អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ ត្រាំ ​កាក់កប​នឹង​ជំនួញ ​តែ​​ជំពាក់​បំណុល​ធនាគារ ​ជាង​៣០០​លាន​ដុល្លារ

ការិយាល័យ​សីលធម៌​ក្នុង​ការ​ដឹកនាំ ​របស់​អាមេរិក ​ទើប​បាន​ចេញ​របាយការណ៍​មួយ​ បង្ហាញ​ពី​ស្ថានភាព​ប្រាក់​ចំណូល ​និង​ប្រាក់​បំណុល​របស់​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក។​ យោង​តាម​របាយការណ៍ ​នេះ ​លោក ​ដូណាល់ ត្រាំ ​កំពុង​ជាប់​ជំពាក់​ប្រាក់​បំណុល​ធនាគារ ​ចំនួន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ ​ខណៈ​ដែល​ប្រាក់​ចំណូល​របស់​គាត់​ បាន​កើនឡើង​ខ្លាំង​ នៅ​ក្រោយ​ពេល​ដែល​គាត់​បាន​ក្លាយ​ជា​ប្រធានាធិបតី។

លោក ដូណាល់ ត្រាំ ទទួលជួប​លោក​ប្រធានាធិបតីចិន នៅវិមាន Mar-a-Lago ដែលជា​ក្លឹប​​ឯកជន​ដ៏​ប្រណិត​របស់​ខ្លួន
លោក ដូណាល់ ត្រាំ ទទួលជួប​លោក​ប្រធានាធិបតីចិន នៅវិមាន Mar-a-Lago ដែលជា​ក្លឹប​​ឯកជន​ដ៏​ប្រណិត​របស់​ខ្លួន Reuters
ផ្សាយពាណិជ្ជកម្ម

ការិយាល័យក្រម​សីលធម៌​ក្នុង​ការ​ដឹកនាំ ​របស់​សហរដ្ឋ​អាមេរិក ​(www.oge.gov) បាន​ចេញ​របាយការណ៍​កម្រាស់​៩៨​ទំព័រមួយ ​ជា​សាធារណៈ ​កាល​ពី​ថ្ងៃសុក្រ ​ទី ​១៦​ មិថុនា ​ស្តីអំពី​ស្ថានភាព​ទ្រព្យសម្បត្តិ ​ប្រាក់​ចំណូល ​ក៏ដូច​ជា​បំណុល ​របស់​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ​ទោះ​យ៉ាង​ណា ​គេមិន​អាច​ដឹង​អំពី​ប្រាក់​ចំណូល​លំអិត​ របស់​លោក​ដូណាល់ ត្រាំ​ទេ ​ដោយសារ​តែ​លោក ​បាន​បដិសេធ ​មិន​ព្រម​ប្រកាស​ផ្សាយ​ជា​សាធារណៈ។

 
យោង​តាម​របាយការណ៍​នេះ ​ក្នុង​ឆ្នាំ​ពន្ធដា​កន្លង​ទៅ​ ដែល​ទើប​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី​១៥​ មេសា ​២០១៧ ​ លោក​ដូណាល់​ ត្រាំ ​បាន​រក​ប្រាក់​ចំណូល​​ផ្ទាល់ខ្លួន ​បាន​ប្រមាណ​ជា​ ៣៧​លាន​ដុល្លារ។ ប្រាក់​ចំណូល​នេះ ​បាន​មក​មួយ​ភាគ​ធំ​ ពី​ក្លឹប​ឯកជន​របស់​លោក​ឈ្មោះ ​Mar-a-Lago ​នៅឆ្នេរ​សមុទ្រ​ម៉ៃអាមី ​រដ្ឋ​ហ្ល័ររីដា។ ប្រាក់​ចំណូល​នេះ ​បាន​កើន​ឡើង​៧លាន​ដុល្លារ ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​ទៅ។ ក្រៅពី​ប្រាក់​ចំណូល​បាន​មក​ពី​ក្លឹប​ឯកជន​នេះ ​លោកត្រាំ ​ក៏មាន​ប្រាក់​ចំណូល​កើនឡើង ​បាន​មក​ពី​ការ​លក់​សៀវភៅ​របស់​លោក ​ឈ្មោះ​ថា “ The Art of Deal” ​ដែល​លោក​បាន​បោះពុម្ព​នៅ​ឆ្នាំ​១៩៨៧។

គួរកត់​សម្គាល់​ថា​ ក្លឹប​ Mar-a-Lago ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក ​ដូណាល់ ត្រាំ។ ក្លឹបនេះ​ មាន​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត ​និង​ទីលាន​វាយ​ហ្គោល។ យោង​តាម​របាយការណ៍ ​តម្លៃ​ស្នាក់​នៅ ​និង​តម្លៃ​ចុះ​ឈ្មោះ​ចូល​ក្នុង​ក្លឹប​នេះ ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ នៅ​ក្រោយ​ពេល​លោក​ដូណាល់ ត្រាំ ​បាន​ក្លាយ​ជា​ប្រធានាធិបតី។ ​យ៉ាង​ណាមិញ​ លោក​ដូណាល់ ​ត្រាំ ​បាន​ព្យាយាម ​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​ឲ្យ​ក្លឹប​នេះ ​តាម​រយៈ​ការ​រៀប​ចំ​បដិសណ្ឋារកិច្ច ​ទទួល​ភ្ញៀវ​បរទេស​ធំៗ ​នៅ​ទីនោះ ​ជា​ញឹកញាប់ ​បន្ទាប់​ពី​លោក​ឡើង​កាន់​អំណាច។ ​លោក​ត្រាំ ថែម​ទាំង​បាន​ហៅ​ក្លឹប​ដ៏​ប្រណិត​នេះ​ ថា​ជា​សេតវិមាន​សម្រាប់​ខែ​រងារ​ទៀត​ផង។

អ្នកវិភាគ ​យល់​ថា ​លោក​ដូណាល់ ​ត្រាំ ​បាន​ព្យាយាម ​យក​ក្លឹប​ឯកជន​របស់​គាត់​នេះ​ ធ្វើ​ជា​ទី​និវេសនដ្ឋាន​ផ្លូវការ ​ក្នុង​មុខ​តំណែង​ប្រធានាធិបតី​អាមេរិក។ របាយ​ការណ៍​ខាង​លើ ​បាន​ធ្វើ​ការ​លំអិត ​អំពី​ការ​​ចំណាយ​ហួសហេតុ ​មិន​សមហេតុ​ផល ​ទៅលើ​ក្រុម​ការងារ​ ធានា​សន្តិសុខ​យ៉ាង​ខ្វាត់ខ្វែង ​នៅពេល​ដែល​លោក​ដូណាល់ ត្រាំ ​ទៅ​ក្លឹប​នោះ​ម្តងៗ​ ខណៈ​ដែល​អ្វីៗ​មាន​សព្វ​គ្រប់​ នៅ​ឯសេតវិមាន ​ក្រុង​វ៉ាស៊ីនតោន​ ឯនោះ។

របាយការណ៍​របស់​ការិយាល័យ​សីលធម៌​ក្នុង​ការ​ដឹកនាំ ​ក៏បាន​សរសេរ​ផងដែរ​ថា ​លោក​ដូណាល់​ ត្រាំ ​បាន​បង្ខំចិត្ត​លាលែង​តំណែង​ពី​ក្រុមហ៊ុន​ប្រមាណ​ជា ​៥៦៥​ក្រុម​ហ៊ុន។ តែ​យ៉ាង​ណា​ អាណាចក្រ​ក្រុមហ៊ុន​ Trump ​ដ៏ធំ ​នៅតែ​មាន​ភាគ​ហ៊ុន​លោក​ជានិច្ច។ ជា​អតីត​មហាសេដ្ឋី​ជំនួញ ​លោក​ដូណាល់ ត្រាំ ​បច្ចុប្បន្ន ​កំពុង​ជាប់​បំណុល​ផ្ទាល់ខ្លួន​ ប្រមាណ​ជា​ ៣១៥,៦​ លាន​ដុល្លារ។ ម្ចាស់​បំណុល​មាន​ជា​អាថទិ៍ ​ធនាគារ​Deutsch Bank ​របស់​អាល្លឺម៉ង់ ​និង​ក្រុមហ៊ុន​កម្ចី​អចលនទ្រព្យ​អាមេរិក​ Ladder Capital៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ