អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

លោកដូណាល់ ត្រាំ​ ​​ហាម​មិន​​ឲ្យ​​​លក់​​​​ក្រុមហ៊ុន​ ​Lattice Semiconductor​​ ទៅ​ឲ្យ​​ចិន

ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ ​កំពុង​តែ​ចរចា ​ចង់​ទិញ​យក​ភាគហ៊ុន ​របស់​ក្រុមហ៊ុន​ផលិត​ធាតុផ្សំ​អេឡិចត្រូនិក​ ដ៏​ធំមួយ ​របស់​អាមេរិក​ ឈ្មោះ ​Lattice Semicondutor Corporation។ ក៏​ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​ពុធ​ ទី​១៣​កញ្ញា​នេះ ​លោក​ដូណាល់ ត្រាំ ​បាន​បញ្ជារ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​បិទ​បញ្ចប់​ការ​ចរចា​នោះ ​ ដោយ​បាន​លើក​ឡើង​ថា ​ការ​លក់​ក្រុមហ៊ុន​ដ៏​ធំ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់ ​ គឺ​វា​អាច​ប៉ះពាល់ ​ទៅ​ដល់​សន្តិសុខ​ជាតិ​អាមេរិក។ រដ្ឋាភិបាល​ចិន​ បាន​បរិហារ​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​ទង្វើ​អយុត្តិធម៌ ​និង​រើស​អើង​មក​លើ​ក្រុមហ៊ុន​ចិន។

Lattice Semiconductor Corporation
Lattice Semiconductor Corporation REUTERS/Thomas White/Illustration
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ក្រុមហ៊ុន​វិនិយោគ ​Canyon Bridge ​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ​ឈ្មោះ​ថា ​China Venture Capital Fund Corp ​មាន​គំរោង​ទិញ​យក​ក្រុមហ៊ុន​អាមេរិក​ Lattice Semiconductor Corporation ​ក្នុង​តម្លៃ ​១៣០០​លាន​ដុល្លារ។ ក៏​ប៉ុន្តែ​ការ​ចរចា​ទិញ​យក​នេះ​ ត្រូវ​បាន​បញ្ឈប់​ទៅ​វិញ ​បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ ​បាន​បញ្ជារ​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​អាមេរិក។ ការ​សម្រេច​របស់​លោក​ដូណាល់ ត្រាំ​នេះ ​គឺ​ដោយ​យោង​ទៅ​លើ​ការ​ផ្តល់​យោបល់ ​របស់​គណកម្មាធិការ ​ត្រួត​ពិនិត្យ​ការ​វិនិយោគ​បរទេស​មក​ក្នុង​សេដ្ឋកិច្ច​អាមេរិក។ យោង​តាម​គណកម្មការ​នេះ ​ការ​លក់​ក្រុមហ៊ុន ​ Lattice Semiconductor Corporation ​ទៅ​ឲ្យ​ចិន ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​កិច្ចការ​សន្តិសុខ​ជាតិ​ ទៅ​ថ្ងៃ​ខាង​មុខ។

សូមបញ្ជាក់​ថា ​Lattice Semiconductor Corporation ​គឺជា​ក្រុមហ៊ុន​ផលិត ​Semi-conducteur ​ដែល​ជា​ធាតុផ្សំ​អេឡិចត្រូនិក​យ៉ាង​សំខាន់ ​ប្រើប្រាស់​ក្នុង​ឧបករណ៍​ទូរគមនាគមន៍ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។ យោង​តាម​ការ​អះអាង​របស់​សេតវិមាន ​ក្រុមហ៊ុន​នេះ ​មិន​មែន​ផលិត​ Semi-conducteur ​ប្រើតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ឯកជន​នោះ​ទេ​ តែ​ក៏​ផលិត​សម្រាប់​បច្ចេកវិទ្យា​របស់​កងទ័ព​ផង​ដែរ។ ដោយ​ហេតុ​នេះហើយ​ ទើប​ក្រុមហ៊ុន​នេះ ​ត្រូវ​ចាត់ទុក​ជា​ក្រុមហ៊ុន​យុទ្ធសាស្ត្រ ​មិន​អាច​ឲ្យ​ប្រទេស​ណា​ផ្សេង​ មក​កាន់​កាប់​ ទាំង​ស្រុង​បាន​ទេ។

លោក​ កៅ ហ្វេង ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​បរិហារ​ថា ​ការ​លូកដៃ​មក​ហាម​ឃាត់​ការ​ផ្ទេរ​ភាគហ៊ុន ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​នេះ ​គឺ​ជា​សកម្មភាព​រើសអើង​មក​លើ​ក្រុមហ៊ុន​ចិន។ មន្ត្រី​ចិន​រូប​នេះ ​អំពាវនាវ​ថា​ សុំកុំ​ឲ្យ​យក​ហេតុផល​សន្តិសុខ​ជាតិ​ មក​ធ្វើ​ជា​លេស​ ដើម្បី​ការពារ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ផង​ខ្លួន​ ឲ្យសោះ។

គួរបញ្ជាក់ថា​ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​រដ្ឋាភិបាល​អាមេរិក ​បាន​រារាំង ​មិន​ឲ្យចិន ​ទិញ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ខ្លួន។​ ចុងឆ្នាំ​២០១៦​ លោក​បារ៉ាក់ អូបាម៉ា ​បាន​បិទ​បញ្ឈប់ ​មិន​ឲ្យ​លក់​សាខា​អាមេរិក​ របស់​ក្រុមហ៊ុន ​Aixtron ​អាល្លឺម៉ង់ ​ទៅ​ឲ្យ​ចិន។ ការ​នេះ​ បាន​ធ្វើ​ឲ្យ​អាក់ខាន ​ដល់​កិច្ចសន្យា​ទិញ​លក់​ទាំង​ស្រុង​រវាង​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ ​ជាមួយ​ក្រុមហ៊ុន​ចិន។ កាល​ពី​ឆ្នាំ​២០១៥ ​ក្រុមហ៊ុន​ចិន ​ក៏​បាន​បរាជ័យ​ក្នុង​ការ​ច្បាម​យក​មក​កាន់កាប់ ​នូវ​ក្រុមហ៊ុន ​Micron​ Technology ​ដែរ។

ដោយឡែក​ នៅ​សហភាព​អឺរ៉ុប​ លោក​ប្រធាន​គណកម្មការ​អឺរ៉ុប​ ក៏​ទើបតែ​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ពុធ​ទី ​១៣ ​កញ្ញា ​ពីការ​ដាក់​វិធានការ​ថ្មី​បន្ថែម ​ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជំរៅ ​មុន​នឹង​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​អឺរ៉ុប​សំខាន់ៗ ​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស ​តួយ៉ាង ​ដូចជា​ក្រុមហ៊ុន​រដ្ឋ​ចិន​ ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ