អានតួអត្ថបទ

វ៉េណេស៊ុយអេឡា៖ រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បើក​ការ​ចរចាគ្នា ក្រោម​អន្តរាគមន៍​របស់​ន័រវ៉េស

នៅទីក្រុងអូស្លូ ប្រទេសន័រវ៉េស ភាគីតំណាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងភាគីតំណាងបក្សប្រឆាំងរបស់លោក រ្ហ័ន ហ្កៃដូ ទើបតែបានចាប់ផ្តើម ជួបនិយាយគ្នា ក្រោមការជ្រោជ្រែងជាអាជ្ញាកណ្តាល របស់ន័រវ៉េស។ នៅថ្ងៃសុក្រ ម្សិលមិញ លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានប្រកាសអបអរ ចំពោះការបើកផ្លូវចរចានេះ។ តែផ្ទុយទៅវិញ​ លោក រ្ហ័ន ហ្កៃដូវិញ បានលើកឡើងថា លោកមិនរំពឹងថាការចរចានៅអូស្លូ នេះ នឹងអាចអូសលោកនីកូឡា ម៉ាឌូរ៉ូ ឲ្យធ្លាក់ពីកៅអីអំណាចនោះទេ។

លោក នីកូឡា ម៉ាឌូរ៉ូ កំពុងនិយាយ​ទៅកាន់​កងទ័ព ដែលស្មោះស្ម័គ្រ​។ ថ្ងៃទី ១៦ ឧសភា ២០១៩
លោក នីកូឡា ម៉ាឌូរ៉ូ កំពុងនិយាយ​ទៅកាន់​កងទ័ព ដែលស្មោះស្ម័គ្រ​។ ថ្ងៃទី ១៦ ឧសភា ២០១៩ Miraflores Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសន័រវ៉េស បានឲ្យដឹងថា គណប្រតិភូតំណាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងគណប្រតិភូ តំណាងគណបក្សប្រឆាំង បានទៅដល់ទីក្រុងអូស្លូហើយ ដើម្បីបើការចរចាវិសាមញ្ញមួយ ស្តីពីបញ្ហានយោបាយរបស់វ៉េណេស៊ុយអេឡា។ តាមការគ្រោងទុក ការប្រជុំចរចានេះ នឹងមានរយៈពេល​២សប្តាហ៍។

នៅចំពោះមុខមេទ័ព និងនាយទាហានធំៗ កាលពីថ្ងៃសុក្រទី​១៧ឧសភា លោកនីកូឡាម៉ាឌូរ៉ូ បានប្រកាសអបអរ ហើយអរគុណប្រទេសន័រវ៉េស ដែលបានជួយជ្រោម​ជ្រែង ធ្វើជា​អាជ្ញាកណ្តាល ដល់ការចរចានេះ។ លោកម៉ាឌូរ៉ូ បញ្ជាក់ទៀតថា ការចរចា​នេះ នឹង​អាច​បើកផ្លូវ កំណត់កាលបរិច្ឆេទច្បាស់លាល់ ដើម្បីដោះស្រាយវិបត្តិ​វ៉េណេស៊ុយអេឡា ដោយសន្តិវិធី។

ដោយឡែក លោករ្ហ័ន ហ្កៃ ដូ ប្រធានសភា និងជាមេក្រុមប្រឆាំង បានលើកឡើងថា លោកគ្មានទំនុកចិត្តលើការចរចានៅក្រុងអូស្លូ ទាល់តែសោះ។ លោកថាការចរចានេះ ជាការចរចាក្លែងក្លាយ ព្រោះលោកនីកូឡា ម៉ាឌូរ៉ូ​ នឹងធ្វើគ្រប់យ៉ាង ដើម្បីបន្តក្រាញននាល គ្រប់គ្រងអំណាចតទៅទៀត។ លោក រ្ហ័ន ហ្កៃដូ បញ្ជាក់ឲ្យដឹងទៀតថា លោកនឹងជួប ជាមួយមន្ត្រីទូតនៃបណ្តាប្រទេសអឺរ៉ុប និងប្រទេសអាមេរិកខាងត្បូងមួយចំនួន ដើម្បីពិភាក្សាគ្នា។

លោក Michael Shifter ប្រធានមជ្ឈមណ្ឌលដើម្បីការសន្ទនាអន្តរអាមេរិក បានលើកឡើងថា លោករ្ហ័ន ហ្កៃដូ មានហេតុផលត្រឹមត្រូវ ដែលមិនផ្តល់ក្តីសង្ឃឹម លើការចរចានៅអូស្លូ ព្រោះការចរចានេះ នឹងមិនអាចបិទបញ្ចប់ការក្រាញអំណាច របស់លោកម៉ាឌូរ៉ូ ដូចដែលលោករ្ហ័ន ហ្កៃដូចង់បានទេ។ ក្រុមប្រឆាំង ក៏បានដកពិសោធន៍ កន្លងមក ដែលរដ្ឋាភិបាលលោកម៉ាឌូរ៉ូ ព្រមចរចា ដោយមិនស្មោះ ដើម្បីកេងចំណេញពេលវេលា និងយកឱកាស វាយបំបែកក្រុមប្រឆាំងឲ្យទ្រុឌទ្រោម ចុះទន់ខ្សោយតែប៉ុណ្ណោះ។

សម្រាប់លោក Luis Salamanca អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅអាមេរិកខាងត្បូង យល់ថា​ កម្មវត្ថុតែមួយនឹងធំបំផុតរបស់លោករ្ហ័ន ហ្កៃដូ គឺបិទបញ្ចប់សករាជអំណាច របស់លោកម៉ាឌូរ៉ូ។ ដូច្នេះបើទោះបីជាមានការចរចា ឬគ្មាន ក៏លោករ្ហ័ន ហ្កៃដូ នៅតែមិនបោះបង់ជម្រើស សុំអន្តរាគមន៍យោធាពីអាមេរិក ដើម្បីផ្តួល​រំលំរដ្ឋាភិបាល លោកម៉ាឌូរ៉ូ ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ