អានតួអត្ថបទ

រ្ហ័ន ហ្កៃដូ បន្ត​អំពាវនាវ​ឲ្យ​កងទ័ព​គាំទ្រ ​ខណៈ​ម៉ាឌូរ៉ូ ប្រាប់​កងទ័ព​ឲ្យ​ត្រៀមកម្លាំង​ទល់​នឹង​អាមេរិក

កាលពីថ្ងៃសៅរ៍ នៅទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា លោករ្ហ័ន ហ្កៃដូ មេដឹកនាំប្រឆាំង បានបន្តអំពាវនាវ ឲ្យប្រជាជនបន្តជួបជុំគ្នានៅមុខបន្ទាយកងទ័ព ដើម្បីផ្ញើសារ ទៅកាន់កងទ័ព ឲ្យងាកមកគាំទ្រប្រជាជន និងឈប់ជួយការពារប្រធានាធិបតីផ្តាច់ការ​ម៉ាឌូរ៉ូ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីម៉ាឌូរ៉ូ ឯណោះ បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ហើយបានប្រកាសថា កងទ័ពត្រូវត្រៀមកម្លាំងឲ្យបានស្រេ​ច ដើម្បីទប់ទល់ជាមួយនឹងការប្រើកម្លាំង របស់អាមេរិក។

លោកម៉ាឌូរ៉ូ ជាមួយ​និង​កងទ័ព​។ ថ្ងៃទី​៤ ឧសភា ២០១៩
លោកម៉ាឌូរ៉ូ ជាមួយ​និង​កងទ័ព​។ ថ្ងៃទី​៤ ឧសភា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសៅរ៍ទី ៤ឧសភា ប្រជាជនវ៉េណេស៊ុយអេឡា បានដើរដង្ហែរក្បួន ឆ្ពោះទៅ​កាន់បន្ទាយកងទ័ពចំនួន៤កន្លែង នៅក្រុងការ៉ាកាស។ លោករ្ហ័ន ហ្កៃដូ ដែលជាអ្នកប្រកូកប្រកាសចលនានេះ បានអះអាងលើទំព័រTwitter ថា គឺជាការជួបជុំដោយសន្តិវិធី ពុំមានប្រើពាក្យហិង្សា ឬសកម្មភាពហិង្សាអ្វីទាំងអស់។ លោកបន្តថា កម្មវត្ថុ គឺមិនមែនស្តីបន្ទោស ឬផ្គើនកងទ័ពនោះទេ តែគឺដើម្បីផ្ញើសារប្រាប់កងទ័ព សុំទទូចឲ្យកងទ័ព​ ងាកមក​ជួយ​ការពារប្រជាជន ជាជាងការពាររបបផ្តាច់ការក្រាញអំណាច របស់លោក នីកូឡា ម៉ាឌូរ៉ូ។

យោងតាមអ្នកយកព័ត៌មានAFP បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ លោករ្ហ័ន ហ្កៃដូ មិនបានបង្ហាញខ្លួនក្នុងក្បួនដង្ហែរទេ។ បាតុករអ្នកគាំទ្រលោករ្ហ័ន ហ្កៃដូ បានព្យាយាម ដើរឆ្ពោះទៅក្បែរបន្ទាយទាហាន តែត្រូវបានកងកម្លាំងសន្តិសុខ រារាំង។ បាតុករខ្លះ កាន់មេក្រូ ខ្លះចែកក្រដាសខិតបណ្ណទៅកាន់កងកម្លាំងសន្តិសុខ ដោយក្នុងនោះមានសរសេរ​សារ​អំពាវនាវ ឲ្យកងទ័ពជួយជ្រោមជ្រែងការផ្លាល់ប្តូរអំណាច ដោយសន្តិវិធី។

គួរកត់សំគាល់ថា​ កងទ័ពជាស្ថាប័នមានឥទ្ធិពលខ្លាំងណាស់ នៅវ៉េណេស៊ុយអេឡា។ ជញ្ជីងនយោបាយមួយផ្នែកធំ ផ្អៀងទៅខាងកងទ័ព ដោយសារវិស័យសំខាន់មួយចំនួន ក្នុងនោះមានវិស័យប្រេងកាត គឺស្ថិតក្នុងកណ្តាប់ដៃកងទ័ព។ ចាប់តាំងពីផ្ទុះការបះបោរ ប្រឆាំងលោកនីកូឡាម៉ាឌូរ៉ូ មេបញ្ជាការកងទ័ព នៅតែបន្តគាំទ្រ រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។

នៅថ្ងៃសៅរ៍ដដែល លោកប្រធានាធិបតីម៉ាឌូរ៉ូ បានធ្វើដំណើរទៅកាន់បន្ទាយទាហានមួយកន្លែង នៅភាគពាយ័ព្យ ដើម្បីកាន់ទុកទាយាន៧នាក់ ដែលស្លាប់ដោយការធ្លាក់​ឧត្ថម្ភាគចក្រ។ ឆ្លៀតក្នុងពេលនោះ លោកម៉ាឌូរ៉ូ បានប្រកាសឲ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធ ក្នុងករណីដែលអាមេរិក ហ៊ានប្រើកម្លាំង។ លោកម៉ាឌូរ៉ូ ក៏បានគំរាមថានឹងតាមចាប់ជនក្បត់ក្នុងជួរកងទ័ពឲ្យអស់។

សូមរំលឹកថា ក្រោយហេតុការណ៍នៅថ្ងៃទី១ឧសភា មានមន្ត្រី​កងទ័ព យ៉ាងហោចចំនួន​២៥នាក់ ដែលបានរត់គេចខ្លួន សុំសិទ្ធិជ្រកកោណ នៅតាមស្ថានទូតបរទេស។ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យកាសែត Washington Post លោករ្ហ័ន ហ្កៃដូ បានទទួលស្គាល់ថា លោកបានដាក់ការសង្ឃឹមច្រើនបន្តិចទៅលើកងទ័ព កាលពីថ្ងៃទី​១ឧសភា។ លោកបន្ថែមថា លោកត្រូវការការគាំទ្រពីកងទ័ពឲ្យបានច្រើននបំផុត ដើម្បីការពាររដ្ឋធម្មនុញ្ញ និងបណ្តេញលោកនីកូឡា ម៉ាឌូរូ ឲ្យចុះចេញពីអំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ