ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អាមេរិក

​ខ្យល់ព្យុះ​អ៊ូរ៉ាហ្កង់​ Irma ​កំលាំង​ខ្លាំង​បំផុត​ បោក​បក់​តំបន់​កោះ​ក្នុង​សមុទ្រ​ការ៉ាអ៊ីប

media  
ouragan Irma រូបភាព​ពី​លើ​ផ្កាយរណប NOAA-NWS-NHC/Handout via Reuters

ខ្យល់​ព្យុះ​អ៊ូរ៉ាហ្កង់ ​អៀរម៉ា ​កំពុង​តែ​បោកបក់ ​នៅ​តំបន់​កោះ ​នៃ​សមុទ្រ​ការ៉ាអ៊ីប ​ដោយ​បាន​ឆ្លងកាត់​កោះ ​បាកប៊ូដា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ព្យុះ​អ៊ូរ៉ាហ្កង់ ​ដ៏មាន​កំលាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នេះ ​ នឹង​ឆ្លង​កាត់ ​កោះ​ផ្សេងទៀត ​ដូច​ជា​កោះ ​សាំង ​បាតេឡេមី​ កោះ​សាំង ម៉ាកតាំង ​និង​កោះ​ព័រតូរីកូ​ ជាដើម។ តាម​ការ​ព្យាករណ៍ ​ព្យុះនេះ ​អាច​នឹង​បន្ត​ទៅ​រដ្ឋ​ហ្វ្លរីដា ​សហរដ្ឋ​អាមេរិក។ មនុស្ស​រាប់សែន​នាក់​កំពុង​ត្រៀមខ្លួន​ រក​កន្លែង​មាន​សុវត្ថិភាព។

បន្ទាប់​ពី​កោះ ​Barbuda ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ៦​កញ្ញា​នេះ ​ខ្យល់​ព្យុះ​អ៊ូរ៉ាហ្កង់ ​Irma ​នឹង​ទៅ​បោកបក់​ ឆ្លង​កាត់​កោះ​បារាំង​មួយ​ចំនួន​ ដូចជា​កោះ ​ Saint-Barthélémy ​និង​ Saint-Martin។ កោះ​ទាំងពីរ​នេះ​ ត្រូវ​បាន​ដាក់ឲ្យ​​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ព័ណ៌ស្វាយ ​ដែល​ជា​កំរិត​គ្រោះថ្នាក់​បំផុត។ ឧត្តុនិយម​បារាំង ​សន្មត់​ថា ​ភ្នែក​កណ្តាល​របស់​ព្រុះ​Irma ​ដែល​មាន​អង្កត់ផ្ចិត​ ប្រហែល​៥០​គីឡូម៉ែត្រ ​នឹង​ហោះ​ឆ្លង​កាត់​ ស្ថិត​នៅ​ចំ​ពី​លើ​កោះ​ទាំង​ពីរនេះ។

តាម​ការ​ព្យាករណ៍​របស់​ឧត្តុនិយម​បារាំង​ ព្យុះ​អ៊ូរ៉ាហ្កង់​ Irma ​ស្ថិត​ក្នុង​កំរិត​ទី​៥ ​ដែល​មាន​កំលាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ឡើយ ​សម្រាប់​ខ្យល់​ព្យុះ​ប្រភេទ​នេះ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិក។ ពោល​គឺ​ ព្យុះ​Irma ​នេះ ​នឹង​មាន​កំលាំង​ខ្លាំង​ជាង​ព្យុះ​អ៊ូរ៉ាហ្កង់ ​Harvey​ ដែល​បាន​បោក​បក់​នៅ​រដ្ឋ​ Texas​ និង​ Louisiane ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ ​ទៅទៀត។

ព្យុះ​Irma​ ដែល​មាន​ទំហំ​ធំ​ស្មើ​នឹង​ផ្ទៃ​ដី​ប្រទេស​បារាំង​នេះ ​ នឹង​បង្ក​ជា​ខ្យល់ ​មាន​ល្បឿន​ខ្លាំង​បំផុត ​ ដែល​តំបន់​ខ្លះ ​ខ្យល់​អាច​មាន​ល្បឿន ​ជាង​៣០០​គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង។ កំលាំង​នេះ ​ អាច​រុញ​ច្រាន​រលក​សមុទ្រ ​ឲ្យមាន​កំពស់​ដល់​ទៅ​ជាង​១០​ម៉ែត្រ។ កំរិត​ទឹកភ្លៀង​ចន្លោះ​ពី​ ២០០ ​ទៅ ​៣០០​ មីលីម៉ែត្រ ​អាច​នឹង​ធ្លាក់​ចិញ្ជ្រុំ ​ពីលើ​តំបន់​ដែល​ព្យុះ​នេះ​ឆ្លង​កាត់។

តំបន់​មួយ​ចំនួន​ នៃ​កោះ ​Saint-Barthélémy ​និង​ Saint-Martin ដែល​ទាប​ខ្លាំង​នោះ ​ កំពុង​ប្រឈម​មុខ​នឹង​ការ​លិចជន់​ ដោយ​ទឹក​ភ្លៀង ​នឹង​រលក​សមុទ្រ។ អាជ្ញាធរ​បារាំង​ បាន​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ខ្លាំង ​ហើយ​បាន​ហាម​ឃាត់​មនុស្ស​ទាំងអស់ ​មិន​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ។ មនុស្ស​ប្រមាណ​ជា​ ជាង​១ម៉ឺន​នាក់​ កំពុង​ត្រូវ​គេ​ទទួល​ឲ្យ​ ស្នាក់នៅ​ទី​កន្លែង​មាន​សុវត្ថិភាព។ តែ​យ៉ាងណា ​អាជ្ញាធរ​បារាំង​ បាន​បញ្ជាក់​ថា ​យ៉ាងហោច​ណាស់ ​មាន​មនុស្ស​ប្រហែល​៧ពាន់​នាក់ ​ ដែល​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ​ មក​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ទេ។

តាម​ការ​ព្យាករណ៍ទុក​ ព្យុះ​​Irma ​នឹង​បន្ត​ទៅ​កោះ ​Porto-Rico ​និង​កោះ​តូចៗ​ជា​ច្រើន​ទៀត ​មុននឹង​ទៅ​ដល់​រដ្ឋហ្វ្លរីដា​ សហរដ្ឋ​អាមេរិក។ ដោយឡែក ​គេ​កំពុង​​ព្រួយ​បារម្ភ​ជាខ្លាំង ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាជន​នៅ​កោះ​ហៃទី។ រដ្ឋាភិបាល​ហៃទី ​ដែល​ក្រីក្រ​បំផុត​នោះ ​ពុំមាន​លទ្ធភាព​អ្វី​ អាច​ផ្តល់​ជំនួយ ​ ឬ​ជំរក​សុវត្ថិភាព​ដល់​ប្រជាជន​ខ្លួន​ឡើយ។ ជាង​នេះ​ទៅ​ទៀត ​រដ្ឋាភិបាល​ហៃទី ​ពុំបាន​ផ្តល់​ដំណឹង​ ពី​ការ​មក​ដល់​នៃព្យុះ​អ៊ូរ៉ាហ្កង់​នេះ​ ដើម្បី​ឲ្យ​ប្រជាជន​បាន​ដឹង​ និង​ត្រៀម​ខ្លួន​ទុក​មុន​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ