អានតួអត្ថបទ
សហរដ្ឋអាមេរិក-បរិស្ថាន

សកម្មជន​ការពារ​បរិស្ថាន​នៅ​អាមេរិក ​ប្តេជ្ញា​តវ៉ា​ប្រឆាំង​នឹង​នយោបាយ​របស់ ​ដូណាល់ ត្រាំ

សកម្មជន ​និង​អង្គការ​ការពារ​បរិស្ថាន​ធំៗ​ជាច្រើន ​បាន​សន្យា​រួម​កម្លាំង​គ្នា ​ហើយ​បាន​ផ្តេជ្ញា​ថា ​នឹង​តស៊ូ​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ ​បើ​សិន​ជា​ប្រធានាធិបតី​រូប​នេះ ​ ដឹកនាំ​ប្រទេស​ឲ្យ​វិល​ទៅ​រក​ការ​បំផ្លេច​បំផ្លាញ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​វិញ។ ជា​ការពិត ​លោក​ដូណាល់​ ត្រាំ​ធ្លាប់​បាន​ស្រែក​ថា ​លោក​មិន​ជឿ​ពី​រឿង​ផែនដី​ឡើង​កំដៅ​ដោយសារ​ឧស្ម័ន​ពុល ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​អ្វីឡើយ។​ លោក​នឹង​ដក​ខ្លួន​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ។

លោក Donald Trump ក្នុងពេល​ធ្វើ​សន្ធរកថា​នៅ​ Fayetteville ថ្ងៃទី​៦ ធ្នូ ២០១៦
លោក Donald Trump ក្នុងពេល​ធ្វើ​សន្ធរកថា​នៅ​ Fayetteville ថ្ងៃទី​៦ ធ្នូ ២០១៦ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

រឿង​បំរែបំរួល​អាកាសធាតុ ​ផែនដី​ឡើង​កំដៅ ​គ្រោះ​មហន្តរាយ​ធម្មជាតិ​កាន់តែ​ធ្ងន់ធ្ងរ ​ ផ្សែង​ពុល​ក្នុង​បរិយាកាស ​ដែល​ចេញ​ពី​ឧស្ម័ន​កាបូនិច ​ ទាំងអស់​នេះ ​ត្រូវ​លោក​ដូណាល់ ត្រាំ ​ធ្លាប់​ចាត់ទុក​ថា​គឺ​ជា​រឿង​ប្រឌិត​ទាំងស្រុង។ សម្តី​មួយ​ឃ្លា​នេះ ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សើច​ហួសចិត្ត ​ ​គឺ​គេ​ហួសចិត្ត​ពី​ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ ​និយាយ​ឲ្យតែ​រួច​ពីមាត់ ​របស់​លោក​មហាសេដ្ឋី​សម្តីបាន​រូប​នេះ ​កាល​ពី​មិន​ទាន់​ជាប់ឆ្នោត។

 

ក្នុង​ពេល​ឃោសនា​បោះឆ្នោត ​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ថា ​លោក​នឹង​លប់​ច្បាប់​ការពារ​បរិស្ថាន​ និង​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ចោល​ទាំងអស់ ​ ព្រោះថា​វា​គ្មាន​ប្រយោជន៍។ ជាង​នេះ​ទៅ​ទៀត ​ លោក​នឹងនាំ​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ ​ទីក្រុង​ប៉ារីស ​ដោយ​មិន​ខ្វល់​ថា​កិច្ច​ព្រមព្រៀង​នេះ ​មាន​ប្រទេស​១៩២​ប្រទេស ​បាន​ប្រឹងប្រែង​ធ្វើ​ការ​ចរចា ​មុន​នឹង​អាច​ឈាន​ទៅ​ចុះ​ហត្ថលេខា​យ៉ាង​ណា​នោះ​ទេ។

 

ប៉ុន្តែ​ក្រោយពេល​ជាប់​ឆ្នោត ​គេ​សង្កេត​ឃើញ​ថា​លោក ដូណាល់​​ ត្រាំ ​ហាក់​បន្ទន់​សំដី​មក​វិញ​ ដោយ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​រឿង​កិច្ច​ព្រមព្រៀង​ស្តីពី​បរិស្ថាន ​លោក​បាន​ត្រៀម​បើក​ចំហរ​ចិត្ត ​ដើម្បី​ពិចារណា។ ជាងនេះ​ទៅ​ទៀត ​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​ ដូណាល់ ត្រាំ ​បាន​ទទួល​ជួប​លោក ​Al Gore​ អតីត​អនុប្រធានាធិបតី ​នឹងជា​មនុស្ស​ម្នាក់​ដ៏​សំខាន់ ​ដែល​តែងតែ​អំពាវនាវ​ឲ្យ​មាន​នយោបាយ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។

 

តែទោះ​បី​ជា​យ៉ាងណា ​អត្តចរិក​ប្តូរ​ផ្លាស់​លឿន​រហ័ស ​ម្តង​ក្តៅ​ម្តង​ត្រជាក់​របស់​លោក​ដូណាល់ ត្រាំ​នៅ​តែធ្វើ​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​មិន​ទុកចិត្ត ​ ហើយ​មាន​ការ​ព្រួយ​បារម្ភ។ សម្រាប់​ពួក​គេ ​ បើ​សិន​ជា​លោក​ដូណាល់ ត្រាំ ​ហ៊ាន​ប៉ះពាល់​ច្បាប់​ការពារ​បរិស្ថាន ​និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ​​ នោះ​ពួក​គេ​នឹង​តស៊ូ ​ធ្វើ​ការ​តវ៉ា​ គ្មាន​ទី​បញ្ចប់។ សកម្មជន​បរិស្ថាន​ នឹង​ធ្វើ​បណ្តឹង​ទៅ​តុលាការ ​ នឹង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ រឺ​នៅ​ខាង​មុខ​វិមាន​សភា​ទាំងពីរ​របស់​អាមេរិក។

 

សម្រាប់​សកម្មជន​ទាំង​នេះ ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​បែប​ថ្មី ​ដោយ​គិត​គូរ​ពី​ធនធាន​ធម្មជាតិ ​តាម​រយៈ​ការ​ស្រាវជ្រាវ​រក​វិធី​ ផលិត​ថាមពល​អគ្គីសនី​ដោយ​មិន​ប្រើ​ប្រេង ​រឺ​ធ្យូងថ្ម​ គឺវា​នឹង​បង្កើត​ការងារ​ធ្វើ ​ ហើយ​ប្រជាជន​គ្រប់​ស្រទាប់​និង​បាន​ទទួល​ផល។ ផ្ទុយ​ទៅ​វិញ​ បើ​ក្រលេក​មើល​ទៅ​លើ​គម្រោង​តែងតាំង​មន្ត្រី​ធំៗ ​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ត្រាំ ​គឺ​បាន​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ ព្រោះ​លោកត្រាំ ​មាន​បំណង​តែងតាំង​មនុស្ស ​សុទ្ធតែ​អតីត​មហាសេដ្ឋី ​និង​ប្រធាន​ក្រុមហ៊ុន​ ដែល​បំពុល​បរិស្ថាន​ បំផ្លាញ​ធនធាន​ធម្មជាតិ ​ខ្លាំង​ជាង​គេ។

 

យ៉ាងណា​ក៏ដោយ ​ អង្គការ​ Sierra Club ​ដែល​ជា​អង្គការ​ការពារ​បរិស្ថាន​ធំជាង​គេ​នៅ​អាមេរិក​ ដែល​មាន​មនុស្ស​ចូលរួម​ជិត​២លាន​៥សែន​នាក់​នោះ ​បាន​សង្កេត​ឃើញ​ថា ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​ ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​វិភាគទាន ​និង​ជួយ​អង្គការ​ការពារ​បរិស្ថាន​នានា ​បាន​មាន​សន្ទុះ​កាន់​តែ​ច្រើន​ឡើង ​ដោយសារ ​ពួក​គេ​ខ្លាច​ក្រែង​នឹង​នយោបាយ​របស់​លោក​ដូណាល់​ ត្រាំ។ ការ​នេះ ​​បាន​ធ្វើ​ឲ្យ​អង្គការ​ទាំង​នោះ​​ រឹតតែ​មាន​កំលាំង​ចិត្ត​ក្នុង​ការ​តស៊ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ