ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

លោកត្រាំ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​លើ​FBI ​ដោយចោទថា​ស៊ើបការណ៍​​សំងាត់​​លើ​​ក្រុម​ការងារ​លោក

លោកត្រាំ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​លើ​FBI ​ដោយចោទថា​ស៊ើបការណ៍​​សំងាត់​​លើ​​ក្រុម​ការងារ​លោក
 
លោក ដូណាល់ ត្រាំ REUTERS/Matej Leskovsek

កាលពីថ្ងៃអាទិត្យ ទី២០ឧសភា លោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋ​អាមេរិក បានបញ្ជាទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ឲ្យបើកការស៊ើបអង្កេត លើភ្នាក់ងារស៊ើបការណ៍​សំងាត់ FBI ដែលលោកចោទថា បានធ្វើការតាមដានដោយសំងាត់ មកលើ​ក្រុម​ការងារ​ឃោសនាបោះឆ្នោត របស់លោក ក្នុងឆ្នាំ២០១៦។ គួរបញ្ជាក់ថា ការចោទប្រកាន់ របស់លោកដូណាល់ ត្រាំនេះ គឺលោកពុំមានបានលើកឡើង នូវភស្តុតាង ឬសក្ខីកម្មណាមួយឡើយ។ ដោយឡែក អ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ​ មួយចំនួន បានលើកឡើងថា លោកដូណាល់ ត្រាំ ធ្វើនេះ គ្រាន់តែចង់សំអុយ និងដាក់សំពាធលើ ក្រុមFBI ដែលកំពុងតែស៊ើបអង្កេតលើរូបលោក ក្នុងសំណុំរឿងទាក់ទងជាមួយរុស្ស៊ី តែប៉ុណ្ណោះ។

ក្រសួងយុត្តិធម៌អាមេរិក​ ទើបតែបានទទួលសំណុំបែបបទរួចហើយ ដោយបញ្ជាចេញពីវិមានប្រធានាធិបតី ថាឲ្យបើកការស៊ើបអង្កេតពីលើក្រុម FBI។ មុនពេលប្រកាសជាផ្លូវការ ដូចសព្វមួយដង លោក ដូណាល់ ត្រាំ បានប្រើប្រាស់ បណ្តាញសង្គមTwitter ដើម្បីសរសេរមិនចេះតិច មួយហើយមួយទៀត ដោយចោទប្រកាន់​ បរិហាររិះគន់ FBI ហើយឆ្លៀតចំអក ឲ្យលោកស្រីហ៊ីល ឡារីគ្លីនតុនទៀតផង។

លោក ត្រាំ បានសរសេរជាអាថទិ៍ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវតែត្រួតពិនិត្យ ថាតើភ្នាក់ងារ FBI ពិតជាបានរៀបចំឲ្យមានការស៊ើបការណ៍សំងាត់ មកលើក្រុមការងារឃោសនា​បោះឆ្នោតរបស់លោក ដោយផ្អែកលើហេតុផលនយោបាយ​ មែនឬយ៉ាងណា ហើយ​លោកចង់ដឹងថា បើពិតមែន តើនរណាជាអ្នកបញ្ជា តើរដ្ឋាភិបាលរបស់លោក​អូបាម៉ា ជំនាន់នោះមែនទេ ដែលជាអ្នកបញ្ជា?

តែយ៉ាងណាក៏ដោយ សម្តីចោទប្រកាន់ទាំងអំបាលម៉ាណនេះ គឺលោកដូណាល់ ត្រាំ មិនបានលើកយកភស្តុតាង ឬសក្ខីកម្មណាមួយមកសំអាងទេ។ បើគិតទៅ គឺវាមិនខុសពីកាលដែលគាត់ បានបំប៉ោង ពាក្យចចាមអារ៉ាម ចោទលោកអូបាម៉ា ថាមិនបានកើតនៅលើទឹកដីអាមេរិក នោះទេ។

ដោយឡែក បើផ្អែកទៅលើការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ទីភ្នាក់ងារ FBI ពិតជាបានទាក់ទង ជាមួយមនុស្សម្នាក់ ដែលជាអ្នកឲ្យការណ៍ ដើម្បីបានជួបជាមួយមនុស្ស២នាក់ ដែលបានធ្វើការក្នុងក្រុមងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ។ ក៏ប៉ុន្តែប្រតិបតិ្តការនេះ គឺវាស្ថិតនៅក្នុងការស៊ើបអង្កេត ស្តីពីរឿងរ៉ាវ ទំនាក់ទំនងជាមួយនិងរុស្ស៊ី ដែល FBI កំពុងធ្វើការស្រាវជ្រាវ រួចទៅហើយ។

យុទ្ធសាស្ត្របង្កាច់បង្ខូច FBI ?

បើវិភាគទៅ យុទ្ធសាស្រ្តរបស់លោកដូណាល់ ត្រាំ តាំងតែពីដំបូងមក ទាក់ទិននឹងវិវាទរបស់លោក ជាមួយ FBI នេះ គឺលោកតែងតែព្យាយាម ប្រកូកប្រកាសថា ខ្លួនគាត់ ជាជនរងគ្រោះជា​និច្ច។ គឺរងគ្រោះដោយការតាមរុគគួន ឆាឆៅ បង្កាច់បង្ខូច ពីសំណាក់ក្រុម FBI ដែលស្និទនិងលោកអូបាម៉ា លោកស្រីគ្លីនតុន ក៏ដូចជាគណបក្សប្រជាធិបតេយ្យ។ ការចោទវាយបកទៅលើ FBI គឺមានន័យហាក់ដូចជា លោកដូណាល់ ត្រាំ ព្យាយាមបង្អាក់ ឬរារាំងការងារស៊ើបអង្កេត របស់ភ្នាក់ងារនៃប្រព័ន្ធយុត្តិធម៌អាមេរិកដូច្នោះដែរ។

បើយើងវិភាគមួយផ្នែកទៀត យុទ្ធសាស្ត្ររបស់លោកត្រាំ ដែលចោទ វាយបកទៅលើFBI វិញនេះ គឺមិនខុសពីការដែរគាត់ ចោទប្រកាន់ថា អំណាចយុត្តិធម៌របស់អាមេរិក មិនឯករាជ្យអញ្ចឹង។​ ក្នុងនាមជាប្រធានាធិបតី តំណាងនីតិប្រតិបត្តិ ចោទប្រកាន់ ឬបរិហារ អំណាចតុលាការ ថាមិនឯករាជ្យ គឺមានន័យថា មានបញ្ហាធំខ្លាំងណាស់ នៅក្នុងប្រព័ន្ធបែងចែកអំណាច នៅក្នុងប្រទេសប្រជាធិបតេយ្យដ៏ធំ ដូចអាមេរិកនេះ។ ត្រង់នេះហើយ ដែលអ្នកវិភាគខ្លះ កំពុងចោទសួរថា តើលោកដូណាល់ ត្រាំ នេះ កំពុងរារាំងការងាររបស់ប្រព័ន្ធតុលាការ ហើយថាតើទង្វើបែបនេះ របស់ប្រធានាធិបតី វាស្របទៅតាមរដ្ឋធម្មនុញ្ញដែរឬទេ។

សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យជាច្រើននាក់ បានលើកឡើងថា អ្វីដែលលោកដូណាល់ ត្រាំកំពុងធ្វើនាពេលនេះ គឺក្នុងគោលបំណងតែមួយគត់ គឺបង្ករការលំបាក ដាក់សំពាធទៅលោក Robert Mueller អគ្គនាយក FBI ដែលកំពុងតែស៊ើបអង្កេតសំណុំរឿងរុស្ស៊ី។ យ៉ាងណាមិញ លោក Adam Schiff សមាជិកគណកម្មការព័ត៌មាននិងការស៊ើបការណ៍ នៅសភាអាមេរិក បានលើកឡើងថា ការដែលលោកដូណាល់ ត្រាំ ចោទប្រកាន់ FBI ទាំងដឹងថាខ្លួនឯងគ្មានភស្តុតាង គ្មានអ្វីមកសំអាងនេះ គឺជារឿងមួយបំពានលើអំណាច ដោយឥតអៀនខ្មាស។ បំណងរបស់លោកត្រាំ គឺគ្មានអ្វី ក្រៅតែពីបង្វែងដាន បំភ័ន្តមតិមហាជន ឲ្យឈប់តាមដានអំពីរឿងរ៉ាវ ដែលលោកកំពុងតែជាប់ពាក់ព័ន្ធយ៉ាងច្រើន ជាមួយនឹងរុស្ស៊ី។

ដាក់សំពាធបន្ថែម លើFBI ក្នុងសំណុំរឿងរុស្ស៊ី

ទាក់ទិនទៅនឹងសំណុំរឿងស៊ើបការណ៍ ស្តីពីការលូកដៃជ្រៀតជ្រែក របស់រុស្ស៊ី មកក្នុងកិច្ចការបោះឆ្នោតអាមេរិកនេះដែរ មេធាវីរបស់លោកដូណាល់ ត្រាំ ទើបបានប្រកាសថា ការស៊ើបការណ៍របស់FBI នឹងត្រូវតែបិទបញ្ចប់ ឲ្យបានមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់។ តើនេះ អាចចាត់ទុកថា ជាការដាក់សំពាធថ្មីមួយទៀត ទៅលើក្រុមការងារ FBI ពីសំណាក់រដ្ឋបាលលោកដូណាល់ ត្រាំ ដែរឬទេ?

លោក Rudy Giuliani មេធាវីតំណាងលោកដូណាល់ ត្រាំ បានឆ្លើយលើកញ្ចក់ទូរទស្សន៍ ​Fox News នៅថ្ងៃច​ន្ទនេះថា លោក Robert Mueller អគ្គនាយក FBI បានព្រមព្រៀងជាមួយនឹងលោកហើយ ថាត្រូវតែបិទបញ្ចប់ការស៊ើបអង្កេតទាំងអស់ ឲ្យបានមុនដើមខែកញ្ញា។​ លោក បានបន្ថែមដែរថា លោកនិង FBI បានសន្មត់គ្នាថា លោកដូណាល់ ត្រាំ នឹងចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខFBI ក្នុងសំណុំរឿងរុស្ស៊ីនេះ នៅរវាងពាក់កណ្តាល​​ខែកក្កដា។

មូលហេតុដែលភាគីលោកដូណាល់ ត្រាំ ចង់ឲ្យបិទបញ្ចប់ការស៊ើបអង្កេត ឲ្យបានមុនដើមខែកញ្ញា គឺដោយសារ មិនចង់មានការសំណុំរឿងរញ៉េរញ៉ៃ ដែលអាចជះឥទ្ធិពលមិនល្អ ទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា។ លោកមេធាវី របស់លោកដូណាល់ ត្រាំ បានលើកឡើងថា បើមិនចង់ឲ្យមានរឿងរ៉ាវ កើតឡើងដូចក្នុងការបោះឆ្នោត ឆ្នាំ២០១៦ទេ គឺត្រូវបិទបញ្ចប់ការស៊ើបអង្កេតទាំងអស់ ឲ្យ​បានមុនពេលបោះឆ្នោត។

តែយ៉ាងណា សួរថា​តើការស៊ើបអង្កេតមួយ ត្រូវតែបង្ខំបិទផ្អឹប ឬសង្ខេបចោល ដោយយោងទៅលើកាលបរិច្ឆេទនៃការបោះឆ្នោត ដែរឬទេ? ទោះFBI អាចបិទ ឬមិនបិទការស៊ើបអង្កេតនេះ គឺវាផ្អែកទៅលើការសន្និដ្ឋានចុងក្រោយរបស់ក្រុមការងារ មិនមែនដោយសារខ្លាចប៉ះពាល់ការបោះឆ្នោតទេ។ ការប្រកាសរបស់មេធាវីតំណាងលោកត្រាំនេះ គឺមិនខុសពីការជ្រៀតជ្រែក ដាក់សំពាធ បង្ខំទៅលើ FBI នោះទេ ព្រោះខ្លាចបាត់សម្លេងឆ្នោត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ