អានតួអត្ថបទ

ប្រធានាធិបតីថ្មី​ប្រេស៊ីល ថានឹង​លើក​ស្ថានទូត ទៅក្រុង​ហ្ស៊េរុយសាឡិម

លោក បុលសូណារ៉ូ ប្រធានាធិបតីថ្មីរបស់ប្រេស៊ីល ដែលទើបនឹងជាប់ឆ្នោត បានបញ្ជាក់ប្រាប់​សារព័ត៌មានមួយ របស់អ៊ីស្រាអែល ថាលោកនឹងសម្រេចលើកស្ថានទូតប្រេស៊ីលប្រចាំអ៊ីស្រាអែល ទៅកាន់ក្រុងហ្ស៊េរុយសាឡិម។ គួរកត់សម្គាល់ថា បើសិនលោក​បុលសូណារ៉ូ ធ្វើដូច្នេះមែន នោះមានន័យថា ប្រេស៊ីល នឹងក្លាយជាប្រទេសទីបីហើយ បន្ទាប់​ពីសហរដ្ឋអាមេរិក និងហ្កាតេម៉ាឡា ដែលទទួលស្គាល់ក្រុង​ហ្ស៊េរុយសាឡិម ជារដ្ឋធានីផ្តាច់មុខ របស់អ៊ីស្រាអែល។

ទង់ជាតិអ៊ីស្រាអែល បក់រវិច នៅពិចំងាយ មើលទៅ​ឃើញ​វិហារ​មូស្កេ​ជាទីសក្ការៈ របសប្រជាជនអ៊ីស្លាមប៉ាឡេស្ទីន កណ្តាល​ក្រុង​ហ្ស៊េរុយសាឡិម។
ទង់ជាតិអ៊ីស្រាអែល បក់រវិច នៅពិចំងាយ មើលទៅ​ឃើញ​វិហារ​មូស្កេ​ជាទីសក្ការៈ របសប្រជាជនអ៊ីស្លាមប៉ាឡេស្ទីន កណ្តាល​ក្រុង​ហ្ស៊េរុយសាឡិម។ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់កាសែត Hayom របស់អ៊ីស្រាអែល ដែលជាកាសែតគាំទ្ររដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ លោក បុលសូណារ៉ូ ប្រធានាធិបតីថ្មីប្រេស៊ីល បានបញ្ជាក់ថា អ៊ីស្រាអែល មាន​សិទ្ធិ​ជ្រើសរើសរដ្ឋធានីរបស់ខ្លួន គ្មានប្រទេសណាផ្សេង អាចបង្ខំ ឬដាក់សំពាធ​បានទេ។​ លោកបុលសូណារ៉ូ បន្ថែមថា មានគេសួរលោក កាលពីក្នុងអំឡុងពេលឃោសនាបោះឆ្នោត ថា លោកនឹងលើកស្ថានទូតទៅក្រុងហ្ស៊េរុយសាឡិមទេ នៅពេលណាជាប់ឆ្នោត លោកបានឆ្លើយថា លោកនឹងលើកទៅហ្ស៊េរុយសាឡិម។

សូមបញ្ជាក់ថា លោកបុលសូណារ៉ូ ទើបតែបានជាប់ឆ្នោតជាប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅ។ ជ័យជំនះរបស់លោកបុលសូណារ៉ូ ត្រូវបានអ្នកតាមដានការគោរពសិទ្ធិមនុស្ស ព្រួយបារម្ភជាខ្លាំង ដោយសារតែលោកប្រធានាធិបតីវ័យ៦៣ឆ្នាំរូបនេះ បានសន្យា​ដឹកនាំប្រេស៊ីល ដោយប្រើធម៌ក្តៅ។ សម្តីបែបហិង្សា ប្រមាថមើលងាយ ប្រកាន់ពូជសាសន៍​ តែងតែចេញពីមាត់លោកប្រធានាធិបតីថ្មីរូបនេះជានិច្ច កាលពីក្នុងពេលឃោសនាបោះឆ្នោត។

ដោយឡែក គេសង្កេតឃើញថា លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្ហាញភាពស្និទ្ធស្នាល ជាមួយនឹងលោកប្រធានាធិបតីថ្មីប្រេស៊ីលរូបនេះ ជាខ្លាំង។ លោកណេតាន់យ៉ាហ៊ូ បានថ្លែងអបអរនឹងការដែលលោកបុលសូណារ៉េ ឈ្នះឆ្នោត ហើយថា ជ័យជំនះនេះ នឹងនាំមកនូវការកសាងមិត្តកាន់តែរឹងមាំ រវាងប្រេស៊ីល និងអ៊ីស្រាអែល។ តាមការគ្រោងទុក លោកណេតាន់យ៉ាហ៊ូ នឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោកបុលសូណារ៉ូ នៅខែមករាខាងមុខនេះទៀតផង។

គួររំលឹកថា បញ្ហាទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីអ៊ីស្រាអែល គឺជាចំណុចរសើបបំផុត។ រហូតមកទល់ពេលនេះ មានប្រទេស២ហើយ ដែលបានប្តូរស្ថានទូត ពីក្រុង​តែលអាវីវ ទៅកាន់ក្រុងហ្ស៊េរុយសាឡឹម គឺសហរដ្ឋអាមេរិក​ និងហ្កាតេម៉ាឡា។ អ៊ីស្រាអែល ក្រោមការដឹកនាំរបស់លោកណេតាន់យ៉ាហ៊ូ មានបំណង​យក​ហ្ស៊េរុយសាឡឹម​​ទាំងមូល​​ជារដ្ឋធានីរបស់ខ្លួន។

ក៏ប៉ុន្តែគោលជំហរនេះ គឺវាផ្ទុយពីការយល់ឃើញរបស់សហគមនអន្តរជាតិ ដែលគិតថា លក្ខខន្តិកៈរបស់ក្រុងហ្ស៊េរុយសាឡិម ត្រូវតែឈរលើការព្រមព្រៀងគ្នា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រោះថាប៉ាឡេស្ទីន ក៏មានបំណងចង់បានក្រុងហ្ស៊េរុយសាឡិមភាគខាងកើត ជារដ្ឋធានីរបស់ខ្លួនដែរ។ ដរាបណា មិនទាន់មានកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ព្រមទាំងការបែកចែកក្រុងហ្ស៊េរុយសាឡិមទេនោះ នោះអ៊ីស្រាអែល មិនអាចប្រកាសដោយអត្តនោម័តបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ