អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមប្រភពពីមន្ត្រីនៅសេតវិមាន ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា លោកដូណាល់ ត្រាំ មានបំណងទាមទារ ឲ្យប្រទេសទាំងអស់​ ​ដែលមានតាំងនូវមូលដ្ឋានទ័ពរបស់អាមេរិក លើទឹកដីខ្លួន គឺត្រូវតែចូលរួម បង់ថ្លៃចំណាយ​បន្ថែម ឲ្យបានច្រើន។ ជាថ្លៃចំណាយ ដែលលោកដូណាល់ ត្រាំ តែងតែត្អូញត្អែរថា អាមេរិក បាន​ចំណាយច្រើនណាស់ កន្លងមក ដើម្បីការពារប្រទេសទាំងនោះ។ តែយ៉ាងណាក៏ដោយ មតិសាធារណៈ តាម​ប្រទេសខ្លះ មិនពេញចិត្តចំពោះការតាំងមូលដ្ឋានទ័ពអាមេរិក នៅលើទឺកដីរបស់គេទេ។

លោក Donald Trump ក្នុង​ពេល​​ធ្វើ​សមយុទ្ធ​យោធាអាមេរិក​ លើកទី១០ "Mountain Division troops"។ Fort Drum, រដ្ឋញូយ៉ក ថ្ងៃទី​​១៣ សីហា​ ២០១៨​
លោក Donald Trump ក្នុង​ពេល​​ធ្វើ​សមយុទ្ធ​យោធាអាមេរិក​ លើកទី១០ "Mountain Division troops"។ Fort Drum, រដ្ឋញូយ៉ក ថ្ងៃទី​​១៣ សីហា​ ២០១៨​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

គឺគេហទំព័រ Bloomberg ដែលជាអ្នកបានចុះផ្សាយ អំពីដំណឹងដែលថា លោកដូណាល់ ត្រាំ មានបំណងទារលុយបន្ថែម ពីប្រទេសទាំងអស់ ដែលមានមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីរបស់ពួកគេ។ ហើយនៅថ្ងៃសុក្រ ម្សិលមិញនេះ គឺ មន្ត្រីជាន់ខ្ពស់២នាក់​ នៃក្រសួងការពារជាតិអាមេរិក ដោយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានបារាំង​​AFP ថា លោកដូណាល់ ត្រាំ ពិតជាមានបំណង ទារលុយបន្ថែមក្នុងការចំណាយ ពីប្រទេសទាំងអស់ ដែលមានមូលដ្ឋានទ័ពអាមេរិក​ពិតមែន។

ដោយឡែក លោក Garrett Marquis អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានចៀសមិនឆ្លើយដោយត្រង់ ស្តីពីបញ្ហានេះទេ ដោយគ្រាន់តែបានរំលឹកថា លោក​ដូណាល់ ត្រាំ បានទាមទារឲ្យ​ប្រទេស​សមាជិក​អង្គការអូតង់ បន្ថែមការចំណាយ​លើ​កងទ័ព ឲ្យបានយ៉ាងហោច២% នៃPIB។ ហើយដោយសារតែការទាមទារនេះហើយ ទើបបាន​អង្គការអូតង់ អាចមានប្រាក់បន្ថែមចំនួន ១០០ពាន់លានដុល្លារ យកទៅចាយ។

តែបើតាមប្រភពពីមន្ត្រីមន្ទីរប៉ង់តាហ្គោន ម្នាក់ទៀត បានបញ្ជាក់ថា រឿងបំណងទារប្រាក់បន្ថែម ពីប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកនេះ គឺតំណាងក្រសួងការពារជាតិអាមេរិក បានលើកទៅនិយាយជាមួយក្រុមប្រទេសអឺរ៉ុប និងអង្គការអូតង់ កាលពីខែកុម្ភៈកន្លងទៅ នៅទីក្រុងព្រុចស៊ែល។ យ៉ាងណាមិញ កាលពីចុងខែមករា លោកដូណាល់ ត្រាំ បានធ្លោយមាត់និយាយថា ប្រទេសខ្លះមានលុយសម្បើមណាស់ ដូច្នេះគ្មានអ្វីត្រូវលំបាក ក្នុងការបង់លុយថ្លៃការពារឲ្យអាមេរិក ឲ្យបានច្រើននោះទេ។

ត្រូវបង់៥០% នៃការចំណាយ

បើតាមការចុះផ្សាយរបស់ គេហទំព័រ Bloomberg គឺអាមេរិក អាចទាមទារ ឲ្យបង់យ៉ាង​ហោច ៥០% នៃការចំណាយសរុប ទៅលើកងទ័ពអាមេរិក ដែលឈរជើងប្រចាំនៅតាម​ប្រទេស​នីមួយៗ។ មានន័យថា នៅតាមប្រទេសខ្លះ ការចំណាយនេះ អាចនឹងកើនឡើង មួយ​គុណជា ៥ ជា ៦ បើប្រៀបធៀប ទៅនឹងការចូលរួមចំណាយកន្លងមក។

មន្ត្រីប៉ង់តាហ្គោន ដែលបានទំលាយដំណឹងនេះ បានលើកឡើងថា ក្នុងពេលនេះ គឺរដ្ឋមន្ត្រី​ការពារជាតិអាមេរិក​ ដែលត្រូវបានលោកប្រធានាធិបតី ចាត់ឲ្យដឹលនាំក្រុមការងារ ធ្វើ​ការ​វិភាគថ្លឹងថ្លែង ដើម្បីកំណត់ ថាប្រទេសនីមួយៗ ត្រូវបង់ម្នាក់ចំនួនប៉ុន្មាន។

អាមេរិក​មាន​មូលដ្ឋានទ័ព៨០០ទីតាំង រាយនៅតាមប្រទេសជាង១៧០

មូលដ្ឋានទ័ពអាមេរិក មាននៅតាមប្រទេសប្រមាណ១៧០ប្រទេស បើសរុបទៅ គឺមានមិនតិចជាង ៨០០មូលដ្ឋានទ័ពទេ។ នៅតាមមូលដ្ឋានទាំង៨០០រយទីតាំងនេះ គឺមានទាហានអាមេរិក ប្រមាណ​២សែននាក់ ដែលឈរជើងជាប្រចាំ។

នៅអឺរ៉ុប ប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកច្រើន ជាងគេ គឺអាល្លឺម៉ង់ និងអ៊ីតាលី។ អាល្លឺម៉ង់ មានមូដ្ឋានទ័ពអាមេរិកចំនួន​៤៤កន្លែង ហើយទាហានអាមេរិកឈរ​ជើងចំនួន​៣៤៨០០នាក់។ ចំណែកនៅអ៊ីតាលី មានទាហានអាមេរិក ប្រចាំការចំនួន១២០០០នាក់។ នៅអាស៊ីវិញ ដូចយើងដឹងហើយ គឺកូរ៉េខាងត្បូង និងជប៉ុន ដែលមានមូលដ្ឋានទ័ពអាមេរិក​ធំជាងគេ។ ជប៉ុនមានមូលដ្ឋានទ័ពអាមេរិក ចំនួន​៨៩ទីតាំង ដែលភាគច្រើន គឺនៅ​លើកោះ អូគីណាវ៉ា។ ទាហានអាមេរិក ឈរជើងសរុបនៅជប៉ុន​ មានចំនួនជិត​៤ម៉ឺន​នាក់ រីឯកូរ៉េខាងត្បូងវិញ មានចំនួន​២៣៤០០នាក់។

ទាក់ទិននឹងការចំណាយវិញ ក្នុងមួយឆ្នាំៗ គេត្រូវការប្រាក់ ចំនួន១០០ពាន់លានដុល្លារ។ ថវិកានេះ វាស្មើនឹង១ភាគ៦ នៃការចំណាយសរុប នៃក្រសួងការពារជាតិអាមេរិក។ អាល្លឺម៉ង់ ជួយវិភាគទាន ប្រមាណ១ពាន់​លាន​ដុល្លារ។ កូរ៉េខាងត្បូង ក៏ទើបតែបានយល់ព្រមបន្ថែមការចំណាយដែរ ដោយសន្យាចូលរួមចំនួន៩២៤លានដុល្លារ សម្រាប់ឆ្នាំ​២០១៩​នេះ។ ជប៉ុន ជាប្រទេសដៃទូលាយជាងគេ ដោយបានចូលរួមបង់ថ្លៃចំណាយ ក្នុងមួយឆ្នាំ៤ពាន់ដុល្លារ។ មិនត្រឹមប៉ុននេះទេ ជប៉ុន បានជួយចំណាយ ក្នុងការរៀបចំកសាងមូលដ្ឋានទ័ពអាមេរិក នៅលើកោះ Guam ក្នុងទឹកប្រាក់ប្រមាណ​៩ពាន់លានដុល្លារទៀតផង។

វត្តមានកងទ័ពអាមេរិកក្នុងប្រទេសផ្សេង គេមិនពេញចិត្ត

វត្តមាននៃមូលដ្ឋានទ័ពរបស់អាមេរិក ព្រមជាមួយនឹងទាហានរាប់ពាន់ រាប់ម៉ឺននាក់របៀបនេះ គឺតែងតែធ្វើឲ្យប៉ះពាល់ ដល់ផ្លូវចិត្ត របស់ប្រជាជនម្ចាស់ស្រុក។ ជាពិសេសនៅជប៉ុន​តែម្តង។ កោះអូគីណាវ៉ា មួយទាំងមូល គឺសឹងតែក្លាយជាទឹកដីអាមេរិកទៅហើយ ព្រោះ​ថា​ងាកទៅត្រង់ណា ក៏ជាបន្ទាយ​ទាហាន របស់អាមេរិកដែរ។

បញ្ហាមូលដ្ឋានទ័ពអាមេរិក នៅលើកោះអូគីណាវ៉ា របស់ជប៉ុន តែងតែក្លាយជាជម្លោះតវ៉ា និងបាតុកម្មប្រឆាំង ពីសំណាក់ប្រជាជនជប៉ុន។ សម្រាប់ប្រជាជនជប៉ុន ដែលរស់នៅលើ​កោះ​នោះ គឺប្រៀបបីដូចជាស្ថិតនៅក្រោមអាណានិគម របស់ទាហានអាមេរិក អញ្ចឹង។ ដូច្នេះ​ហើយបានជា រដ្ឋាភិបាលជប៉ុន បានព្យាយាមជួយអាមេរិក ក្នុងការកសាងមូលដ្ឋាន​ទ័ព​មួយទៀត នៅកោះGuam ដើម្បីបន្ថយភាពតានតឹងខ្លះពីកោះអូគីណាវ៉ា។

ដូចយើងដឹងហើយថាការពង្រីកមូលដ្ឋានទ័ពរបស់អាមេរិក នៅតាមប្រទេសផ្សេងៗ គឺដើមឡើយ ដើម្បីព័ត្រ​សហភាពសូវៀត នៅក្រោយចប់សង្រ្គាមលោកលើកទី២ និង ក្នុងអំឡុងពេលសង្រ្គាមត្រជាក់។ ជាមួយនឹងការចំណាយដ៏សន្ធឹកសន្ធាប់ កុំថាឡើយប្រទេស​ដែល​ទទួលមូលដ្ឋានទ័ពអាមេរិក សូម្បីតែមតិសាធារណៈរបស់អាមេរិកមួយចំនួន ក៏ត្អូញត្អែរដែរ ថាល្មមកាត់បន្ថយការចំណាយ ហើយបិទមូលដ្ឋានទ័ពទាំងនោះខ្លះទៅ។ មតិខ្លះលើកឡើងថា មូលដ្ឋានទ័ពខ្លះ លែងមានភាពចាំបាច់ហើយ។ ជាក់ស្តែងនៅអ៊ីតាលី ដែលមានទាហានអាមេរិកឈរជើង ជាង១ម៉ឺននាក់រាល់ថ្ងៃនេះ តើវាគួរបន្តទៀតដែរ​ឬទេ ព្រោះថាវាគ្មានហេតុផលសង្រ្គាមណា ត្រូវប្រុងជើងការពារនោះទេ។

ឥឡូវពេលនេះ លោកត្រាំ មានបំណងទារប្រាក់បន្ថែម ពីប្រទេស ដែលទទួលមូលដ្ឋានទ័ពអាមេរិក។ សួរថា តើប្រទេសទាំងនោះ គេយល់យ៉ាងណា? ជាការពិត អាមេរិក​ជួយ​ការពារ​គេមែន តែយ៉ាងណាក៏ដោយ វាក៏គឺជាផលចំណេញយុទ្ធសាស្ត្រ របស់អាមេរិក​ដែរ ដែលមានទីតាំងទ័ពនៅតាមប្រទេសគេ។ ដូច្នេះ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែពេញចិត្ត នឹងចូលរួមចំណាយនោះទេ។ បើគង់តែចំណាយ បង់ប្រាក់ឲ្យអាមេរិក​ដដែល បើយកប្រាក់នោះមកពង្រឹកកងទ័ពការពារខ្លួន ដោយខ្លួនឯង​ ម្លេះវាប្រសើរជាង !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ