អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិធីតែង​តាំង​បេក្ខជន​ប្រធានាធិបតី ​ដូណាល់ ត្រាំភ៍ ស្ថិត​ក្នុង​ការ​ការពារ​សន្តិសុខ​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១៨ ​ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ទី​ ២១​កក្កដា​នេះ ​គឺ​ជា​ពិធី​សមាជ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ ​គឺ​លោក ដូណាល់​ ត្រាំភ៍។ ពិធី​ដែល​កំពុង​តែ​ប្រព្រឹត្តិធ្វើ​នៅ​ទីក្រុង ​Cleveland ​រដ្ឋ​Ohio ត្រូវ​ស្ថិត​ក្នុង​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹងរឹង​បំផុត ​ជា​ពិសេស​ដោយ​កាលៈទេសៈ​នេះ ​សហរដ្ឋ​អាមេរិក​ កំពុងស្ថិត​ក្នុង​ភាព​តានតឹង​ផ្នែក​សន្តិសុខ ​ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​ជនជាតិ​ស្បែកខ្មៅ​ និង​ការ​បាញ់​សម្លាប់​មន្ត្រីន​គរបាល​អាមេរិក​ កាល​ពី​ពេល​ថ្មីៗ​នេះ។​​ ហេតុការណ៍​បាញ់​សម្លាប់​នគរបាល​៣នាក់​ផ្សេងទៀត​ បាន​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ដែលជា​ស្នាដៃ​របស់​ជន​ស្បែកខ្មៅ​ជ្រុល​និយម​ម្នាក់។

រូបគំនូរ​សិល្បៈ​នៅ​តាមផ្ឡុវ​ ​ក្នុងទីក្រុង Cleveland រដ្ឋ Ohio
រូបគំនូរ​សិល្បៈ​នៅ​តាមផ្ឡុវ​ ​ក្នុងទីក្រុង Cleveland រដ្ឋ Ohio REUTERS/Jim Urquhart
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំភ៍ ​នឹង​ត្រូវ​សមាជ​របស់​គណបក្ស​សាធារណរដ្ឋ​តែងតាំង​ជា​ផ្លូវការ​ ឲ្យ​ក្លាយ​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ​លោក ដូណាល់ ត្រាំ ​មហាសេដ្ឋី​សម្តី​ក្អេងក្អាង​ ដែល​មនុស្ស​ភាគច្រើន​ស្អប់​នោះ ​ នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​លោក ​ស្រី ហ៊ីឡារី គ្លីនតុ​ន ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​ហើយ។

 
ពិធី​សមាជ​តែងតាំង​លោក​ដូណាល់ ត្រាំភ៍នេះ​​ ត្រូវ​ធ្វើ​រយៈពេល​៤ថ្ងៃ ​ពី​ថ្ងៃ​ចន្ទ​នេះ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។ កន្លែង​ដែល​គេ​រៀបចំ​ធ្វើ​ គឺ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ឈ្មោះ ​Quicken Loans Arena ​ស្ថិត​ក្នុង​ក្រុង ​Cleveland រដ្ឋ​Ohio។
 

វេទិកា​ធ្វើ​សន្ទរកថា​ ខាងក្នុង​ពហុកីឡាដ្ឋាន ​ក្រុង​Cleveland​
វេទិកា​ធ្វើ​សន្ទរកថា​ ខាងក្នុង​ពហុកីឡាដ្ឋាន ​ក្រុង​Cleveland​ REUTERS/Jonathan Ernst

កម្មវិធី​ប្រព្រឹត្តិទៅនៃ​ពិធី​នេះ ​ទើបតែ​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ ​កាល​ពី​ថ្ងៃ​យប់​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ។​ យោង​តាម​ដំណឹង​នេះ ​គឺ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ លោកស្រី​Melania ​ភរិយា​លោក​ដូណាល់ ត្រាំភ៍​នឹង​ឡើង​ថ្លែង​សន្ទរកថា។ បន្ទាប់​មកទៀត​នៅ​ល្ងាច​ថ្ងៃ​អង្គារ ​គឺ​ដល់​វេន​សន្ទរកថា​របស់​កូនស្រី ​ឈ្មោះ ​Tiffany​ និង​កូន​ប្រុស​ច្បង​ឈ្មោះ ​Donald Jr. ។ បន្ទាប់​ទៀត ​នៅល្ងាច​ថ្ងៃ​ពុធ ​ គឺ​ កូន​ប្រុស​ទី​ពីរ ​ឈ្មោះ ​Eric​ នឹង​ត្រូវធ្វើ​សន្ទរកថា ​មុននឹង​ទុក​ក្បាល​មីក្រូទៅ​ឲ្យ​កូន​ស្រី​សំណព្វចិត្ត ​និង​ជា​អ្នក​ដែល​សកម្ម​ជាងគេ​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ​ដូណាល់ ត្រាំភ៍ ​គឺ​កូនស្រី​គាត់​ឈ្មោះ ​Ivanka ​នៅថ្ងៃ​ព្រហស្បតិ៍។ ហើយនៅថ្ងៃ​ចុងក្រោយ​នេះ​ដែរ​ លោក​ដូណាល់ ត្រាំភ៍ ​នឹង​ធ្វើ​សន្ទរកថា​ ទទួល​យល់​ព្រម​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​ ដើម្បី​បិទ​កម្មវិធី។

គេ​ស្អប់ច្រើនពេក ​ត្រូវ​យាមកាម​សន្តិសុខ​ឲ្យបាន​ខ្លាំង៖
កម្មវិធី​តែងតាំង​លោក​ដូណាល់ ត្រាំភ៍​នេះ ​ត្រូវធ្វើ​ឡើង​ដោយ​មាន​ការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងតែង​បំផុត​ ដែល​គេ​មិន​ធ្លាប់​ឃើញ​ទេ។ វិធានការ​សន្តិសុខ​ទាំងនេះ ​ក៏​ដោយសារ​តែ​សហរដ្ឋ​អាមេរិក ​ កំពុងស្ថិត​ក្នុង​ស្ថានភាព​វិកវរ​ជាខ្លាំង ​ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​គ្នា​ទៅ​វិញ​ទៅមក ​ រវាង​ជនជាតិ​ស្បែកខ្មៅ ​និង​មន្ត្រី​នគរបាល​ស្បែក​ស។ ដូច្នេះ​ហើយ ​ទើប​គេ​ក្រែង​បារម្ភ​ពី ​អំពើ​ហិង្សា​ដោយ​ប្រការ​ណាមួយ​​ ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​កម្មវិធី​រយៈ​ពេល​៤ថ្ងៃ​នេះ។

ពហុកីឡាដ្ឋាន​ ដែល​គេ​រៀបចំ​ពិធី​នេះ ​ត្រូវ​បិទ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ដើម្បី​ត្រួត​ពិនិត្យ​សម្អាត ​ហើយ​មិន​ឲ្យមាន​នរណា​ចូល​ជិត​ទេ។​ របង​ដែក​កំពស់​ជាង​២ម៉ែត្រ ​ត្រូវ​បាន​គេ​ដាក់​នៅ​ជុំវិញ​នោះ ​ហើយ​តាម​ច្រកចេញ​ចូល​សំខាន់ៗ ​ គេមាន​ដាក់​ជា​ផ្ទាំង​ថ្ម​បេតុង​ធំៗ ​ហើយ​គេ​មាន​ទាំង​ដាក់​ត្រៀម​រថយន្ត​ឈូសទឹក​កក ​ដើម្បី​ការពារ​ក្នុង​ករណី​មាន​ការ​រុល​សម្រុក​ចូល​ របស់​ក្រុម​បាតុករ។ រថយន្ត​នគរបាល ​ជា​ច្រើន​គ្រឿង​កំពុង​បើក​ចុះ​បើក​ឡើង​យ៉ាង​មមា​ញឹក ​ ហើយ​ពី​លើ​មេឃ ​គេ​សង្កេត​ឃើញ​មាន​ឧត្ថម្ភាគចក្រ ​ជាច្រើន​គ្រឿង ​ដែល​ចាំ​ឃ្លាំមើល​សន្តិសុខ​ផងដែរ។

សម្រាប់​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ ​ ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់។ ក្នុង​ចំណោម​នោះ​មាន​ អ្នក​បោះឆ្នោត​តំណាង​ទាំង​៥០០០​នាក់​ ភ្ញៀវ​ពិសេស​របស់​គណបក្ស​សាធារណរដ្ឋ ​ និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជា​១៥០០០​នាក់ ​មក​ពី​ជុំវិញ​ពិភពលោក។ មនុស្ស​ទាំងអស់​នេះ ​ថ្វី​បើមាន​សិទ្ធិ​ចូល​ តែ​មិន​អាច​យក​អ្វី​ផ្តេសផ្តាស ​ចូល​ទៅ​បាន​ទេ។ គេ​បាន​ដាក់​ប្រកាស​ហាមឃាត់ ​មិន​ឲ្យ​យកចូល​នូវ​សម្ភារៈ​ជា​ច្រើន ​ដូចជា ​អាវុធ​ជាតិផ្ទុះ​ កាំបិត ​ចំណី​អាហារ​គ្រប់មុខ ​ឆ័ត្រ ​គ្រាប់​បាល់តេ​នីស ​និង​កា​បូប​ធំៗ​ជាដើម។

វិធានការ​សន្តិសុខ​ទាំងអស់​នេះ ​គឺ​​ដោយសារ​តែលោក​ដូណាល់​ ត្រាំភ៍ ​មាន​គេ​ស្អប់​ច្រើន​ពេក​ ម្លោះហើយ​គេ​ត្រូវ​បង្ការ​វា​ទុក​ជាមុន។ ជាក់ស្តែង​កាល​ពី​ចុង​ខែ​មិថុនា​ មាន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ បាន​ប៉ុនប៉ង​សម្លាប់ ​លោក​ដូណាល់ ត្រាំភ៍ ​នៅ​កណ្តាល​ពិធី​ធ្វើ​សន្ទរកថា​នយោបាយ​តែម្តង។

ជម្លោះ​រវាង​ជនជាតិ​ស្បែកស ​និង​ស្បែក​ខ្មៅ បូក​បន្ថែម​នឹង​ការ​កាន់​អាវុធ​ដោយសេរី៖

ក្រុមបាតុករ​ប្រឆាំងនឹងសម្តី​រើសអើស​​ពូជ​សាសន៍​​របស់​​លោក ដូណាល់ ត្រាំ
ក្រុមបាតុករ​ប្រឆាំងនឹងសម្តី​រើសអើស​​ពូជ​សាសន៍​​របស់​​លោក ដូណាល់ ត្រាំ REUTERS/Adrees Latif

ក្រុម​សកម្មជន​ដែល​ប្រឆាំង​និង​គោល​នយោបាយ​របស់​លោក ​ដូណាល់ ត្រាំភ៍ ​មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅខាង​មុខ​ច្រក​ចូល​ពិធី​នេះ។ បាតុកម្ម​មួយ​ចំនួន​ បាន​ចាប់​ផ្តើម​ធ្វើ​រួចទៅ​ហើយ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៧ កក្កដា នៅក្រុង​ Cleveland​ នេះ ​ដូច​ជា​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​ប្រកាន់​ពូជ​សាសន៍ ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដោយ​យក​សាសនា​មក​ជា​ត្រីមុខ​ ជាដើម។

អាជ្ញាធរ​បាន​ចរចា​ជាមួយ​ក្រុម​បាតុករ ​ជាច្រើន​សប្តាហ៍​មក​ហើយ ​ ដើម្បី​កំណត់​ពី​ទីតាំង​ នៃ​ការ​ដង្ហែរក្បួន​ ធ្វើ​យ៉ាងណា​ចៀសវៀង​កុំឲ្យ​មាន​ការបែង​ចែក​កន្លែង​ច្រើនពេក ​ដែល​អាច​បង្ករ​ឲ្យមាន​ការ​លំបាក​ ក្នុង​ការ​ការពារ​សន្តិសុខ។

បញ្ហា​បារម្ភ​ធំមួយ​ទៀត​នោះ ​គឺ​ថា​នៅ​រដ្ឋ​Ohio​ គឺ​នរណាក៏​អាច​កាន់​អាវុធ​បាន​ដែរ​ ​ឲ្យ​តែ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ។ លោក ​ប្រធាន​សហជីព​នគរបាល​នៅ​ទីក្រុង​នោះ ​បាន​ព្យាយាម​ស្នើរ​សុំ​ថា​ត្រូវហាម​ឃាត់​កុំឲ្យ​ មនុស្ស​ដែល​មក​ធ្វើ​បាតុកម្ម ​កាន់​អាវុធ​មក​ជាប់​ខ្លួន​ឲ្យ​សោះ។ តែ​សម្នើរ​នេះ ​មិន​ត្រូវ​បាន​គេ​យល់​ព្រម​ទេ។

ដូចយើង​ដឹង​ហើយ​ ថាលោក​​ដូណាល់ ត្រាំភ៍ ​បាន​ធ្វើការ​ឃោសនា​ខ្លាំងៗ​ដែល​មាន​លក្ខណៈ​រើសអើង​ ស្អប់​ខ្ពើម​ជនជាតិ​ស្បែកខ្មៅ ​និង​ជន​អន្តោប្រវេសន៍​ទូទៅ។ ស្ថិតក្នុង​កាលៈទេសៈ ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែហែកហួរ​ដោយ​ការ​ស្អប់គ្នា ​រវាង​ក្រុម​ស្បែកខ្មៅ ​និង​ស្បែកស ​ បូកផ្សំ​ជាមួយ​ចរាចរណ៍​ ប្រើប្រាស់​អាវុធ​ដោយ​សារី​ទៀត​នោះ ​គឺ​ថា​ធ្វើឲ្យ​គេ​បារម្ភ​ខ្លាំងណាស់ ​ ​គឺ​បារម្ភ​ក្រែង​មាន​ហេតុការណ៍​បាញ់​សម្លាប់​គ្នា ​នៅក្នុង​ពិធី​នេះ។

យ៉ាងណាមិញ ​ ករណី​បាញ់​សម្លាប់​មន្ត្រី​នរគបាល​ស្បែកស ​៣នាក់​កាល​ពី​ថ្ងៃ​អាទិត្យ ​១៧ កក្កដា​ គឺធ្វើ​ឡើង​ដោយ​ជន​ដៃដល់​ជាជនជាតិ​ស្បែកខ្មៅ ​ដែល​ជននេះ ​ជា​សមាជិក​របស់​ចលនា​ជ្រុល​និយម​មួយឈ្មោះ​ថា ​Nation Washitaw។ ចលនា​នេះ ​ត្រូវ​គេ​ស្គាល់​ជា​ចលនា​បែប​ហិង្សា ​របស់​ក្រុម​ជនជាតិ​ស្បែកខ្មៅ​ជ្រុល​និយម ​ដែល​មិន​ញញើត​នឹង​ប្រើ​អំពើ​ហិង្សា ​ដើម្បី​សងសឹក​ទៅ​លើ​ជន​ជាតិ​ស្បែក​ស។

វិបត្តិដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​ នាពេល​នេះ​ គឺ​ជម្លោះ​រវាង​ជនជាតិ​ស្បែកខ្មៅ​ និង​ជន​ជាតិ​ស្បែក​ស​នេះ​ឯង។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ ​ប្រជាជន​អាមេរិក​ជាង​៨០% ​ ចង់ឲ្យ​រដ្ឋាភិបាល​ថ្មី ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព។ ក៏ប៉ុន្តែ​បើ​យើង​ក្រលេក​មក​មើល​គោល​នយោបាយ​របស់​លោក ​ដូណាល់​ ត្រាំភ៍ ​គឺ​ថា​គ្មាន​នរណា​មាន​សង្ឃឹម​ថា ​បញ្ហា​ជម្លោះ​ប្រកាន់​ពូជសាសន៍​នេះ ​នឹង​អាច​ដោះស្រាយ​បាន​ទេ ​ព្រោះ​លោក​ ដូណាល់ ត្រាំភ៍ ​ខ្លួនឯង​ ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​ដ៏​ងប់ងុល​បំផុត​តែម្តង។ ដូច្នេះ​បើ​ដូណាល់ ត្រាំភ៍ ​ជាប់​ជា​ប្រធានាធិបតី ​គឺ​សហរដ្ឋ​អាមេរិក ​ប្រាកដ​ជា​ធ្លាក់​ក្នុង​អំពើ​ហិង្សា​កាន់តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ