អានតួអត្ថបទ
សហរដ្ឋអាមេរិក

បក្សប្រជាធិបតេយ្យ​អាមេរិក ដាក់​ពាក្យ​ប្តឹង​ក្រុម​ការងារ​ឃោសនា​​លោក​ត្រាំ រឿង​ឃុបឃិត​នឹង​រុស្ស៊ី

នៅសហរដ្ឋអាមេរិក គណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្តឹង កាលពីថ្ងៃសុក្រ ទី២០ មេសា ដោយបានចោទទៅលើក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ រុស្ស៊ី និងបណ្តាញWikileaks ថាបានពួតដៃ ឃុបឃិតគ្នា បំភ័​ន្តមតិមហាជនអាមេរិក ក្នុងគោលដៅ ធ្វើឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត។ តែយ៉ាងណា លោកដូណាល់ ត្រាំ ដែលតែងតែប្រកែក ថាលោកមិនដែលបានឃុបឃិតជាមួយរុស្ស៊ីនោះ បានប្រតិកម្មតបវិញថា ពាក្យបណ្តឹងនេះ នឹងអនុញ្ញាតឲ្យក្រុមការងារលោក អាចវាយបកវិញ យ៉ាង ចាស់ដៃ។

លោកស្រី Hillary Clinton និងលោក Donald Trump ក្នុងឱជែក​ដេញដោល អំពី​ការ​ឃោសនា​​បោះឆ្នោត ក្នុងរដ្ឋ​Missouri​ ថ្ងៃទី​៩ ​តុលា​ ២០១៦។
លោកស្រី Hillary Clinton និងលោក Donald Trump ក្នុងឱជែក​ដេញដោល អំពី​ការ​ឃោសនា​​បោះឆ្នោត ក្នុងរដ្ឋ​Missouri​ ថ្ងៃទី​៩ ​តុលា​ ២០១៦។ REUTERS/Rick Wilking/File Photo
ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹង ដែលធ្វើឡើងដោយគណ​បក្ស​ប្រជាធិបតេយ្យ ត្រូវបានបញ្ជូនទៅកាន់តុលាការសហព័ន្ធក្រុង ម៉ាន់ហាតាន់​កាលពីរសៀលថ្ងៃសុក្រ ទី២០មេសា។ គណបក្សប្រជាធិបតេយ្យ ចោទរុស្ស៊ី ថាបានបញ្ជូនដំណឹងប្រាប់ទៅក្រុមការងាររបស់លោកដូណាល់ ត្រាំ ថាខ្លួននឹងបើកយុទ្ធនាការលើបណ្តាញអ៊ីនធើនែត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាធិបតេយ្យ ព្រមទាំងបេក្ខភាពរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។

ប៉ុន្មានម៉ោង ក្រោយទទួលដំណឹងអំពីពាក្យបណ្តឹងនេះ លោកដូណាល់ ត្រាំ បានសរសេរសារ ប្រតិកម្មថា “ខ្ញុំទើបតែបានដឹង ថាមានពាក្យបណ្តឹងមួយ របស់គណបក្សប្រជាធិបតេយ្យ ដែលជាពួកមេរំខានអុករុក”។ លោកបន្ថែមថា “ល្អហើយ បើដូច្នេះក្រុមការងារយើង នឹងត្រៀមខ្លួនវាយបកទៅវិញ ឲ្យសមមុខ”។

គួរកត់សម្គាល់ថា យុទ្ធសាស្ត្រ ដែលលោកដូណាល់ចង់ប្រើដើ​ម្បីវាយបកទៅវិញនោះ គឺការជជីកគាស់កាយបន្ថែម អំពីរឿងអាស្រូវ ដែលត្រូវបានទំលាយចេញ ដោយការចូលទៅលួចទិន្ន័យរបស់គណបក្សប្រជាធិបតេយ្យ ព្រមទាំងការប្រើប្រាស់អ៊ីមែល លើបណ្តាញឯកជន ដែលលោកស្រីហ៊ីលឡារី គ្លីនតុន ធ្លាប់ត្រូវបានគេរិះគន់។

បើតាមសម្តីអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យម្នាក់ បានឲ្យដឹងថា ក្នុងពាក្យបណ្តឹងនេះគេបានសរសេរថា គណបក្សប្រជាធិបតេយ្យ ដឹងថា មានមនុស្សស្និតនឹងលោកដូណាល់ ត្រាំ ម្នាក់ ឈ្មោះថា​Roger Stone ដែលមនុស្សម្នាក់នេះ បានដឹងយ៉ាងច្បាស់ អំពីគំរោងរបស់ Wikileaks ដែលចង់ផ្សព្វផ្សាយទំលាយព័ត៌មាននានា ដែលបានមកពីចោរព័ត៌មានវិទ្យារុស្ស៊ី។ គឺសកម្មភាព ទំនាក់ទំនង ត្រូវរូវគ្នាទាំងនេះហើយ ដែលគណបក្សប្រជាធិបតេយ្យ ចាត់ទុកថា ជាការឃុបឃិតពួតដៃគ្នា ដើម្បីសំអុយ និងធ្វើឲ្យ លោកស្រី គ្លីនតុន ចាញ់ឆ្នោត។

នៅក្នុងពាក្យបណ្តឹងនេះ មានសង្កត់ធ្ងន់ជាអាថទិ៍ អំពីតួនាទីយ៉ាងសំខាន់ របស់លោក Paul Manafor អតីតប្រធានក្រុមការងារឃោសនាបោះឆ្នោតរបស់លោកត្រាំ លោក Jared Kushner កូនប្រសារលោកត្រាំ រដ្ឋាភិបាលរុស្ស៊ី និងចុងក្រោយ លោក Julian Assange ស្ថាបនិករបស់ Wikileaks នៅក្នុងការឃុបឃិតគ្នានេះ។

ដោយឡែក លោកស្រី Ronna McDaniel ប្រធានគណបក្សសាធារណរដ្ឋ បានប្រតិកម្មថា៖ “ពាក្យបណ្តឹងនេះ ស្តែងឲ្យឃើញអំពីការខំប្រឹងប្រវេប្រវា របស់គណបក្សមួយ ដែលចុះទន់ខ្សោយ គ្មានលទ្ធភាពឈ្នះឆ្នោត ហើយដែលនៅតែមិនទទួលស្គាល់បរាជ័យរបស់ខ្លួន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ