ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
អាមេរិក

លោកដូណាល់ ត្រាំ អះអាង​ថាលោក​និយាយ​ច្រឡំ​មាត់​​​ខុសន័យ​ដែល​ចង់និយាយ ​នៅ​ចំពោះមុខ​លោក​ពូទីន

media  
លោកដូណាល់ ត្រាំ ​ក្នុុង​ពេល​ធ្វើការ​បំភ្លឺ​ចំពោះ​មុខ​អ្នក​កាសែត​ នៅ​សេតវិមាន ថ្ងៃ​ទី​​១៧​កក្កដា​ ២០១៨ Reuters

ដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់លោកដូណាល់ ត្រាំ បានបិទបញ្ចប់ទៅ ដោយកាលពីថ្ងៃ​ទី១៦​កក្កដា លោកត្រាំ បានជួបលោកប្រធានាធិបតីពូទីន នៅឯទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់។ ត្រលប់ទៅដល់ក្រុងវ៉ាស៊ីនតោន​វិញ លោកដូណាល់ ត្រូវបាន​មតិសាធារណៈ​ បណ្តាញព័ត៌មាន ក៏ដូចជាអ្នកនយោបាយក្នុងបក្សខ្លួន ចោមរោមរិះគន់យ៉ាងចាស់ដៃ ថាមិនបានការពារប្រយោជន៍ជាតិអាមេរិក នៅចំពោះមុខប្រធានាធិបតីរុស្ស៊ីទេ ព្រោះលោកត្រាំ បាននិយាយថា គាត់មិនជឿថារុស្ស៊ីជាអ្នកនៅពីក្រោយការលូកដៃ កកូរកកាយការបោះឆ្នោត។ នៅថ្ងៃអង្គារទី១៧កក្កដា ប្រឈមមុខនឹងពាក្យរិះគន់ដ៏ធ្ងន់ធ្ងរ​ទាំងនេះ លោកដូណាល់ ត្រាំ បានចេញមុខមកអះអាងថា នៅពេលធ្វើសន្និសីទកាសែតជាមួយលោកពូទីន​ ​ គឺលោក​និយាយ​ច្រឡំ​មាត់ ទើប​ធ្វើ​ឲ្យ​ខុសន័យដើម ដែល​លោក​ចង់​និយាយ។

វាជារឿងមិនគួរឲ្យជឿ ហើយក៏ជាលើកទីមួយដែរ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមុខមកអះអាងថា ខ្លួនបានធ្វើឲ្យមានកំហុសដោយអចេតនា ក្នុងពេលថ្លែងសន្ទរកថា ទន្ទឹមស្មាគ្នាជាមួយនឹងប្រធានាធិបតីរុស្ស៊ី នៅចំពោះមុខអ្នកកាសែតយ៉ាងព្រោងព្រាត។

ក្នុងពេលជួបគ្នាជាមួយលោកពូទីន នៅក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦កក្កដា លោកដូណាល់ត្រាំ បាននិយាយថា “គ្មានហេតុផលណាមួយ ដែលធ្វើឲ្យលោកជឿ ថារុស្ស៊ីជាអ្នកបញ្ជា ឲ្យមានការចូលទៅលុកលុយ កកូរកកាយ ​ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ទេ”។

ស្រាប់តែនៅថ្ងៃអង្គារម្សិលមិញ ក្រោយពេលផ្ទុះការរិះគន់ យ៉ាងគគ្រឹកគគ្រេង លោក​ដូណាល់ ត្រាំ បានចេញមកអះអាងថា គាត់មិនចង់និយាយអញ្ចឹងទេ តែដោយសារតែគាត់​ជាប់​អណ្តាត បានជាគ្រលាស់ពាក្យមិនទាន់។ តាមពិត អ្វីដែលមានសរសេរក្នុងក្រដាស ដែលគាត់ត្រូវអាន គឺគាត់សរសេរថា “គ្មានហេតុផលណាមួយ ដែលធ្វើឲ្យលោកមិនជឿ ថាមិនមែនរុស្ស៊ី នោះទេ”។ ពោលគឺលោកគ្រលាស់ពាក្យមិនទាន់ ភ្លេចពាក្យ មិនមែន មួយមាត់បានជាវាផ្ទុយពីន័យដើម។

គួរកត់សំគាល់ថា ក្រោយបានឮសំដីរបស់លោកដូណាល់ ត្រាំ ថ្លែងចំពោះមុខលោក​ពូទីន ថា​លោកមិនជឿ ថារុស្ស៊ីជាអ្នកនៅពីក្រោយសកម្មភាពលុកលុយលួចទិនន័្នយនេះ បណ្តាញព័ត៌មានអាមេរិក និងអ្នកនយោបាយ​ សមាជិកសភាទាំងគណបក្សសាធារណៈរដ្ឋផង បានចោទ និងរិះគន់លោកដូណាល់ ត្រាំ យ៉ាងចាស់ដៃ។

សូមរំលឹកថា កាលពីចុងសប្តាហ៍មុន ក្រុមស៊ើបអង្កេត FBI ទើបតែបានចេញសេចក្តីសន្និដ្ឋានរួម ដោយបានចោទមន្ត្រីចារកិច្ចរុស្ស៊ី១២នាក់ ថាជាអ្នកនៅពីក្រោយសកម្មភាព​លួច​ទិនន្ន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ សម្តីរបស់លោកដូណាល់ ត្រាំ ដែលថាលោកមិនជឿ ហើយថ្លែងនៅចំពោះមុខប្រធានាធិបតីរុស្ស៊ីបែបនេះទៀត ត្រូវបានអ្នក​រិះគន់ ចាត់ទុកថា ជាការមាក់ងាយការងារ របស់ក្រុមស៊ើបការណ៍សំងាត់ជាតិខ្លួនឯង ហើយថាជាទង្វើឱនក្បាលខ្លាចរុស្ស៊ី ដោយមិនការពារប្រយោជន៍ជាតិអាមេរិក។

តើលោកដូណាល់ ត្រាំ ពិតជាជាប់អណ្តាត គ្រលាស់ពាក្យមិនទាន់មែន ឬគ្រាន់តែជាពាក្យដោះសារ ដើម្បីលប់លាងកំហុស និងពន្លត់ភ្លើងរិះគន់? អ្នកវិភាគនយោបាយនៅអាមេរិកខ្លះ បានលើកឡើងថា សម្តីរបស់លោកត្រាំ ជាសម្តីដែលមិនអាចអត់ឱនឲ្យបាន។ អ្នកខ្លះទៀតចាត់ទុកថា ជាសម្តីគ្មានការពិចារណា មិនសមកាន់តំណែងដឹកនាំប្រទេស។ រីអ្នកខ្លះទៀត ចាត់ទុកថាជាសម្តីក្បត់ជាតិថែមទៀតផង។ លោក Newt Gingrich អតីតប្រធានសភាអាមេរិក បានលើកឡើងថា លោកដូណាល់ ត្រាំ បានធ្វើកំហុស​ដ៏​ធ្ងន់​បំផុត សម្រាប់អាណត្តិរបស់គាត់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ