អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​បើក​រថយន្ត​បុករះ​ នៅ​ក្រុង​ញូយ៉ក ​ស្លាប់​៨នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុងញូយ៉ក កាលពីថ្ងៃអង្គារម្សិលមិញ ​ដែលជាថ្ងៃបុណ្យហាឡូវីន មានហេតុការណ៍បើករថយន្តបុករះសម្លាប់មនុស្សមួយ បានកើតឡើង ហើយបានបណ្តាលឲ្យមានមនុស្សស្លាប់ យ៉ាងហោចណាស់៨នាក់ និងរបួសជាង១០នាក់។ ភ្លាមៗ អាជ្ញាធរក្រុងញូយ៉ក បានសង្ស័យថា ជាអំពើភេរវកម្ម។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅពុំទាន់មានក្រុមភេរវកម្មណាមួយ ចេញមុខមកអះអាងថាជាសកម្មភាព របស់ក្រុមខ្លួនឡើយ។ ទីក្រុងញូយ៉ក កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នជាខ្លាំង ដែលនេះគឺជាភេរវកម្មលើកទីមួយហើយ បន្ទាប់ពីភេរវកម្មថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០១។

សមត្ថកិច្ច​​កំពុង​ត្រួត​ពិនិត្យ​រថយន្ត​បង្ក​​ហេតុ។ ក្រុង​ញូយ៉ក ថ្ងៃទី​៣១​ តុលា​ ២០១៧
សមត្ថកិច្ច​​កំពុង​ត្រួត​ពិនិត្យ​រថយន្ត​បង្ក​​ហេតុ។ ក្រុង​ញូយ៉ក ថ្ងៃទី​៣១​ តុលា​ ២០១៧ REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

ប្រើរថយន្ត បុករះមួយទំហឹង លើអ្នកជិះកង់ និងអ្នកដើរ

ហេតុការណ៍ភេរវកម្មនេះ មានលក្ខណៈប្រហាក់ប្រែលទៅនឹងភេរវកម្មនៅទីក្រុងនីស កាលពីឆ្នាំ២០១៦ដែរ ដោយជនដៃដល់ បានបើករថយន្តឡើងទៅលើចិញ្ចឹមផ្លូ​វ ហើយបុករះស​ម្លាប់អ្នកថ្មើរជើង។ ហេតុការណ៍នៅទីក្រុងញូយ៉ក កើតឡើងនៅម៉ោង ប្រហែល៣រសៀល ថ្ងៃអង្គារទី ៣១ តុលា ម្សិលមិញ នៅខាងត្បូងសង្កាត់ ម៉ាន់ហាតាន់ តាមបណ្តោយមាត់ស្ទឹង Hudson។ នៅតាមមាត់ស្ទឹងនេះ​ មានផ្លូវសំរាប់អ្នកជិះកង់ និងផ្លូវអ្នកថ្មើរជើង ដែលគេចូលចិត្តមកលំហែរ។

ជនដៃដល់ បានបើករថយន្តកាមីញ៉ុង ធនតូចមួយគ្រឿង ក្នុងល្បឿនលឿន ឡើងទៅលើផ្លូវអ្នកជិះកង់និងផ្លូវអ្នកថ្មើរជើង។ រថយន្ត បានបុករះមនុស្ស ទាំងអ្នកជិះកង់ ទាំងអ្នកដើរ  បណ្តាលឲ្យស្លាប់៦នាក់ ភ្លាមៗ​ នៅនឹងកន្លែង ហើយ២នាក់ទៀតស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។ ក្រៅពីនេះ មានអ្នករបួសធ្ងន់ ១១នាក់ផ្សេងទៀត  តែបើតាមការឲ្យដឹងពីក្រុងសង្រ្គោះ គឺអ្នករបួសទាំង១១នាក់នេះ មិនមានគ្រោះថ្នាក់ដល់ជី​វិតទេ។ ក្នុងចំណោមជនរងគ្រោះដែល ស្លាប់ មានជនជាតិអាហ្សង់ទីន៦នាក់ និងជនជាតិបែលហ្សិកម្នាក់។

ជនដៃដល់ Sayfullo​ Saipov​ ពុក​​មាត់​​ស្រមូម​ ពេល​​រត់​ចេញ​​​​​ពី​​រថយន្ត​​បង្កហេតុ។​​ រូប​ថត​បាន​​​​ដោយ​​​កាមេរ៉ា​​​សុវត្ថិភាព
ជនដៃដល់ Sayfullo​ Saipov​ ពុក​​មាត់​​ស្រមូម​ ពេល​​រត់​ចេញ​​​​​ពី​​រថយន្ត​​បង្កហេតុ។​​ រូប​ថត​បាន​​​​ដោយ​​​កាមេរ៉ា​​​សុវត្ថិភាព Reuters

បើតាមការបញ្ជាក់ របស់លោកមេបញ្ជាការនគរបាលក្រុងញូយ៉ក បានឲ្យដឹងថា ជនដៃដល់ បន្ទាប់ពីបានបើកបុករះមនុស្សហើយ បានជ្រុលចង្កូតទៅបុកនឹងរថយន្តក្រុងដឹកកូនសិស្សមួយគ្រឿង ទើបធ្វើឲ្យរថយន្តរបស់ឃាតករ ត្រូវឈប់ ទៅមុខមិនរួច។ កុំអី​ជនរងគ្រោះ ដោយសារអំពើនេះ អាចមានច្រើនលើសនេះទៀត។ ពេលរត់ចេញពីឡាន ជនដៃដល់ មានកាន់កាំភ្លើងពីរដើម មួយជាកាំភ្លើងដើរដោយសំពាធខ្យល់ និងមួយទៀតជាកាំភ្លើងបាញ់គ្រាប់ទឹកថ្នាំពណ៌។ នគរបាលបានធ្វើប្រតិបត្តិការភ្លាមមួយរំពេញ នៅកន្លែងកើតហេតុ​ ហើយបានបាញ់ជនដៃដល់នោះឲ្យរបួស មុននឹងឈានទៅចាប់ឃាត់ខ្លួន។ ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់យកគ្រាប់ចេញ។

ជនដៃ​ដល់​ជា​ជនជាតិ​អ៊ូសបេគីស្ថាន មកដល់អាមេរិកឆ្នាំ២០១០

បើតាមប្រភពពីនគរបាលញូយ៉ក ជនដៃដល់ ឈ្មោះ Sayfullo Saipov ភេទប្រុស​ អាយុ២៩ឆ្នាំ ជាជនជាតិ អ៊ូសបេគីស្ថាន។ ជននេះរស់នៅក្នុងរដ្ឋ New Jersey ហើយរថយន្តដែលជននេះបានជួល យកមកបើកធ្វើសកម្មភាព ក៏ជួលនៅរដ្ឋនេះដែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិកមួយចំនួន  បានអះអាងថា ជននេះ មករស់នៅលើដីអាមេរិក តាំងតែពីឆ្នាំ២០១០ ដោយមានកាន់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលគេហៅថា Green Carte។

បើតាមប្រភពរបស់ កាសែត New York Times ជនដៃដល់នេះ ធ្លាប់ធ្វើការជាអ្នកបើករថយន្តតាក់ស៊ី ឲ្យក្រុមហ៊ុន Uber។ ក្រុមហ៊ុននេះ ក៏បានចេញប្រកាសទទួលស្គាល់ថា ជននេះ ធ្លាប់ជាបុគ្គលិកខ្លួនរយៈពេល​៦ខែ។ បើតាមប្រភពដដែល ជនដៃដល់នេះ ក៏ធ្លាប់ត្រូវបាននគរបាលតាមដានដែរ។ មុននឹងមករស់នៅ​ក្នុងរដ្ឋ New Jersey ជននេះធ្លាប់រស់នៅជាមួយគ្រួសារមួយ​ ដែលជាជនជាតិ អ៊ូសបេគីស្ថាន ដូចគ្នា នៅរដ្ឋ Ohio។ ហើយតាមការចុះផ្សាររបស់កាសែតអាមេរិកជាច្រើន  ដែលបានទាក់ទងទៅក្រុមគ្រួសារនោះ គេនិយាយថា ជនដៃដល់ គឺជាមនុស្សស្លូត មិនសូវ​មាត់កទេ ហើយជាមនុស្សឧស្សាហ៍ ប្រឹងប្រែងធ្វើការណាស់។

ជាភេរវកម្ម​ បែបជីហាតអ៊ីស្លាម?

មកត្រឹមពេលនេះ នៅមិនទាន់មានក្រុម ឬបណ្តាញភេរវកម្មណាមួយចេញមុខ មកទទួលខុសត្រូវទេ។​ អ្វីដែលសមត្ថកិច្ចអាមេរិក កំពុងស៊ើប គឺគេចង់ដឹងថាជននេះ ធ្វើកម្មភាពតែម្នាក់ឯង ឬក៏មានជំនួយសហការ ពីបក្សពួកផ្សេងទៀត។ តែបើតាមការសន្និដ្ឋានជាបឋម ជននេះ អាចធ្វើសកម្មភាពតែម្នាក់ឯង ហើយ ពុំមានបានទទួលបញ្ជារ ដោយផ្ទាល់ ពីក្រុមភេរវកម្មណាមួយឡើយ។

បើតាមប្រភពពីនរគបាលញូយ៉ក  ក៏ដូចជាកាសែតជាច្រើន បានចុះផ្សាយថា ជនដៃដល់នេះ ពេលដែលចុះពីរថយន្ត បានស្រែកថា « Allah Akhbar » ប្រែមកថា ព្រះអាឡា ធំមហិមា។ សម្រែកនេះ គឺជាទូទៅ ជនជីហាតអ៊ីស្លាមតែងតែស្រែក នៅក្នុងពេលធ្វើសកម្មភាព ដើម្បីឧទ្ទិសដល់ព្រះអាឡារបស់គេ។

ហើយបើតាមប្រភពពីនគរបាល២នាក់ ដែលបានផ្តល់បទសម្ភាសន៍ ឲ្យទីភ្នាក់ងារ Associated Press បានឲ្យដឹងថា នៅក្នុងរថយន្តបង្កហេតុ គេបានរកឃើញ កូនសៀវភៅកំណត់ហេតុមួយ របស់ជនដៃដល់។ ឥឡូវគេ កំពុងតែពិនិត្យ ស្វែងយល់ ពីអ្វីដែលមានសរសេរក្នុងសៀវភៅនោះ។ កាសែត New York Times ក៏បានចុះផ្សាយដែរ ថាជនដៃដល់ មានទំនោរគាំទ្រក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

លោក ដូណាល់ ត្រាំ ហ៊ានសន្និដ្ឋានមុននគរបាល

តែយ៉ាងណា លោក ដូណាល់ ត្រាំ គាត់ហ៊ានសន្និដា្ឋន លឿនជាងនគរបាលទៀត។ នៅលើទំព័រ Twitter គាត់បានសរសេរ ចោទថា គឺក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលជាអ្នកធ្វើសកម្មភាពនេះ។ គាត់បានសរសេរបន្ថែមថា អាមេរិក ត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីទប់កុំឲ្យក្រុមនេះ ចូលមកជាន់ដីអាមេរិក។​ ដូច្នេះ គាត់បានបញ្ជា ឲ្យមានការរិតបន្តឹង ត្រួតពិនិត្យ ឲ្យខ្លាំងបំផុត នូវរាល់អ្នកដំណើរបរទេសទាំងអស់​ ដែលចង់មកអាមេរិក។

អំពើភេរវកម្មនេះ បានធ្វើឲ្យកំរើកឡើងវិញ នូវសេចក្តីទុក្ខ សេចក្តីក្រេវក្រោធ របស់ប្រជាជនក្រុងញូយ៉ក ដែលធ្លាប់បានជួបហេតុការណ៍ភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតលើលោក កាលពីខែកញ្ញា ឆ្នាំ២០០១។ បើសិនការវាយប្រហារថ្មីនេះ ជាភេរវកម្មបែបអ៊ីស្លាមជ្រុលនិយមមែន គឺនេះជាលើកទីមួយហើយសម្រាប់ លោកដូណាល់ ត្រាំ ដែលត្រូវឆ្លងកាត់ និងចាត់ចែង ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ