ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាមេរិក

សេតវិមាន​អាមេរិក ចោទ​ប្រធានាធិបតី​រុស្ស៊ី ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​លួច​ទិន្ន័យ​ព័ត៌មាន​វិទ្យា

media  
លោក អូបាម៉ា Reuters

ការ​ចូល​ទៅ​លួច​ទិន្ន័យ ​និង​សារ​អ៊ីមែល ​របស់​លោកស្រី​គ្លីនតុន​ កាល​ពី​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​​ ​ពេល​នេះ ​បាន​កំពុង​ក្លាយ​ជា​សង្រ្គាម​ការទូត​រវាង​រុស្ស៊ី ​និង​អាមេរិក។ រដ្ឋាភិបាល​លោក​អូបាម៉ា ​ដែល​មាន​ជីវិត​ ត្រឹម​តែ​មួយ​ខែ​ទៀត​នេះ ​បាន​ប្រញ៉េប​ប្រញ៉ាប់ ​បញ្ចប់​របាយការណ៍​ស្រាវជ្រាវ​លំអិត ​ ហើយ​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​ថា ​ ​គឺ​ថ្នាក់​ដឹកនាំ​រុស្ស៊ី ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ទង្វើនេះ​ ព្រោះ​រុស្ស៊ី​មាន​គោល​បំណង​ ជួយ​ដូណាល់ត្រាំ ​ឲ្យ​ឈ្នះ​ឆ្នោត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​នាំពាក្យ​សេតវិមាន ​ ថែម​ទាំង​ហ៊ាន​និយាយ​ដល់​ថា ​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​បែប​នេះ ​ គ្មាន​នរណាជឿ​ថា​ប្រធានាធិបតី​រុស្ស៊ី ​មិន​ដឹង​រឿង​នេះ​ នោះទេ។

 

ឆ្លងកាត់​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ​ ដែល​លោក​អូបាម៉ា ​បាន​ដាក់​បញ្ជារ ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ​ ពេលនេះ ​ ក្រុម​ការងារ​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​ និង​ជា​ថ្មី​ម្តង​ទៀត ​ថា​ជន​ទុច្ចរិត​ ដែល​ជា​ចោរ​ព័ត៌មាន​វិទ្យា​នេះ ​ ពិត​ជា​មាន​ប្រភព​នៅ​រុស្ស៊ី​ពិតមែន។ ក្នុង​របាយការណ៍ ​បាន​បញ្ជាក់​ថា ​សកម្មភាព​ចូល​ទៅ​លួច​ទិន្ន័យ​របស់​មនុស្ស​សំខាន់ៗ ​ដោយ​ឆ្លង​កាត់​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​បែប​នេះ ​ គឺ​ត្រូវ​ការ​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ ​និង​ចំណាយ​ប្រាក់​ច្រើន ​ ដូច្នេះ​គេ​ជឿថា​ រឿង​នេះ ​ពិត​ជា​បាន​ទទួល​ការ​បញ្ជាពី​ថ្នាក់​លើ ​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​ ក្នុង​រដ្ឋាភិបាល​របស់​រុស្ស៊ី។

យ៉ាងណា​មិញ ​ លោក​ Ben Rhodes ​អ្នក​នាំពាក្យ​សេតវិមាន ​បាន​ថែម​ទាំង​ហ៊ាន​និយាយ​នៅ​តាម​ទូរទស្សន៍​ ថា ​“​ខ្ញុំ​មិន​ជឿថា​ បេសកកម្ម​ធំ​ដែល​រដ្ឋាភិបាល​រុស្ស៊ី ​ធ្វើ​ដោយ​សម្ងាត់​បែប​នេះ ​ មិន​ឆ្លង​កាត់​ការ​ផ្តល់​ដំណឹង​ ដោយ​ផ្ទាល់​ទៅ​លោក​ពូទីន​ នោះ​ទេ”។ ក្នុង​ន័យ​នេះ ​គឺ​មាន​ន័យ​ថា ​លោក​តំណាង​សេតវិមាន​​អាមេរិក​រូ​បនេះ ​បាន​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ ​ថាគឺ​លោក​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​លួច​ទិន្ន័យ​នេះ តែម្តង។

សូម​រំលឹក​ថា ​កាល​ពី​ខែឧសភា ​ ក្រុមហ៊ុន​ Crowdstrike ​ដែល​ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ធានា​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​អាមេរិក​ បាន​រាយ​ការណ៍​ថា ​ម៉ាស៊ីន​កុំព្យូរទ័រ​របស់​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ  ​​ត្រូវ​បាន​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ពីរ​ក្រុម​ ចូល​ទៅ​លុកលុយ។ ក្រុម​ចោរ​ទាំង​ពីរ​នោះ ​ឈ្មោះថា​ Fancy Bear​ និង ​ Cosy Bear​ ដែលត្រូវ​បាន​ CIA ​តាម​ដាន​ដឹង​ថា ​មាន​ប្រភព​នៅ​រុស្ស៊ី។

តាមការ​សន្និដ្ឋាន ​ទិន្ន័យ​ព័ត៌មាន​វិទ្យាដែល​លួច​បាន​ ត្រូវ​បាន​យក​ទៅ​ចែកចាយ​បន្ត​ដល់ ​គេហទំព័រ​ Wikileaks ​ក្នុង​គោល​បំណង​បំផុស​រឿង​អាស្រូវ ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​និង ​បេក្ខជន​លោកស្រី​ហ៊ីឡារី គ្លីនតុន ​បាត់​ប្រជា​ប្រិយភាព។ ជា​លទ្ធផល ​មនុស្សម្នា ​នឹង​បោះឆ្នោត​ទៅ​ឲ្យលោក​ ដូណាល់ ត្រាំ ​ដែលជា​បេក្ខជន​ដែល​លោក​ពូទីន​ពេញ​ចិត្ត។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅថ្ងៃ​សុក្រ ​ទី​១៦​ធ្នូ ​ដោយ​បាន​ដាក់​បន្ទុក​រដ្ឋាភិបាល​រុស្ស៊ី​ដោយ​ត្រង់ៗ​ ថា​បាន​ចូល​ជ្រៀតជ្រែក ​ក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ក្នុង​គោល​បំណង​ជួយ​បេក្ខជន​ ដែល​មាន​ទំនោរ​ទៅ​រក​ខ្លួន។ ដោយឡែក ​បញ្ហា​នេះក៏​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​ ដូចជា​អាល្លឺម៉ង់ ​និង​បារាំង​ មាន​ការ​ព្រួយ​បារម្ភ​ដែរ។ ឆ្នាំ​២០១៧​ខាងមុខ​នេះ ​បារាំង​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​ ហើយ​គេ​កំពុង​តែ​ខ្លាច​ក្រែង ​សកម្មភាព​ស្រដៀង​គ្នា​នេះ​ អាចធ្វើ​ឡើង ​ដើម្បី​រំខាន​ រឺ​បំផ្លាញ​ការ​បោះឆ្នោត៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ