ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

នាយក​Facebook ​ចេញមុខ​សូមទោស​ រឿង​របូត​ទិន្ន័យ​របស់​អ្នក​ប្រើប្រាស់​

នាយក​Facebook ​ចេញមុខ​សូមទោស​ រឿង​របូត​ទិន្ន័យ​របស់​អ្នក​ប្រើប្រាស់​
 
#deletefacebook កំពុង​​ត្រូវបាន​គេ​ចែកចាយ​​ព្រោងព្រាត​ នៅលើ Twitter REUTERS/Dado Ruvic/Illustration

បន្ទាប់ពីផ្ទុះរឿងអាស្រូវ​ទាក់ទិននឹងក្រុមហ៊ុនFacebook ដែលបណ្តោយឲ្យរបូតទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់ ទៅក្នុងដៃក្រុមហ៊ុនឯកជនឈ្មោះ​Cambridge Analytica នោះ នៅថ្ងៃពុធ ម្សិលមិញនេះ លោក Mark Zuckerberg អគ្គនាយក Facebook បានចេញមុខមកសូមទោសជាសាធារណៈ ដោយទទួលស្គាល់ថា ក្រុមហ៊ុនខ្លួន ពិតជាបានធ្វើខុសធ្ងន់ ចំពោះអ្នកប្រើប្រាស់។ សូមរំលឹកថា ក្រុមហ៊ុន Cambridge​ Analytica ត្រូវបានគេសង្ស័យថា បានយកទិន្ន័យទៅលក់ ឲ្យក្រុមការងារឃោសនា​បោះឆ្នោត របស់លោកដូណាល់ ត្រាំ ដែលយកទិន្ន័យ​ទៅវិភាគ ដើម្បីងាយស្រួល​វាយលុក​ផ្នែកចិត្តសាស្ត្រ អូសទាញអ្នកបោះឆ្នោត។

Cambridge Analytica ជួយឲ្យដូណាល់ ត្រាំឈ្នះឆ្នោត

ជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Facebook ត្រូវបានគេចោទ ថាបានលក់បន្តទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងអស់ ឲ្យទៅក្រុមហ៊ុនឯកជនផ្សេង ដើម្បីផ្សាយពាណិជ្ជកម្ម ទាក់ទាញ។ Facebook ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Algorithme ដើម្បីស្រង់ទិន្ន័យ ដឹងពីចំណង់ចំណូលចិត្ត ការយល់ឃើញ និងការប្រាស្រ័យទាក់ទង របស់ម្ចាស់គណនីនីមួយៗ។

ក៏ប៉ុន្តែរឿងអាស្រូវដែលកំពុងកើតឡើងនៅពេលនេះ គឺមិនមែនFacebook ខ្លួនឯងទេ ដែលជាអ្នកយកទិន្ន័យទាំងនោះទៅកេងចំណេញ តែគឺក្រុមហ៊ុនឯកជនមួយផ្សេងទៀត ដែលចូលមកក្នុងFacebook។ ក្រុមហ៊ុននោះជាក្រុមហ៊ុនអង់គ្លេស ឈ្មោះថា Cambridge Analytica។ ក្រុមហ៊ុននេះ បានបង្កើត​កម្មវិធីមួយ ឈ្មោះ “Thisisyourdigitallife” ដោយជួលសេវ៉ាកម្មបង្ហោះនៅលើFacebook នៅតាមទំព័ររបស់អ្នកប្រើប្រាស់ម្នាក់ៗ។ អ្នកប្រើប្រាស់ ដែលចុចលើកម្មវិធីនេះ ហើយមិត្តអ្នករបស់អ្នកនោះ ដែលចុច Like បន្តទៀតនោះ គឺសុទ្ធតែត្រូវជាប់សំណាញ់ របស់កម្មវិធីនេះទាំងអស់។ ក្រុមហ៊ុនCambridge Analyticaនេះ បានប្រមូលបូមយកទិន្ន័យផ្ទាល់ខ្លួន អ្នកប្រើប្រាស់Facebook យកទៅវិភាគ ហើយលក់បន្តទៅឲ្យអ្នកផ្សេង។ អ្នកផ្សេងនោះ គឺក្រុមការងារឃោសនារបស់ដូណាល់ ត្រាំ តែម្តង។

តាមពិតទៅកាសែត The Guardian ធ្លាប់បានទំលាយខ្លះៗមកហើយ នៅចុងឆ្នាំ២០១៥ ថាក្រុមការងារឃោសនាបោះឆ្នោតរបស់គណបក្សសាធារណៈរដ្ឋ បានទៅរកសេវាកម្មពីក្រុមហ៊ុនវិភាគទិន្ន័យមួយឈ្មោះ Cambridge Analytica នេះ។ នៅរវាងពីឆ្នាំ២០១៥ ដល់ចុង២០១៦ ក្រុមហ៊ុននេះ បានប្រមូលទិន្ន័យផ្ទាល់ខ្លួន របស់អ្នកប្រើFacebook មិនតិចជាង៥០លាននាក់ទេ។ ទិន្ន័យដែលគេប្រមូលបាន គឺគេយកទៅវិភាគទំនោរចិត្តសាស្ត្ររបស់អ្នកប្រើប្រាស់ម្នាក់ៗ ដើម្បីឲ្យក្រុមឃោសនាបោះឆ្នោត ងាយស្រួលធ្វើការវាយលុយ អូសទាញ​​ កេងចំណេញសន្លឹកឆ្នោត។

យ៉ាងណាមិញ លោក Alexander Nix អគ្គនាយកក្រុមហ៊ុនCambridge Analytica បាននិយាយខ្លួនឯងថា ក្រុមហ៊ុនខ្លួន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំជោគជ័យទៅឲ្យលោកដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីអាមេរិក។ សម្តីនេះ ត្រូវបានគេលួចថតបាន ក្នុងវីដេអូមួយ ដែលបានផ្សាយតាមទូរទស្សន៍ Channel 4 កាលពីថ្ងៃអង្គារ២ថ្ងៃមុននេះ។

Facebook បានធ្វើទង្វើបំពានលើសេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់

លោក Mark Zuckerberg បានផ្តល់បទសម្ភាសន៍ តាមទូរទស្សន៍ CNN កាលពីយប់ថ្ងៃពុធទី​២១ មីនាថា​ ក្រុមហ៊ុន Facebook មានការសោកស្តាយ ចំពោះទង្វើខុសឆ្គងនេះ។ ទង្វើខុសឆ្គង ដែលនាយកFacebook រូបនេះ ចាត់ទុកថា ជាអំពើរំលោភបំពានលើសេចក្តីទុកចិត្ត។ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗ គេបើកគណនីFacebook គឺគេទុកចិត្តFacebook ថានឹងការពារទិន្ន័យផ្ទាល់ខ្លួនរបស់គេ តែផ្ទុយទៅវិញ Facebook បណ្តោយឲ្យក្រុមហ៊ុនឯកជនផ្សេង ចូលមកប្រមូលបានយ៉ាងងាយ។

លោក Mark Zuckerberg បាននិយាយថាស្តាយក្រោយ ស្តាយដែលជឿលើការអះអាងរបស់ក្រុមហ៊ុន Cambridge Analytica ដែលសន្យាថានឹងកំទេចទិន្ន័យដែលប្រមូលបាននោះចោល។ តែការពិតក្រុមហ៊ុននេះ មិនបានកំទេចចោលទេ ថែមទាំងបានចងក្រង យកទៅលក់បន្តទៅវិញ។ នាយក Facebook សន្យាថានឹងមិនឲ្យមានរឿងបែបនេះ កើតឡើងជាថ្មីទេ។ Facebook សន្យាថានឹងដាក់វិធានការថ្មី ឲ្យតឹង ដើម្បីទប់ស្កាត់កុំឲ្យកម្មវិធី Application ផ្សេងៗ ដែលលោតចេញលើFacebook អាចប្រមូលទិន្ន័យរបស់អ្នកប្រើប្រាស់បាន។ នាយកFacebook ក៏បានបញ្ជាក់ដែរថាគាត់ត្រៀមខ្លួនជានិច្ច ក្នុងការចូលទៅឆ្លើយបំភ្លឺ ចំពោះមុខអង្គសភា សហរដ្ឋអាមេរិក បើសិនជាមានការកោះហៅ ទាក់ទិននឹងរឿងរ៉ាវនេះ។

Facebook មិនដែលខ្វល់ ក្នុងការការពារទិន្ន័យអ្នកប្រើប្រាស់

ក្រៅពីសភាអាមេរិក  សហភាពអឺរ៉ុប ក៏ដូចជាសភារបស់ប្រទេសអង់គ្លេសឯណោះ បានប្រកាសថា គេនឹងកោះហៅតំណាង របស់Facebook ឲ្យចូលទៅបំភ្លឺ។ បញ្ហា ប្រមូលទិន្ន័យ ដែលអ្នកផ្សេង យកទៅវិភាគ នឹងវាយលុកឲ្យចំចំណុច នៃទំនោរចិត្តសាស្ត្ររបស់អ្នកប្រើប្រាស់នេះ គឺត្រូវបានគេផ្តោតសារៈសំខាន់ខ្លាំងណាស់ នៅតាមប្រទេសប្រជាធិបតេយ្យធំៗ។ គេបារម្ភ ពីបញ្ហានេះ ព្រោះវាអាចជះឥទ្ធិពល ដល់ការបញ្ចេញមតិក្នុងការបោះឆ្នោត។

ជាក់ស្តែង រឿងរ៉ាវនេះ ធ្វើឲ្យគេចោទសួរ ដល់ភាពប្រត្យត្ស ពិតប្រាកដ នៃលទ្ធផលឆ្នោតប្រធានាធិបតីអាមេរិក  ក៏ដូចជាការបោះឆ្នោតប្រជាមតិនៅអង់គ្លេស ដើម្បី​ចាកចេញពីសហភាពអឺរ៉ុប។ គេសួរថា ចុះបើគ្មានបញ្ហាប្រមូលទិន្ន័យ យកទៅវិភាគចិត្តសាស្ត្រនេះវិញ តើលទ្ធផលឆ្នោត វានឹងខុសពីនេះយ៉ាងណាទៅវិញទៅ?

លោក McNamee អ្នកវិនិយោគដ៏ល្បីម្នាក់ នៅតំបន់Silicon Valley បានលើកឡើងថា ក្នុងរឿងអាស្រូវនេះ អ្នកដែលរងគ្រោះទីមួយ គឺជំនឿចិត្តរបស់អ្នកប្រើប្រាស់ ទៅលើបណ្តាញសង្គម។ លោកបន្ថែមថា ទង្វើរបស់ Facebook គឺជាទង្វើដែលមិនខ្វល់ មិនឈឺក្បាល និងមាក់ងាយទៅលើអ្នកប្រើប្រាស់ជាទីបំផុត។ Facebook មិនដែលបានគិតគូរ​ ការពារទិន្ន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទេ ផ្ទុយទៅវិញFacebook លក់យកចំណេញឲ្យគេផ្សាយពាណិជ្ជកម្ម នឹងបណ្តោយឲ្យក្រុមហ៊ុនឯកជនផ្សេង ចូលមកប្រមូលយកយ៉ាងងាយស្រួលទៀតផង។

ជាងនេះទៅទៀត យោងតាមសម្តីរបស់ លោក Sandy Parakilas អតីតបុគ្គលិក Facebook បានលើកឡើងថា ច្រើនឆ្នាំមកហើយ ដែល Facebook បើកដៃឲ្យក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន  Cambridge Analytica នេះចូលមកប្រមូលទិន្ន័យរបស់អ្នកប្រើប្រាស់។ មិនមែនគេមិនដឹងទេ តែថ្នាក់ដឹកនាំ Facebook មិនចាត់វិធានការអ្វីទាំងអស់។

ខាតប្រាក់ រងពាក្យបណ្តឹង និងត្រូវគេអំពាវនាវឲ្យបិទគណនី

ថ្វីបើនាយក Facebook បានសុំទោស តែសម្លេងរិះគន់Facebook នៅមិនទាន់ថមថយចុះឡើយ។ ហ៊ុនFacebook បានធ្លាក់ប្រមាណជា៨% ពោលគឺនៅសល់ត្រឹមតែ ១៧០ដុល្លារ ក្នុងមួយភាគហ៊ុនតែប៉ុណ្ណោះ។ រវាង៣ថ្ងៃដំបូង ក្រោយផ្ទុះរឿងនេះ Facebook ខាតប្រាក់ប្រមាណជា ៤ម៉ឺន៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀត ដូចជា Twitter និង Snapchat ជាដើម ក៏បានខាតបង់មិនស្ទើរដែរ។

នៅសហរដ្ឋអាមេរិក ការិយាល័យមេធាវីមួយចំនួន បានរួមគ្នា ដាក់ពាក្យប្តឹងFacebook ដែលតាងនាមបណ្តឹងរួម ដើម្បីប្រយោជន៍រួម។ តែយ៉ាងណា បណ្តឹងរួម ដែលគេហៅថា Class Action នេះ នៅមិនទាន់ត្រូវបានចៅក្រមសម្រេច ថាអាចទទួលយកជាការបានឬយ៉ាងណាទេ។

បន្ថែមពីនេះ មានអ្នកប្រើប្រាស់ខ្លះ បានអំពាវនាវឲ្យនាំគ្នាឈប់ប្រើ Facebook ទៀតផង។ លោក Brian Acton ស្ថាបនិក WhatsApp ដែលFacebook បានទិញយកនោះ ក៏បានអំពាវនាវ ឲ្យគ្រប់គ្នាឈប់ប្រើFacebook ដែរ​ ដើម្បីការពារទិន្ន័យ និងព័ត៌មានឯកជនរៀងៗខ្លួនរបស់អ្នកប្រើប្រាស់ម្នាក់ៗ។​ តែយ៉ាងណា ខាងក្រុមហ៊ុន Facebook បានអះអាងថា គេមិនទាន់សង្កេតឃើញ ថាមានអ្នកបិទគណនី Facebook ​ក្នុងចំនួនច្រើន គួរឲ្យបារម្ភនោះទេ។

តាមពិតទៅ គណនី Facebook នីមួយៗ ពេលចង់បើកថ្មី ស្រួលណាស់ តែពេលចង់បិទវិញ មិនងាយស្រួលនោះទេ។ ក្រុមហ៊ុននេះបានចងច្រើនចំនុចណាស់ ដើម្បីបង្កការលំបាក​ ដល់អ្នកប្រើប្រាស់​ដែលចង់ឈប់ប្រើ Facebook។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃ​នេះ មាន​គេហទំព័រអ៊ីនធើនែត​ មួយចំនួន បានសរសេរផ្សាយ អំពីរបៀបបិទគណនី​Facebook។ តើបើទោះជាបិទក៏ដោយ Facebook នៅតែអាចរក្សាទិន្ន័យរបស់គណនីនោះ ជារឿងដរាបដែរ។ និយាយទៅ គឺអ្វីដែលអ្នកប្រើប្រាស់ម្នាក់ៗ បានសរសេរ បានផ្សាយ​ចែកចាយ លើFacebook នឹងនៅជាប់ជានិច្ចក្នុងប្រព័ន្ធទិន្ន័យធំរបស់ក្រុមហ៊ុន Facebook ហើយដែលគេអាចយកមកប្រើពេលណាក៏បាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុអ្វី​បានជា​ហ្វេសប៊ុក​បណ្តោយ​ឲ្យ​ក្រុមទី៣​ចូលប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​របស់ខ្លួន?

    ស្វែងយល់បន្ថែម

  • Facebook

    តម្លៃ​ភាគហ៊ុន​Facebook​ ធ្លាក់ចុះ​បើ​ទោះបី​ជា​ចំណូល​បាន​កើនឡើង​

    ស្វែងយល់បន្ថែម

  • Facebook

    Facebook នឹងធ្វើ​ចំណាត់​ថ្នាក់​នៃ “ប្រភព​ព័ត៌មាន​គួរ​ទុកចិត្ត​បាន” ដែល​គេ​ចែកចាយ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ