ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT

ទំនាស់​ពន្ធដារ​រវាង​កាណាដា​ និង​សហរដ្ឋ​អាមេរិក ​បន្ថែម​លើ​គំរោង​សើរើ​កិច្ច​ព្រមព្រៀង​ NAFTA

ទំនាស់​ពន្ធដារ​រវាង​កាណាដា​ និង​សហរដ្ឋ​អាមេរិក ​បន្ថែម​លើ​គំរោង​សើរើ​កិច្ច​ព្រមព្រៀង​ NAFTA
 
លោក Justin Trudeau ​និង​លោក ​Donald Trump ​ក្រោយ​ពេល​ប្រជុំ​​នៅ​សេតវិមាន​​ ថ្ងៃ​ទី​​១១ ​តុលា​​២០១៧ REUTERS/Jonathan Ernst

រដ្ឋាភិបាល​អាមេរិក ​និង​កាណាដា ​កំពុង​មាន​តែ​ស្ថិត​ក្នុង​កាលៈទេសៈ ​ដ៏​លំបាក ​បន្ទាប់​ពី​មាន​ទំនាស់​ផ្នែក​ពន្ធដារ ​នឹងគ្នា។ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក ​ Boeing ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ យក​ពន្ធ​ឲ្យ​ដល់​ ២២០% ​ទៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន ​Bombardier ​កាណាដា។ ជា​ការ​ឆ្លើយតប​ កាណាដា ​ដែល​មាន​គំរោង​ចង់​ទិញ ​យន្តហោះ​យោធា ​របស់​ក្រុមហ៊ុន​Boeing ​នោះ ​បាន​ប្រកាស​ថា ​នឹង​បិទ​បញ្ចប់​ការ​ចរចា ​ហើយ​ងាក​ទៅ​រក​ក្រុម​ហ៊ុន​ផ្សេង​ទៀត។ ភាព​តានតឹង​នេះ ​កើត​មាន​ឡើង ​ចំពេល​ដែល ​សហរដ្ឋ​អាមេរិក​ កាណាដា ​និង​មិចស៊ិក ​កំពុង​ចរចាគ្នា ​ដើម្បី​សើរើ ​កិព្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​ដែល​លោក ដូណាល់ ត្រាំ ​ទាមទារ​ចង់​បាន។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ កំណត់​ពន្ធ​កប់ពពក​លើ​យន្តហោះ​កាណាដា ​តាម​សំណើ​របស់​Boeing

ដើម​ដំបូង​គឺ​ចេញ​ពី​ក្រុមហ៊ុន​ Boeing​ ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក ​ ដែល​បាន​ស្នើ​ទៅ​កាន់ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ថា​ត្រូវ​តែ​ កំណត់​ពន្ធ​ឲ្យ​បាន​ធ្ងន់​បំផុត​ ទៅលើ​ការ​នាំចូល​យន្តហោះ ​ពីរ​ប្រភេទ​របស់​ក្រុមហ៊ុន ​Bombardier ​កាណាដា។ គឺ​យន្តហោះ​ប្រភេទ ​CS100 ​និង ​CS300។

ក្រុមហ៊ុន ​Boeing  ​បាន​ចោទ​ក្រុមហ៊ុន ​Bombardier ​របស់​កាណាដា ​ថា​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ នៅ​លើ​ទីផ្សារ​ ព្រោះ​ក្រុមហ៊ុន​នេះ ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ ពី​រដ្ឋាភិបាល​កាណាដា ​ដែល​អនុញ្ញាត​ ឲ្យ​ក្រុមហ៊ុន​ Bombardier ​អាច​លក់​យន្តហោះ ​ទាំង​ខាត​ដើម​ មក​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ​Delta Air Lines។

ស្រាប់តែ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក  ​បាន​សម្រេច​តំឡើង​ពន្ធ​ កប់​ពពក​ មក​លើ​យន្តហោះ ​របស់​ក្រុមហ៊ុន​ Bombardier​ កាណាដា។ ពន្ធ​ទីមួយ​គឺ​ ជា​ប្រភេទ​ពន្ធថ្លៃ​សំណង​ខូចខាត​ ដែល​ត្រូវ​តំឡើង ​ដល់​២២០% ​និង​ពន្ធ​ទីពីរ​ គឺ​ពន្ធ​ប្រឆាំង​នឹង​ការ​កេង​ចំនេញ​ទីផ្សារ ​ដែល​នឹង​ ត្រូវ​តំឡើង​ដល់​៨០%។

កាណាដា មិនអាចទទួលយកបានទេ!

ខាង​កាណាដា ​គេ​ឆ្លើយថា​ គេ​មិន​អាច​ទទួល​យក​បាន​ទេ។ កាលពី​ថ្ងៃ​ពុធ ​ទី ​១១ ​តុលា ​ លោក​ Justin Trudeau ​នាយក​រដ្ឋមន្ត្រី​កាណាដា ​បាន​ទៅជួប​លោក​ដូណាល់ ត្រាំ ​នៅ​ទីក្រុង​វ៉ាស៊ិនតោន ​ដើម្បី​និយាយ​គ្នា​ ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។​ ក្នុង​ឱកាស​នោះ​ លោក​ នាយករដ្ឋមន្ត្រី​កាណាដា ​ក៏​បាន​ឆ្លៀត​និយាយ ​ពី​បញ្ហា ​ទំនាស់​ពន្ធដារ​នេះដែរ។

លោក​ Justin Trudeau ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ​លោក​បាន​និយាយ ​ត្រង់ទៅ​ត្រង់​មក​ ជាមួយ​នឹង​លោក​ដូណាល់ ត្រាំ​ ថា​ កាណាដា ​មិន​អាច​ទទួល​យក​បាន​ទេ ​ព្រោះ​ថា​កាណាដា ​មាន​គំរោង​ទិញ​យន្តហោះ​យោធា ​របស់​ក្រុមហ៊ុន​ Boeing ​អាមេរិក​ តែ​ផ្ទុយ​ទៅ​វិញ​ ក្រុមហ៊ុន​នេះ ​និង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បែរ​ជា​មូល​មតិ​គ្នា​ មក​​ដាក់​ពិន័យ​ពន្ធដារ ​មក​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​កាណាដា ​បែប​នេះ​ទៅវិញ។ កាណាដា ​ធ្វើ​ទៅ​មិន​រួច​ទេ។ ដូច្នេះ​កាណាដា ​បាន​សម្រេច​ មិន​ទិញ ​យន្តហោះ​យោធា ​របស់​Boeing ​ទេ។

ភ្លាមៗ​នោះ ​រដ្ឋាភិបាល​កាណាដា ​បាន​ចេញ​លិខិត​មួយ ​ប្រកាស​ថា ​កាណាដា ​បាន​សម្រេច​ព្យួរទុក​ ការ​ចរចា​ ទិញ​យន្តហោះ​ចម្បាំង​ Super Hornet ​ថ្មី​ទាំង​១៨គ្រឿង​  ពី​ក្រុមហ៊ុន​Boeing។ ហើយ​មុន​នឹង​ ចាប់​ផ្តើម ​បើក​ឲ្យ​​មាន​ការ​ដេញថ្លៃ ​សាជាថ្មី ​នៅ​រវាង​ឆ្នាំ​ ២០១៩​ កាណាដា ​មាន​បំណង​ចរចា​ ទិញ​យន្តហោះចម្បាំង​ ចាស់ៗ​ ប្រភេទ​ F18​ របស់​អូស្ត្រាលី  ​យក​មក​ប្រើ​សិន។

នេះគឺ​ជា​វិធានការ​ឆ្លើយតប ​របស់​រដ្ឋាភិបាល ​លោក Justin Trudeau ​ទៅនឹង​អ្វី​ដែល​លោក​ហៅ​ថា ​ជា​ចេតនា ​របស់​ Boeing ​ដែល​ចង់​ឃើញ ​កាណាដា ​បិទ​រោងចក្រ ​និង​ធ្វើ​ឲ្យ​ប្រជាជន​កាណាដា​ អត់​ការងារ​ធ្វើ ​ក្នុង​វិស័យ​ផលិត​យន្តហោះ។

ចរចា​ជា​មួយ​លោក​ដូណាល់ ត្រាំ ​មិនមែន​ជា​ការ​ងាយទេ!

ការ​សម្រេច​តំឡើង​ពន្ធ​ភ្លាមៗ​កប់​ពពក​  ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​បែប​នេះ​ វា​រិតតែ​បង្ហាញ ​ឲ្យប្រទេស​ភាគី​ផ្សេង​ទៀត ​ឃើញ​ថា ​រដ្ឋាភិបាលោក ​ដូណាល់ ត្រាំ​ មាន​និន្នាការ ​អត្មា​និយម​ណាស់។

យ៉ាង​ណាមិញ  ​គឺ​លោក​ដូណាល់ ត្រាំ​ តែម្តង​ ដែល​ជា​អ្នក​ទាមទារ ​ឲ្យ​ចរចា​សើរើ​ឡើងវិញ ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អាមេរិក​ខាង​ជើង ​ហៅកាត់​ថា ​NAFTA ​នេះ ​ព្រោះ​គាត់​យល់​ថា​ កិច្ច​ព្រមព្រៀង​នេះ ​អាមេរិក​ខាត​ច្រើន​ណាស់។ តែ​ផ្ទុយ​ទៅវិញ ​ការ​យល់ឃើញ ​របស់​លោក​ដូណាល់ ត្រាំ ​មិន​ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច ​យល់​ស្រប​ទាំង​ស្រុង​ទេ។

បន្ទាប់​ពីបាន​ជួប​លោក​ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​ពុធ​ទី ​១១ តុលា​ ​លោក Justin Trudeau ​បាន​និយាយ​ថា ​ចរចា​ជាមួយ​លោក​ដូណាល់​ ត្រាំ ​មិន​មែន​ជា​រឿង​ងាយ​ទេ ​តែ​យ៉ាង​ណា​លោក​ នៅតែ​ប្រឹងប្រែង ​និង​មាន​សុទិដ្ឋិនិយម ​ថា​ភាគី​ទាំងបី ​អាច​ថែ​រក្សា​កិច្ច​ព្រមព្រៀង ​NAFTA ​នេះ​ឲ្យបាន​គង់វង្ស។ លោក ​Justin Trudeau ​នឹង​ព្យាយាម​ពន្យល់ ​ឲ្យ​លោក​ដូណាល់​ ​ត្រាំ​ យល់​ថា​ កិច្ច​ព្រមព្រៀង ​ដែល​បាន​ចុះ​ហត្ថលេខា​ តាំង​តែ​ពី​ឆ្នាំ​១៩៩៤​នេះ ​ បាន​ផ្តល់​ផល​ល្អ​ច្រើន​ណាស់ ​ដល់​ការ​ដោះដូរ​ពាណិជ្ចកម្ម ​រវាង​ប្រទេស​ទាំង​៣។ គេអាច​កែ​សំរួល ​ដើម្បី​កែ​លំអ​វា ​តែគេ​មិន​អាច​បដិសេធ ​លុប​ចោល​វា​ទាំង​ស្រុង​ទេ។

គោលជំហរ​អត្មានិយម​ជ្រុល ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ​ត្រាំ ​ក្នុង​ការ​ចរចា ​NAFTA

សូម្បីតែ​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ ក៏​បាន​រិះគន់ ​គោល​ជំហរ​បែប​អត្មានិយម​ហួសហេតុ ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ដែរ។ ឧទាហរណ៍ ​ភាគី​អាមេរិក​បាន​ទាមទារ ​ថា​ រថយន្ត​ដែល​អាច​ទទួល​បានការ​អនុគ្រោះ​ពន្ធដារ ​ទាល់តែ​រថយន្ត​នោះ ​មាន​គ្រឿង​ផ្សំ​យ៉ាង​ហោច​ណាស់ ​៨៥% ​ផលិត​នៅ​អាមេរិក​ខាងជើង។ ក្នុង​លក្ខខណ្ឌ​នេះ ​មាន​លក្ខខណ្ឌ​តូច​បន្ថែម​ទៀត ​ថា​ ​ក្នុង​ចំណោម​៨៥%​នេះ​ គឺ​ត្រូវ​៥០% ​ជា​គ្រឿង​ផ្សំ ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក។

លោក​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​លោកត្រាំ ​មាន​បំណង ​ធ្វើឲ្យ​ភាគី​ផ្សេង​ទៀត​ទ្រាំ​លែង​បាន​ ហើយ​ការ​ចរចា​នៅ​ជាប់​គាំង​លែង​ទៅមុខ។ ក្នុង​ករណី​នោះ​ លោក​ត្រាំ ​នឹង​យក​លេស​នេះ​ លុប​កិច្ច​ព្រមព្រៀង​ចាស់​ចោល ​ហើយ​វិល​មក​ចរចា ​ទ្វេរ​ភាគី ​តែ​ជា​មួយ​កាណាដា ​ដោយ​ព្រលែង​មិចស៊ិក​ចោល។

ដូចយើង​ធ្លាប់​បាន​ដឹង​កន្លង​មក​ហើយ ​ថា ​លោក​ដូណាល់ ត្រាំ ​ជា​មនុស្ស​មិន​អាចឲ្យ​គេ​ស្មាន​ចិត្ត​ដឹង​មុន​ និង​មិន​អាច​ទុកចិត្ត​បាន​ទេ។ ដូច្នេះ ​ហើយ​បាន​ជា​លោក​ Justin Trudeau ​ទទួល​ស្គាល់​ថា ​ចរចា​ជាមួយ​លោក​ ដូណាល់ ត្រាំ គឺ​​ជា​រឿង​ដ៏​លំបាក​បំផុត ​ព្រោះ​លោកត្រាំ ​អាច​ដូរ​ចិត្ត​ចុះ​ឡើង​តាម​មិន​ទាន់​ទេ។

ដោយឡែក ​អ្នក​ជំនាញ​សេដ្ឋកិច្ច ​នៅមូល​និធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​ទាញ​សញ្ញា​អាសន្ន​ថា ​ការ​បង្វែរ​ចង្កូត​របស់​អាមេរិក​ តាម​រយៈ​វិធាន​ការ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​អត្មានិយម​ជ្រុល​ហួស​ហេតុ​នោះ​ គឺ​វា​នឹង​ធ្វើ​ឲ្យ​រអាក់រអួល ​ដោះ​ការ​ដោះដូរ​ពាណិជ្ជកម្ម ​ហើយ​វា​នឹង​ប៉ះពាល់ ​ដល់​កំណើន​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​តែម្តង​ ព្រោះ​អាមេរិក​ ជា​កំលាំង​ចលករ​ធំ​បំផុត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ