អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ​សម្រេច​ដក ​ស្ទីវ បានន់ ​ចេញ​ពី​តំណែង​ទីប្រឹក្សា​យុទ្ធសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ផ្ទៃក្នុង​នៃ​សេតវិមា​នប្រធានាធិបតី​អាមេរិក​ កាន់តែ​រង្គោះរង្គើ​ឡើង ​ដោយសារ​តែ​ការ​ប្រជែង​គ្នា ​ការ​មិន​ចុះ​សម្រុង​គ្នា ​រវាង​មន្ត្រី​ធំៗ ​របស់​លោក​ដូណាល់ ត្រាំ។ ជា​ចុង​ក្រោយ​នេះ ​លោក​ដូណាល់ ត្រាំ ​ទើបតែ​បាន​សម្រេច​ដក​តំណែង​លោក​ ស្ទីវ បានន់ ​ដែល​ជា​ទីប្រឹក្សា​យុទ្ធសាស្ត្រ ​និង​ជា​មនុស្ស ​ជំនិត​ម្នាក់ ​ ដែល​បាន​ជួយ​ជ្រោមជ្រែង ​ឲ្យ​លោក​ដូណាល់ ត្រាំ ​បាន​ឈ្នះ​ឆ្នោត។ លោក​ស្ទីវ បានន់ ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ដែរ​ ​ថា​ជា​មនុស្ស​មាន​គំនិត​ស្តាំ​និយម​ជ្រុល ​នឹង​ជា​អ្នក​ផ្តួចផ្តើម​គោល​នយោបាយ ​ដ៏​​ចំរូងចំរាស​ជា​ច្រើន​ របស់​រដ្ឋាភិបាល​លោក​ត្រាំ។

លោក Stephen Bannon ហៅ​ Steve Bannon ទីប្រឹក្សា​យុទ្ធសាស្ត្រ​ដ៏មាន​ឥទ្ធិពល ​របស់​​លោក​ដូណាល់ ត្រាំ
លោក Stephen Bannon ហៅ​ Steve Bannon ទីប្រឹក្សា​យុទ្ធសាស្ត្រ​ដ៏មាន​ឥទ្ធិពល ​របស់​​លោក​ដូណាល់ ត្រាំ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

សង្វៀន​ប្រជែង​អំណាច ​ប្រជែង​ឥទ្ធិពល​ នៅក្នុង​សេតវិមាន

តាមពិត​ទៅ ​ភាព​រង្គោះរង្គើ​នៅក្នុង​សេតវិមាន ​កើតចេញ​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​នេះ ​មិនមែន​ទើប​តែ​មាន​ថ្មី​ៗ​នេះទេ​ គឺ​មាន​យូរ​មក​ហើយ ​ក៏​ប៉ុន្តែ​អ្វីៗ ​ហាក់​បាន​បន្ថែម​ល្បឿន ​រឿង​កាន់​តែ​ធំ ​លេច​មុខ​កាន់​តែ​ច្បាស់ ​នៅមួយ​សប្តាហ៍​ចុង​ក្រោយនេះ​ គឺ​ក្រោយ​ហេតុការណ៍ ​បាតុកម្ម​ហិង្សា​នៅ​ក្រុង​ ហ្សាកឡុតវីល (Charlottesville)។

តាំងតែ​ពី​ដំបូង​ នៅ​ជុំវិញ​លោក​ដូណាល់ ត្រាំ ​ក្នុង​ចំណោម​ទី​ប្រឹក្សា​ធំៗ ​គឺ​មាន​ពីរ​ក្រុម ​ដែល​មាន​និន្នាការ​មិន​ស្រប​គ្នា ​ហើយ​តែងតែ​ប្រទាញ​ប្រទង់​គ្នា ​ឲ្យ​លោក​ដូណាល់ ត្រាំ​ធ្វើ​តាម​ខ្លួន។ ក្រុម​ម្ខាង​ជា​ក្រុម​សេរី ​កណ្តាល​និយម ​ រឺឯ​ក្រុម​ម្ខាង​ទៀត ​គឺ​ជា​ក្រុម​អ្នក​អភិរក្ស​និយម​ជ្រុល ​ដែល​មាន​លោក​ស្ទីវ ​ បានន់​ (Steve Bannon/Stephen Bannon) ​នេះ​ ជា​មេកំពូល​តែម្តង។ កន្លង​មក​នេះ ​ការ​ដក​ហូត​តំណែង​មនុស្ស​ចេញ​ពី​សេតវិមាន ​ ឬ​ក៏​ការ​សុំ​លាលែង​ពី​តំណែង​ ដោយ​សាម៉ី​ខ្លួន ​ គឺ​ពិត​ជា​ដោយសារ​មូលហេតុ​ប្រជែង​គ្នា ​ប៉ែង​ជើង​គ្នា ​នៅក្នុង​ស្ថាប័ន​នេះ។

ជាក់ស្តែង​លោក​ Reince Priebus ​ដែល​ជា​ប្រធាន​ខុទ្ទកាល័យ​ទីមួយ​របស់ ​លោក​ដូណាល់ ត្រាំ ​ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​នេះ ​ដោយសារ​តែ​និយាយ​អ្វី​ទៅ ​គ្មាន​នរណា​ស្តាប់ ​ហើយ​ត្រូវ​លោក ​ស្ទីវ បានន់ ​ប្រជែង​អំណាច។ ប្រធាន​ខុទ្ទការល័យ​ថ្មី​ គឺ​លោក ​ John Kelly​ ក៏ជួប​នឹង​បញ្ហា​នេះ​ដែរ​ ដោយ​ត្រូវ​ធ្វើ​ការ​ប្រមូល​ក្រុម​ទាំងពីរ​នោះ ​ឲ្យ​ត្រូវ​គ្នា​វិញ។

ចុង​ក្រោយ​បំផុត​នេះ ​លោក​ ស្ទីវ បានន់ ​បាន​និយាយ​យ៉ាង​ចំហរ​តែ​ម្តង​ នៅក្នុង​បទ​សម្ភាសន៍​ ជាមួយ​ទស្សនាវត្តី​ American Prospect ​ថា ​រាល់ថ្ងៃ​លោក​ធ្វើការ​ប្រយុទ្ធ​តតាំង ​ជា​ប្រចាំ​នៅ​សេតវិមាន ​ជាមួយ​នឹង​ទីប្រឹក្សា​សេដ្ឋកិច្ច​ម្នាក់​ទៀត​របស់​លោក​ត្រាំ ​ឈ្មោះ ​Gary Cohn។ តាម​រយៈ​សម្តី​អសុរស ​ធ្ងន់ៗ ​លោក​ស្ទីវ ​បានន់ ​បាន​និយាយ ​ក្នុង​ន័យ​មួយ​ ដែល​គ្រប់គ្នា ​អាច​យល់​បាន​ថា ​នៅ​សេតវិមាន​រាល់ថ្ងៃ ​គឺ​មាន​សង្រ្គាម​ផ្ទៃក្នុង ​រវាង​លោក​ដែល​មេ​ក្រុម​អភិរក្ស​និយម​ និង​លោក ​Gary Cohn ​ដែល​ជា​បក្ស​ពួក​ ខាង​អ្នក​កណ្តាល​និយម ​ដែល​គេ​ដាក់​ងារ​ថា ​“ពួក​​ញូយ៉ក”

នៅក្រោយ​ព្រឹត្តិការណ៍​ហឹង្សា​នៅ​ក្រុង​ហ្សាកឡុតវីល ​ លោក​ដូណាល់ត្រាំ ​បាន​និយាយ​ទំលាក់​កំហុស​ទាំង​សង​ខាង ​ទាំង​ក្រុម​ស្តាំនិយម​ជ្រុល ​ និង​ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជ​សាសន៍។ សម្តី​លោក​ត្រាំ ​ដែល​គេ​នាំគ្នា​រិះគន់​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា ​ដោយសារ​តែ​លោក​ស្ទីវ បានន់ ​ជាអ្នក​ប្រាប់​ឲ្យ​លោក​ត្រាំ​និយាយ​ដូច្នេះ។ ក្រោយ​មក​ទៀត​លោក​ត្រាំ ​បាន​ប្តូរ​សម្តី​វិញ ​ដោយសារ​ក្រុម​អ្នក​ទីប្រឹក្សា​ម្ខាង​ទៀត​ ជម្រុញ។ ហើយ​ដោយ​ត្រូវ​គេ​រិះគន់​ខ្លាំង​ពេក ​លោកត្រាំ ​បាន​បង្ខំ​ចិត្ត ​ដក​ហូត​តំណែង ​ទី​ប្រឹក្សា​សេដ្ឋកិច្ច​ពីរ​រូប​ចោល ​ កាល​ពី​ថ្ងៃទី​១៦ ​សីហា។ ឥឡូវ​ពេល​នេះ ​ លោកត្រាំ ​បាន​សម្រេច​ដក​ លោក​ស្ទីវ បានន់​ចោល​ម្នាក់​ទៀត។ សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​សេត​វិមាន​ ការ​ដក​លោក ​ស្ទីវ បានន់​ចោល គឺ​មិ​ន​ខុស​ពី​ដក​បន្លា​ចេញ​ពី​ទ្រូង​ទេ ​ព្រោះថា​មនុស្ស​នេះ​ បាន​បង្ក​បញ្ហា ​និង​ជះ​ឥទ្ធិពល​អាក្រក់​ ទៅលើ​លោក​ប្រធានាធិបតី​ត្រាំ។

ស្ទីវ បានន់ ​មនុស្សខ្លាំង​នៅ​ពីក្រោយ​លោក​ដូណាល់ ត្រាំ

លោក ​ស្ទីវ បានន់ ​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​មនុស្ស ​មាន​និន្នាការ​អភិរក្ស ​ជាតិ​និយម​ជ្រុល ​មិន​ថា​លើ​វិស័យ​ការបរទេស ​ឬ​វិស័យ​សេដ្ឋកិច្ច។ នៅ​ពី​ក្រោយ​គំនិត​ជាតិ​និយម​ជ្រុល​នេះ ​ស្ទីវ ​បានន់ ​មាន​ទំនោរ​បែប​ប្រកាន់​ពូជ​សាសន៍​ ស្អប់​ជនជាតិ​ស្បែក​ខ្មៅ ​ស្អប់​ជន​បរទេស​ទូទៅ ​ហើយ​ឲ្យ​តំលៃ​តែ​ទៅ​លើ​ពួក​អាមេរិក​ស្បែក​ស​ទេ។ មុន​នឹង​ចូល​មក​ប្រឡូក​ឆាក​នយោបាយ ​ស្ទីវ បានន់ ​គឺ​ជា​នាយក​ប្រតិបត្តិ ​នៃ​គេហទំព័រ​ព័ត៌មាន​មួយ​ឈ្មោះថា​ Breitbart News។ គេហទំព័រ​នេះ​ហើយ ​តែងតែ​ចុះផ្សាយ​ អួត​សរសើរ​ ពី​សកម្មភាព​របស់​ក្រុម​ស្តាំ​និយម​ជ្រុល​ Néo-Nazis ​ ឈ្មោះថា​ alt-right ។ គឺ​ក្រុម​នេះ​ឯង​ ដែល​បាន​បង្ក​អំពើ​ហិង្សា​ ឈានទៅ​ដល់​ស្លាប់​មនុស្ស​នៅ​ហ្សាកឡុតវីល។

នៅ​សេតវិមាន ​ស្ទីវ បានន់ ​ត្រូវ​គេ​ស្អប់​ច្រើន​ណាស់ ​ដោយសារ​តែ​មនុស្ស​នេះ ​ក្រអឺត​ក្រទម ​ចង់​មាន​មុខ​នៅ​គ្រប់​ទី​កន្លែង ​ដើម្បី​បញ្ចេញ​យោបល់ ​សង្កត់​គេ​ឯង​ឲ្យ​ធ្វើ​តាម​ខ្លួន។ ជាក់ស្តែង ​ស្ទីវ បានន់​ បាន​បញ្ចុះ​បញ្ចូល ​ឲ្យ​លោក​ត្រាំ ​ដាក់​ឈ្មោះខ្លួន​ នៅក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​ដើម្បី​មាន​សិទ្ធិ​ចូល​រួម​ប្រជុំ​បញ្ចេញ​យោបល់។ តែ​ក្រោយ​មក​ នៅ​ពេល​លោក​មេ​បញ្ជាការ ​McMaster ​ចូល​មក​កាន់​តំណែង ​គាត់​បាន​ដក​លោក ​ស្ទីវ បានន់​ចេញ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ស្ទីវ ​បានន់​មួរម៉ៅ ​ហើយ​ដើរ​ទៅ​និយាយ​បរិហារ ​អំពី​គោលនយោបាយ​ការបរទេស ​សម្រេច​ដោយ​ក្រុម​ប្រឹក្សា​នេះ។ ជាក់ស្តែង ​ដូចជា​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​ ដែល​ស្ទីវ​ បានន់ ​បាន​និយាយ​បរិហារ ​ជា​សាធារណៈ។ ស្ទីវ ​បានន់ ​មាន​គំនិត​ ថា​អាមេរិក​ មិន​ត្រូវ​ខ្វល់​ពី​ប្រទេស​ផ្សេង​ទៀត​ទេ ​ អាមេរិក​ ត្រូវតែ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។

មាន​រឿង​ច្រើន​ណាស់ ​ដែល​គេ​ជឿថា​ លោក​ស្ទីវ បានន់ ​ជា​អ្នក​នៅ​ពីក្រោយ ​រាល់​ការ​សម្រេច ​របស់​លោក​ដូណាល់ ត្រាំ។ លោក​ស្ទីវ បានន់​នេះ ​ត្រូវ​បាន​តែង​តាំង ​ជា​ប្រធាន​ក្រុម​ការងារ​ឃោសនា​បោះឆ្នោត ​របស់​លោក​ត្រាំ ​ប្រមាណ​ជា​៣ខែ​មុន​បោះឆ្នោត។ បន្ទាត់​នយោបាយ​ជ្រុល​និយម​ធំៗ​ជា​ច្រើន​របស់​លោក​ដូណាល់ ​ត្រាំ ​កាលពី​ពេល​ឃោសនា ​ គឺ​សុទ្ធ​តែ​ជា​គំនិត ​និង​ជំហរ​របស់​លោក ​ស្ទីវ បានន់​នេះ។ តួយ៉ាង ​ការ​ដកខ្លួន​អាមេរិក ​ចេញ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ ក្រិត្យ​ច្បាប់​ប្រឆាំង​ជន​អន្តោប្រវេសន៍​កាន់​សាសនា​អ៊ីស្លាម ​និង​គម្រោង​ធ្វើ​ច្បាប់ ​តំឡើង​ពន្ធ​ឲ្យ​ខ្ពស់ ​ទៅលើ​ទំនិញ​នាំចូល​ពី​ចិន ​និង​មិចស៊ិក​ជាដើម។ បន្ទាត់​នយោបាយ​រឹង ​ស្តាំនិយម​ អភិរក្ស​និយម​ របស់​លោក​ត្រាំ ​គឺ​ស្ទីវ​ បានន់ ​ជា​អ្នក​ការពារ​ទាំង​អស់។

អស់ពីស្ទីវ​ បានន់ ​ទៅ ​លោក​​ដូណាល់ ត្រាំ ​អាច​ប្តូរ​បន្ទាត់​នយោបាយ​ដែរ​ឬទេ?

ជា​ការពិត​ ស្ទីវ បានន់ ​បាន​និយាយ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​គឺលែង​មាន​ទៀត​ហើយ ​គោល​នយោបាយ​ធំៗ​របស់​អាណត្តិ​លោក​ដូណាល់ ត្រាំ ​ដែល​អ្នក​បោះឆ្នោត​បាន​សង្ឃឹម​ទុក។ លែង​មាន​ទៀត​ហើយ​គំរោង​ធំៗ ​ដើម្បី​ការពារ​ប្រទេស ​ដូចជា​ការ​សាងសង់​មហា​ជញ្ជាំង​ តាម​ព្រំដែន​ជាមួយ​មិចស៊ិក ​ជាដើម។ ក្នុងន័យ​នេះ ​ ស្ទីវ បានន់​ ចង់​សំដៅ​ថា​ អស់​ពី​ខ្លួន​ទៅ ​ លែង​មាន​នរណា​ការពារ​គម្រោង​ទាំង​អស់​នេះ​ទៀត​ឡើយ។

តែ​សម្រាប់​អ្នក​ជំនាញ​មួយ​ចំនួន​ យល់ថា ​បើ​គោល​នយោបាយ​លោក​ដូណាល់ ត្រាំ​អាច​ផ្លាស់ប្តូរ​ ក៏​មិន​ទាំង​ស្រុង​ដែរ។ ថ្វីត្បិត​ ស្ទីវ បានន់​ ធ្លាប់​មាន​ឥទ្ធិពល​ខ្លាំង ​ ក៏​មិនមែន​មាន​ន័យ​ថា ​អត់​ពី​ស្ទីវ​​ បានន់​ទៅ ​ លោក​ដូណាល់ ត្រាំ​ធ្វើ​អ្វី​លែង​កើត​ដែរ។ គោល​ជំហរ​ជ្រុល​និយម ​ដ៏​ចំរូង​ចំរាស​សឹង​តែ​ទាំងអស់ ​គឺ​លោក​ដូណាល់ ត្រាំ ​ប្រកាន់​ខ្ជាប់​ដោយ​ខ្លួនឯង ​មិនមែន​ស្ទីវ​ បានន់ ​ជា​អ្នក​បញ្ជា​ទេ។ វត្តមាន​របស់​ស្ទីវ បានន់ ​ក្នុង​ពេល​កន្លង​មក​ គឺ​គ្រាន់តែ​បាន​ជួយ​បន្ថែម​ ទំងន់ ​ដើម្បី​ការពារ​គោល​ជំហរ​ទាំង​នោះ​ប៉ុណ្ណោះ។ យ៉ាងណា​មិញ ​លោកត្រាំ​ខ្លួន​ឯង​ បាន​និយាយ​ថា ​ជោគជ័យ​របស់​គាត់​ មិនមែន​បាន​ដោយ​សារ​ស្ទីវ បានន់​ទេ។ ស្ទីវ​ បានន់ ​បានមក​ដល់​ក្រោយ​ទេ។

តាម​ការវិភាគ ​បន្ទាត់​នយោបាយ​ធំៗ​ របស់​រដ្ឋាភិបាល​លោក ត្រាំ​ ​គឺអាច​នឹង​រក្សា​ដដែល។ លោកត្រាំ ​បាន​បង្ខំ​ចិត្ត​ដក​ស្ទីវ ​បានន់​ចេញ​នៅពេល​នេះ ​ដោយសារ​នៅ​ក្នុង​សេតវិមាន​មាន ​ ស្ទីវ​ បានន់ ​មាន​សត្រូវ​ច្រើន​ពេល ​ ហើយ​ក្នុង​ជួរ​បក្ស​សាធារណៈរដ្ឋ ​ក៏គេ​កាន់​តែ​មិន​ពេញ​ចិត្ត​នឹង​ស្ទីវ ​បានន់​ដែរ។ ដូច្នេះ ​ការដក​ស្ទីវ ​ បានន់ ​គឺជា​ការ​ការពារ​ខ្លួន​ របស់​ដូណាល់ ត្រាំ ​មុន​នឹង​អ្វីៗ​ហួស​ពេល​ ព្រោះ​បើ​មិន​អញ្ចឹង​ទេ ​ អ្នក​ផ្សេង​នឹង​ដើរ​ចេញ​ទាំងអស់ ​ទុក​ឲ្យ​លោក​ដូណាល់ ត្រាំ ​នៅតែ​ពីរ​នាក់​ ស្ទីវ ​បានន់​មិន​ខាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ