តើលោកដូណាល់ ត្រាំ នឹងសំរេចចិត្តបែបណាចំពោះជោគវាសនាយុវជនគ្មានលិខិតស្នាមស្នាក់នៅស្របច្បាប់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
នាថ្ងៃអង្គារទី៥ កញ្ញានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើសេចក្តីសំរេចចិត្តដ៏សំខាន់មួយទាក់ទងសំណុំរឿងយុវជនគ្មានលិខិតស្នាមស្នាក់នៅស្របច្បាប់លើទឹកដីអាមេរិក។ បច្ចុប្បន្ន យុវជនទាំងនោះទទួលបានលក្ខន្តិកៈជាជនអន្តោប្រវេសន្តស្នាក់នៅបណ្តោះអាសន្ន។ បណ្តាជនទាំងនោះត្រូវបានគេហៅថា ពួក Dreamers ដោយទទួលបានការអនុគ្រោះក្នុងក្របខណ្ឌកម្មវិធី ឌីអេស៊ីអេ (DACA) ដែលត្រូវបានបង្កើតឡើងដោយលោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
តើលោក ដូណាល់ ត្រាំ នឹងលប់ចោលកម្មវិធីអនុគ្រោះនេះ? តើជោគវាសនាយុវជនប្រមាណជាង ៨ សែននាក់នោះនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើកម្មវិធីនេះនឹងត្រូវលប់ចោល?
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រទាញប្រទង់មួយជាមួយនឹងជំរើសធំពីរសំខាន់ៗ។ ទីមួយ គឺរក្សាជំហដាច់ខាតក្នុងការអនុវត្តន៍នយោបាយតឹងរឹងផែ្នកអន្តោប្រវេសន្ត ដោយត្រូវបណ្តេញជនគ្មានលិខិតស្នាមចេញពីទឹកដីអាមេរិក។ ទីពីរ គឺអនុគ្រោះដល់ជនអន្តោប្រវេសន្តទាំងនោះដូចដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើកន្លងមក។ សព្វថ្ងៃនេះ ជោគវាសនារបស់យុវជនមានសិទ្ធិរស់នៅបណ្តោះអាសន្នកំពុងស្ថិតនៅក្នុងដៃលោក ដូណាល់ ត្រាំ ព្រោះប័ណ្ណអនុញ្ញាតិឲ្យស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេនឹងត្រូវផុតកំណត់ក្នុងរយៈពេល ១២ ខែទៀត។ យុវជនទាំងនោះត្រូវបានគេហៅថា ពួក Dreamers ដែលបានចូលទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីវ័យកុមារ ហើយពួកគេស្រម័យចង់បានសិទ្ធិរស់នៅដោយស្របច្បាប់។
កាលពីឆ្នាំ២០១២ លោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្កើតកម្មវិធីមួយឈ្មោះថា DACA (Deferred Action for Childhood Arrivals)។ កម្មវិធីនេះអនុញ្ញាតផ្តល់លិខិតស្នាមបណ្តោះអាសន្នចំពោះកុមារ និងយុវជនណា ដែលរស់នៅខុសច្បាប់លើទឹកដីសហរដ្ឋអាមេរិក។ កាលនោះ ដើម្បីគេចចេញពីគំនាបសភាទាំងពីរថ្នាក់ដែលស្ថិតក្នុងកណ្តាប់ដៃគណបក្សសាធារណរដ្ឋ លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាក្រឹត្យប្រធានាធិបតីដើម្បីបង្កើតកម្មវិធីពិសេសនេះ។ កម្មវិធី DACA នេះមានគោលដៅជំរុញលើកទឹកចិត្តឲ្យយុវជនជនអន្តោប្រវេសន្តគ្មានលិខិតស្នាមហ៊ានចេញមុខមកចុះឈ្មោះដើម្បីគេចចេញពីការរស់នៅលាក់ខ្លួនដោយភ័យខ្លាច។
ដើម្បីអាចទទួលបានប័ណ្ណអនុញ្ញាតិនេះ យុវជនទាំងនោះត្រូវឆ្លើយតបទៅនឹងល័ក្ខខ័ណ្ឌមួយចំនួន។ ទីមួយ ជនអន្តោប្រវេសន្តនោះត្រូវមានអាយុក្រោម ១៦ ឆ្នាំពេលឈានជើងជាន់ទឹកដីអាមេរិកជាលើកតំបូង។ ទីពីរ ពួកគេត្រូវមានអាយុក្រោម ៣១ ឆ្នាំគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។ ទីបី ពួកគេបានស្នាក់នៅលើទឹកដីអាមេរិក ឥតឈប់ចាប់តាំងពីឆ្នាំ២០០៧មក។ ទីបួន ពួកគេពុំត្រូវមានប្រវត្តិជាប់ទោសធ្ងន់ធ្ងរឡើយ។ ចំនុចចុងក្រោយ គឺពួកគេត្រូវទៅសាលារៀន ឬបានទទួលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ឬធ្លាប់បានចូលបំរើក្នុងជួរកងទ័ពអាមេរិក។
ប័ណ្ណអនុញ្ញាតិឲ្យស្នាក់នៅបណ្តោះអាសន្ននោះមានសុពលភាពរយៈពេល ២ ឆ្នាំ។ ហើយប័ណ្ណនេះអាចបន្តសុពលភាពបានពេលផុតកំណត់។ តាមរយៈប័ណ្ណនេះ យុវជនអន្តោប្រវេសន្តទាំងនោះអាចធ្វើការងារដោយស្របច្បាប់នៅលើទឹកដីសហរដ្ឋអាមេរិក។ នៅលើប័ណ្ណនេះ ក៏មានបញ្ជាក់ផងដែរថា អាជ្ញាធររដ្ឋាភិបាលសហ័ពន្ធអាមេរិកនឹងពុំបណ្តេញអ្នកកាន់កាប់ប័ណ្ណនេះឡើយ។ ប៉ុន្តែ អ្នកកាន់កាប់ប័ណ្ណ DACA នេះពុំមានសិទ្ធិទទួលបានការផ្តល់អនុញ្ញាតឲ្យស្នាក់នៅអចិន្ត្រៃយ៍ ឬទទួលបានសញ្ជាតិអាមេរិកឡើយ។
បើយោងតាមទិន្នន័យរបស់ការិយាល័យអន្តោប្រវេសន្ត និងសញ្ជាតិអាមេរិកបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ មានមនុស្សប្រមាណជាង ៨ សែននាក់បានទទួលប័ណ្ណ DACA នេះ។ កាលពីកំឡុងឃោសនាស្វែងរកសំឡេងឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាលុបចោលកម្មវិធី DACA នេះ។ ប៉ុន្តែ ផ្ទុយទៅវិញ ចាប់តាំងពីបានចូលកាន់កាប់តំណែងប្រធានាធិបតីមក លោក ដូណាល់ ត្រាំ បានបង្ហាញគោលជំហខុសពីអ្វីដែលគាត់និយាយក្តែងៗពេលឃោសនា។ លោក ត្រាំ ហាក់ចង់ដោះស្រាយសំណុំរឿងនេះដោយប្រើក្តីធម៌មេត្តាចំពោះយុវជនទាំងនោះ។ កាលពីប៉ុន្មានខែមុន លោក ត្រាំ បានទទួលស្គាល់ថា នេះជាសំណុំរឿងដ៏លំបាកបំផុតក្នុងការសំរេចចិត្ត។
បច្ចុប្បន្ននេះ លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្រោមសម្ពាធពីសំណាក់បណ្តាមេដឹកនាំសហគ្រាសធំៗ និងសមាជិកសភាអាមេរិក ដែលទាមទារឲ្យពិចារណាកុំលប់ចោលកម្មវិធីផ្តល់ប័ណ្ណអនុញ្ញាតស្នាក់បណ្តោះអាសន្ន DACA នេះ។ មេដឹកនាំបណ្តាក្រុមហ៊ុនអាមេរិកធំៗបានរួមគ្នាសរសេរលិខិតចំហមួយដោយបានក្រើនរំលឹកអំពីផលវិបាកសេដ្ឋកិច្ចក្នុងករណីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ សំរេចចិត្តលប់ចោលកម្មវិធីនេះ។ បើយោងតាមខ្លឹមសារលិខិតនោះ យុវជនទាំងនោះបានធំដឹងក្តីនៅលើទឹកដីសហរដ្ឋអាមេរិក។ ហើយយុវជនទាំងនោះបានចុះឈ្មោះក្នុងបញ្ជីអាជ្ញាធរអាមេរិក។ ពួកគេបានធ្វើការស្របច្បាប់បង់ពន្ធជូនរដ្ឋាភិបាលអាមេរិក។ ហើយពួកគេក៏ដើរតួនាទីសំខាន់ផងដែរនៅក្នុងសហគមន៍របស់ពួកគេ។ សហរដ្ឋអាមេរិកអាចបាត់បង់ទឹកប្រាក់ប្រមាណ ៤៦០,៣ ពាន់ដុល្លារនៃផលិតផលដុលសរុបរបស់ខ្លួន។ ព្រោះពួកយុវជនទាំងនោះជាកំលាំងពលកម្មមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចអាមេរិក។
តាមពិតទៅ កាលពីឆ្នាំ២០១២ មានសមាជិកគណបក្សសាធារណរដ្ឋជាច្រើនបានប្រឆាំងនឹងសេចក្តីសំរេចចិត្តរបស់លោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការបង្កើតកម្មវិធីនេះ។ ពួកគេបានចាត់ទុកថា នេះជាចំណាត់ការទន់ខ្សោយប្រៀបដូច «ការលើកលែងទោស» ដល់បណ្តាជនដែលមិនគោរពច្បាប់អន្តោប្រវេសន្តអាមេរិក។ ប៉ុន្តែ គិតមកដល់ពេលនេះ សមាជិកគណបក្សសារធារណរដ្ឋខ្លះបានយល់ឃើញថា កម្មវិធីនេះក៏មានប្រយោធន៍ផងដែរ។ ពួកសាធារណរដ្ឋទាំងនោះបានទទូចឲ្យលោក ដូណាល់ ត្រាំ កុំឲ្យបោះជំហានដើរដយក្រោយឲ្យសោះ។
ប៉ុន្តែ លោក Paul Ryan ប្រធានសភាតំណាងរាស្រ្តបានឲ្យដឹងថា មិនមែនលោកប្រធានាធិបតីតែម្នាក់ឯងទេ ដែលត្រូវសំរេចជាឯកតោភាគីលើសំណុំរឿងដ៏ស្មុគស្មាញនេះ។ លោកប្រធានាធិបតីគួរតែទុកឲ្យសភាទាំងពីរថ្នាក់ ពោល គឺសភាកុងគ្រែសជាអ្នកអារកាត់លើជោគវាសនាយុវជនអន្តោប្រវេសន្តទាំងនោះ។ លើសពីនេះ មានសមាជិកគណបក្សសារធារណរដ្ឋតឹងរឹងមួយចំនួនក៏កំពុងដាក់សម្ពាធលើលោក ដូណាល់ ត្រាំ ផងដែរ។ រដ្ឋចំនួន ១០ ដែលមានអភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋបានទុកពេលឲ្យលោក ដូណាល់ ត្រាំ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ដើម្បីលប់ចោលកម្មវិធី DACA នេះ។ បើពុំនោះទេ បណ្តារដ្ឋទាំងនោះនឹងប្រើនិតិវិធីប្តឹងជំទាស់ទៅតុលាការ ដើម្បីទាមទារលប់ចោលកម្មវិធីនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ