អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក៖ ចលាចល​ហិង្សា​រវាង​សហគម​ស្បែក​ខ្មៅ និង​នគរបាល​ក្រុង​Charlotte

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈ​ពេល​ពីរថ្ងៃ​មក​ហើយ ​ដែល​អំពើ​ហិង្សា ​និង​ការ​ប្រឈមមុខ​ដាក់​គ្នា ​បាន​កើតឡើង​រវាង​សហគម​ជនជាតិ​ស្បែកខ្មៅ ​និង​កម្លាំង​នគរបាល​ក្រុង​Charlotte ​ក្នុង​រដ្ឋ​ការ៉ូលីន​ខាង​ជើង។ ទីក្រុង​ទាំងមូល​ត្រូវ​បាន​ប្រកាស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន។ អំពើ​ហិង្សាដ៏​ធ្ងន់ធ្ងរ​ទប់​លែងបាន​នេះ ​ បាន​កើតឡើង​ក្រោយ​ពេល​ដែល​បុរស​ស្បែកខ្មៅ​ម្នាក់ ​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់។ អំពើ​ហិង្សា​ថ្មី​នេះ ​បាន​ស្តែង​ចេញ​នូវ​បរិយាកាស​អួរអាប់ ​ក្នុង​សង្គម​អាមេរិក​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ស្អប់ខ្ពើម ​ប្រកាន់​ពូជ​សាសន៍​ស្បែក​សស្បែក​ខ្មៅ ​និង​ជា​ពិសេស​គឺ​ភាព​តាន​តឹង​រវាង​កម្លាំង​សមត្ថកិច្ច ​និង​សហគម​ជនជាតិ​ស្បែកខ្មៅ​តែម្តង។ បញ្ហា​នេះ​ ក៏​កំពុង​តែ​ក្លាយ​ជា​កម្មវត្ថុ ​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ផង​ដែរ។

បាតុករ​កំពុងស្រែកតវ៉ា ​នៅចំពោះ​មុខ​នគរបាល​ក្រុង​ Charlotte រដ្ឋ​ការ៉ូ​លីន​ខាងជើង
បាតុករ​កំពុងស្រែកតវ៉ា ​នៅចំពោះ​មុខ​នគរបាល​ក្រុង​ Charlotte រដ្ឋ​ការ៉ូ​លីន​ខាងជើង REUTERS/Adam Rhew/Charlotte Magazine
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៅ​មិនទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញទេ ​ផ្ទុយ​ទៅ​វិញ​ ​វា​នឹង​អាច​កាន់តែ​ជ្រួល​ច្របល់​ជាង​នេះ​ទៅ​ទៀត ​ ដោយសារ​លោក​អភិបាល​រដ្ឋ ​ការ៉ូលីន​ខាង​ជើង ​បាន​ប្រកាស​ភាព​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ តាម​ន័យ​នេះ ​ គឺ​អភិបាលរដ្ឋ ​បាន​សម្រេច​បញ្ជូន​កម្លាំង​អាវុធ​ហត្ថ​ពិសេស ​និង​នគរបាល​ចរាចរណ៍ ​ដើម្បី​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​និង​នគរបាល​ក្រុង​Charlotte។ មាន​ន័យ​ថា ​ការ​ប្រឈមមុខ​ដាក់គ្នា ​រវាង​ក្រុម​បាតុករ ​និង​សមត្ថកិច្ច ​ គឺ​អាច​មាន​កាន់​តែ​ធំ ​ហើយ​អាច​កាន់តែ​ហិង្សា។ យ៉ាងណាមិញ ​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍នេះ​ដែរ​ អាជ្ញាធរ​បាន​បញ្ជារ​ឲ្យ​បិទ​ ការ​ធ្វើ​ជំនួញ ​ភោជនីយដ្ឋាន ​ហាង​ទំនិញ​នានា ​នៅតាម​ផ្លូវ​ដែល​កើត​មាន​បាតុកម្ម ​ ដើម្បី​ចៀសវាង​ការ​ចូលទៅ​វាយ​បំផ្លាញ ​ ដោយ​ប្រការ​ណាមួយ។

អាជ្ញាធរ​ប្រកាស​ភាព​អាសន្ន ឯ​បាតុករ​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​ស្ទើររស់​ស្ទើរស្លាប់៖
ពីរ​យប់​មក​ហើយ​ ដែល​បាតុករ​ភាគច្រើន​ជា​ជនជាតិ​ស្បែក​ខ្មៅ ​និង​ជា​យុវជន​ក្មេងៗ​ បាន​ប្រឈម​មុខដាក់​គ្នា​ជា​មួយ​នឹង​នគរបាល។ ពីដំបូង ​វា​ជា​ក្បួន​បាតុកម្ម​អហិង្សា​ទេ​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​ តែ​ពេល​ដែល​ក្បួន​នេះ ​ បាន​ដើរ​ទៅ​ដល់​ខាង​មុខ​ស្នងការ​នគរបាល​ក្រុង ​ស្រាប់តែ​មាន​យុវជន​ខ្លះ ​បាន​សមុ្រក​ទៅ​បំផ្លាញ ​រថយន្ត​នគរបាល ​ហើយ​វាយ​បំផ្លាញ​អាគារ​ការិយាល័យ​នគរបាល​ទៀត។ ស្ថានការណ៍ ​ក៏​បាន​ប្រែប្រួល ​ក្លាយ​ជា​ចលាចល ​ និង​អំពើ​ហិង្សា​តែម្តង។ តាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ ​ កម្លាំង​នគរបាល​ចំនួន​៦នាក់ ​ បាន​រង​របួស​ដោយ​អំពើ​ហិង្សា​របស់​បាតុករ។ បាតុករ​ជា​យុវជន​ក្មេងៗ ​ ពោរពេញ​ដោយ​កំហឹង ​ បាន​យក​ដុំថ្ម​ គប់​ទៅលើ​នគរបាល ​ព្រម​ទាំង​បាន​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ​និង​ឯកជន​នៅ​តាម​ផ្លូវ។ សមត្ថកិច្ច​បាន​វាយ​តប​វិញ​ ដោយ​គ្រាប់​បែក​ផ្សែង ​ និង​ហ្គាស​បង្ហូរ​ទឹកភ្នែក។
 

នគរបាល​​ក្រុង​​Charlotte ឈរត្រៀម​​បង្ក្រាប​​ក្រុម​​បាតុករ​​ហិង្សា
នគរបាល​​ក្រុង​​Charlotte ឈរត្រៀម​​បង្ក្រាប​​ក្រុម​​បាតុករ​​ហិង្សា Reuters

កាលពី​រសៀល​ថ្ងៃ​ពុធ ​ ក្រុម​និស្សិត​ជា​ច្រើន​រយ​នាក់ ​បាន​នាំគ្នា​ដេក​លើ​ទ្រូង​ផ្លូវ ​ជា​​សញ្ញា​នៃ​ការ​តវ៉ា ​ដោយ​សន្តិវិធី​ ទៅនឹង​អំពើ​ហិង្សា​ដែល​នគរបាល​ស្បែកស ​តែងតែ​ធ្វើ​ទៅ​លើ​ប្រជាជន​ស្បែក​ខ្មៅ ​ដោយ​អយុត្តិធម៌។ ក៏ប៉ុន្តែ​ពេល​យប់ ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​សាជាថ្មី។ យោង​តាម​អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​ ដែល​នៅ​កន្លែង​កើតហេតុ​ផ្ទាល់​ នគរបាល​បាន​បាញ់​ជា​ច្រើនគ្រាប់។ នៅ​យប់​ថ្ងៃ​ពុធ ​បាតុករ​ម្នាក់ ​បាន​ត្រូវ​គ្រាប់​កាំភ្លើង ​ដួល​នឹងដី ​ ដែល​តាម​ការ​ឲ្យដឹង​ស្ថានភាព​របួស ​កំពុង​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​ជា​ទី​បំផុត។ ដូច្នេះ ​បើ​សិន​ជា​បាតុករ​រង​បួស​ម្នាក់​នេះ​ស្លាប់ ​ម្នាក់​ទៀតនោះ ​គឺ​មាន​ន័យ​ថាក្រុម​បាតុករ​នឹង​កាន់​តែ​ក្រេវក្រោធ ​ ហើយ​អំពើ​ហិង្សា​ពិត​ជា​កើតឡើង​ កាន់តែ​ធំ​ជាក់​ជា​មិន​ខាន​ទេ។

យោង​តាម​នគរបាល ​ជន​ដៃដល់​ មាន​កាន់​កាំភ្លើង​នៅ​នឹងដៃ៖
ដើមហេតុ​នៃ​អំពើ​ហិង្សា​នៅក្រុង​Charlotte នេះ​ គឺ​បន្ទាប់​ពី​នគរបាល​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ឈ្មោះ ​Keith Lamont Scott ​អាយុ​៤៣ឆ្នាំ​ ជា​ជនជាតិ​អាមេរិក​ស្បែកខ្មៅ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​ទី​២០​ កញ្ញា។ ការពិត​ជាក់ស្តែង​ នៃ​ហេតុការណ៍​បាញ់​សម្លាប់​នេះ ​ ​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ​ដោយសារ​តែ​ខាង​នគរបាល ​ថា​ផ្សេង ​ ឯ​ប្រជាជន​និង​សាក្សី ​ថា​ផ្សឹង។

បើតាម​ការ​តំណាង​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា ​ ដើមឡើយ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​តាម​ចាប់​ជន​សង្ស័យ​ម្នាក់​ផ្សេង​ទៀតទេ ​ ​នៅ​កន្លែង​កើតហេតុ ​ហើយ​ក៏​បាន​ប្រទះ​នឹង​ជន​រងគ្រោះ​ឈ្មោះ​ Keith Lamont Scott​ នេះ ​ដោយ​ជន​នេះកំពុង​តែ​អង្គុយ​នៅ​ក្នុង​រថយន្ត ​ហើយ​មាន​កាំភ្លើង​កាន់​នឹងដៃ​ទៀត​ផង។ ដោយ​មាន​ការ​សង្ស័យ ​នគរបាល​បាន​ចូល​ទៅ​ជិត​ ហើយ​បញ្ជារ​ឲ្យ​ជននេះ ​ដាក់​អាវុធ​ចុះ​ រួច​ចេញ​មក​ខាងក្រៅ។ បន្ទាប់​ពី​បាន​ប្រកែក​គ្នា​ចុះឡើង ​ ហើយ​ដោយ​ជន​នេះ ​ មិន​ព្រម​ទំលាក់​កាំភ្លើង ​ទើប​នគរបាល ​បាន​បាញ់​ទៅ​លើ​ជន​នេះ​ បណ្តាល​ឲ្យ​ស្លាប់។ ផ្អែក​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ដដែល ​នគរបាល​ដែល​បាន​បាញ់​នោះ ​គឺ​ជាជនជាតិ​ស្បែក​ខ្មៅ​ទៀត​ផង​ គឺ​ឈ្មោះ ​Brentley Vinson ​ដែល​បច្ចុប្បន្ន​នេះ ​ ត្រូវ​បាន​គេ​បញ្ឈរ​ជើង​ជា​បណ្តោះអាសន្ន​សិន​ រង​ចាំ​ការ​ស៊ើប​អង្កេត​រក​ខុសត្រូវ។

សាក្សីថា ​ជន​រងគ្រោះ​កាន់​សៀវភៅ​នៅនឹងដៃ ​ហើយ​នគរបាល​ដែល​បាញ់​គឺ​ស្បែកស៖
ដោយឡែក ​យោង​តាម​សាក្សី ​នៅ​កន្លែង​កើតហេតុ ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ជនរងគ្រោះ ​បាន​អះអាង​ផ្សេង​ពី​នគរបាល។ សាក្សី​ម្នាក់​ ​ជា​ស្ត្រី​ដែល​មាន​ផ្ទះ​នៅ​ខាង​មុខ​កន្លែង​កើតហេតុ ​ហើយ​ដែល​ស្គាល់​បុរស​រងគ្រោះ​យ៉ាង​ច្បាស់នោះ​ បាន​បញ្ជាក់​ថា ​ បុរស​រងគ្រោះ​តែងតែ​មក​អង្គុយ​នៅ​ចំណត​រថយន្ត​ក្រុង​ខាង​មុខ​ផ្ទះ​គាត់​រាល់​ល្ងាច ​ដើម្បី​រងចាំ​កូន​ដែល​ជិះ​រថយន្ត​ក្រុង​ត្រលប់​មក​ពី​សាលា​រៀន​វិញ។ សាក្សី​បន្ត​ថា ​ការ​ដែល​នគរបាល​ថា​ជន​រងគ្រោះ​មាន​កាំភ្លើង​នៅ​នឹងដៃ ​គឺ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង។ ក្នុង​ពេល​កើតហេតុ ​ជន​រងគ្រោះ​កាន់​សៀវភៅ​នៅ​នឹង​ដៃ ​ មិន​បាន​កាន់កាំភ្លើង​ទេ។

ជាងនេះ​ទៅទៀត ​ មាន​សាក្សី​ផ្សេងទៀត​បាន​អះអាង​ថា ​នាយ​នគរបាល ​ដែល​បាន​បាញ់​ទៅ​លើ​ជន​រងគ្រោះ​នោះ ​ មិនមែន​ជា​មនុស្ស​ស្បែកខ្មៅ​ទេ ​តែ​​ជា​ជនជាតិ​ស្បែកស។ តាម​យោបល់​ពួក​គេ ​ ខាង​សមត្ថកិច្ច​បាន​ប្រឌិត​ទាំង​ស្រុង ​ ថា​នគរបាល​ដែល​បាញ់​ជា​មនុស្ស​ស្បែក​ខ្មៅ ​ ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព ​ក្នុង​ន័យ​ថា ​មិនមែន​ប៉ូលីស​ស្បែកស ​ទៅ​បាញ់​ជន​រងគ្រោះ​ជា​ស្បែក​ខ្មៅ​ទេ។
 

បាតុករ​កំពុង​​ជួយ​ក្រៀក​​បាតុករ​​ម្នាក់​ទៀត​​ដែល​រង​របួស​
បាតុករ​កំពុង​​ជួយ​ក្រៀក​​បាតុករ​​ម្នាក់​ទៀត​​ដែល​រង​របួស​ Reuters

យ៉ាងណាក៏​ដោយ ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ ក៏ដូច​ជា​ក្រុម​បាតុករ ​បាន​ទាមទារ​ឲ្យ​នគរបាល​ធ្វើការ​ផ្សព្វផ្សាយ​ជាសាធារណៈ ​នូវ​រូបភាព​វីដេអូ ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ​និង​វីដេអូ ​ថត​ដោយ​ម៉ាស៊ីនថត​របស់​នគរបាល​ផ្ទាល់ ​ដែល​មាន​ភ្ជាប់​នៅ​នឹង​រថយន្ត​របស់​នគរបាល ​ ក្នុង​ពេល​ចុះ​ធ្វើ​អន្តរាគមន៍។ ក៏ប៉ុន្តែ​ ខាង​សមត្ថកិច្ច ​នៅ​មិន​ទាន់​ប្រកាស​យល់​ព្រម​ផ្សាយ​រូបភាព​ទាំង​នេះ​ទេ។ ដូច្នេះ ​ការពិត​យ៉ាងណា​ យើង​នៅ​មិន​ទាន់​ដឹង​ទេ ​ ដោយ​ម្ខាងៗ​ ព្យាយាម​ការពារ​ដំណើរ​ហេតុការណ៍ ​តែ​រៀងៗ​ខ្លួន។

 

នៅOklahoma បុរសស្បែកខ្មៅម្នាក់ទៀត ត្រូវ​នគរបាល​បាញ់​សម្លាប់ ទាំង​ជននោះ​បាន​លើកដៃ​ឡើង​ទៅ​លើ៖
គួរបញ្ជាក់​ផងដែរ​ថា ​មាន​ករណី​បាញ់​សម្លាប់​ជនស្បែក​ខ្មៅ​មួយ​ទៀត ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដែរ​​ ​នៅ​រដ្ឋ​Oklahoma។ ជន​រងគ្រោះ​ ​ឈ្មោះ ​Terence Crutcher​ បាន​ស្លាប់ ​ ដោយ​នគរបាល​ស្រី​ស្បែក​ស​ម្នាក់ ​បាន​បាញ់​សម្លាប់។ ក្នុង​រូបភាព​វីដេអូ​ដែល​ថត​ដោយ​កាម៉េរ៉ា ​របស់​នគរបាល ​គេ​ឃើញ​យ៉ាង​ច្បាស់​ថា ​ជន​រងគ្រោះ​ស្បែក​ខ្មៅ ​បាន​លើកដៃ​ឡើង​ទៅ​លើ ​ក្នុង​ពេល​ដែល​នគរបាល​បាន​ភ្ជង់​កាំភ្លើង​នៅ​ចំពី​មុខ ។ នគរបាល​ម្នាក់​ដែល​នៅ​ខាង​លើ​ឧត្ថម្ភាគចក្រ ​បាន​ហៅជន​​នេះថា​មេ​អន្ធពាល។ ហើយ​នៅ​ពេល​ជន​នេះ​បាន​រេ​ដៃ​ទៅ​ក្បែរ​រថយន្ត​ខ្លួន​បន្តិច​ ​នគរបាលក៏​បាន​បាញ់​ទៅ​លើ​តែ​ម្តង​ ដោយ​ក្រែង​ថា​ជន​នេះ​បំរុង​យក​កាំភ្លើង។ ករណី​នេះ ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ​ ដើម្បី​រក​ខុសត្រូវ​ដែរ។

អំពើ​ហិង្សា​ប្រកាន់​ពូជសាសន៍ ​ជា​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាមេរិក៖
ការ​ឃោសនា​បោះឆ្នោត​កំពុង​តែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ក្តៅ​គគុក។ ដូច្នេះ ​ព្រឹត្តិការណ៍​ហិង្សានេះ​ បាន​ក្លាយ​ជា​កម្មវត្ថុ​មួយ​នៃ​ការ​ឃោសនា​របស់​បេក្ខជន​ទាំង​ពីរ។ ទាំង​លោកស្រី​ហ៊ីឡារី គ្លីនតុន ​ទាំង​លោក​ដូណាល់ត្រាំ ​សុទ្ធ​តែ​បាន​ប្រកាស​ថ្កោលទោស​អំពើ​ហិង្សា​នេះ។

លោក​ស្រីហ៊ីឡារី គ្លីនតុន ​បាន​ថ្លែង​ថា​ ជន​រងគ្រោះ​ស្បែកខ្មៅ​បាន​ស្លាប់​២នាក់​បន្ថែម​ទៀត​ ដោយសារ​គ្រាប់​កាំភ្លើង​របស់​នគរបាល ​ដែល​រឿង​នេះ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ​ មិន​អាច​ឲ្យ​អត់​ទ្រាំ​បាន​ទៀត​ទេ។ ចំណែក​លោក​ ដូណាល់ ត្រាំ​វិញ​ បាន​សរសេរ​លើ​ទំព័រ​Twitter ​របស់​ខ្លួន​ថា ​លោក​សន្យា ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ​ក្លាយ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត។

យ៉ាងណា​ក៏ដោយ ​យើងឃើញ​ថា​ បញ្ហា​ប្រកាន់​ពូជ​សាសន៍ ​គឺ​ជា​ជំងឺ​មហារីក​នៅ​អាមេរិក ​ដែល​រដ្ឋាភិបាលថ្មី​ត្រូវ​តែ​រក​វិធី​ព្យាបាល​ឲ្យ​ធូស្រាល។ តែ​បើ​យើង​ស្តាប់​សម្តី​របស់​លោក​ដូណាល់ ត្រាំ ​គឺ​ថា​ យើង​អស់​សង្ឃឹម​ទៅ​ហើយ​ ព្រោះ​គោលនយោបាយ​គាត់​ ​គឺ​ពន្យុះ​ឲ្យ​មនុស្ស​កាន់តែ​ស្អប់គ្នា ​ ចង់​បើកដៃ​ឲ្យ​មនុស្ស​ប្រើ​ប្រាស់​អាវុធ​ ដោយ​សេរី ​ ហើយ​លើក​តំកើង​តែ​ជនជាតិ​ស្បែកស​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ