អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស.រ.អ.៖ សិស្ស​វិទ្យាល័យ​រាប់សែន​នាក់ រួមគ្នា​ដង្ហែរ​ក្បួន ប្រឆាំង​នឹង​សិទ្ធិ​កាន់​កាប់​អាវុធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង១ខែ បន្ទាប់ពីមានហេតុការណ៍បាញ់រះជាថ្មី នៅក្នុងវិទ្យាល័យមួយ នៅរដ្ឋហ្វ្ល័ររីដាសហរដ្ឋអាមេរិក ដែលបានផ្តាច់ជីវិតសិស្សសាលាអស់១៧នាក់នោះ នៅថ្ងៃសៅរ៍​ទី​២៤​មីនានេះ ក្រុមយុវជន សិស្សវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នា តាមបណ្តាញ​សង្គម ដើម្បីចុះផ្លូវតវ៉ា ក្នុងគោលបំណង បង្ខំឲ្យរដ្ឋាភិបាលអាមេរិក ក៏ដូចជា​សភា ចាប់ផ្តើមគិតគូរ ទប់ស្កាត់ការកាន់កាប់អាវុធដោយសេរី នៅទូទាំងសហរដ្ឋ​អាមេរិក។ នេះគឺជាលើកទីមួយហើយ ដែលយុវជនសិស្សវិទ្យាល័យអាមេរិក រាប់សែននាក់ បាន​រួមគ្នា​ធ្វើការតវ៉ាប្រឆាំងនឹងការកាន់កាប់អាវុធនេះ។ តើចលនាតវ៉ា របស់សិស្ស​និស្សិត នាពេលនេះ នឹងអាចដាក់គំនៀប​លើរដ្ឋាភិបាល ក៏ដូចជាសភាទាំង២អង្គរបស់អាមេរិក បានកំរិតណាដែរ ទាក់ទងនឹងបញ្ហាសិទ្ធិកាន់កាប់អាវុធនេះ?

ក្បួនបាតុកម្មរបស់សិស្សនិស្សិត "March for Our Lives" នៅក្រុង​ Washington ថ្ងៃទី​២៤ មីនា ២០១៨
ក្បួនបាតុកម្មរបស់សិស្សនិស្សិត "March for Our Lives" នៅក្រុង​ Washington ថ្ងៃទី​២៤ មីនា ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

"យុវជនសម័យបាញ់រះ”

ចលនាតវ៉ានេះ កើតឡើងដោយភាពអត់ទ្រាំលែងបាន ចំពោះការព្រងើយកន្តើយ នៃថ្នាក់ដឹកនាំនយោបាយនៅអាមេរិក មិនថាក្នុងសភា ក៏ដូចក្នុងជួររដ្ឋាភិបាល ទាក់ទិននឹងចរាចរណ៍​អាវុធ ក៏ដូចជាការកាន់កាប់អាវុធជាទូទៅ។ ហើយអ្វីដែលជំរុញឲ្យសិស្សវិទ្យាល័យរួមគ្នាធ្វើចលនានេះ គឺហេតុការណ៍បាញ់រះចុងក្រោយគេ ដែលបានកើតឡើង កាលពីថ្ងៃទី១៤កុម្ភៈ នៅវិទ្យាល័យមួយ ក្នុងរដ្ឋហ្វ្ល័ររីដា ដែលបានសម្លាប់សិស្សសាលាចំនួន១៧នាក់។ គឺសិស្សសាលាដែលរួចជីវិតពីការបាញ់រះនេះហើយ ដែលបានផ្តួចផ្តើមគំនិត បង្កើតចលនានេះ នៅលើបណ្តាញសង្គម។

ចលនានេះ ត្រូវពួកគេដាក់ឈ្មោះថា « #Never Again » ប្រែថា កុំឲ្យកើតមានទៀតឲ្យសោះ។ ពោលគឺកុំឲ្យ​ហេតុការណ៍បាញ់រះសម្លាប់មនុស្សស្រស់ៗរាប់សិបនាក់បែបនេះ កើតមានទៀតឲ្យសោះ។ បើនិយាយត្រួសៗ ហេតុការណ៍បាញ់រះ ដ៏សាហាវៗ ចាប់ពីឆ្នាំ១៩៩៩មក មានដូចជា ការបាញ់រះនៅវិទ្យាល័យColumbine រដ្ឋColorado ឆ្នាំ១៩៩៩ ស្លាប់​១៣នាក់  ការបាញ់រះនៅសកលវិទ្យាល័យVirginia Tech ឆ្នាំ២០០៧ ស្លាប់​៣២​នាក់ បាញ់រះនៅសាលាបឋមសិក្សាSandy Hook រដ្ឋConnecticut ឆ្នាំ២០១២ ស្លាប់​២៧នាក់​ ដែលក្នុងនោះ២០នាក់សុទ្ធតែកុមារ។ ហើយឆ្នាំ២០១៧កន្លងទៅ កាលពីខែតុលា បាញ់រះនៅLas Vegas ស្លាប់៥៨នាក់ របួសជាង២០០នាក់ និងខែវិច្ឆិកា បាញ់រះនៅវិហារ​កាតូលិក មួយនៅរដ្ឋតិចសាស ស្លាប់២៦នាក់។

ពួកយុវជនសិស្សនិស្សិត ដែលរួមគ្នាបង្កើតចលនានេះ បានចាត់ទុកខ្លួនឯងថា គឺជាយុវជនសម័យបាញ់រះ ព្រោះថាហេតុការណ៍នេះ កើតឡើងជាញឹកញាប់ពេក ដែលបង្ខំឲ្យ​ពួកគេ ត្រូវតែរស់នៅ ក្នុងភាពភ័យខ្លាច មិនដឹងថាពេលណា គ្រោះថ្នាក់នេះនឹងកើតមានចំពោះខ្លួន។ នៅតាមសាលា តាំងពីថ្នាក់បឋម ដល់ថ្នាក់សកលវិទ្យាល័យ សិស្សនិស្សិត ត្រូវហាត់សមរបៀបលាក់ខ្លួន រកកន្លែងមានសុវត្ថិភាព ក្នុងករណីមានហេតុការណ៍បាញ់រះ។

ទាំងអស់នេះហើយ ដែលជំរុញឲ្យយុវជនក្មេងៗ សម័យFacebook Twitterនេះ ប្រើប្រាស់បណ្តាញសង្គម ដើម្បីចងក្រងគ្នា រួមគ្នាតវ៉ា ប្រឆាំងនឹងសិទ្ធិកាន់កាប់អាវុធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក។ ពួកគេចង់ឲ្យមានការផ្លាស់ប្តូរ ហើយចង់ឲ្យមានការត្រួតពិនិត្យឲ្យបានតឹងតែង មិនត្រូវបើកដៃឲ្យសេរី ដូចរាល់ថ្ងៃនេះទេ។ កម្មវត្ថុនៃការតវ៉ារបស់ពួកគេមួយទៀត គឺ តវ៉ាប្រឆាំងនឹងក្រុមហ៊ុន ឧស្សាហកម្មផលិតអាវុធ ដែលមានអង្គការមួយ ​ចាំជួយជ្រោមជ្រែង នឹងប្រើឥទ្ធិពលដាក់សំពាធលើសភាក៏ដូចជារដ្ឋាភិបាល។ ស្ថាប័ន Lobby នោះមានឈ្មោះថា National Rifle Association (NRA) ដែលជាសមាគមមួយ ដ៏មានឥទ្ធិពល ចាំឃោសនា ការពារសិទ្ធិកាន់កាប់អាវុធដោយសេរី។

« March for our lives »

ជារួម មានសិស្សវិទ្យាល័យ មិនតិចជាង១លាននាក់ទេ ទូទាំងសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រចលនានេះ។ ក្នុងរយៈពេលជាង១ខែ ក្រោយហេតុការបាញ់រះនៅហ្វ្ល័ររីដា មានសាលារៀនយ៉ាងហោចណាស់ ៣០០០សាលា ដែលបានបន្តធ្វើការគោរពវិញ្ញាណខន្ធ ដល់អ្នកស្លាប់។ មានន័យថាសិស្សសាលា មានការចូលរួមយ៉ាងសកម្ម និងឈឺឆ្អាល ចំពោះបញ្ហានេះ។

បើយើងពិនិត្យទៅលើតួលេខស្ថិតិ ធ្វើអង្កេតដោយ វិទ្យាស្ថាននយោបាយ​Harvard យើងឃើញថា កាលពីឆ្នាំ២០១១ មានយុវជនអាមេរិកតែ៤៦%ទេ ដែលចង់ឲ្យមានច្បាប់គ្រប់គ្រងការកាន់កាប់អាវុធ ឲ្យបានតឹងរឹង។ ចំនួននេះ បានកើនឡើងដល់៦១% នៅឆ្នាំ​២០១៧។ ដូច្នេះមានន័យថា ក្រោយហេតុការណ៍បាញ់រះនៅវិទ្យាល័យនៅហ្វ្ល័ររីដា កាល​ពី​ខែ​កុម្ភះ​នេះ​ គឺចំនួនយុវជនដែលគាំទ្រឲ្យមានច្បាប់គ្រប់គ្រងអាវុធ ឲ្យតឹងតែងនេះ មានកាន់តែច្រើន។ ដូច្នេះហើយ បានជាចលនាធ្វើបាតុកម្មនាពេលនេះ ត្រូវគេរំពឹងថា នឹងមានមនុស្សចូលរូមច្រើន។

ចលនានេះ ក៏មានការគាំទ្រពីតារាហូលីវូដល្បីៗ ជាច្រើននាក់ផងដែរ ដូចជាលោក George Clooney Oprah Winfray Steven Spielberg ជាដើម។ តារាល្បីៗទាំងនេះ សុទ្ធ​តែ​បាន​ចូលរួម​ថវិកា ជួយក្នុងការរៀបចំក្បួនបាតុកម្មនៅថ្ងៃនេះ។ ចំណែកលោកអូបាម៉ា ក៏​បាន​សរសេរលើទ័រ Twitter របស់លោកដែរថា “ពេលនេះ យុវជនអាមេរិក កំពុងចូលរួមដាស់សតិស្មារតីជាតិ ឲ្យភ្ញាក់រលឹកឡើងហើយ”។

"March for Our Lives" នៅ Washington ថ្ងៃទី​២៤មីនា ២០១៨
"March for Our Lives" នៅ Washington ថ្ងៃទី​២៤មីនា ២០១៨ REUTERS/Aaron P. Bernstein

នៅក្រុងវ៉ាស៊ីនតោន ដែលនឹងមានការដង្ហែរក្បួនធំនៅថ្ងៃនេះ គឺរំពឹងថាអាចមានយុវជន សិស្សនិស្សិតផង មិនតិចជាង៥សែននាក់ទេ។ ក្បួនដង្ហែរ ចេញពីមុខសេតវិមាន ឆ្ពោះទៅកាន់វិមានកាពីតូល តាមបណ្តោយមហាវិថីរដ្ឋធម្មនុញ្ញ គឺវាមានតំលៃជានិម្មិតរូបធំខ្លាំងណាស់។ ក្រៅពីនេះ នៅមានការដង្ហែរក្បួន តាមទីក្រុងធំៗផ្សេងទៀត នៅតាមរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក។ ការដង្ហែរក្បួនបាតុកម្មនេះ ត្រូវពួកយុវជនដាក់ឈ្មោះថា ជា “ការដង្ហែរក្បួន ដើម្បីជីវិតរបស់ពួកយើងទាំងអស់គ្នា” « March for our lives »។ អ្នកខ្លះ បានលើកឡើងថា ចលនាតវ៉ានេះ នឹងមានលក្ខណៈធំធេងជ្រាលជ្រៅ ដូចកាលពីជំនាន់ ដែលយុវជនអាមេរិក តវ៉ារឿងអាមេរិកធ្វើសង្រ្គាមនៅវៀតណាម និងឥណ្ឌូចិន ដូច្នោះដែរ។

គ្មានសង្ឃឹមថា នឹងមានការផ្លាស់ប្តូរភ្លាមៗ​នៅថ្ងៃស្អែកទេ!

ជាបឋម យើងសង្កេតឃើញថា ទាំងរដ្ឋាភិបាលលោកដូណាល់ ត្រាំ ទាំងអង្គសភា ហាក់ដូចជាមានការភ្ញាក់ផ្អើល ដោយមិននឹកស្មានដល់ទេ ថាសិស្សសាលាក្មេងៗ អាចប្រមូលផ្តុំគ្នាបង្កើតចលនានេះបាន។ ទាក់ទិនទៅនឹងការធ្វើច្បាប់រឹតបន្តឹងការកាន់កាប់អាវុធ យើងសង្កេតឃើញថា ៣សប្តាហ៍ ក្រោយហេតុការណ៍បាញ់រះនៅហ្វ្ល័ររីដា សភានៅរដ្ឋហ្វ្ល័ររីដា បានធ្វើកំណែទម្រង់ច្បាប់ ក្នុងរដ្ឋខ្លួន ដោយបានដំឡើងអាយុអាចប្រើអាវុធបាន ពី១៨ឆ្នាំ ឲ្យឡើងដល់២១ឆ្នាំ។ កំណែទម្រង់នេះ អាចចាត់ទុកថាជាជោគជ័យមួយដែរ បន្ទាប់ពីមានចលនាតវ៉ារបស់សិស្សនិស្សិត នៅរដ្ឋហ្វ្ល័ររីដា។

ជាងនេះទៅទៀត កាលពីថ្ងៃសុក្រ ទី២៣មីនានេះ រដ្ឋាភិបាលលោកដូណាល់ ត្រាំ ទើបតែប្រកាសថា គេកំពុងរៀបចំសំណើច្បាប់មួយ ដើម្បីហាមឃាត់ កុំឲ្យមានចរាចរណ៍ប្រអប់ម៉ាស៊ីន ដែលយកទៅច្នៃកាំភ្លើង ពាក់កណ្តាលស្វ័យប្រវត្តិ ទៅជាកំាំភ្លើងស្វ័យប្រវត្តិ។ ម៉ាស៊ីននោះ ឈ្មោះថា Bump stock ។ ជាទូទៅនៅអាមេរិក គេអាចរកទិញបានដោយស្របច្បាប់ នូវកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ក៏ប៉ុន្តែអ្នកទិញអាចទិញ Bump stock នេះថែមដើម្បីច្នៃវាឲ្យទៅជាកាំភ្លើងស្វ័យប្រវត្តិ បាញ់គ្រាប់ចេញបានរាប់រយគ្រាប់ ក្នុងមួយនាទី។

ការប្រកាសរបស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ នាពេលនេះ គឺអាចចាត់ទុកថា រដ្ឋាភិបាលលោកត្រាំ ហាក់ទទួលរងសម្ពាធនៃការតវ៉ារបស់យុវជនក្មេងៗ។ តែយ៉ាងណា នេះគ្រាន់តែជាការបោះជំហាន ដ៏តូចតែប៉ុណ្ណោះ។ នៅសភាទាំង២អង្គឯនោះ គេមិនសូវជាមានសង្ឃឹមច្រើនប៉ុន្មានទេ។ អ្វីដែលជាការចង់បានរបស់យុវជន គឺការហាមឃាត់ការលក់កាំភ្លើងពាក់កណ្តាល​ស្វ័យប្រវត្តិ និងបង់គ្រាប់កាំភ្លើងធំៗ តែម្តង។ កុំថាឡើយ ដល់ទៅឈប់លក់កាំភ្លើង សូម្បីតែ ការត្រួតពិនិត្យឲ្យបានតឹងតែង ទៅលើប្រវត្តិរូបរបស់អ្នកទិញកាំភ្លើង មុននឹងលក់ទៅឲ្យ ក៏រដ្ឋាភិបាល និងសភាគ្មានចេទនាធ្វើវាដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ សមាគម National Rifle Association ដែលចាំការពារចរាចរណ៍អាវុធនេះ បានទាំងអំពាវនាវ ឲ្យបំពាក់អាវុធ ឲ្យដល់គ្រូបង្រៀន និងបុគ្គលិកបំរើការងារ នៅតាមសាលារៀនទៀតផង។

លោក Christ Murphy សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ​បានលើកឡើងថា ដរាបណាពួកគណបក្សសាធារណៈរដ្ឋ នៅតែមានសម្លេងភាគច្រើនក្នុងសភាតំណាង និងព្រឹទ្ធសភា​ នោះនឹងគ្មានអ្វីផ្លាស់ប្តូរទេ ទាក់ទិននឹងច្បាប់កាន់កាប់អាវុធ។ ពួកគណបក្សសាធារណៈរដ្ឋ និងធ្វើគ្រប់យ៉ាងដើម្បីការពារពួកឧស្សាហកម្មផលិតអាវុធ។ លោក Christ Murphy បានបន្ថែមថា លោកចង់រំលឹកដល់យុវជនសិស្សនិស្សិតទាំងអស់ថា កុំសង្ឃឹមច្រើនពេក នាំឲ្យខកបំណងបាក់ទឹកចិត្ត។ ពួកគេត្រូវដឹងថា នឹងគ្មានអ្វីផ្លាស់ប្តូរ​​​ភ្លាមៗនៅថ្ងៃស្អែកទេ។ តែការតវ៉ារបស់ពួកគេ គឺជាការតវ៉ា ដែលស្ថិតក្នុងរយៈពេលយូរអង្វែង បន្តទៅមុខ ទៀតមិនត្រូវបោះបង់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ