លោកដូណាល់ ត្រាំ ចង់ទារប្រាក់ចំណាយបន្ថែម ពីប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០២
តាមប្រភពពីមន្ត្រីនៅសេតវិមាន ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា លោកដូណាល់ ត្រាំ មានបំណងទាមទារ ឲ្យប្រទេសទាំងអស់ ដែលមានតាំងនូវមូលដ្ឋានទ័ពរបស់អាមេរិក លើទឹកដីខ្លួន គឺត្រូវតែចូលរួម បង់ថ្លៃចំណាយបន្ថែម ឲ្យបានច្រើន។ ជាថ្លៃចំណាយ ដែលលោកដូណាល់ ត្រាំ តែងតែត្អូញត្អែរថា អាមេរិក បានចំណាយច្រើនណាស់ កន្លងមក ដើម្បីការពារប្រទេសទាំងនោះ។ តែយ៉ាងណាក៏ដោយ មតិសាធារណៈ តាមប្រទេសខ្លះ មិនពេញចិត្តចំពោះការតាំងមូលដ្ឋានទ័ពអាមេរិក នៅលើទឺកដីរបស់គេទេ។
គឺគេហទំព័រ Bloomberg ដែលជាអ្នកបានចុះផ្សាយ អំពីដំណឹងដែលថា លោកដូណាល់ ត្រាំ មានបំណងទារលុយបន្ថែម ពីប្រទេសទាំងអស់ ដែលមានមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីរបស់ពួកគេ។ ហើយនៅថ្ងៃសុក្រ ម្សិលមិញនេះ គឺ មន្ត្រីជាន់ខ្ពស់២នាក់ នៃក្រសួងការពារជាតិអាមេរិក ដោយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានបារាំងAFP ថា លោកដូណាល់ ត្រាំ ពិតជាមានបំណង ទារលុយបន្ថែមក្នុងការចំណាយ ពីប្រទេសទាំងអស់ ដែលមានមូលដ្ឋានទ័ពអាមេរិកពិតមែន។
ដោយឡែក លោក Garrett Marquis អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានចៀសមិនឆ្លើយដោយត្រង់ ស្តីពីបញ្ហានេះទេ ដោយគ្រាន់តែបានរំលឹកថា លោកដូណាល់ ត្រាំ បានទាមទារឲ្យប្រទេសសមាជិកអង្គការអូតង់ បន្ថែមការចំណាយលើកងទ័ព ឲ្យបានយ៉ាងហោច២% នៃPIB។ ហើយដោយសារតែការទាមទារនេះហើយ ទើបបានអង្គការអូតង់ អាចមានប្រាក់បន្ថែមចំនួន ១០០ពាន់លានដុល្លារ យកទៅចាយ។
តែបើតាមប្រភពពីមន្ត្រីមន្ទីរប៉ង់តាហ្គោន ម្នាក់ទៀត បានបញ្ជាក់ថា រឿងបំណងទារប្រាក់បន្ថែម ពីប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកនេះ គឺតំណាងក្រសួងការពារជាតិអាមេរិក បានលើកទៅនិយាយជាមួយក្រុមប្រទេសអឺរ៉ុប និងអង្គការអូតង់ កាលពីខែកុម្ភៈកន្លងទៅ នៅទីក្រុងព្រុចស៊ែល។ យ៉ាងណាមិញ កាលពីចុងខែមករា លោកដូណាល់ ត្រាំ បានធ្លោយមាត់និយាយថា ប្រទេសខ្លះមានលុយសម្បើមណាស់ ដូច្នេះគ្មានអ្វីត្រូវលំបាក ក្នុងការបង់លុយថ្លៃការពារឲ្យអាមេរិក ឲ្យបានច្រើននោះទេ។
ត្រូវបង់៥០% នៃការចំណាយ
បើតាមការចុះផ្សាយរបស់ គេហទំព័រ Bloomberg គឺអាមេរិក អាចទាមទារ ឲ្យបង់យ៉ាងហោច ៥០% នៃការចំណាយសរុប ទៅលើកងទ័ពអាមេរិក ដែលឈរជើងប្រចាំនៅតាមប្រទេសនីមួយៗ។ មានន័យថា នៅតាមប្រទេសខ្លះ ការចំណាយនេះ អាចនឹងកើនឡើង មួយគុណជា ៥ ជា ៦ បើប្រៀបធៀប ទៅនឹងការចូលរួមចំណាយកន្លងមក។
មន្ត្រីប៉ង់តាហ្គោន ដែលបានទំលាយដំណឹងនេះ បានលើកឡើងថា ក្នុងពេលនេះ គឺរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលត្រូវបានលោកប្រធានាធិបតី ចាត់ឲ្យដឹលនាំក្រុមការងារ ធ្វើការវិភាគថ្លឹងថ្លែង ដើម្បីកំណត់ ថាប្រទេសនីមួយៗ ត្រូវបង់ម្នាក់ចំនួនប៉ុន្មាន។
អាមេរិកមានមូលដ្ឋានទ័ព៨០០ទីតាំង រាយនៅតាមប្រទេសជាង១៧០
មូលដ្ឋានទ័ពអាមេរិក មាននៅតាមប្រទេសប្រមាណ១៧០ប្រទេស បើសរុបទៅ គឺមានមិនតិចជាង ៨០០មូលដ្ឋានទ័ពទេ។ នៅតាមមូលដ្ឋានទាំង៨០០រយទីតាំងនេះ គឺមានទាហានអាមេរិក ប្រមាណ២សែននាក់ ដែលឈរជើងជាប្រចាំ។
នៅអឺរ៉ុប ប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកច្រើន ជាងគេ គឺអាល្លឺម៉ង់ និងអ៊ីតាលី។ អាល្លឺម៉ង់ មានមូដ្ឋានទ័ពអាមេរិកចំនួន៤៤កន្លែង ហើយទាហានអាមេរិកឈរជើងចំនួន៣៤៨០០នាក់។ ចំណែកនៅអ៊ីតាលី មានទាហានអាមេរិក ប្រចាំការចំនួន១២០០០នាក់។ នៅអាស៊ីវិញ ដូចយើងដឹងហើយ គឺកូរ៉េខាងត្បូង និងជប៉ុន ដែលមានមូលដ្ឋានទ័ពអាមេរិកធំជាងគេ។ ជប៉ុនមានមូលដ្ឋានទ័ពអាមេរិក ចំនួន៨៩ទីតាំង ដែលភាគច្រើន គឺនៅលើកោះ អូគីណាវ៉ា។ ទាហានអាមេរិក ឈរជើងសរុបនៅជប៉ុន មានចំនួនជិត៤ម៉ឺននាក់ រីឯកូរ៉េខាងត្បូងវិញ មានចំនួន២៣៤០០នាក់។
ទាក់ទិននឹងការចំណាយវិញ ក្នុងមួយឆ្នាំៗ គេត្រូវការប្រាក់ ចំនួន១០០ពាន់លានដុល្លារ។ ថវិកានេះ វាស្មើនឹង១ភាគ៦ នៃការចំណាយសរុប នៃក្រសួងការពារជាតិអាមេរិក។ អាល្លឺម៉ង់ ជួយវិភាគទាន ប្រមាណ១ពាន់លានដុល្លារ។ កូរ៉េខាងត្បូង ក៏ទើបតែបានយល់ព្រមបន្ថែមការចំណាយដែរ ដោយសន្យាចូលរួមចំនួន៩២៤លានដុល្លារ សម្រាប់ឆ្នាំ២០១៩នេះ។ ជប៉ុន ជាប្រទេសដៃទូលាយជាងគេ ដោយបានចូលរួមបង់ថ្លៃចំណាយ ក្នុងមួយឆ្នាំ៤ពាន់ដុល្លារ។ មិនត្រឹមប៉ុននេះទេ ជប៉ុន បានជួយចំណាយ ក្នុងការរៀបចំកសាងមូលដ្ឋានទ័ពអាមេរិក នៅលើកោះ Guam ក្នុងទឹកប្រាក់ប្រមាណ៩ពាន់លានដុល្លារទៀតផង។
វត្តមានកងទ័ពអាមេរិកក្នុងប្រទេសផ្សេង គេមិនពេញចិត្ត
វត្តមាននៃមូលដ្ឋានទ័ពរបស់អាមេរិក ព្រមជាមួយនឹងទាហានរាប់ពាន់ រាប់ម៉ឺននាក់របៀបនេះ គឺតែងតែធ្វើឲ្យប៉ះពាល់ ដល់ផ្លូវចិត្ត របស់ប្រជាជនម្ចាស់ស្រុក។ ជាពិសេសនៅជប៉ុនតែម្តង។ កោះអូគីណាវ៉ា មួយទាំងមូល គឺសឹងតែក្លាយជាទឹកដីអាមេរិកទៅហើយ ព្រោះថាងាកទៅត្រង់ណា ក៏ជាបន្ទាយទាហាន របស់អាមេរិកដែរ។
បញ្ហាមូលដ្ឋានទ័ពអាមេរិក នៅលើកោះអូគីណាវ៉ា របស់ជប៉ុន តែងតែក្លាយជាជម្លោះតវ៉ា និងបាតុកម្មប្រឆាំង ពីសំណាក់ប្រជាជនជប៉ុន។ សម្រាប់ប្រជាជនជប៉ុន ដែលរស់នៅលើកោះនោះ គឺប្រៀបបីដូចជាស្ថិតនៅក្រោមអាណានិគម របស់ទាហានអាមេរិក អញ្ចឹង។ ដូច្នេះហើយបានជា រដ្ឋាភិបាលជប៉ុន បានព្យាយាមជួយអាមេរិក ក្នុងការកសាងមូលដ្ឋានទ័ពមួយទៀត នៅកោះGuam ដើម្បីបន្ថយភាពតានតឹងខ្លះពីកោះអូគីណាវ៉ា។
ដូចយើងដឹងហើយថាការពង្រីកមូលដ្ឋានទ័ពរបស់អាមេរិក នៅតាមប្រទេសផ្សេងៗ គឺដើមឡើយ ដើម្បីព័ត្រសហភាពសូវៀត នៅក្រោយចប់សង្រ្គាមលោកលើកទី២ និង ក្នុងអំឡុងពេលសង្រ្គាមត្រជាក់។ ជាមួយនឹងការចំណាយដ៏សន្ធឹកសន្ធាប់ កុំថាឡើយប្រទេសដែលទទួលមូលដ្ឋានទ័ពអាមេរិក សូម្បីតែមតិសាធារណៈរបស់អាមេរិកមួយចំនួន ក៏ត្អូញត្អែរដែរ ថាល្មមកាត់បន្ថយការចំណាយ ហើយបិទមូលដ្ឋានទ័ពទាំងនោះខ្លះទៅ។ មតិខ្លះលើកឡើងថា មូលដ្ឋានទ័ពខ្លះ លែងមានភាពចាំបាច់ហើយ។ ជាក់ស្តែងនៅអ៊ីតាលី ដែលមានទាហានអាមេរិកឈរជើង ជាង១ម៉ឺននាក់រាល់ថ្ងៃនេះ តើវាគួរបន្តទៀតដែរឬទេ ព្រោះថាវាគ្មានហេតុផលសង្រ្គាមណា ត្រូវប្រុងជើងការពារនោះទេ។
ឥឡូវពេលនេះ លោកត្រាំ មានបំណងទារប្រាក់បន្ថែម ពីប្រទេស ដែលទទួលមូលដ្ឋានទ័ពអាមេរិក។ សួរថា តើប្រទេសទាំងនោះ គេយល់យ៉ាងណា? ជាការពិត អាមេរិកជួយការពារគេមែន តែយ៉ាងណាក៏ដោយ វាក៏គឺជាផលចំណេញយុទ្ធសាស្ត្រ របស់អាមេរិកដែរ ដែលមានទីតាំងទ័ពនៅតាមប្រទេសគេ។ ដូច្នេះ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែពេញចិត្ត នឹងចូលរួមចំណាយនោះទេ។ បើគង់តែចំណាយ បង់ប្រាក់ឲ្យអាមេរិកដដែល បើយកប្រាក់នោះមកពង្រឹកកងទ័ពការពារខ្លួន ដោយខ្លួនឯង ម្លេះវាប្រសើរជាង !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ