អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោក​ដូណាល់ ត្រាំ នឹង​សំរេច​ចិត្ត​បែបណា​ចំពោះ​ជោគ​វាសនា​យុវជន​គ្មាន​លិខិត​ស្នាម​ស្នាក់នៅ​ស្របច្បាប់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​នាថ្ងៃ​អង្គារទី​៥ កញ្ញា​​នេះ​ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ នឹង​ធ្វើ​សេចក្តី​សំរេច​ចិត្ត​ដ៏​សំខាន់​មួយ​ទាក់​ទង​សំណុំ​រឿង​យុវជន​គ្មាន​លិខិត​ស្នាម​ស្នាក់​នៅ​ស្រប​ច្បាប់​លើ​ទឹកដី​អាមេរិក។​ បច្ចុប្បន្ន​ យុវជន​ទាំង​នោះ​ទទួល​បាន​លក្ខន្តិកៈ​ជា​ជន​អន្តោប្រវេសន្ត​ស្នាក់នៅ​បណ្តោះ​អាសន្ន។​ បណ្តា​ជន​ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ ពួក​ Dreamers ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ក្នុង​ក្របខណ្ឌ​កម្មវិធី​ ឌីអេស៊ីអេ​ (DACA) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ AFP
ផ្សាយពាណិជ្ជកម្ម

​តើ​លោក​ ដូណាល់​ ត្រាំ នឹង​លប់​ចោល​កម្មវិធី​អនុគ្រោះ​នេះ?​ តើ​ជោគវាសនា​យុវជន​ប្រមាណ​ជាង​ ៨ សែន​នាក់នោះ​​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​កម្មវិធី​នេះ​នឹង​ត្រូវ​លប់​ចោល?​

លោក​ ដូណាល់​ ត្រាំ ប្រធានាធិបតី​អាមេរិក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រទាញ​ប្រទង់​មួយ​ជាមួយ​នឹង​ជំរើស​ធំ​ពីរ​សំខាន់ៗ។​ ទីមួយ ​គឺ​រក្សា​ជំហ​ដាច់​ខាត​ក្នុង​ការ​អនុវត្តន៍​នយោបាយ​តឹង​រឹង​ផែ្នក​អន្តោប្រវេសន្ត ​ដោយ​ត្រូវ​បណ្តេញ​ជន​គ្មាន​លិខិត​ស្នាម​ចេញ​ពី​ទឹកដី​អាមេរិក។ ទីពីរ​ គឺ​អនុគ្រោះ​ដល់​ជន​អន្តោប្រវេសន្ត​ទាំង​នោះ​ដូច​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ធ្វើ​កន្លង​មក។​ សព្វ​ថ្ងៃ​នេះ ជោគ​វាសនា​របស់​យុវជន​មាន​សិទ្ធិ​រស់នៅ​បណ្តោះ​អាសន្ន​​​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​លោក​ ដូណាល់​ ត្រាំ ព្រោះ​ប័ណ្ណ​អនុញ្ញាតិ​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​របស់​ពួក​គេ​នឹង​ត្រូវ​ផុត​កំណត់​ក្នុង​រយៈ​ពេល​ ១២ ខែ​ទៀត។​ យុវជន​ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ ពួក​ Dreamers ដែល​បាន​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​វ័យ​កុមារ​ ហើយ​ពួក​គេ​ស្រម័យ​ចង់​បាន​សិទ្ធិ​រស់នៅ​ដោយ​ស្រប​ច្បាប់។

កាលពី​ឆ្នាំ​២០១២​ លោកអតីតៈ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា DACA (Deferred Action for Childhood Arrivals)។​ កម្មវិធី​នេះ​អនុញ្ញាត​ផ្តល់​លិខិត​ស្នាម​បណ្តោះ​អាសន្ន​ចំពោះ​កុមារ​ និង​យុវជន​ណា​ ដែល​រស់​នៅ​ខុស​ច្បាប់​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។​ កាលនោះ​ ដើម្បី​គេច​ចេញ​ពីគំនាបសភាទាំងពីរ​ថ្នាក់​ដែល​ស្ថិត​ក្នុង​កណ្តាប់​ដៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​ក្រឹត្យ​ប្រធានាធិបតី​ដើម្បី​បង្កើត​កម្ម​វិធី​ពិសេស​នេះ។​ កម្មវិធី DACA ​នេះ​​មាន​គោលដៅ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ជន​អន្តោប្រវេសន្ត​គ្មាន​លិខិត​ស្នាម​ហ៊ាន​​ចេញ​មុខ​មក​ចុះ​ឈ្មោះ​ដើម្បី​គេច​ចេញ​ពី​ការ​រស់​នៅ​លាក់​ខ្លួនដោយ​ភ័យ​ខ្លាច។​

ដើម្បី​អាច​ទទួល​បាន​ប័ណ្ណ​អនុញ្ញាតិ​នេះ យុវជន​ទាំង​នោះ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន។ ទីមួយ​ ជន​អន្តោប្រវេសន្ត​នោះត្រូវ​មាន​អាយុ​ក្រោម​ ១៦ ឆ្នាំ​ពេល​ឈាន​ជើង​ជាន់ទឹកដី​អាមេរិកជាលើក​តំបូង។ ទីពីរ​ ពួក​គេ​ត្រូវ​មាន​អាយុ​ក្រោម​ ៣១ ឆ្នាំ​គិត​មក​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា​ ឆ្នាំ​២០១២។ ទីបី ​ពួក​គេ​បានស្នាក់នៅ​លើ​ទឹកដីអាមេរិក​​​ ឥតឈប់​ចាប់តាំងពី​ឆ្នាំ២០០៧មក។ ទីបួន​ ពួក​គេ​ពុំ​ត្រូវ​មាន​ប្រវត្តិ​ជាប់​ទោស​ធ្ងន់​ធ្ងរ​ឡើយ។ ចំនុច​ចុង​ក្រោយ​ គឺ​ពួក​គេ​ត្រូវ​ទៅ​សាលា​រៀន​ ឬ​បាន​ទទួល​រៀនចប់​ថ្នាក់​បរិញ្ញាប័ត្រ​ ឬ​ធ្លាប់​បានចូល​បំរើ​ក្នុង​ជួរ​កងទ័ព​អាមេរិក។​​

ប័ណ្ណ​អនុញ្ញាតិ​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នោះ​មាន​សុពល​ភាព​រយៈ​ពេល​ ២ ឆ្នាំ។ ហើយ​ប័ណ្ណ​នេះ​អាច​បន្ត​សុពល​ភាពបាន​ពេល​ផុត​កំណត់​។ តាម​រយៈ​ប័ណ្ណ​នេះ យុវជន​អន្តោ​ប្រវេសន្ត​ទាំង​នោះ​​អាច​ធ្វើកា​រងារដោយស្រប​ច្បាប់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ នៅ​លើ​ប័ណ្ណ​នេះ ក៏​មាន​បញ្ជាក់ផង​ដែរ​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​សហ័ពន្ធ​អាមេរិក​នឹង​ពុំ​បណ្តេញ​អ្នក​កាន់​កាប់​ប័ណ្ណ​នេះ​ឡើយ។ ប៉ុន្តែ អ្នក​កាន់​កាប់​ប័ណ្ណ​ DACA នេះ​ពុំ​មាន​សិទ្ធិ​ទទួល​បាន​ការ​ផ្តល់​អនុញ្ញាត​​ឲ្យ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ ឬ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ឡើយ។

បើ​យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​អន្តោប្រវេសន្ត​ និង​សញ្ជាតិ​អាមេរិកបាន​ឲ្យ​ដឹង​ថា​ ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១ ខែមិនា​ ឆ្នាំ២០១៧​ មាន​មនុស្ស​ប្រមាណ​ជាង​ ៨ សែន​នាក់​បាន​ទទួល​ប័ណ្ណ​ DACA នេះ។​ កាលពី​កំឡុង​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​ លោក​ ដូណាល់​ ត្រាំ បាន​សន្យា​លុប​ចោល​កម្មវិធី​ DACA នេះ​។ ប៉ុន្តែ ផ្ទុយទៅវិញ​ ចាប់​តាំង​ពីបាន​ចូល​កាន់​កាប់​តំណែង​ប្រធានាធិបតី​មក​ លោក​ ដូណាល់​ ត្រាំ​ បាន​បង្ហាញ​គោលជំហ​ខុស​ពី​អ្វី​ដែល​គាត់​និយាយ​ក្តែងៗ​ពេល​ឃោសនា។​ លោក​ ត្រាំ ហាក់​ចង់​ដោះស្រាយ​សំណុំ​រឿង​នេះ​ដោយ​ប្រើ​ក្តី​ធម៌​មេត្តា​ចំពោះ​យុវជន​ទាំង​នោះ។​ កាលពី​ប៉ុន្មាន​ខែ​មុន​ លោក​ ត្រាំ បាន​ទទួល​ស្គាល់​​ថា​ នេះ​ជា​សំណុំ​រឿង​ដ៏​លំបាក​បំផុតក្នុង​ការ​សំរេច​ចិត្ត។​

បច្ចុប្បន្ន​នេះ លោក​ ដូណាល់​ ត្រាំ កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សំណាក់​បណ្តា​មេដឹកនាំ​សហគ្រាស​ធំៗ​ និង​សមាជិក​សភា​អាមេរិក​ ដែល​ទាម​ទារ​ឲ្យពិចារណា​កុំ​លប់​ចោល​កម្មវិធី​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ស្នាក់​បណ្តោះ​​អាសន្ន​ DACA នេះ​។ មេដឹកនាំ​បណ្តា​ក្រុមហ៊ុន​អាមេរិក​ធំៗ​បានរួម​គ្នា​សរសេរ​លិខិត​ចំហ​មួយ​ដោយ​បាន​ក្រើន​រំលឹក​អំពី​ផល​វិបាក​សេដ្ឋកិច្ច​ក្នុង​ករណី​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ​ សំរេច​ចិត្ត​លប់​ចោល​កម្មវិធី​នេះ។ បើ​យោង​តាម​ខ្លឹមសារ​លិខិត​នោះ​ យុវជន​ទាំង​នោះ​បាន​ធំ​ដឹង​ក្តី​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​។​ ហើយ​យុវជន​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញាធរ​អាមេរិក។​ ពួក​គេ​បាន​ធ្វើការ​ស្រប​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​អាមេរិក។​ ហើយ​ពួក​គេក៏​​ដើរ​តួនាទី​សំខាន់ផង​ដែរ​​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។​ សហរដ្ឋ​អាមេរិក​អាច​បាត់​បង់​ទឹកប្រាក់​ប្រមាណ​ ៤៦០,៣ ពាន់​ដុល្លារ​នៃ​ផលិត​ផល​ដុល​សរុប​របស់​ខ្លួន។​ ព្រោះ​ពួក​យុវជន​ទាំង​នោះ​ជា​កំលាំង​ពលកម្មមួយ​ដ៏សំខាន់​​នៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក។​

តាម​ពិត​ទៅ កាលពី​ឆ្នាំ​២០១២​ មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​បាន​ប្រឆាំង​នឹងសេចក្តី​សំរេច​ចិត្ត​របស់​​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ក្នុង​ការ​​បង្កើត​កម្មវិធី​នេះ។​ ពួក​គេ​បាន​ចាត់​ទុក​ថា​ នេះ​ជា​ចំណាត់​ការ​ទន់​ខ្សោយ​ប្រៀប​ដូច​ «ការ​លើក​លែង​ទោស​» ដល់​បណ្តា​ជន​ដែល​មិន​គោរព​ច្បាប់​អន្តោប្រវេសន្ត​អាមេរិក​។ ប៉ុន្តែ គិត​មក​ដល់​ពេល​នេះ សមាជិក​គណបក្ស​សារធារណរដ្ឋ​ខ្លះ​បាន​យល់​ឃើញ​ថា​ កម្មវិធី​នេះ​ក៏​មាន​ប្រយោធន៍ផង​​ដែរ។ ពួក​សាធារណរដ្ឋ​ទាំង​នោះ​បាន​ទទូច​ឲ្យ​​លោក ដូណាល់​ ត្រាំ កុំ​ឲ្យ​បោះជំហាន​ដើរ​ដយក្រោយ​ឲ្យ​សោះ​។

ប៉ុន្តែ លោក​ Paul Ryan ប្រធាន​សភា​តំណាង​រាស្រ្ត​បាន​ឲ្យ​ដឹង​ថា​ មិន​មែន​លោក​ប្រធានាធិបតី​តែ​ម្នាក់​ឯង​ទេ​ ដែល​ត្រូវ​សំរេច​ជា​ឯកតោ​ភាគី​លើ​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​នេះ។​ លោក​ប្រធានាធិបតី​គួរ​តែ​ទុក​ឲ្យ​សភាទាំងពីរ​ថ្នាក់​ ពោល​ គឺ​សភា​កុង​គ្រែស​ជា​អ្នក​អារ​កាត់​លើ​ជោគ​វាសនា​យុវជន​អន្តោប្រវេសន្ត​ទាំង​នោះ។ លើស​ពីនេះ​ មាន​សមាជិក​គណបក្ស​សារធារណរដ្ឋ​តឹង​រឹង​មួយ​ចំនួន​ក៏​កំពុង​ដាក់​សម្ពាធ​លើ​លោក​ ដូណាល់​ ត្រាំ​ ផង​ដែរ​​។ រដ្ឋ​ចំនួន​ ១០ ដែល​មាន​អភិបាល​រដ្ឋ​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ទុក​ពេល​ឲ្យ​លោក​ ដូណាល់​ ត្រាំ រហូត​ដល់​ថ្ងៃ​ទី​៥ ខែកញ្ញា​ ដើម្បី​លប់​ចោល​កម្មវិធី​ DACA នេះ។ បើ​ពុំនោះ​ទេ​ បណ្តា​រដ្ឋ​ទាំង​នោះ​នឹង​ប្រើ​និតិ​វិធី​ប្តឹង​ជំទាស់ទៅ​តុលាការ​ ដើម្បី​​ទាមទារ​លប់ចោល​កម្មវិធី​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ