អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ិចស៊ិក ចោទ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ដូណាល់ ត្រាំ ​បាន​បំភ័យ​អ្នក​វិនិយោគ​ទុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី ​៧មករា​នេះ ​លោក​រដ្ឋលេខាធិការ​សេដ្ឋកិច្ច ​នៃ​ប្រទេស​ម៉ិចស៊ិច ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ ​ ដោយ​បាន​លើកឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ប្រទេស​ម៉ិចស៊ិច ​សូម​ថ្កោលទោស​ចំពោះ​​ទង្វើ​ដែល​ដាក់​កំហិត​ និង​គំរាម​កំហែង​ទៅ​លើ​អ្នក​វិនិយោគ ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ ​លែង​ហ៊ាន​មក​បោះទុន​ ក្នុង​ប្រទេស​ម៉ិចស៊ិច។ បើ​ទោះ​បី​ជា​មិន​បញ្ចេញ​ឈ្មោះ ​ ​ក៏​គេ​អាច​ស្មាន​ដឹង​យ៉ាង​ច្បាស់​ថា ​សម្តី​នេះ ​សំដៅ​ចោទ​ប្រកាន់​ទៅ​លើ​លោក ​ដូណាល់ ត្រាំ​ ប្រធានធិបតី​ថ្មី​អាមេរិក ​ ដែល​កន្លង​មក​ តែងតែ​បំភ័យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​នៅ​ម៉ិចស៊ិក ​ថា​ លោក​នឹង​តំឡើង​ពន្ធ​ឲ្យ​ខ្ពស់ ​ចំពោះ​រថយន្ត​ដែល​នាំចូល​ពី​ម៉ិចស៊ិក ​ទៅ​អាមេរិក។

របង​ព្រំដែន រវាង​ម៉ិចស៊ិក និង​សហរដ្ឋ​អាមេរិក
របង​ព្រំដែន រវាង​ម៉ិចស៊ិក និង​សហរដ្ឋ​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ភ្លើង ​ ទើប​វា​មាន​ផ្សែង ។ តាំង​ពី​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ​ លោក​ដូណាល់ ត្រាំ​ តែងតែ​និយាយ​សម្តី​បែប​វាយ​ប្រហារ ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​គេ​ឯង​គ្រប់​គ្នា។ ក្នុង​នោះ​ក៏​មាន​ប្រទេស​ម៉ិចស៊ិក​ដែរ។​ ក្រៅពីការ​ប្រកាស​សន្យា ​ថា​នឹង​ធ្វើ​របង​ថ្ម ​ខណ្ឌ​ចែក​តាម​ព្រំដែន​រវាង​អាមេរិក​ និង​ម៉ិចស៊ិក​ លោក​ដូណាល់​ត្រាំ ​បាន​សន្យា​ទៀត​ ថា​ លោក​នឹង​តំឡើង​ពន្ធ​នាំចូល​ឲ្យ​ខ្ពស់ ​ ទៅ​លើ​រថយន្ត ​ដែល​ផលិត​នៅ​ប្រទេស​ម៉ិចស៊ិក។

 
លោក​ ដូណាល់ ត្រាំ ​ បាន​ចោទ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​ ដូចជា​ក្រុមហ៊ុន ​Ford  ​និង ​ General Motors ​ជាដើម ​ថា​មក​ពី​ក្រុមហ៊ុន​ទាំងនេះ ​បាន​រើ​រោងចក្រ​​ទៅ​ផលិត​នៅ​ម៉ិចស៊ិក ​ទើប​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​អត់​ការងារ​ធ្វើ។

Ford លប់ចោល​គម្រោង​សាងសង់​រោងចក្រ​តំឡើង​រថយន្ត​នៅ​ម៉ិចស៊ិក៖
ស្រាប់តែ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ​ ក្រុមហ៊ុន​Ford ​បាន​ប្រកាស​ថា ​ គេ​បាន​សម្រេច​ចិត្ត​លប់​ចោល ​គំ​រោង​សាង​សង់​រោង​ចក្រ​តំឡើង​រថយន្ត​មួយ​កន្លែង ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក។ កម្រោង​សាងសង់​រោងចក្រ​នេះ ​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​ ១៦០០​លាន​ដុល្លារ។ គឺ​សេចក្តី​ប្រកាស​លប់​គំរោង​ចោល​របស់​ក្រុមហ៊ុន​Ford​ នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ម៉ិចស៊ិក ​ខឹង ​ ហើយ​បាន​គិត​ថា ​ក្រុមហ៊ុន​Ford​ សម្រេច​ដូចនេះ ​ក៏​ដោយសារ​តែ​ខ្លាចការ​គំរាម​របស់​លោក​ដូណាល់ ត្រាំ។

មិន​ត្រឹម​តែប៉ុណ្ណោះ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ​ លោក​ដូណាល់ ត្រាំ ​ ថែម​ទាំង​បាន​ចោទ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ធំៗ​ របស់​ជប៉ុន​ ដែល​មាន​រោងចក្រ​នៅក្នុង​ប្រទេស​ម៉ិចស៊ិក​ទៀត​ផង។ លោក ​ដូណាល់ ត្រាំ ​បាន​និយាយ​សំដៅ​ទៅ​ក្រុមហ៊ុន ​Toyota​ ដោយ​ផ្ទាល់​តែ​ម្តង​  ថា​រដ្ឋាភិបាលថ្មី​របស់​លោក ​ នឹង​ធ្វើ​ច្បាប់​ថ្មី​ ដើម្បី​តំឡើង​ពន្ធ​នាំចូល​ឲ្យ​ខ្ពស់ ​ ចំពោះ​រថយន្ត​ដែល​ផលិត​នៅ​ម៉ិចស៊ិក។ ក៏ប៉ុន្តែ ​យ៉ាង​ណាក៏​ដោយ ​ មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន ​Toyota ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទេ។

 
ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន ​អាច​រងគ្រោះ​ជាង​គេ៖
ប្រទេស​ម៉ិចស៊ិក ​ គឺជា​ទីតាំង​សំខាន់​មួយ ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត ​ដែល​ចង់​ផលិត​ក្នុង​តំលៃ​ថោក ​ ដើម្បី​នាំចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក។ ការគំរាម​តំឡើង​ពន្ធ​របស់​លោក​ដូណាល់ ត្រាំ ​ពិត​ជា​អាច​ធ្វើ​ឲ្យ​វិស័យ​ផលិត​រថយន្ត​នៅ​ ម៉ិចស៊ិក ​ ជួប​បញ្ហា។
 
តែយ៉ាងណា ​មកត្រឹម​ពេល​នេះ ​អ្វីៗ​វា​គ្រាន់​តែជា​ការ​គំរាម ​ គ្រាន់តែ​ជា​ការ​សន្យា។ ហើយ​ក្រុមហ៊ុន ​ រឺក៏​អ្នក​វិនិយោគ​នៅ​ម៉ិចស៊ិក ​ត្រូវ​ថ្លឹងថ្លែង​ ថា​​តើ​វាអាច​មាន​គ្រោះថ្នាក់​សម្រាប់​គេ​កម្រិត​ណា។ យ៉ាងណាក៏​ដោយ ​ ការ​ដែល​ក្រុមហ៊ុន​ Ford ​ប្រកាស​លប់​ចោល​គម្រោង​សាងសង់​រោងចក្រ ​គឺ​មាន​ន័យ​ថា ​ចង់​មិន​ចង់ ​សម្តី​លោក​ដូណាល់ ត្រាំ ​ដែល​គំរាម​កន្លង​មក ​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ភ័យមែន។

ត្រលប់​មក​និយាយ​ពី ​វិស័យ​ផលិត​រថយន្ត​នៅ​ម៉ិចស៊ិក ​ យើង​ឃើញ​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ ម៉ិចស៊ិក​​បាន​ក្លាយ​ជា​ប្រទេស​ផលិត​រថយន្ត​ធនតូច​ ធំជាង​គេ​បង្អស់ ​លំដាប់​ទីបួន​ទូទាំង​ពិភពលោក។ ក្រៅ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក ​ នៅមាន​ក្រុមហ៊ុន​ជប៉ុន​ធំៗ​ជាច្រើន ​ ដូចជា ​ Toyota​ Honda ​និង ​Nissan​ ដែល​មាន​រោងចក្រ​នៅ​ម៉ិចស៊ិក។ បើគិត​ទៅ​ ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ ​ក្រុមហ៊ុន​ជប៉ុន​ទាំង​៣នេះ​ ផលិត​រថយន្ត​បាន​ប្រមាណ​ជា​១លាន​៤សែន​គ្រឿង ដែ​ល​វាស្មើ​នឹង​៤០% ​នៃ​ចំនួន​ផលិត​ទូទាំង​ប្រទេស​ម៉ិចស៊ិក។ រថយន្ត​ដែល​ផលិត​បាន ​ គឺ​ត្រូវ​នាំចូល​ទៅ​អាមេរិក​ សឹង​តែ​ទាំងអស់។

យ៉ាង​ណា​មិញ ​លោក​ដូណាល់ ត្រាំ ​ បាន​គំរាម​ទៅ​ក្រុមហ៊ុន ​Toyota​ តែ​ធាតុពិត​ បើ​សិន​ជា​គាត់​តំឡើង​ពន្ធ​នាំចូល​មែន ​ គឺ​មិនមែន ​Toyota ​ដែល​ភ័យ​ខ្លួន​ខ្លាំង​ជាង ​ តែ​គឺ​ក្រុមហ៊ុន​ Nissan ​ឯនោះ​ទេ។ Nissan​ មាន​រោងចក្រ​នៅ​ម៉ិចស៊ិក ​៥០ឆ្នាំ​មក​ហើយ ​ហើយ​បច្ចុប្បន្ន​នេះ ​ផលិត​រថយន្ត​មួយឆ្នាំ​ប្រមាណ​ជា ​៨សែន​គ្រឿង។ រថយន្ត Nissan ​ មាន​នាំចូល​ទៅ​អាមេរិក​ ច្រើន​ជាងគេ​បង្អស់។

ចង់​តំឡើង​ពន្ធ​នាំចូល ​អាមេរិក​ ត្រូវ​រុះរើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​ម៉ិចស៊ិក៖
តែ​យើង​សួរថា ​ លោក​ដូណាល់ ​អាច​សុខៗ​ ស្រាប់តែ​តំឡើង​ពន្ធនាំ​ចូល ​ តាម​តែ​ចិត្ត​នឹក​ឃើញ​បែបនេះ ​ ដោយ​ងាយ​រឺ​យ៉ាងណា? ត្រង់នេះ​ទើប​គួរ​យក​មក​ពិចារណា។ ម៉ិចស៊ិក ​ជា​ប្រទេស​ហត្ថលេខី ​ ​នៃ​កិច្ចព្រមព្រៀង​ដោះដូរពាណិជ្ជកម្ម​សេរី ​អាមេរិក​ខាងជើង ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​កាណាដា។ ក្នុង​កិច្ច​ព្រមព្រៀង​នេះ ​គេ​មាន​កំណត់​ច្បាស់​អំពី​ការ​អត់ឱន ​ក្នុង​វិស័យ​ពន្ធដា​ទៅវិញ​ទៅមក។

លោក ដូណាល់​ ត្រាំ​ គាត់​ចង់​សើរើ ​និង​ចរចា​កិច្ច​ព្រមព្រៀង​នេះ​ឡើងវិញ ​ដើម្បី​បាន​តំឡើង​ពន្ធ​នាំចូល​ឲ្យ​ដល់​ ៣៥%។ តើអាច​ទៅ​រួច​ទេ? យ៉ាង​ណា​ក៏​ដោយ ​ ការ​ចរចា​គ្នា ​មិនមែន​ធ្វើ​មួយ​ខែ ​ពីរ​ខែ​បាន​ទេ។ ចំណុច​នេះ​ហើយ ​ បាន​ជា​អ្នក​វិនិយោគ​ភាគ​ច្រើន ​ គេ​នៅ​មិន​ទាន់​ធ្វើ​អ្វី​ទាំង​អស់​ គឺគេ​កំពង់​រងចាំ​មើល។ គ្រាន់តែ​ថា​ ស្ថានការណ៍​បែប​នេះ​ គឺ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ម៉ិចស៊ិក ​ជួប​ការ​លំបាក ​ ដោយសារ​តែ​អ្នក​វិនិយោគ ​មិន​ប្រាកដ​ប្រជា​ក្នុង​ចិត្ត ​ទៅ​ថ្ងៃ​ខាងមុខ។

ម៉ិចស៊ិកជា​ប្រទេស​សំបូរ​ហិង្សា​ស្រាប់ ​វិបត្តិ​សេដ្ឋកិច្ច អាច​ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ៖

នគរបាល​ម៉ិចស៊ិក​ បង្រ្កាប​សកម្មជន ​ប្រ​ព្រឹត្តិអំពើ​ហិង្សា​​ក្នុង​​ការតវ៉ា​ នឹង​ការ​តំឡើង​​ថ្លៃ​​ប្រេង​​ឥន្ធនៈ ថ្ងៃទី​​ ៥ មករា ​២០១៧
នគរបាល​ម៉ិចស៊ិក​ បង្រ្កាប​សកម្មជន ​ប្រ​ព្រឹត្តិអំពើ​ហិង្សា​​ក្នុង​​ការតវ៉ា​ នឹង​ការ​តំឡើង​​ថ្លៃ​​ប្រេង​​ឥន្ធនៈ ថ្ងៃទី​​ ៥ មករា ​២០១៧ Reuters

ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ​មាន​សកម្មភាព​ហឹង្សា ​និង​បាតុកម្ម ​កាន់តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក ​ បន្ទាប់​ពី​រដ្ឋាភិបាល ​បាន​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ។ ៣ថ្ងៃ​កន្លង​​មកនេះ ​ហាង​ទំនិញ​ធំ​ៗ​ប្រមាណជា​១០០០​កន្លែង ​ បាន​រង​ការ​ខូចខាត ​ ដោយសារ​អំពើ​ហិង្សា​កុប្បកម្ម។ ស្ថានភាព​ទាំងអស់​នេះ ​ពិតជា​មិន​អំណោយផល​ទេ ​សម្រាប់​សេដ្ឋកិច្ច​ម៉ិចស៊ិក។ កាលណា​មាន​ហិង្សា ​ចលាចល ​ គឺវា​មិន​ដែល​មាន​ផល​ល្អទេ​។ ដើម​ឆ្នាំ២០១៧​នេះ ​ម៉ិចស៊ិក​ កំពុង​ឆ្លងកាត់​ការ​លំបាក​ណាស់ ​ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ ​ ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ឲ្យ​បាន។

 
យើងឃើញ​ថា ​បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​ បាន​ជាប់ឆ្នោត ​ និង​ពាក្យ​សម្តី​គំរាមកំហែង ​បំភិត​បំភ័យ​ជាច្រើន​ដង​ ទីផ្សារ​ហិរញ្ញវត្ថុ​ម៉ិចស៊ិក​បាន​ខាតបង់។ អត្រា​ប្តូរ​ប្រាក់ ​Peso​ របស់​ម៉ិចស៊ិក ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង​១៦%។ ការ​ប្រមូល​ពន្ធរដ្ឋ ​ក៏​បាន​ថយ​ចុះ​ខ្លាំង​ដែរ។ តែ​យ៉ាងណា ​ការ​សម្រេច​តំឡើង​តម្លៃ​ប្រេង​ឥន្ធនៈ ​ដល់ទៅ​២០% ​គឺ​ជា​រឿង​មួយ ​ ដែល​អ្នក​ជំនាញ​យល់​ថា ​ រដ្ឋាភិបាល​ម៉ិចស៊ិក​គិត​ខុស។ ធ្វើបែប​នេះ ​ ​គឺ​វា​ធ្វើឲ្យ​ប្រជាជន​កាន់តែ​មួរម៉ៅ ​ខឹងនឹង​រដ្ឋាភិបាល។

មួយវិញទៀត ​ នៅ​ប្រទេស​ម៉ិចស៊ិក ​គឺ​សំបូរ​ទៅ​ដោយ​ក្រុម​មនុស្ស ​ដែល​មាន​និន្នាការ​ហិង្សា​ខ្លាំង​ណាស់។ ហើយ​ក្រុម​សកម្មជន​ហិង្សា​មួយ​ចំនួនធំ ​ គឺ​ត្រូវ​បាន​ញុះញង់ ​និង​ប្រើប្រាស់ ​ដោយ​អ្នក​នយោបាយ​ឆក់​ឱកាស។ ដូច្នេះ ​បើ​សិន​ជា​អំពើ​ហិង្សានេះ​នៅ​តែ​បន្ត ​វា​នឹង​អាច​ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ​ផង​ក៏​ថាបាន ​ សម្រាប់​ម៉ិចស៊ិក។ បើសិន​ជា​មាន​វិបត្តិ​នយោបាយ ​បូកថែម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​ដោយ​សារ​នយោបាយ​របស់​លោក ​ដូណាល់ ត្រាំ ​ជាមួយ​ម៉ិចស៊ិក​ទៀត​នោះ ​ នោះ​អ្នក​វិនិយោគ​ប្រាកដ​ជា​នាំ​គ្នា​ដើរ​ចេញ​ពី ​ម៉ិចស៊ិក ​មិន​ខាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ