ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

លោកដូណាល់ ត្រាំ ​នៅតែ​ប្រកាន់​ជំហរ​ចោទ​អូបាម៉ា ថា​បាន​បញ្ជា​ឲ្យគេ​លួច​ស្តាប់​ទូរស័ព្ទ

លោកដូណាល់ ត្រាំ ​នៅតែ​ប្រកាន់​ជំហរ​ចោទ​អូបាម៉ា ថា​បាន​បញ្ជា​ឲ្យគេ​លួច​ស្តាប់​ទូរស័ព្ទ
 
លោក ដូណាល់ ត្រាំ និងលោក អូបាម៉ា AFP

កាលពី​សប្តាហ៍​មុន​នេះ ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ពិភព​នយោបាយ​អាមេរិក ​ ដោយ​បាន​ចោទ​ប្រកាន់​ ដោយ​គ្មាន​ភស្តុតាង ​ថា​លោក​អូបាម៉ា ​បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបការណ៍​សំងាត់ ​លួច​ស្តាប់​ទូរស័ព្ទ​របស់​គាត់ ​ ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ថ្វីបើ​មាន​ការ​រិះគន់​ថា​ជា​ការ​ចោទប្រកាន់​ ដោយ​គ្មាន​អ្វី​ជា​សំអាង​ក៏​ដោយ ​តែ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ នៅ​តែ​បន្ត​ប្រកាន់​ពាក្យ​សម្តី​ខ្លួន​ ហើយ​ទាមទារ​ឲ្យ​សភា​ទាំង​ពីរ​របស់​អាមេរិក​ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ​របស់​លោក​អូបាម៉ា។

ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង
 
ដូចដែល​យើង​ធ្លាប់​ដឹង​មក​ហើយ ​ពី​ទំលាប់​របស់​លោក​ដូណាល់ ​ត្រាំ​ គឺ​ថា​រាល់​ពាក្យ​សម្តី​ចោទ​ប្រកាន់​ រិះគន់​ ​រឺសារ​នយោបាយ​ទាំង​អស់​ គឺ​គាត់​ប្រកាស​នៅ​លើ​ទំព័រ​Twitters ​របស់​គាត់។ តាម​ធម្មតា​ ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ មួយ​ទាំង​មូល ​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ​បែបនេះ  ​លោក​ត្រាំ ​គួរណា​តែ​ធ្វើ​ការ​ថ្លែង​សារ​ដោយ​ផ្ទាល់មាត់ ​ជា​ផ្លូវការ​ មិនមែន​សរសេរ​តាម​Twitters ​ឬ​Facebook ​នោះ​ទេ។
 
ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ ​ស្រាប់តែ​លោក​ដូណាល់ ត្រាំ ​សរសេរ​លើ​Twitters​ ថា​ “អូបាម៉ា ​មិន​គួរ​ណា​អន់​ដល់​ម្លឹងសោះ ​មក​បញ្ជា​ឲ្យ​គេ​លួច​ស្តាប់​ខ្សែរ​ទូរស័ព្ទ​នៅ​ផ្ទះ​ខ្ញុំ ​នៅ​អាគារ ​Trump Tower ​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត”។ លោកត្រាំ ​សរសេរ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណេះ ​ដោយ​គ្មាន​បញ្ជាក់​ថា​បាន​ប្រភព​មក​ពីណា ​មាន​ភស្តុតាង​អ្វី​ខ្លះ​នោះ​ទេ។
 
បន្ទាប់​មក​ទៀត ​នៅ​ថ្ងៃ​អាទិត្យ ​ខាង​សេតវិមាន ​បាន​បន្ត​បញ្ជាក់ ​និង​រក្សា​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ដូណាល់ ត្រាំ ​ហើយ​សំណូមពរ​ឲ្យ​សភា​ទាំងពីរ​ បើក​ការ​ស៊ើបអង្កេត។ ចំណែក​ខាង​សភា​ទាំងពីរ ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទាំងអស់ ​មក​ត្រឹម​ពេល​នេះ។ តែ​ជា​ទូទៅ ​តាម​ច្បាប់ ​ក្នុង​នាម​អ្នក​ចោទ ​ត្រូវ​មាន​ភស្តុតាង​សំអាង​ជា​មុន​សិន ​ដើម្បី​ឲ្យ​គេ​បើក​ការ​ស៊ើបអង្កេត ​រក​ខុសត្រូវ ​មិន​មែន​ចេះ​តែ​ចោទៗ​នោះ​ទេ។
 
បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​អាមេរិក​ បាន​ឲ្យ​ដឹងថា ​ការ​ចោទ​ប្រកាន់​របស់​លោក​ដូណាល់ ​ត្រាំ​ នេះ ​គឺ​លោក​ដូណាល់ ត្រាំ ​បាន​ផ្អែកលើ​ប្រភព ​ដែល​ជា​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ស្តាំនិយម​ជ្រុល​មួយ​ ឈ្មោះ​ថា ​Breitbart។ អតីត​ប្រធាន​គេហទំព័រ​ព័ត៌មាន​ស្តាំ​និយម​ជ្រុល​នេះ ​មាន​ឈ្មោះ​ថា​ Steve Bannon ​ដែល​បច្ចុប្បន្ន​នេះ ​បាន​ក្លាយ​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ។
 
ដូច្នេះ​យើងឃើញ​ថា ​លោក​ដូណាល់ ត្រាំ ​មិន​ត្រឹមតែ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ ​ដោយ​ពុំ​មាន​អ្វី​សំអាង​នោះទេ​ ថែម​ទាំង​ផ្អែក​លើ​ប្រភព​ដែល​ជា​គេហទំព័រ​ព័ត៌មាន ​ស្តាំ​និយម​ជ្រុល ​ដឹកនាំ​ដោយ​ទីប្រឹក្សា ​របស់​ខ្លួន​ឯងទៀត។
 
ប្រធាន​FBI ​ចេញ​មុខ​ការពារ​អូបាម៉ា
 
កាសែត ​New York Times ​បាន​ចុះផ្សាយ​ថា​ លោក​ James Comey ​អគ្គនាយក ​FBI​ បាន​សំណូមពរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​អាមេរិក​ ​ថា​ត្រូវ​ប្រកាស​ច្រាន​ចោល ​ការ​ចោទ​ប្រកាន់​របស់​ដូណាល់ ត្រាំ​នេះ​ ជា​សាធារណៈ​ភ្លាម​ ព្រោះ​វា​ជា​ការ​ចោទ​ប្រកាន់ ​ដែល​គ្មាន​ភស្តុតាង​អ្វី​ទាំង​អស់។
 
អន្តរាគមន៍​របស់​លោក​ James Comey​ អគ្គនាយក ​FBI ​ចេញ​មក​តទល់​នឹង​លោក​ដូណាល់ ​ត្រាំ ​ដើម្បី​ការពារ​លោក​អូបាម៉ា ​នា​ពេល​នេះ ​ជារឿង​កម្រ​មិន​ដែល​មាន​ទេ ​ព្រោះ​កន្លង​មក​លោក​ប្រធាន​FBI ​ម្នាក់​នេះ​តែងតែ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ជា​មនុស្ស​កណ្តាល ​មិន​លម្អៀង​ទេ។ យ៉ាងណា​មិញ ​គឺ​លោក​ម្នាក់​នេះ​ហើយ ​ដែល​បាន​ជំនះ​បើក​ការ​ស៊ើបអង្កេត​ រឿង​ឯកសារ​អ៊ីមែល​របស់​លោកស្រី ​ហ៊ីឡារី គ្លីនតុន។
 
លោក​ប្រធាន​ FBI​ ធ្វើ​អន្តាគម​នេះ​ ក៏​ដោយសារ​តែ​តាម​ច្បាប់ ​មុន​នឹង​បើក​ប្រតិបត្តិការ​លួច​ស្តាប់​ទូរស័ព្ទ ​រឺតាមដាន​នរណា​ម្នាក់ ​គឺ​ទាល់តែ​មាន​ការ​សម្រេច​យល់​ព្រម​ពី​ចៅក្រម​ស៊ើបអង្កេត។ ដូច្នេះ​មាន​ន័យ​ថា ​បើសិន​ជា​មាន​ការ​បើក​ប្រតិបត្តិការ​លប​ស្តាប់​ទូរស័ព្ទ​លោក​ដូណាល់ ត្រាំ ​កាល​ពី​មុន​ពេល​បោះឆ្នោត​មែន​ គឺ​ក្រសួង​យុត្តិធម៌​អាមេរិក​ ជាអ្នក​ដឹង​រឿង​នេះ ​ហើយ​ឯកសារ​ក៏​មាន​តំកល់​ទុក​នៅ​ទី​នោះ​ដែរ។ អញ្ចឹង​ហើយ ​ទើបបាន​ជា​លោក​ប្រធាន​FBI ​សុំឲ្យ​ក្រសួង​យុត្តិធម៌​ឆ្លើយ​ភ្លាមៗ​ ថា​គ្មាន​ប្រតិបត្តិការ​នេះ។ ក៏​ប៉ុន្តែ ​ក្រសួង​យុត្តិធម៌​អាមេរិក​ មិន​បាន​ឆ្លើយ​តប​ទៅតាម​ការ​សំណូមពរ ​របស់​លោក​ប្រធាន​FBI​ ទេ។
 
អតីត​ប្រធាន​ចារកិច្ច​អាមេរិក​ បដិសេធ​ការចោទ​ប្រកាន់​របស់​លោក​ដូណាល់​ ត្រាំ
 
នៅ​ថ្ងៃ​អាទិត្យ ​ដដែល​ដែរ ​លោក​ James Clapper ​អតី​អគ្គនាយក​ការិយាល័យ​ស៊ើបការណ៍​សំងាត់​របស់​អាមេរិក​ កាល​ពី​អាណត្តិ​លោក​អូបាម៉ា ​បាន​ចេញ​មុខ​មក​ប្រកាស​ទៀត​ថា ​ក្នុង​នាម​លោក​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើបការណ៍​សំងាត់​នេះ ​គឺ​លោក​ពុំដែល​បាន​បញ្ជា ​រឺ​ក៏​ទទួល​បញ្ជា ​ឲ្យ​បើក​បេសកកម្ម​ លួច​ស្តាប់​ទូរស័ព្ទ​របស់​លោក​ដូណាល់ ត្រាំ​ ទេ។
 
តែ​បើ​យើង​ស្តាប់​សម្តី​របស់​អ្នក​នាំពាក្យ​សេតវិមាន ​យើង​អាច​យល់​បាន​ថា ​ការ​ចោទ​ប្រកាន់ ​ដោយ​សន្និដដ្ឋាន​ព្រាលៗ​នេះ ​គឺ​លោក​ដូណាល់ ត្រាំ ​ក៏ដូច​ក្រុម​ការងារ​គាត់ ​បាន​កាត់​យល់​ពី​ករណី​បើក​ការ​ស៊ើបអង្កេត ​ទ្រង់ទ្រាយ​ធំ ​របស់​ព្រឹទ្ធសភា ​ព្រមទាំង​រដ្ឋាភិបាល​លោក​អូបាម៉ា ​នៅមុន​ពេល​បោះឆ្នោត ​ទាក់ទិន​រឿង​អាស្រូវ ​ដែល​ថា​រុស្ស៊ី ​បាន​លូក​ដៃ​ចូល​មក​ក្នុង​ការ​បោះឆ្នោត​ ដើម្បី​ជួយ​លោក​ដូណាល់ ត្រាំ។ អញ្ចឹង ពួកគេ ​យល់ថា ​បើ​សិន​ជា​មាន​ការ​ស៊ើប​អង្កេត​រឿង​រុស្ស៊ី ​ប្រហែល​ជា​គេ​លួច​ស្តាប់ ​ទូរស័ព្ទ​របស់​លោក​ត្រាំ​ដែរ​ហើយ។
 
បង្កើតរឿងថ្មី ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​មហាជន?
 
លោក ​Al Franken ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​មួយរូប​ បាន​មាន​ប្រសាសន៍​ដូច​នេះ​ថា ​លោក​ដូណាល់ ត្រាំ ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ ក្រៅ​ពី​ចង់​ បង្វែរ​ការ​ចាប់​អារម្មណ៍ ​របស់​មតិសាធារណៈ​នោះទេ។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ​រឿង​អាស្រូវ​ធំ​បំផុត ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​គឺ​រឿងរ៉ាវ​ ទាក់ទង​នឹង​រុស្ស៊ី។ មន្ត្រី​ធំៗ ​ជាច្រើន​នាក់ ​ដែល​ជា​ជំនិត​របស់​លោក​ដូណាល់ ត្រាំ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ដឹង​ថា​សុទ្ធ​តែ​ធ្លាប់ ​បាន​ជួប ​និង​និយាយ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ​ក្នុង​អំឡុង​ពេល​ មុន​បោះឆ្នោត។  ចុង​ក្រោយ​គេនេះ​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​លោក​ដូណាល់ ត្រាំ​តែ​ម្តង ​ដែល​ត្រូវ​គេ​តាម​ដាន​ដឹង​ ថា​បាន​ជួប​ជាមួយ​មន្ត្រី​រុស្ស៊ី។
 
តាម​ការសង្ស័យ​​  វា​អាច​មាន​ទំនាក់​ទំនង​អ្វី​ផ្សេង​សំងាត់ ​រវាង​ក្រុម​ការងារ​របស់​លោកត្រាំ ​និង​រដ្ឋាភិបាល​រុស្ស៊ី។ យ៉ាងណា​មិញ​ លោកស្រី ​Nancy Pelosi​ ប្រធាន​ក្រុម​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ​ក្នុង​សភា​អ្នក​តំណាង ​បាន​សង្កត់​ធ្ងន់​ថា ​“ចំណង​ទាក់ទង​ត្រូវ​ដង​ត្រូវ​ផ្លែ ​រវាង​ក្រុម​ការងារ​របស់​លោក​ដូណាល់ ត្រាំ ​និង​រដ្ឋាភិបាល​រុស្ស៊ី ​លេច​ចេញ​រូបរាង្គ​កាន់​តែច្បាស់។ យើង​គ្រប់គ្នា​ចង់​ដឹង​ការ​ពិត។”
 
គឺ​រឿង​អាស្រូវ​នេះ​ហើយ​​ ដែល​មតិ​សាធារណៈ​អាមេរិក​ កំពុង​ចាប់​អារម្មណ៍​ខ្លាំង ​ហើយ​ដែល​លោក​ដូណាល់ ត្រាំ ​កំពុង​ឈឺក្បាល ​ព្រោះ​រក​ពាក្យ​អ្វី​មក​ដោះសារ​មិន​បាន។ ដូច្នេះ​ការ​បំផុសបំផុល ​រឿង​រ៉ាវ​ថ្មី​មួយ​ទៀត ​ដោយ​ចោទ​ទៅ​លើ​លោក​អូបាម៉ា ​អាច​ជា​មធ្យោបាយ​ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គេ​និយាយ​ពី​រឿង​រុស្ស៊ី ​ហើយ​ងៀក​មក​និយាយ​រឿង​លោក​ អូបាម៉ា​វិញ ​ក៏​ថា​បាន​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក

    មនុស្ស​ជំនិត​ម្នាក់​ទៀត​របស់​លោក​ដូណាល់ ត្រាំ ធ្លាប់​ជួប​ប្រាស្រ័យជាមួយ​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • អាមេរិក

    អាមេរិក៖​លោក Rex Tillerson រង​ការ​រិះគន់​ដោយ​មិន​បាន​ចេញ​មុខ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស

    ស្វែងយល់បន្ថែម

  • ស៊ុយអែត​សុំ​ការ​បំភ្លឺ​ពី​ដូណាល់ ត្រាំ ដែល​ប្រកាស​ថាមាន​ភេរវកម្មនៅ​ស្តុកខុម

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក៖​លោក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​លើកទី១ នៅ​មុខ​សភាពេញអង្គ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ