អានតួអត្ថបទ
UN-នីការ៉ាហ្កា

នីការ៉ាហ្កា ​បណ្តេញ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​UN ក្រោយ​ចេញ​របាយការណ៍​រិះគន់

កាលពីថ្ងៃសុក្រ ទី៣១សីហា រដ្ឋាភិបាលប្រទេសនីការ៉ាហ្កា បានសម្រេច បណ្តេញបេសកកម្ម​នៃ​ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចេញពីប្រទេសខ្លួន ដោយ​លើក​ឡើ​ង​ថា​ ឧត្តមស្នងការនេះ លែងមានហេតុផលអ្វី ត្រូវនៅធ្វើការ ក្នុងប្រទេស​នីការ៉ាហ្កា​​ទៀត​ឡើយ។ គួរបញ្ជាក់ថា ការបណ្តេញចេញយ៉ាងតក់ក្រហល់នេះ គឺធ្វើឡើង​២ថ្ងៃ ក្រោយ​ពេល​ដែល​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស ដែលមានស្នាក់ការធំនៅក្រុងហ្សឺណែវ បានចេញ​របាយការណ៍​មួយ បរិហារអំពីសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាម​រយៈ​កា​រ​បង្រ្កាប​​យ៉ាង​ហឹង្សា ពីសំណាក់កម្លាំងសមត្ថកិច្ចនីការ៉ាហ្កា ទៅលើចលនាបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល។

Guillermo Fernandez Maldonado, Coordinator of the Mission in Nicaragua for Central America of the United Nations High Commissioner for Human Rights (OHCHR) speaks during a news conference in Managua, Nicaragua August 31, 2018.
Guillermo Fernandez Maldonado, Coordinator of the Mission in Nicaragua for Central America of the United Nations High Commissioner for Human Rights (OHCHR) speaks during a news conference in Managua, Nicaragua August 31, 2018. REUTERS/Oswaldo Rivas
ផ្សាយពាណិជ្ជកម្ម

លិខិតមួយរបស់ក្រសួងការបរទេសនីការ៉ាហ្កា ចេញផ្សាយជាសាធារណៈ​ កាលពីថ្ងៃសុក្រ ទី៣១សីហា ម្សិល​មិញ បានកំណត់បញ្ចប់បេសកកម្ម​​ការងារ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការ​​សហប្រជាជាតិ ប្រចាំនៅនីហ្ការ៉ាហ្កា ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ លិខិតបានលើកឡើងថា “ហេតុផល ព្រមទាំងលក្ខខណ្ឌ” ដែលតំរូវ​ឲ្យ​នីការ៉ាហ្កា​ទទួលយកបេសកកម្មរបស់ឧត្តមស្នងការសិទ្ធិមនុស្សនេះ គឺលែងមានជាធរមានទៀតហើយ។ ដូច្នេះ នីការ៉ាហ្កា មិនត្រូវការឲ្យបេសកកម្មនេះ បន្តធ្វើសកម្មភាពក្នុងទឹកដីខ្លួនទេ។

លោក Guillermo Fernandez ប្រធានបេសកកម្មនៃឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំនីការ៉ាហ្កា ដែលបានចូលទៅជួបរដ្ឋមន្ត្រីការបរទេសនីការ៉ាហ្កា កាលពីថ្ងៃសុក្រម្សិសមិញ បានលើកឡើងថា លោកមិននឹកស្មាន​សោះ ថានីការ៉ាហ្កាសម្រេចធ្វើរឿងបែបនេះ។ តែយ៉ាងណា លោក​​​លើក​​ឡើង​ថា ឧត្តមស្នងការសិទ្ធិមនុស្ស និងបន្តការងារតាម​ដាន​ពី​​ចំងាយ លើស្ថានភាពសិទ្ធិមនុស្សនៅនីការ៉ាហ្កា ដោយគោរពទៅតាមតួនាទី​ការងារ ដែលមហាសន្និបាទអង្គការសហប្រជាជាតិ បានប្រគល់ឲ្យ។

ដោយឡែក ក្រុមសម្ព័ន្ធប្រជាពលរដ្ឋដើម្បីយុត្តិធម៌ និងប្រជាធិបតេយ្យ ដែលត្រូវបានផ្តួចផ្តើមឡើង ដោយយុវជននិស្សិត អ្នកជំនួញ កសិករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលនានា បានបរិហាររដ្ឋាភិបាលនីការ៉ាហ្កា អំពីការសម្រេចបណ្តេញក្រុមការងារសិទ្ធិមនុស្សនេះ។ សម្ព័ន្ធប្រជាពលរដ្ឋ ដែល​ជាកម្លាំងចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ បានអះអាង​ថា ហេតុផលនិងលក្ខខណ្ឌនៅតែមានគ្រប់ ដើម្បីឲ្យឧត្តមស្នងការសិទ្ធិមនុស្ស បន្តបេសកកម្មតទៅទៀត។ ដូចគ្នាដែរ តំណាងអង្គការ Amnesty International បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាល​នីការ៉ាហ្កា ដែលដឹកនាំដោយប្តីប្រពន្ធOrtega នេះ គឺវាស្តែងឲ្យឃើញកាន់តែច្បាស់ អំពីអំពើឧក្រិដ្ឋទាំងឡាយ ដែលរដ្ឋាភិបាលផ្តាច់ការនេះ បានធ្វើ ព្រមទាំងស្តែងអំពីចរិកក្អេងក្អាង មិនគោរពបទដ្ឋានច្បាប់អន្តរជាតិ។

សូម​រំលឹក​ថា ការសម្រេចបណ្តេញចេញនេះ គឺធ្វើឡើង ក្រោយពេលដែល ឧត្តមស្នងការសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធទី ២៩សីហា។ ក្នុងរបាយការណ៍ បានលើកឡើង អំពីសកម្មភាពរំលោភសិទ្ធិមនុស្សនានា ធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាលនីការ៉ាហ្កា ដូចជាការបង្រ្កាបបាតុកម្មដោយប្រើកម្លាំងហួសហេតុ ការចាប់មនុស្សដាក់ឃុំ ដោយពុំមានឆ្លងកាត់ការជំនំជំរះពីស្ថាប័នយុត្តិធម៌ អំពើឃាតកម្ម ការបង្ខឹតបង្ខំឲ្យរត់គេចលាក់ខ្លួន ព្រមទាំងសកម្មភាពទារុណកម្ម​នានា ធ្វើឡើងទៅលើសកម្មជននយោបាយ ប្រឆាំងរដ្ឋាភិបាល។

បើយោង​តាម​ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាប់តាំងពីផ្ទុះ​ការតវ៉ានៅថ្ងៃទី១៨មេសាមក គឺមានមនុស្សយ៉ាងហោច៣០០នាក់ ត្រូវបានអាជ្ញាធរ​នីការ៉ាហ្កា ចាប់ដាក់ឃុំ។ លោក Zeid Ra’ad Al Hussein អគ្គលេខាធិការ​នៃ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវរួមគ្នាធ្វើអ្វីម្យ៉ាង ដើម្បីបិទបញ្ចប់ សកម្មភាពហិង្សា រំលោភ​សិទ្ធិមនុស្ស ធ្វើបាបប្រជាជននីការ៉ាហ្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ