អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ ​ចុះ​ហត្ថលេខា​លើ​ក្រិត្យច្បាប់​ថ្មី ហាមឃាត់​ប្រជាជន​ប្រទេស​អ៊ីស្លាម ​​ចូល​សហរដ្ឋ​អាមេរិក

បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​អាមេរិក ​សម្រេច​ព្យួរ​មិន​ឲ្យ​អនុវត្តិ​ក្រិត្យ​ច្បាប់​ដែល​ហាម​ឃាត់​ប្រជាជន​ប្រទេស​អ៊ីស្លាម​៧​ប្រទេស ​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក ​នៅថ្ងៃ​ចន្ទ​ទី៦​មីនា​ ម្សិលមិញ ​លោក​ដូណាល់​ ត្រាំ​ប្រធានាធិបតី​អាមេរិក​ បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ច្បាប់​ថ្មី​មួយ​ទៀត ​ដោយ​បាន​កែរ​សម្រួល​ខ្លឹមសារ​ខ្លះ ​ ដើម្បី​គេច​ចេញ​ពីការ​ចោទ​ប្រកាន់​របស់​តុលាការ។ តែ​យ៉ាងណា ​សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ក្រិត្យ​​ច្បាប់​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ​នៅ​តែ​មាន​ខ្លឹមសារ​រើសអើង ​ទៅលើ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​ដដែល។

លោក Donald Trump ចុះហត្ថលេខា​លើ​ក្រុិត្យ​ច្បាប់ថ្មី​​កំណត់​​ហាមឃាត់​​អន្តោប្រវេសន៍​ មកពី​​ប្រទេស​អ៊ីស្លាម​​៦​​ប្រទេស
លោក Donald Trump ចុះហត្ថលេខា​លើ​ក្រុិត្យ​ច្បាប់ថ្មី​​កំណត់​​ហាមឃាត់​​អន្តោប្រវេសន៍​ មកពី​​ប្រទេស​អ៊ីស្លាម​​៦​​ប្រទេស REUTERS/Carlos Barria/FILE
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​លើក​មុនៗ ​ លោក​ដូណាល់ ត្រាំ ​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ច្បាប់​អន្តោប្រវេសន៍​ថ្មី ​នៅ​ថ្ងៃ​ចន្ទ​ទី​៦​មីនា ​ដោយ​ស្ងាត់ៗ ​ដោយ​ពុំបាន​ប្រកូក​ប្រកាស​ហៅ​អ្នក​កាសែត ​ឲ្យទៅ​ផ្អើល​ឈូរឆ​ទេ។ ក្រិត្យ​ច្បាប់ ​រុះរើ​សា​ជា​ថ្មី​នេះ ​មាន​ប្រវែង​វែង​ជាង​ក្រិត្យ​ច្បាប់​ចាស់ ​ដល់​ទៅ​ពីរ​ដង ​ ដែល​មន្ត្រី​សេតវិមាន​បាន​អះអាង​ថា ​ព្រោះ​គេ​បាន​សរសេរ​លំអិត​វា ​ដើម្បី​សង្កត់​ខ្លឹមសារ​អត្ថន័យ​ឲ្យ​បាន​ច្បាស់។

 
លោក​ Sean Spicer​ អ្នក​នាំពាក្យ​សេតវិមាន​​ បាន​បញ្ជាក់​ថា ​គោល​ការ​គ្រិះ​នៃ​ក្រិត្យ​អន្តោប្រវេសន៍​ថ្មី​នេះ ​មិន​ខុស​ពី​ក្រិត្យ​ចាស់ ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី​ ២៧​មករា​ទេ។ អ្វី​ដែល​ដែល​គេ​បាន​កែ​សម្រួល ​នៅ​ក្នុង​ក្រិត្យ​ថ្មី​នេះ ​ គឺ​គេ​បាន​ដក​ប្រទេស​អ៊ីរ៉ាក់​ ចេញ​ពី​ចំណោម​ប្រទេស​ដែល​ត្រូវ​ហាមឃាត់ ​ហើយ​ចំពោះ​អ្នក​ដែល​មាន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ ឬ​ក៏​អ្នក​ដែល​បាន​ទទួល​ទិដ្ឋាការ​ចូល​ដី​អាមេរិក​រួចរាល់​ហើយ ​ គឺ​អាច​ចូល​មក​សហរដ្ឋ​អាមេរិក​ បាន​ជា​ធម្មតា។

ទាក់ទិន​នឹង​ជ​នភៀសខ្លួន​ ​គឺ​ក្រិត្យច្បាប់​ថ្មី​នេះ ​បាន​កំណត់​ផ្អាក​ ឈប់​ទទួល​ជន​ភៀស​ខ្លួន​ទាំង​អស់​មក​ពី​គ្រប់​ប្រទេស ​ រយៈ​ពេល​១២០​ថ្ងៃ​ ដដែល​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​ជាធរមាន​ទៅ ​គឺ​ថ្ងៃទី​ ១៦ ​មីនា ​ដោយ​រាប់​បញ្ចូល​ទាំង​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ស៊ីរី​ដែរ។ ចំណែក​ជន​ភៀសខ្លួន ​ ដែល​បាន​ទទួល​ក្រដាស​ស្នាម​ត្រឹមត្រូវ ​ហើយ​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ​នោះ ​នឹង​អាច​ចូល​មក​អាមេរិក​បាន។ រីឯ​មាត្រា​ដែល​មាន​ខ្លឹមសារ​លំអៀង​ ទៅ​លើ​ជន​អន្តោប្រវេសន៍​កាន់​សាសនា​គ្រិស្តិ​ ក៏​ត្រូវ​បាន​លប់​ចោល​ដែរ។

យ៉ាង​ណាមិញ ​លោក​ប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិក​ បាន​និយាយ​ថា ​ជាមួយ​នឹង​ក្រិត្យ​ច្បាប់ថ្មី​ នេះ​ ​គឺ​រដ្ឋាភិបាល ​មាន​បំណង​បញ្ចៀស​បញ្ហា​រញ៉េរញ៉ៃ ​នៅតាម​ប្រលាន​យន្តហោះ ​និង​ច្រក​ចូល​អន្តោប្រវេសន៍​នានា​ មិន​ឲ្យ​កើត​ឡើង ​ដូច​កាល​ពី​លើក​មុន។

លោក​ដូណាល់ ត្រាំ​ បាន​អះអាង​ជា​ថ្មី​ថា ​ក្រិត្យ​នេះ ​មាន​សារៈ​សំខាន់​ណាស់ ​ក្នុង​ការ​ទប់ស្កាត់ ​កុំ​ឲ្យ​ពួក​ភេរវកម្ម​ចូល​មក​អាមេរិក។ រដ្ឋាភិបាល​លោក​ត្រាំ ​បញ្ជាក់​ថា​ក្រឹត្យ​នេះ​ គឺ​ជា​ការ​ចាប់ផ្តើម​​ អនុវត្ត​គោលនយោបាយ​រួម​ ទៅ​ថ្ងៃ​មុខ​របស់​រដ្ឋាភិបាល​លោក​ត្រាំ ​ដែល​សំដៅ​ដាក់​វិធានការ​ឲ្យ​តឹងតែង​ ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញចូល​ មក​ក្នុង​ទឹកដី​អាមេរិក។

តែ​យ៉ាងណា​ក៏​ដោយ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ធំ ​ ព្រម​ទាំង​សមាគម៍​នានា ​នៅ​អាមេរិក​ បាន​បន្ត​រិះគន់​ថា​ ក្រិត្យ​ច្បាប់​ថ្មី​នេះ ​នៅតែ​មាន​ខ្លឹមសារ​រើសអើង ​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដដែល។ ជាងនេះ​ទៅទៀត​ វិធានការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​បែប​នេះ ​ គឺ​វា​គ្មាន​ប្រសិទ្ធិភាព​ទេ​ ផ្ទុយទៅ​វិញ​អាមេរិក ​ដែល​លោក​ដូណាល់​ ត្រាំ ​ចង់​ធ្វើ​ឲ្យ​ខ្លាំង​ឡើង​វិញ​នោះ ​គឺ​វា​បាន​ក្លាយ​ជា​អាមេរិក​អន់ ​និង​កំសាក​ជាទី​បំផុត។ អង្គការ ​សមាគម​នានា ​បាន​សន្យា​ ណាត់​ជួប​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​នៅ​ចំពោះ​មុខ​តុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ