អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូឡុំប៊ី៖ ជំហានថ្មី​ឆ្ពោះទៅ​កាន់​សន្តិភាព ក្រោយ​៥២ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​របស់​ក្រុម​ឧទ្ទាម ​Farc

ចុះផ្សាយ​នៅ​ថ្ងៃ៖

៥២ឆ្នាំ​ហើយ ​ដែល​ប្រជាជន​កូឡុំប៊ី ​មិនដែល​បាន​ស្គាល់​សន្តិភាព​ ដោយសារ​តែ​ការ​ប្រយុទ្ធ​គ្នា​ឥត​ស្រាកស្រាន ​រវាង​កងទ័ព​រដ្ឋាភិបាល​កូឡុំប៊ី ​និង​ក្រុម​ឧទ្ទាម​បដិវដ្តន៍​កុម្មុយនីស្តិ ​ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ​ក្រុម​ឧទ្ទាម​ហ្វាក (FARC)។ ប៉ុន្តែ ​ក្តី​សង្ឃឹម​សន្តិភាព​ កំពុងតែ​លេច​រូបរាង​នា​ពេល​នេះ​ បន្ទាប់​ពី​ភាគី​ទាំង​ពីរ ​បាន​បិទ​បញ្ចប់​ការ​ចរចា​សនិ្តភាព ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាហាវ៉ាន ​ប្រទេស​គុយបា។ ភាគី​រដ្ឋាភិបាល​កូឡុំប៊ី ​និង​ក្រុម​ឧទ្ទាម​ហ្វាក ​បាន​ត្រូវ​រូវ​គ្នា ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ហើយ​នឹង​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ​ពី​សំណាក់​ប្រជាជន​កូឡុំប៊ី ​ នៅ​ដើម​ខែ​តុលា ​ខាង​មុខនេះ។

ភាគីចរចាសន្តិភាពតំណាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុមឧទ្ទាម​ FARC នៅទីក្រុង​​ឡាហាវ៉ាន​ ថ្ងៃទី​៥ សីហា ២០១៦
ភាគីចរចាសន្តិភាពតំណាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុមឧទ្ទាម​ FARC នៅទីក្រុង​​ឡាហាវ៉ាន​ ថ្ងៃទី​៥ សីហា ២០១៦ ©REUTERS/Enrique de la Osa
ផ្សាយពាណិជ្ជកម្ម

ការចរចា​សន្តិភាព​កូឡុំប៊ី ​រវាង​រដ្ឋាភិបាល ​និង​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​បដិវដ្តន៍​ Farc​ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ​កាលពី​ថ្ងៃ​ពុធ ​ទី​២៤ ​សីហា។ សូម​បញ្ជាក់​ថា ​ការ​ចរចា​នេះ ​ធ្វើឡើង ​ក្រោម​ការ​ជ្រោមជ្រែង ​ពី​ប្រទេស​គុយបា ​ប្រទេស​ន័រវ៉េហ្ស ​និង​អង្គការ​សហ​ប្រជាជាតិ ​ ដែល​បាន​ចំណាយ​ពេល​អស់​ជិត​៤ឆ្នាំ។ ទោះបី​ជា​យ៉ាងណា ​នេះ​គ្រាន់តែ​ជា​ការ​បិទ​បញ្ចប់​ការ​ចរចា​សន្តិភាព ​ មិនមែន​មាន​ន័យថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ ត្រូវ​បាន​ភាគី​ទាំងពីរ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ទេ។

 
កិច្ចព្រមព្រៀង​សន្តិភាព​ចូល​ជា​ធរមាន ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ៖
សម្រាប់​ប្រជាជន​កូឡុំប៊ី ​ដែល​បាន​រស់​រងទុក្ខ​វេទនា ​ជាង​៥០​ឆ្នាំ​មក​នេះ​ ​គឺ​វា​ជា​ដំណឹង​មួយ​ល្អ​ណាស់​ ដែល​អ្នកខ្លះ​បាន​ទាំង​ស្រក់​ទឹកភ្នែក​ទៀតផង ​បន្ទាប់​ពី​បាន​ឮ​ការ​ប្រកាស​តំណឹង​នេះ ​នៅ​តាម​កញ្ចក់​ទូរទស្សន៍។

សួរថា ​ចាប់ពី​នេះ​ទៅ ​នឹង​មាន​អ្វី​កើតឡើង​តទៅ​ទៀត? គឺថា​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​គម្រោង​អត្ថបទ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ​ នឹង​ត្រូវ​ចុះ​ហត្ថលេខា ​នៅ​រដ្ឋធានី​បូហ្គោតា​ ដោយ​មេដឹកនាំ​នៃ​ភាគី​ទាំង​ពីរ​ គឺ​លោក​ប្រធានាធិបតី​ កូឡុំប៊ី ​Juan Manuel Santos ​និង​មេដឹកនាំ​ក្រុម​ឧទ្ទាម​ Farc​ លោក ​Rodrigo Londoño ​រឺ​ឈ្មោះ​ហៅក្រៅ​ថា​ Timochenko

បន្ទាប់​មកទៀត ​ ប្រជាជន​កូឡុំប៊ី ​នឹង​ត្រូវ​ទៅ​បោះឆ្នោត​ប្រជាមតិ ​ ទទួល​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ​នៅថ្ងៃ​ទី​២​ខែ​ តុលា ​ខាង​មុខ​នេះ។ ចំណែក​ក្នុង​ពេល​នេះ ​ ក្រុម​ឧទ្ទាម​ហ្វាក ​នឹង​បើក​សន្និបាទ​របស់​គេ ​ដើម្បី​ធ្វើការ​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ចរចា​សន្តិភាព​នេះ ​ទៅ​ឲ្យ​កង​កម្លាំង​តស៊ូ​របស់​គេ​បាន​ដឹង ​ហើយដើម្បី​រៀបចំ​អនុវត្តន៍​ ទៅតាម​កិច្ច​ព្រមព្រៀង​សន្តិភាព។

ទំលាក់អាវុធ រំសាយទ័ព សមាហរណកម្ម
តាមការ​ប្រកាស​របស់​ភាគី​រដ្ឋាភិបាល​កូឡុំប៊ី ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​ស្រង់​បាន ​ ​គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​មាន​កំណត់​ចេញ​នូវ​ចំណុច​ចំនួន​៦ធំៗ ​មាន​ជាអាទិ៍ ​ការ​ព្រមព្រៀង​ទំលាក់អាវុធ ​ និង​ការធ្វើ​សមាហរណកម្ម​របស់​ក្រុម​ឧទ្ទាម​ទ័ពព្រៃ។ តាម​ការ​ពិត ​កាលពី​ខែ​ មិថុនា​កន្លង​ទៅ ​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើ ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​រួច​ទៅហើយ ​ស្តីពី​ដំណើរការ​កសាង​សនិ្តភាព​នេះ។ កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​នោះ ​នឹង​ចូល​ជា​ធរមាន ​ព្រមគ្នា​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ផ្លូវការ​ដែរ។

នៅក្នុង​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​នោះ ​មានចែង ​ដូចជា ​ផែនការ​អភិវឌ្ឍន៍​ជនបទ ​ពោល​គឺ​តំបន់​ព្រៃភ្នំ​ដែល​ធ្លាប់​ជា​មូលដ្ឋាន​សិក​ របស់​ក្រុម​ឧទ្ទាម​Farc  ​ការ​សង​សំណង​ខូចខាត​ដល់​ជន​រងគ្រោះ ​ ការ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌ ​ការ​កំណត់​លក្ខខណ្ឌ​នានា ​ទាក់ទិន​នឹង​ការ​ទំលាក់​អាវុធ ​ ព្រមទាំង​ការ​រំសាយ​ទ័ព ​របស់​ក្រុម​ឧទ្ទាម​Farc។

តាម​ការ​បញ្ជាក់ ​ស្ថាប័ន​ធំៗពីរ ​នឹង​ត្រូវ​បង្កើត​ឡើង ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។ ទីមួយ​គឺ​ក្រុម​ប្រឹក្សាជាតិ​ទទួល​បន្ទុក​ការ​ធ្វើ​សមាហរណកម្ម។ ហើយ​ទីពីរ ​គឺ​គណកម្មាធិការ​តាមដាន​ វាយ​តំលៃ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង ​ព្រមទាំង​ដោះ​ស្រាយ​វិវាទ។ គណកម្មាធិការ​នេះ​ មាន​សមាជិក​៦រូប ​៣រូប​មក​ពី​ខាង​រដ្ឋាភិបាល ​និង​៣រូប​ទៀត ​មក​ពី​ក្រុម​ឧទ្ទាម​Farc។ ដោយឡែក​ ចំពោះ​ដំណើរការ​ត្រួត​ពិនិត្យ​ការ​ទំលាក់​អាវុធ​ និង​រំសាយ​ទ័ព ​ ​គឺ​មាន​ការ​ចូលរួម​អង្កេតការណ៍ ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ ​ហើយ​​ដែលត្រូវ​ធ្វើ​ឲ្យ​រួចរាល់ ​ក្នុង​រយៈពេល​៦ខែ ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ចូល​ជា​ធរមាន។

បន្ទាប់​ពី​រំសាយ​អាវុធ​រួចរាល់​ហើយ ​ក្រុម​ឧទ្ទាម​Farc​ នឹង​ត្រូវ​កែប្រែ​ខ្លួន​ ទៅជា​គណបក្ស​នយោបាយ​ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​កូឡុំប៊ី។ ហើយគេ​បាន​ព្រម​ព្រៀង​គ្នា​ថា​ ក្នុង​ពីរ​អាណត្តិ​ខាងមុខ​នេះ ​ ក្រុម​ឧទ្ទាម​Farc​ នឹង​ទទួល​បាន​កៅអី​សមាជិក​សភា​៥​អាសនៈ ​និង​សមាជិក​ព្រឹទ្ធ​សភា​៥​អាសនៈ​ដែរ ​ ទោះ​លទ្ធផល​បោះឆ្នោត​យ៉ាងណា​ក៏ដោយ។

មាគ៌ា​សន្តិភាព​ដ៏វែង​អន្លាយ​ និង​ប្រកប​ដោយ​ឧបសគ្គ​ របស់កូឡុំប៊ី៖

យុទ្ធនារី កងកម្លាំង​ឧទ្ទាម​Farc (​រូបថតឯកសារ​ឆ្នាំ១៩៩៩)
យុទ្ធនារី កងកម្លាំង​ឧទ្ទាម​Farc (​រូបថតឯកសារ​ឆ្នាំ១៩៩៩) Reuters

សន្តិភាព​ គឺជា​សេចក្តី​សង្ឃឹម​របស់​ប្រជាជន​កូឡុំប៊ី។ តែ​យ៉ាងណាក៏​ដោយ ​ដំណើរ​ការ​កសាង​សន្តិភាព​មិនមែន​ធ្វើតែ​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​រួចរាល់​ទេ។ ការ​ព្រមព្រៀង​គ្នា ​ទម្លាក់​អាវុធ ​ចាប់ដៃ​គ្នា​កសាង​សន្តិភាព ​គឺ​ជា​ចំណុច​ចាប់​ផ្តើម ​ដ៏​សំខាន់​បំផុត។ អ្វីដែល​លំបាក​បំផុត​នោះ ​គឺ​ថា​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​កូឡុំប៊ី ​ មិនមែន​ដើម្បី​បញ្ចប់​ជម្លោះ ​ការ​ប្រយុទ្ធ​តស៊ូ​ដាក់គ្នា​តែ​មួយមុខ​នោះទេ ​ តែ​អ្វី​ដែល​សំខាន់ ​គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ​ត្រូវ​ធ្វើ​យ៉ាងណា​បោស​សំអាត​ឲ្យ​វិនាស ​នូវ​ឫសគល់​នៃ​ជម្លោះ​ ដើម្បី​បញ្ចៀស​ជម្លោះ​ទៅ​ថ្ងៃ​អនាគត​ ហើយ​កសាង​កូឡុំប៊ី​ជា​ប្រទេស​ថ្មី​មួយ។

ការ​កសាង​សន្តិភាព ​អាច​ពើប​ប្រទះ​នឹង​ឧបសគ្គ​ច្រើន​ណាស់។ ឧបសគ្គ​ចំបង​បំផុត ​គឺ​ទាក់ទិន​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម ​របស់​ក្រុម​ឧទ្ទាម​ទ័ពព្រៃ។ ពួកគេ​ត្រូវ​វិល​ត្រលប់​មក​រួមរស់ ​ក្នុង​សង្គម​ធម្មតា​វិញ​ លែង​កាន់​អាវុធ ​ ហើយ​ត្រូវ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​តាម​ធម្មតា ​ក្នុង​សង្គម​នីតិរដ្ឋ។ តាមការ​ប៉ាន់ស្មាន ​កងកម្លាំង​Farc​ សរុប​មាន​ប្រហែល​ជា​៨ពាន់​នាក់ ​ហើយ​៤០%​គឺ​ជា​មនុស្ស​ស្រី។ ជាង​៥០ឆ្នាំ​មក​នេះ ​ ពួក​គេ​មិនដែល​បាន​ឃើញ​អ្វី​ផ្សេង ​ក្រៅ​ពី​ការ​តស៊ូ​កាន់​អាវុធ ​រស់នៅ​ក្នុង​ព្រៃ​ទេ។ ដូច្នេះ​ការ​ធ្វើ​សមាហរណកម្ម​របស់​ពួក​គេ ​មក​រួមរស់​ជាមួយ​នឹង​ប្រជាជន​សាមញ្ញ​ឯទៀត ​ប្រាកដ​ជា​ជួប​ការ​លំបាក ​ហើយ​បញ្ហា​នេះ​​ ទាមទារ​ឲ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​ និង​មាន​គំរោងការ​ច្បាស់លាស់​ ពី​សំណាក់​រដ្ឋាភិបាល ​ដើម្បី​ធ្វើយ៉ាង​ណា ​កុំឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ក្រៅ​សង្គម ​និង​ត្រូវ​គេ​បោះបង់​ចោល។

បញ្ហា​ធំ​មួយទៀត ​ គឺ​ទាក់ទិន​ទៅ​និង​ការ​ស្វែងរក​យុត្តិធម៌​ សម្រាប់​អ្នក​រងគ្រោះ ​ដោយ​សង្រ្គាម​រយៈពេល​ជាង​៥០​មក​នេះ។ បើយោង​តាម​តួលេខ ​យ៉ាង​ហោច​ណាស់ ​មាន​អ្នក​ស្លាប់​ ចំនួន​២សែន​២ម៉ឺន​នាក់ ​ ហើយ​ប្រជាជន​ជាង​៧លាន​នាក់ ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាក​ស្រុក ​រត់គេច​ពី​សមរភូមិ​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​Farc។

គេ​មិន​អាច​ចាប់​មនុស្ស​ទាំងអស់​មក​ដាក់​ទោស​បាន​ទេ។ តាម​ការ​គ្រោងទុក​ ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព ​ គឺមាន​តែ​មេ​ទាហាន​ធំៗ​របស់​ក្រុម​ឧទ្ទាម​ហ្វាក​ ​ ដែល​ប្រពឹ្រត្តិ​អំពើ​ឧក្រិដ្ឋ ​ដូច​ជា​ការ​កាប់​សម្លាប់​រង្គាល ​តែប៉ុណ្ណោះ ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ។ ការ​ស្វែងរក​យុត្តិធម៌ ​ដល់​ជន​រងគ្រោះ​ដែល​ស្លាប់​ ក៏​ដូច​ជា​ការ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ប្រជាជន​ ដែល​បាន​បាត់បង់​ផ្ទះ​សម្បែង​ ដីស្រែ​ចំការ ​គឺ​ជា​បញ្ហា​មួយ​ស្មុគស្មាញ​ណាស់។ បើ​សិន​ជា​គ្មាន​យន្តការ​ច្បាស់លាស់​ទេ ​បញ្ហា​ទាំងនេះ ​នឹង​អាច​ក្លាយ​ជា​ប្រភព​ជម្លោះ ​និងការ​បែកបាក់​គ្នា​ផ្សេង​ទៀត ​ដល់​កូឡុំប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ