់អ្នកនាំពាក្យសេតវិមាន យើងអាចយល់បានថា ការចោទប្រកាន់ ដោយសន្និដដ្ឋានព្រាលៗនេះ គឺលោកដូណាល់ ត្រាំ ក៏ដូចក្រុមការងារគាត់ បានកាត់យល់ពីករណីបើកការស៊ើបអង្កេត ទ្រង់ទ្រាយធំ របស់ព្រឹទ្ធសភា ព្រមទាំងរដ្ឋាភិបាលលោកអូបាម៉ា នៅមុនពេលបោះឆ្នោត ទាក់ទិនរឿងអាស្រូវ ដែលថារុស្ស៊ី បានលូកដៃចូលមកក្នុងការបោះឆ្នោត ដើម្បីជួយលោកដូណាល់ ត្រាំ។ អញ្ចឹង ពួកគេ យល់ថា បើសិនជាមានការស៊ើបអង្កេតរឿងរុស្ស៊ី ប្រហែលជាគេលួចស្តាប់ ទូរស័ព្ទរបស់លោកត្រាំដែរហើយ។
បង្កើតរឿងថ្មី ដើម្បីបង្វែរចំណាប់អារម្មណ៍មហាជន?
លោក Al Franken សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមួយរូប បានមានប្រសាសន៍ដូចនេះថា លោកដូណាល់ ត្រាំ គ្មានហេតុផលអ្វីផ្សេង ក្រៅពីចង់ បង្វែរការចាប់អារម្មណ៍ របស់មតិសាធារណៈនោះទេ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រឿងអាស្រូវធំបំផុត របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ គឺរឿងរ៉ាវ ទាក់ទងនឹងរុស្ស៊ី។ មន្ត្រីធំៗ ជាច្រើននាក់ ដែលជាជំនិតរបស់លោកដូណាល់ ត្រាំ ត្រូវបានគេស្រាវជ្រាវដឹងថាសុទ្ធតែធ្លាប់ បានជួប និងនិយាយជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ក្នុងអំឡុងពេល មុនបោះឆ្នោត។ ចុងក្រោយគេនេះ គឺលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោកដូណាល់ ត្រាំតែម្តង ដែលត្រូវគេតាមដានដឹង ថាបានជួបជាមួយមន្ត្រីរុស្ស៊ី។
តាមការសង្ស័យ វាអាចមានទំនាក់ទំនងអ្វីផ្សេងសំងាត់ រវាងក្រុមការងាររបស់លោកត្រាំ និងរដ្ឋាភិបាលរុស្ស៊ី។ យ៉ាងណាមិញ លោកស្រី Nancy Pelosi ប្រធានក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ក្នុងសភាអ្នកតំណាង បានសង្កត់ធ្ងន់ថា “ចំណងទាក់ទងត្រូវដងត្រូវផ្លែ រវាងក្រុមការងាររបស់លោកដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី លេចចេញរូបរាង្គកាន់តែច្បាស់។ យើងគ្រប់គ្នាចង់ដឹងការពិត។”
គឺរឿងអាស្រូវនេះហើយ ដែលមតិសាធារណៈអាមេរិក កំពុងចាប់អារម្មណ៍ខ្លាំង ហើយដែលលោកដូណាល់ ត្រាំ កំពុងឈឺក្បាល ព្រោះរកពាក្យអ្វីមកដោះសារមិនបាន។ ដូច្នេះការបំផុសបំផុល រឿងរ៉ាវថ្មីមួយទៀត ដោយចោទទៅលើលោកអូបាម៉ា អាចជាមធ្យោបាយ ដើម្បីបញ្ចៀសកុំឲ្យគេនិយាយពីរឿងរុស្ស៊ី ហើយងៀកមកនិយាយរឿងលោក អូបាម៉ាវិញ ក៏ថាបានដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ