អានតួអត្ថបទ
សហរដ្ឋអាមេរិក-តួកគី

លោក​ដូណាល់ ត្រាំ ​ទូរស័ព្ទ​ទៅ​អបអរ​ជ័យជំនះ​របស់​លោក​អ៊ែរដូហ្កាន់ ​លើ​គំរោង​ពង្រឹង​អំណាច

មួយ​ថ្ងៃ​ក្រោយ​ដឹង​លទ្ធផល​ប្រជាមតិ​នៅ​ប្រទេស​តួកគី ​ដែល​បង្ហាញ​ពី​ជោគជ័យ ​យ៉ាង​ប្រផិត​ប្រផោយ​របស់​សម្លេង​គាំទ្រ​ ការ​ធ្វើ​កំណែ​ទម្រង់ ​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ បាន​ទូរស័ព្ទ​​ទៅ​លោក​អ៊ែរ​ដូហ្កាន់ ​ប្រធានាធិបតី​តួកគី ​កាលពី​យប់​ថ្ងៃ​ចន្ទ ​ ដើម្បី​អបអរ​ជ័យ​ជំនះ​នេះ។ នេះបើ​តាម​ការ​ប្រកាស​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក។ តែ​យ៉ាង​ណា ​ក្នុង​កិច្ច​សន្ទនា ​គេ​ពុំបាន​ឃើញ​លោក​ដូណាល់ ត្រាំ​ សម្តែង​ក្តី​ព្រួយ​បារម្ភ​ទេ ​ទាក់ទិន​នឹង​ទំនោរ​ផ្តាច់ការ​​និយម ​ដែល​លោក​ប្រធានាធិបតី​តួកគី ​ កំពុង​ដើរ​នា​ពេល​នេះ។ ពោលគឺ​វា​ផ្ទុយ​ស្រឡះ ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប ​ ដែល​គេ​បារម្ភ​ថា ​តួកគី​កំពុង​ធ្លាក់​ក្នុង​របប​ផ្តាច់ការ។

លោក ដូណាល់ ត្រាំ និយាយ​ទូរស័ព្ទ
លោក ដូណាល់ ត្រាំ និយាយ​ទូរស័ព្ទ AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់​ថ្ងៃ​ចន្ទ ​ សេតវិមាន​អាមេរិក ​បាន​ប្រកាស​ផ្សាយ​នូវ​ របាយការណ៍​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ​ រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​និង​លោក​ប្រធានាធិបតី​តួកគី​ អ៊ែរដូហ្កាន់។ យោង​តាម​របាយការណ៍​នេះ ​ លោក​ដូណាល់ ត្រាំ ​បាន​និយាយ​ឆ្លើយឆ្លង ​ក្នុង​ន័យ​អបអរ​សាទរ​ចំពោះ​ជោគជ័យ​របស់​លោក​ប្រធានាធិបតី​តួកគី ​ ដែល​បាន​ទទួល​ជោគជ័យ​ ជាមួយ​នឹង​លទ្ធផល​ប្រជាមតិ ​កាល​ពី​ថ្ងៃ​អាទិត្យ។

 
លោកត្រាំ​ ក៏បាន​ឆ្លៀត​អរគុណ ​លោក​អ៊ែរដូហ្កាន់​ ដែល​បាន​ជួយ​គាំទ្រ ​នូវ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ​អាមេរិក ​នៅ​ក្នុង​សំណុំរឿង​ស៊ីរី។ លោក​អ៊ែរដូហ្កាន់ ​បាន​ថ្លែង​គាំទ្រ ​ដែល​កងទ័ព​អាមេរិក​ បាន​បាញ់​មីស៊ីល​កំទេច​មូលដ្ឋាន​ទ័ព​របស់​រដ្ឋាភិបាល​បាឆា អាល់អាសាដ ​តែ​លោក​អ៊ែរដូហ្កាន់ ​បាន​សំណូមពរ​ឲ្យ​អាមេរិក​ធ្វើអ្វី​បន្ថែម​ទៀត​ ឲ្យ​បាន​ច្រើន​ជាង​នេះ។

គួរកត់​សំគាល់​ថា ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ ​ លោក​ដូណាល់ ត្រាំ ​មិន​បាន​លើកឡើង​ទេ​ អំពី​ការព្រួយ​​បារម្ភ ​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នៅ​តួកគី។ ក៏​ប៉ុន្តែ ​នៅ​ប៉ុន្មាន​ម៉ោង​ មុន​ពេល​លោក​ត្រាំ ​ទូរស័ព្ទ​ទៅ​លោក​អ៊ែរដូហ្កាន់ ​ ក្រសួង​ការបរទេស​អាមេរិក​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី ​ដែល​បាន​កើត​ឡើង ​នៅក្នុង​ពេល​ដំណើការ​បោះឆ្នោត​ប្រជាមតិ​ នៅ​តួកគី ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

មិនត្រឹម​តែ​មិន​បាន​លើក​ឡើង​ ដោយ​ផ្ទាល់​មាត់ ​អំពី​របត់​នយោបាយ​បែប​ផ្តាច់ការ​ របស់​លោក​អ៊ែរដូហ្កាន់ ​ ​ផ្ទុយ​ទៅ​វិញ​លោក​ ដូណាល់​ ត្រាំ ​បែរ​ជា​អបអរ​ជ័យជំនះ​ របស់​លោក​ អ៊ែរដូហ្កាន់​ទៅវិញ។ ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ទំនោរ​ផ្តាច់ការ​របស់​លោក ​អ៊ែរដូហ្កាន់ ​ព្រោះ​ជ័យជំនះ​នៃ​ប្រជាមតិ​នេះ​ នឹង​អនុញ្ញាតិ ​ឲ្យ​ប្រធានាធិបតី​រូប​នេះ ​ធ្វើ​កំណែ​ទំរង់​រដ្ឋ​ធម្មនុញ្ញ ​ក្តាប់​អំណាច​យ៉ាង​ណែន ​ទាំង​ទៅ​លើ​សភា ​និង​ប្រព័ន្ធ​តុលាការ ​ហើយ​ជា​ពិសេស​នោះ ​គឺ​អាច​កាន់អំណាច​ រហូត​ដល់​ឆ្នាំ​២០២៩។ ខុស​ពី​លោកត្រាំ ​ដែល​មិន​និយាយ​អ្វី​សោះ ​ក្រៅ​តែ​ពី​ជួយ​អរ​ មេដឹកនាំ​ប្រទេស​នៅ​អឺរ៉ុប​ បាន​អំពាវនាវ ​ឲ្យ​ប្រធានាធិបតី​តួកគី ​គោរព​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​គោរព​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញមតិ។

ដោយឡែក​ បន្ទាប់​ពី​បាន​ប្រាប់ពី​បំណង​ធ្វើ​ប្រជាមតិ​ ដើម្បី​បង្កើត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ប្រធានាធិបតី​តួកគី ​បាន​ថ្លែង​អំពី​ចេតនា​របស់​លោក ​ក្នុង​ការ​រៀបចំ​ប្រជាមតិ​មួយ​ទៀត ​ដើម្បី​បិទ​បញ្ចប់​ការចរចា ​ចូលជា​សមាជិក​សហភាព​អឺរ៉ុប។ នេះ​ជា​ជំហាន​មួយ​ទៀត ​ដែល​បញ្ជាក់​ថា ​លោក​អ៊ែរដូហ្កាន់ ​បាន​បែរខ្នង​ដាក់​អឺរ៉ុប ​ជា​ផ្លូវការ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ