ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាមេរិក

វ៉េណេស៊ុយអេឡា៖ រដ្ឋាភិបាល​ចោទ​អាមេរិក ថា​ជា​អ្នក​នៅ​ពីក្រោយ​បាតុកម្ម​បះបោរ

media  
ទិដ្ឋភាព​បំបែកបាតុកម្ម នៅក្រុង​ការ៉ាកាស រដ្ឋធានីវ៉េណេស៊ុយអេឡា ​កាលពី​ថ្ងៃទី​១៩ មេសា ២០១៧ Reuters

នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ​ ក្រុម​គណបក្ស​ប្រឆាំង ​បាន​អំពាវនាវ​ឲ្យ​បន្ត​បាតុកម្ម​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៀត ​ដើម្បី​ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង។ បាតុកម្ម​ទូទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​បង្ករ​ឲ្យមាន​មនុស្ស​ស្លាប់​៣នាក់។ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ បាន​បញ្ចេញ​ទាហាន ​និង​នគរបាល​ព្រោង​ព្រាត ​ ដើម្បី​បង្ក្រាប​ចលនា​បាតុកម្ម​ ព្រមទាំង​ចោទ​ថា​សហរដ្ឋ​អាមេរិក ​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​បះបោរ​នេះ។

បើ​ទោះ​បី​ជា​មាន​ការ​បង្រ្កាប ​យ៉ាង​ដំណំ​ពី​សំណាក់ ​ទាហាន​ នគរបាល ​ដៃជើង​របស់​រដ្ឋាភិបាល កាលពីថ្ងៃពុធ​ម្សិលមិញ ​ក៏​មេដឹកនាំ​ក្រុម​បក្ស​ប្រឆាំង​បាន​អំពាវនាវ ​ ​ឲ្យ​ប្រជាជន​មក​ជួបជុំ​ធ្វើ​បាតុកម្ម ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​​នេះ​ទៀត ដើម្បី​បណ្តេញ​ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា ​​ Nicolas Maduro ​ឲ្យចុះ​ពី​តំណែង។

 
ព្រឹត្តិការណ៍​មហាបាតុ​កម្មកាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ ​មាន​មនុស្ស​៣នាក់​ស្លាប់​នៅ​កន្លែង​ផ្សេងៗ​គ្នា។ មនុស្ស​ពីរនាក់​ជា​បាតុករ ​ដែល​តាម​ការ​អះអាង​របស់​សាក្សី ​គឺ​ជន​រងគ្រោះ​ស្លាប់​ដោយ​ត្រូវ​របួស​ចំ​ក្បាល ​ដោយ​គ្រាប់​កាំភ្លើង​របស់ ​ក្រុម​កម្លាំង​ពិសេស ​ដែល​រដ្ឋា​ភិបាល​បញ្ជា ​ឲ្យមក​បំបែក​បាតុកម្ម។ អ្ន​កស្លាប់​ទី​៣ ​គឺជា​មន្ត្រី​កង​សន្តិសុខ​ជាតិ ​ ដែល​ត្រូវ​បាន​ក្រុម​បាតុករ​ជះ​កំហឹង​លើ​ ព្រួត​គ្នា​វាយ​សម្លាប់។ អាជ្ញាធរ ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ មនុស្ស​ប្រមាណ​៣០​ នាក់ ​ ពី​បទ​ប្រព្រឹត្តិ​អំពើ​ហិង្សា។
 
បើតាម​ការ​អះអាង​របស់​អង្គការ ​Foro Penal ​ក្នុង​រយៈពេល​២ខែ ​ដែល​មាន​បាតុកម្ម​តវ៉ា​ ប្រឆាំង​នឹង​ប្រធានាធិបតី ​Maduro​ កន្លង​មក​នេះ  ​មាន​បាតុករ​ស្លាប់​ចំនួន​៨នាក់​ហើយ ​ហើយ​មនុស្ស​ប្រមាណ​៥០០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន។
 
សូម​បញ្ជាក់​ថា ​វ៉េណេស៊ុយអេឡា ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ​និង​វិបត្តិ​នយោបាយ ​តាំងតែ​ពី​ឆ្នាំ​២០១៥ ​ ដោយសារ​តែ​អំពើ​ពុក​រលួយ ​ព្រមទាំង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឆៅ ​ដែល​ជា​ប្រភព​ចំណូល ​ធំ​តែ​មួយ​គត់​របស់​ប្រទេស​នេះ។ ក្រុម​បក្ស​ប្រឆាំង ​ដែល​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភា ​មាន​បំណង​ឲ្យ​ប្រធានាធិបតី​ចុះ​ពី​តំណែង ​ដើម្បី​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ។ បាតុករ​ម្នាក់​ បាន​ថ្លែង​ថា ​ប្រជាជន​ត្រូវ​ការ​ឲ្យ​ប្រធានាធិបតី​ Maduro​ ចុះចេញ​ពី​តំណែង ​ ព្រោះ​មនុស្ស​ផ្តាច់​ការ​នេះ ​បាន​បំផ្លាញ់​ប្រទេស​វ៉េណេស៊ុយអេឡា។
 
រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ​បាន​ស្រែក​ចោទ​ប្រកាន់​ថា ​សហរដ្ឋ​អាមេរិក​ ជា​អ្នក​នៅ​ពី​ក្រោយ ​ដោយ​បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក​ប្រធានាធិបតី ​Maduro។ សហរដ្ឋ​អាមេរិក​ បាន​ឆ្លើយ​តប​មក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គ្មាន​​អ្នកណានៅ​ពី​ក្រោយ​ទាំងអស់ ​បាតុកម្ម​បះបោរ​របស់​ប្រជាជន ​គឺ​ជា​លទ្ធ​ផល​នៃ​បរាជ័យ ​ក្នុង​ការ​ដឹក​នាំ ​នៃ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា។
 
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​សំដែង​ការ​ព្រួយ​បារម្ភ ​ ដែល​ឃើញ​រដ្ឋាភិបាល​វ៉េណេហ្ស៊ុអេឡា ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ខ្លួនឯង​ តាម​រយៈ​ការ​បង្រ្កាប​ការ​បញ្ចេញ​មតិ​ យ៉ាង​ព្រៃផ្សៃ។ យ៉ាង​ណាមិញ ​ មាន​ប្រទេស​អាមេរិកឡាទីន​ ប្រមាណ​ជា​១១​ហើយ​ ដែល​បាន​ចេញ​សេចក្តី​ប្រកាស ​ថ្កោលទោស​រដ្ឋាភិបាល​វ៉េណាហ្ស៊ុយអេឡា ​ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នេះ ​គោរព​សិទ្ធិ​ធ្វើ​បាតុកម្ម​របស់​ប្រជាជន ​និង​បក្ស​ប្រឆាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ