ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?
 
លោកដូណាល់ ត្រាំ ពេលចុះពីយន្តហោះ Air Force One នៅ​ព្រលាន​យន្តហោះ O'Hare International Airport ថ្ងៃទី​​២៨តុលា ២០១៩ REUTERS/Leah Millis

មេក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ឈ្មោះ Abou Bakr al-Baghdadi ត្រូវបាន​កងទ័ពអាមេរិក​ សម្លាប់បានសម្រេច នៅក្នុង​ទឹកដីស៊ីរី។ លោក​ប្រធានាធិបតីដូណាល់ ត្រាំ បានចេញមុខប្រកាសដោយផ្ទាល់មាត់ នូវដំណឹងដ៏ល្អនេះ កាលពីថ្ងៃអាទិត្យទី​២៧តុលា នៅតាមកញ្ចក់ទូរទស្សន៍។ តើការសម្លាប់មេក្លោងនៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​នេះ អាចចាត់ទុកថាជាជោគជ័យមួយរបស់លោកដូណាល់ ត្រាំដែរឬទេ? ឬមួយវាជាជោគជ័យនៃការងារ ដែលចាប់ផ្តើមជាយូរមកហើយ របស់ក្រុមស៊ើបការណ៍សំងាត់អាមេរិក ហើយដែលលោកដូណាល់ ត្រាំ យកវាមកភ្ជាប់នឹងខ្លួន ដើម្បីឆក់ឱកាសបានប្រជាប្រិយភាព?

នៅយប់ថ្ងៃសៅរ៍ទី​២៦ តុលា ​មិនទាន់មានដំណឹងជាផ្លូវការផង​ទេ តែលោកដូណាល់ ត្រាំ ដែលទំនងដូចជាអន្ទះអន្ទែង ទប់ចិត្តមិនបាន បានសរសេរលើទំព័រTwitter ថា “មានរឿងដ៏ធំកក្រើកមួយ កំពុងតែកើតមានឡើង”។ នៅថ្ងៃអាទិត្យ ដំណឹងនៃការសម្លាប់មេក្លោង​ជីហាត Abou Bakr al-Baghdadi ត្រូវបាន​លោក​ដូណាល់ ត្រាំ ប្រកាសតាមទូរទស្សន៍ អម​ដោយពាក្យពេចន៍ខ្លឹមសារ យ៉ាងសម្បើមអស្ចារ្យ ជាមួយនឹងឃ្លាដូចជា “ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់សម្រាប់ប្រទេសអាមេរិក” ជាដើម។

មិនត្រឹមតែប្រកាសដំណឹងនេះទេ លោកដូណាល់ ត្រាំ បានទាំងឆ្លៀតនិយាយលំអិត រៀបរាប់ថាគាត់បានតាមដាន​ប្រតិបត្តិការនេះ យ៉ាងជាប់ស្អិត នៅក្នុងបន្ទប់បញ្ជាការដ្ឋានពិសេស ជាមួយនឹងមេទ័ពធំៗរបស់អាមេរិក ប្រៀបបីដូចជានៅក្នុងខ្សែភាពយន្តដូច្នោះដែរ។ លោកដូណាល់ ត្រាំ បាន​និយាយរៀបរាប់លំអិត ពីវិនាទីចុងក្រោយ របស់មេក្លោងជីហាត al-Baghdadi ប្រៀបហាក់បីដូចជាគាត់ ចង់ឲ្យអ្នកស្តាប់ ឃើញហេតុការណ៍ដ៏អស្ចារ្យនេះនៅនឹងភ្នែក ដូចគាត់។ ជារួមភាសានិយាយ និងរបៀបនៃការប្រកាសដំណឹងនេះ បានធ្វើឲ្យគេឃើញនឹងភ្នែក ថាលោកដូណាល់ ត្រាំ ចង់បង្ហាញអំពីលទ្ធផលនៃការងារដ៏ជោគជ័យ ក្រោមការដឹកនាំរបស់គាត់។

ជាការពិត សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ យើងដឹងថា លោកដូណាល់ ត្រាំ ត្រូវការណាស់ នូវដំណឹងល្អណាមួយ ដើម្បីយកមកលើកដំកើងកិត្តិយសរបស់គាត់ អួតប្រាប់ទៅប្រជាជនអាមេរិក ព្រោះថាគាត់កំពុងតែស្ថិតក្នុងការលំបាកបំផុត។ ក្រុមគណបក្សប្រជាធិបតេយ្យ បានរួមគ្នាបើកនីតិវិធី ដើម្បីទំលាក់គឆត់​ចេញពីតំណែង។ ថ្វីត្បិតតែនីតិវិធីនេះ នៅមិនទាន់ឆ្លងផុតការបោះឆ្នោតក្នុងសភា​ទាំង២ក៏ដោយ តែវាបានធ្វើឲ្យលោកដូណាល់ត្រាំ ត្រូវស្ថិតក្នុងស្ថានភាព​មួយដ៏លំបាក ខណៈការបោះឆ្នោតអាណត្តិថ្មី​​ កាន់តែខិតជិតមកដល់។ សូម្បីតែមនុស្សក្នុងបក្សសាធារណ​រដ្ឋខ្លះ ក៏បាត់បង់សាមគ្គីភាព​ ជាមួយលោកដូណាល់ ត្រាំដែរ។

ដំណឹងនៃការសម្លាប់មេក្លោងជីហាងអង្គការរដ្ឋអ៊ីស្លាមនេះ មិនខុសពីថ្នាំគ្រាប់វីតាមីនមួយគ្រាប់ សម្រាប់លោកដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលរបស់ខ្លួន។ វាបានជួយលើកកិត្តិយស ដល់កងទ័ពអាមេរិក ក៏ដូចជា​គោលនយោបាយការបរទេសរបស់អាមេរិក នៅឯតំបន់ដើមបូព៌ា។ អ្នកធ្លាប់រិះគន់លោកដូណាល់ ត្រាំខ្លះ អាចប្រហែលជាបែរមកសរសើរលោកវិញក៏ថាបាន។

ក៏ប៉ុន្តែបើយើងពិ​និត្យឲ្យបាន​ស៊ីជំរៅជាងនេះ ការសម្លាប់មេក្លោងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម វាគឺជាជោគជ័យនៃការងារសហការរបស់កងទ័ពអាមេរិក ជាមួយនឹងក្រុមស៊ើបការណ៍សំងាត់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធកួដ។ ក្រុមកួដ បានអះអាងថាខ្លួនគឺជាអ្នកផ្តល់ដំណឹង ដល់កងទ័ពអាមេរិក ស្តីពីទីតាំងលាក់ខ្លួន របស់មេក្លោងជីហាត Abou Bakr al-Baghdadi។

អ្នកវិភាគមួយចំនួន បានលើកឡើងថា លោកដូណាល់ ត្រាំ គ្មានយុទ្ធសាស្ត្រច្បាស់លាស់នោះទេ នៅឯតំបន់ដើមបូព៌ា។ លោកដូណាល់ ត្រាំ បានសម្រេចចិត្តដកទ័ពចេញពីស៊ីរី យ៉ាងតក់ក្រហល់ ដោយបោះបង់ចោលក្រុមប្រដាប់អាវុធកួដ។ លោកដូណាល់ ត្រាំ ថែមទាំងធ្លាប់និយាយរិះគន់ក្តែងក្តែង ថាប្រតិបត្តិការនៅ​ស៊ីរី បំផ្លាញលុយ​របស់អាមេរិក​លុយច្រើនណាស់។ ក៏ប៉ុន្តែ ស្រាប់តែនៅពេល​ ក្រុមស៊ើបការណ៍សំងាត់សហការជាមួយកងកម្លាំងកួដ សម្លាប់មេក្លោងជីហាតបានសម្រេច លោកដូណាល់ ត្រាំ បែរជាលេចមុខមកប្រកាសដំណឹងល្អនេះ យ៉ាងអំនួតទៅវិញ។

រឿងកាន់តែគួរឲ្យចង់សើចទៅទៀតនោះ គឺថាកាលពីកងទ័ពអាមេរិក សម្លាប់អ៊ូសាម៉ា ប៊ីនឡាដេន មេក្លោង​ក្រុម​អាល់កាយដាបានសម្រេច គ្រប់គ្នានាំគ្នាសរសើរលោកអូបាម៉ា ដែលជាប្រធានាធិបតីជំនាន់នោះ។ ប៉ុន្តែលោកដូណាល់ ត្រាំ បាននិយាយថា ឈប់សរសើរលោកអូបាម៉ាទៅ ព្រោះមិនមែនលោកអូបាម៉ា ជាអ្នកធ្វើទេ គឺក្រុមស៊ើបការសម្ងាត់ និងកងទ័ពអាមេរិកឯណោះទេ ដែលត្រូវសរសើរ។ សម្តីជាន់កែង​ឯង ពេលនេះលោកត្រាំ ប្រហែល​ជាមិនប្រកែកទេ បើសិនជា​មានគេសរសើរខ្លួនលោកថា ជាអ្នក​ដឹកនាំ​ប្រតិបត្តិការ សម្លាប់មេក្លោងក្រុម​ជីហាតបានសម្រេចនោះ។

សរសើរខុសមនុស្សវាជារឿងមួយ តែបើសរសើរទាំងខុសរឿងនោះ គឺវាកាន់តែធ្ងន់ធ្ងរ។ មានសំណួរបានចោទសួរថា តើមនុស្សដែលស្លាប់នោះ ពិតជា Abou Bakr al-Baghdadi មេក្លោងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ពិតឬក៏យ៉ាងណា? អ្នកជំនាញនៅអឺរ៉ុបខ្លះ បានសំដែងការស្ទាក់ស្ទើក្នុងការជឿទុកចិត្ត នូវដំណឹងដែលក្រុមCIA របស់អាមេរិកបានប្រកាសនេះ។ ជាការកត់សំគាល់ ក្រុមCIA បានប្រកាសច្រើនដងមកហើយ ថាជនឈ្មោះ Abou Bakr al-Baghdadi ត្រូវគេសម្លាប់បាន។ តែទីបំផុតក៏ប្រកាសថាមិនមែនទៅវិញ។ តើលើកនេះ វាជាការពិតប្រាកដមែនឬទេ?

ទោះយ៉ាងនេះក្តី ដំណឹងនៃការស្លាប់របស់មេក្លោងក្រុមជីហាតអង្គាររដ្ឋអ៊ីស្លាមនេះ មិនមែនមានន័យវាគឺជាជោគជ័យទាំងស្រុង ទៅលើក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយមនេះឡើយ។ ក្រុមភេវកម្មដ៏ខ្មៅងងឹតនេះ ពុំមាន​អង្គការចាត់តាំងអំណាចច្បាស់លាស់ទេ។ ផ្ទុយទៅវិញ គឺមនុស្ស​ជឿតាមទ្រឹស្តីមនោគមន៍វិជ្ជាដ៏ព្រៃផ្សៃនេះម្នាក់ៗ នៅតែអាចធ្វើសកម្មភាព​ភេរវកម្ម ឬប្រមូលអូសទាញកម្លាំង បានជានិច្ច ដោយមិនចាំបាច់មានមេក្លោងបញ្ជាឡើយ។ អ្វីដែលត្រូវបន្តធ្វើ គឺការជីកកកាយ​ កំចេទចោលនូវឬសគល់ ដែលនាំឲ្យ​មនុស្ស​មួយចំនួន ​ធ្លាក់អន្លង់ជឿតាមទ្រឹស្តីមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​ ដ៏​ព្រៃផ្សៃនេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ