អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

កូនប្រសារ​លោកត្រាំ ត្រូវ​គេ​សង្ស័យ ថា​បាន​សុំឲ្យ​រុស្ស៊ី ​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស ​រវាង​លោក ត្រាំ​ និង​លោក​ពូទីន

រឿងរ៉ាង​សង្ស័យ​ទំនាក់​ទំនង ​រវាង​ក្រុម​បក្ស​ពួក​ លោក​ដូណាល់ ត្រាំ ​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ​កាន់តែ​រីក​ធំ​ឡើងៗ​ ធ្វើ​ឲ្យ​សេតវិមាន​អាមេរិក​ ស្ថិត​ក្នុង​ស្ថានការណ៍​មួយ​ ដ៏​លំបាក។ កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​កន្លង​ទៅ ​កាសែត ​Washington ​Post​ បាន​ចុះផ្សាយ​ថា ​FBI ​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត ​លើ​រូបលោក ​ចារេដ គូឆនែរ ​កូន​ប្រសារ ​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ។ បន្ថែមពីនេះ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​កាសែត​ដដែល​នេះ ​បាន​ចុះផ្សាយ​ថា​ កូន​ប្រសារ​លោកត្រាំ ​បាន​ទាំង​ជួប​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ​កាល​ពី​ខែ​ធ្នូ​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ពិសេស ​ដោយ​សំងាត់​ រវាង​លោក ​ត្រាំ ​និង​លោក ​ពូទីន​ ថែម​ទៀត​ផង។

លោក Jared Kushner កូនប្រសារ និងជាដៃស្តាំ​ របស់​លោក ដូណាល់ ត្រាំ
លោក Jared Kushner កូនប្រសារ និងជាដៃស្តាំ​ របស់​លោក ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

ភាព​សង្ស័យ ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ ដោយសារ ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ​ដំណឹង​ថ្មី​បាន​បែក​ធ្លាយ​ជា​បន្តបន្ទាប់ ​ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ​ ដែល​ថា ​លោក​ដូណាល់ ត្រាំ ​ព្រមទាំង​បក្ស​ពួកខ្លួន​ បាន​លួច​មាន​ទំនា​ក់ទំន​ងស៊ុំ​គ្រលំ ​ដោយ​សំងាត់ ​ជាមួយ​នឹង​តំណាង​រដ្ឋាភិបាល​របស់​រុស្ស៊ី។ ពេលនេះ​រឿងរ៉ាវ​ បាន​រាលដាល​មក​ដល់​លោក ​Jared Kushner ​កូន​ប្រសារ​​ និង​ជា​ដៃស្តាំ​ ជំនិត​បំផុត​ របស់​លោក​ដូណាល់ ត្រាំ។

 
បើតាម​ការ​ចុះផ្សាយ​របស់ ​Washington Postកាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​នៅ​រវាង​ខែ ​មេសា ​និង​ខែ​ វិច្ឆិកា ​ឆ្នាំ២០១៦​កន្លង​ទៅ ​ពោល​គឺ​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត ​ លោក ​Jared Kushner ​បាន​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ យ៉ាងហោច​ណាស់ ​ចំនួន​២ដង ​ជាមួយ​នឹង​លោក​ Sergueï Kislyak ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ ប្រចាំ​ក្រុង​វ៉ាស៊ីនតោន។

Washington Post​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​កាល​ពី​ដើម​ខែ​ធ្នូ ​ចុង​ឆ្នាំ​២០១៦ ​លោក Jared Kushner ​បាន​ជួប​នឹង​លោក ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី ​នៅ​អាគារ ​Trump Tower​ ហើយ​បាន​ស្នើ​ទៅខាង​រុស្ស៊ី​ថា ​ត្រូវ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ពិសេស​មួយ ​ដើម្បី​អាច​ឲ្យ​លោក ​ដូណាល់ ត្រាំ ​និង​លោក​ ពូទីន​ អាច​និយាយ​គ្នា​ ដោយ​សំងាត់​ ចៀសវៀង​ការ​ប្រើប្រាស់​បណ្តាញ​ធម្មតា។ ធ្វើ​ដូចនេះ ​គឺ​ដើម្បី​កុំ​ឲ្យ​ពួក​ចារកិច្ច​អាមេរិក​ FBI​ ឬ​ក៍​ CIA​ ចាប់​ថ្នាក់​បាន។ ក្នុង​ជំនួប​នោះ ​ លោក ​Michael Flynn ​ក៏មាន​វត្តមាន​នៅ​ទីនោះ​ដែរ។

អាជ្ញាធរ ​FBI​ បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​លើ​រូបលោក ​ Jared Kushner។ ហើយបើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ ​NBC ​កូន​ប្រសារ​សំណព្វ ​វ័យ​៣៦ ​ឆ្នាំ ​របស់​ដូណាល់ ត្រាំ​ម្នាក់​នេះ​ អាច​ជា​មនុស្ស ​ដែល​ដឹង​រឿងរ៉ាវ​សំងាត់​ច្រើន​ជាង​គេ​បង្អស់ ​ទាក់ទិន​នឹង​ទំនាក់ទំនង​រវាង ​ក្រុម​បក្ស​ពួក​លោក​ដូណាល់ ត្រាំ ​និង​រដ្ឋាភិបាល​រុស្ស៊ី។ ទាំង ​FBI ​ទាំង ​CIA ​សុទ្ធតែ​បាន​បង្ហាញ​ជំហរ​ថា ​ពួក​គេ​ជឿថា ​ពិត​ជា​មាន​ការ​ស៊ិះស៊ុះ ​ស៊ុំគ្រលំ​គ្នា ​រវាង​ក្រុម​លោក​ដូណាល់ ត្រាំ ​និង​អាជ្ញាធរ​រុស្ស៊ី។ អ្វីដែល​ត្រូវ​ធ្វើ​ពេល​នេះ ​គឺត្រូវ​រក​ភស្តុតាង ​មក​ដាក់​បន្ទុក។

ដោយឡែក ​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​នេះដែរ ​ គណកម្មការ​ព្រឹទ្ធសភា ​ដែល​ទទួល​បន្ទុក​កិច្ចការ​ស៊ើប​អង្កេត​នេះ ​ បានផ្ញើរ​លិខិត ​ទាមទារ ​ឲ្យ​ក្រុម​ការងារ​របស់​លោក ​ដូណាល់ ត្រាំ ​ត្រូវ​ប្រគល់​ជូន​នូវ​សំណុំ​ឯកសារ ​ទាក់ទិន​កិច្ចការ​ឃោសនា​បោះឆ្នោត ​ទាំង​អស់។

គួររំលឹកដែរ​ថា ​តាម​ការ​ចុះផ្សាយ​របស់ ​កាសែត ​New York Times ​លោក ​James Comey ​អតីត​ប្រធាន ​FBI​ ដែល​ត្រូវ​លោក​ត្រាំ ​ដកចោល​នោះ ​បាន​ចារ​ ក្នុង​កំណត់ហេតុ​របស់​ខ្លួន​ថា ​លោក ​ដូណាល់ ត្រាំ ​បាន​និយាយ​បង្ខំ​ឲ្យ​លោក ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត ​លើ​រូបលោក ​Michael Flynn។ លោក​អតីតប្រធាន ​FBI​ រូបនេះ​ នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅមុខ​គណកម្មការ​សភា ​នៅ​ដើម​ខែ​មិថុនា​នេះ។

ទោះជា​យ៉ាងនេះ​ក្តី ​បណ្តាញ​ព័ត៌មាន​អាមេរិក​ មិនបាន​លើក​ឡើង​ទេ​ថា ​ការ​ស៊ើបអង្កេត​ បាន​រាលដាល​ទៅ​ដល់​ រូប​លោក ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ដោយ​ផ្ទាល់​ទេ។ តែ​ ​បើសិន​ ជាលោក ​James Comey​ និយាយ​បំភ្លឺ​ដូច​អ្វី​ដែល​កាសែត ​New York Times ​ចុះ​ផ្សាយមែន​នោះ ​លោក​ប្រធានាធិបតី​ត្រាំ ​អាច​នឹង​ប្រឈមមុខ​ នឹង​ទោស​បំពាន​លើ​អំណាច​យុត្តិធម៌​ ហើយ​អាច​ត្រូវ​សភា​ទាំងពីរ​ បោះឆ្នោត​ទំលាក់​ពី​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ