អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អាមេរិក​ចាប់ផ្តើម​ចូល​ធ្វើការ​ឆ្នាំថ្មី ​ត្រៀមខ្លួន​​ធ្វើ​​កំណែ​ទម្រង់​​បែប​​អភិរក្ស​និយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៣​ មករា​នេះ ​សមាជិក​សភា​ទាំងពីរ ​របស់​សហរដ្ឋ​អាមេរិក ​បាន​ចាប់ផ្តើម​ចូល​ធ្វើការ ​សម្រាប់​ឆ្នាំ​ថ្មី ​ឆ្នាំ​២០១៧។​ អ្វី​ដែល​ជា​ការ​កត់​សំគាល់​សំខាន់​នោះ ​គឺ​ទាំង​សភា​តំណាង ​និង​ទាំង​ព្រឹទ្ធ​សភា ​គឺ​គណបក្ស​សាធារណរដ្ឋ​មាន​សម្លេង​ភាគ​ច្រើន​ទាំងអស់។ ដូច្នេះ ​ចាប់​ពី​ពេល​នេះ​ទៅ ​ជាមួយ​នឹង​លោក​ដូណាល់ត្រាំ ​ដែល​នឹង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ​ នៅ​ថ្ងៃ​ទី​២០ ​មករា​ ខាង​មុខ​នេះ ​ ​គឺ​គណបក្ស​សាធារណៈរដ្ឋ​ មាន​ទាំង​អំណាច​នៅ​ក្នុង​សភា ​និង​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល។ នេះ​គឺ​ជា​ឱកាស​មាស​សម្រាប់​គណបក្ស​នេះ ​ដើម្បី​ធ្វើ​កំណែទម្រង់​ធំៗ ​បែប​អភិរក្សនិយម ​ និង​ជា​ពិសេស ​គឺ​ដើម្បី​លប់​ចោល​នូវ​ស្នាដៃ ​ទាំង​ឡាយ​ណា ​ដែល​លោក​អូបាម៉ា ​បាន​សម្រេច​បាន​កន្លង​មក។

វិមានកាពីតូល ​នៅរដ្ឋធានី​ វ៉ាស៊ីងតោន ទីតាំង​សភា​កុងហ្រ្កេ​​របស់​សហរដ្ឋអាមេរិក
វិមានកាពីតូល ​នៅរដ្ឋធានី​ វ៉ាស៊ីងតោន ទីតាំង​សភា​កុងហ្រ្កេ​​របស់​សហរដ្ឋអាមេរិក REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

បក្ស​សាធារណៈរដ្ឋ ​កាច់​ចង្កូត​សហរដ្ឋ​អាមេរិក ​តែ​ម្នាក់ឯង៖

នៅ​សល់ពេល ​មិន​ដល់​២០​ថ្ងៃ​ទៀត​ទេ ​លោក​ដូណាល់ ត្រាំ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពេញ​ច្បាប់។ ថ្ងៃទី​៣​មករា​នេះ ​សភា​ទាំងពីរ​អង្គ​របស់​អាមេរិក ​ ​ក៏ចាប់​ផ្តើម​ចូល​ធ្វើ​ការ​ដែរ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​ គឺ​ទាំង​សភា ​ទាំង​រដ្ឋាភិបាល​ថ្មី​ គឺ​សុទ្ធតែ​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណៈរដ្ឋ ​ ដែល​ការ​នេះ ​ គឺ​មាន​ន័យ​ថា ​គណបក្ស​នេះ ​ នឹង​ធ្វើ​កំណែ​ទម្រង់​នានា ​បាន​យ៉ាង​ងាយ​ស្រួល។

ចាប់​ពីពេលនេះ​ទៅ ​ សភា​ទាំងពីរ​អង្គ​របស់​អាមេរិក​ រឺ​ដែល​យើង​ហៅ​ម្យ៉ាង​ទៀត​ថា ​ កុងហ្ក្រេ ​ព្រម​ទាំង​រដ្ឋាភិបាល​ ដែល​មាន​លោក​ដូណាល់​ ត្រាំ​ជា​ប្រមុខ ​ គឺ​សុទ្ធតែ​ជា​របស់​គណបក្ស​សាធារណៈរដ្ឋ​ទាំង​អស់។​ តាម​ពិត​ទៅ ​ សភា​ទាំងពីរ​អង្គ ​បាន​ធ្លាក់​មក​ក្នុង​ដៃ​របស់​គណបក្ស​សាធារណៈរដ្ឋ​ តាំង​ពី​ឆ្នាំ​២០១៤​ ក្រោយ​ពេល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។ ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណៈរដ្ឋ ​បាន​បោះឆ្នោត​បដិសេធ​សំណើរ​ច្បាប់ ​ក៏​ដូចជា​រារាំង​កំណែ​ទម្រង់​ធំៗ​របស់​លោក​អូបាម៉ា ​បាន​សឹងតែ​ទាំង​អស់។

សម្រាប់​ពេល​នេះ ​អ្វី​ដែល​អ្នក​វិភាគ​ទូទៅ​បាន​យល់​ឃើញ ​ គឺ​ថា​គណបក្ស​សាធារណៈរដ្ឋ​នឹង​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​គ្រប់គ្រង​សហរដ្ឋ​អាមេរិក​តែ​ម្នាក់​ឯង​ ដោយសារ​គេ​មាន​សភា ​និង​ប្រធានាធិបតី​ដែល​ជា​មនុស្ស​របស់​បក្ស​គេ។ គម្រោង​កំណែទម្រង់ ​និង​ច្បាប់​ថ្មីៗ​ជាច្រើន ​ ត្រូវ​គេ​ឲ្យដឹង​ថា ​គេធ្វើ​សឹង​តែ​រួចរាល់​ទៅហើយ​ គឺរង​ចាំ​ឲ្យ​តែ​លោក​ដូណាល់ត្រាំ ​ចូល​កាន់​តំណែង​ពេញលេញ ​ នឹង​អាល​ចុះ​ហត្ថលេខា​អនុវត្តិ​វា​តែ​ប៉ុណ្ណោះ។

លប់ដាន ​និង​បំបាត់​ស្នាដៃ​របស់​អូបាម៉ា ​ចោល​ទាំងអស់៖
អ្នក​វិភាគ​ជាច្រើន​យល់​ថា ​អ្វី​ដែល​លោក​ដូណាល់ត្រាំ ​ក៏​ដូច​ជា​គណបក្ស​សាធារណៈរដ្ឋ​ នឹង​រួមគ្នា​ធ្វើ ​ចាប់ពី​ពេល​នេះ​ទៅ ​ គឺ​លប់​បំបាត់​ដាន ​និង​ស្នាដៃ​របស់​លោក​អូបាម៉ា ​ដែល​គាត់​បាន​កសាង​កន្លង​មក ​ចោល​ទាំង​អស់។ មានន័យថា ចង្កូតនយោបាយដឹកនាំប្រទេស ទាំងគ្រប់វិស័យ នឹងត្រូវផ្លាស់ប្តូរទាំងស្រុង ខុសពីលោកអូបាម៉ា ហើយច្បាប់ខ្លះដែលលោកអូបាម៉ា បានអនុម័ត គឺគេអាចនឹងលប់វាចោលទាំងស្រុងទៀតផង។

ជាក់ស្តែង​ ច្បាប់ស្តី​ពី​ការ​ធានា​រ៉ាប់រង​សុខភាព​ប្រជាពលរដ្ឋ ​រឺ​ហៅ​ម្យ៉ាង​ទៀត​ថា​ Obamacare។ ច្បាប់​នេះ​ គឺជា​ស្នាដៃ​ធំ​បង្អស់​របស់​លោក​អូបាម៉ា​ ដែល​លោក​បាន​មានៈ​ បង្កើត​វា​ឡើង ​ដើម្បី​ស្ថាបនា​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព ​ដល់​ប្រជាជន​អាមេរិក​ក្រីក្រ ​រឺ​អ្នក​ដែល​គ្មាន​លទ្ធភាព។ តែ​ច្បាប់​នេះ ​ត្រូវ​បាន​លោក​ដូណាល់​ត្រាំ ​និង​ គណបក្ស​សាធារណៈរដ្ឋ​ប្រកាស​ថា ​គឺ​នឹង​លប់​វា​ចោល ​ ហើយ​ដាក់​ស្នើរ​ច្បាប់​ថ្មី។

គណបក្ស​សាធារណៈរដ្ឋ​ មាន​គម្រោង​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ផ្សេង​ទៀត ​ ដែល​សុទ្ធតែ​ជា​កំណែទម្រង់​បែប​អភិរក្ស​និយម​ទាំង​អស់។ តួយ៉ាង​គំរោង​កំណែទម្រង់​​ច្បាប់​ពន្ធដា ​ដែល​បើកដៃ ​ផ្តល់​ប្រយោជន៍​ខ្លាំង​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ​គឺ​ការ​ចំណាយ​របស់​រដ្ឋ​ ក៏​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះទៀត​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​កំពុង​តែ​ព្រួយ​បារម្ភ​ ​ថា​ក្រុម​គណបក្ស​សាធារណៈរដ្ឋ​ អាច​នឹង​ធ្វើ​កំណែទម្រង់ ​ដើម្បី​បំបិទ​សិទ្ធិ​ក្នុង​ការ​រំលូត​កូន ​រឺ​មួយ​ក៏​រារាំង​ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ជាដើម។

ដូចគ្នា​ដែរ ​ ទាក់ទិន​នឹង​វិស័យ​ការពារ​បរិស្ថាន ​គឺ​ជឿថា ​គណបក្ស​សាធារណៈ​រដ្ឋ​ប្រាកដ​ជា​ កាត់​បន្ថយ​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​សហគ្រាស ​ព្រោះ​គណបក្សនេះ​ មិន​ដែល​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ​រឺក៏​ការ​ចុះថយ​នៃ​ធនធាន​ធម្មជាតិ​អ្វី​ទេ។ នេះ​យើង​នៅ​មិន​ទាន់​រាប់​អំពី​គោល​នយោបាយ​គ្រប់គ្រង​ការ​កាន់កាប់​អាវុធ​ផង​ ដែល​កន្លង​មក​យើង​ដឹង​គ្រប់​គ្នា ​ថា​គណបក្ស​ស្តាំនិយម​នេះ ​ មិន​ដែល​ខ្វល់​ថា​មាន​អ្នក​ស្លាប់​ប៉ុន្មាន​អ្នក​ទេ ​ហើយ​តែងតែ​ការពារ​សិទ្ធិ​កាន់កាប់​អាវុធ​ដោយ​សេរី​នេះ​ជានិច្ច។

ម្នាក់​ឯង ​ តែ​ឧបសគ្គ​មាន​ច្រើន៖
បក្ស​សាធារណៈរដ្ឋ​ ក្តាប់អំណាច​តែ​ម្នាក់​ឯង​ តែ​មិនមែន​មាន​ន័យ​ថា ​វា​គ្មាន​ឧបសគ្គ​នោះទេ។ ទីមួយ​គឺពេល​វេលា​ខ្លី។ ឱកាស​មាស​នេះ ​ គណបក្ស​សាធារណៈរដ្ឋ​អាច​មាន​តែ​២ឆ្នាំ​ទេ ​ព្រោះ​ថា​សម្រាប់​សមាជិក​សភា​តំណាង ​គឺ​មាន​អាណត្តិ​តែ២​ឆ្នាំ​ទេ ​ហើយ​សម្រាប់​​សមាជិក​​ព្រឹទ្ធសភា​វិញ​ ​គឺត្រូវ​ផ្លាស់​ប្តូរ​១ភាគ​៣ ​នៅរៀង​រាល់​២​ឆ្នាំ​ម្តង។ ដូចនេះ ​ថា​មិន​ត្រូវ​ចាប់​ពី​ដើម​ឆ្នាំ​២០១៩ ​ សភា​ទាំង​ពីរ​អង្គ ​ អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ ​វិញ​ក៏​ថា​បាន​ដែរ។

ឧបសគ្គ​មួយទៀត ​ គឺ​ក្នុង​គណបក្ស​សាធារណៈរដ្ឋ​ខ្លួន​ឯង​នេះ ​ ក៏​មាន​ចរន្ត​ពីរ​មិន​ស្រប​គ្នា​ដែរ ​ជា​ពិសេស​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​ពីរអង្គ។ ពោល​គឺ​មាន​សមាជិក​សភា ​ដែល​ជា​ក្រុម​អភិរក្សនិយម​ និង​មួយ​ក្រុម​ទៀត​ ដែល​ជា​ក្រុម​កណ្តាល​និយម។ ក្រុម​ទាំង​ពីរ​នេះ ​ ​ការពារ​ផល​ប្រយោជន៍​​ខុសគ្នា ​ ហើយ​តែងតែ​ប្រកែក​គ្នា​តឹង​សសៃក ​ ក្នុង​ពេល​ធ្វើ​ច្បាប់​ម្តងៗ។ ដូច្នេះ ​គេ​ជឿថា​ ការ​អនុម័ត​ច្បាប់ ​និង​គំរោង​កំណែទម្រង់​ផ្សេងៗ​ប្រាដក​ជា​ត្រូវ​ឆ្លងកាត់​ការ​ជជែក​តវ៉ា​គ្នា​ ខ្លាំងក្លា​មិន​ខាន ​ ហើយ​ថា​មិន​ត្រូវ​វា​ប្រាដក​ជា​ចំណាយ​ពេល​យូរ។

យ៉ាង​ណាមិញ ​​គម្រោង​លប់​ចោល​ច្បាប់ ​Obamacare ​ ហើយ​ដាក់​ជំនួស​ដោយ​ច្បាប់​ថ្មី ​ ​គឺ​មិន​ប្រាដក​ថាអាច​ចេញ​ដោយ​ស្រួល​ទេ ​ ព្រោះ​ច្បាប់ថ្មី ​ នៅ​មិន​ទាន់​សរសេរ​បាន​មួយ​តួ​អក្សរ​នៅ​ឡើយ​ទេ។ មួយ​ឆ្នាំ​ទៀត​ មិនទាន់​ដឹង​យ៉ាង​ណាផង​ ទំរាំ​តែ​ដល់​ពេល​ត្រូវ​ជជែក​ដេញ​ដោល​គ្នា ​នៅ​ក្នុង​សភា​ទាំង​ពីរអង្គ។

ឧបសគ្គ​មួយទៀត​ដែរ ​ គឺ​នៅ​ព្រឹទ្ធ​សភា ​គណបក្ស​ប្រជាធិបតេយ្យ ​នៅ​មាន​សម្លេង​ជាង​៤០%​ដែរ​ ដែល​ការនេះ​ អាច​រារាំង ​មិន​ឲ្យ​គណបក្ស​សាធារណៈរដ្ឋ​ធ្វើ​អ្វី​បាន​ដោយ​ងាយ ​ក្នុង​ករណី​មួយ​ចំនួន ​ ដែល​ត្រូវ​ការ​សម្លេង​ឆ្នោត​យ៉ាង​ហោច​ណាស់​៦០%។ តួយ៉ាង ​ដូច​ជា​ការ​តែងតាំង​ចៅក្រម​ទី​៩ ​នៃ​សមាសភាព​សមាជិក​ចៅក្រម​តុលាការ​កំពូល។ តុលាការ​នេះ ​ មាន​តួនាទី​ឃ្លាំមើល​ការ​គោរព​រដ្ឋធម្មនុញ្ញ ​ ហើយ​ជា​ស្ថាប័ន​យុត្តិធម៌​កំពូល​របស់​សហរដ្ឋ​អាមេរិក​ ដែល​ធានា​ការពារ​សិទ្ធិ​សេរីភាព ​ ព្រមទាំង​របត់​វិវឌ្ឍន៍​របស់​សង្គម ​តែម្តង។

ដោយឡែក ​បើយើង​ត្រលប់​ទៅ​មើល​លទ្ធផល​បោះឆ្នោត​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ​ ​គឺ​លោកស្រី​ហ៊ីឡារី ​គ្លីនតុន ​ មាន​ចំនួន​ឆ្នោត​លើស​លោក​ ដូណាល់ ត្រាំ ​ដល់​ទៅ​៣លាន​សម្លេង។ ដូច្នេះ​មាន​ន័យ​ថា​​ ប្រជាជន​អាមេរិក​ភាគ​ច្រើន ​ប្រាកដ​ជា​មិន​នៅ​ស្ងៀម ​បណ្តោយ​ឲ្យ​លោក​ដូណាល់ត្រាំ ​ក៏​ដូច​ជា​គណបក្ស​សាធារណៈរដ្ឋ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ។ គេជឿថា ​បាតុកម្ម​តវ៉ា ​ទូទាំង​ប្រទេស​ប្រាកដជា​សំបូរ​ណាស់ ​ចាប់​ពីពេល​នេះ​ទៅ។

រវាង​គណបក្ស​សាធារណៈរដ្ឋ​ និង​លោក​ដូណាល់ត្រាំ​ មិនមែន​ទឹកឃ្មុំ​ផ្អែម​គ្រប់​រឿង​ទេ!
លោក​ដូណាល់ ត្រាំ ​ជា​មនុស្ស​គណបក្ស​សាធារណៈរដ្ឋ​មែន​ពិត ​ តែ​មិនមែន​មាន​ន័យ​ថា ​គណបក្ស​នេះ ​មាន​ទស្សនវិស័យ​ដូច​លោក​ដូណាល់ត្រាំ ​ទាំង​អស់​ទេ ​ជា​ពិសេស​គឺ​ទាក់ទិន​នឹង​នយោបាយ​ការបរទេស​តែម្តង។ តាម​ការ​វិភាគ ​កន្លង​មក​នេះ ​យើង​ឃើញ​ថា ​ របត់​នយោបាយ​ការបរទេស​របស់​សមាជិក​សភា ​ និង​ព្រឹទ្ធសភា​គណបក្ស​សាធារណៈរដ្ឋ ​ គឺ​មាន​ទំនោរ​ច្រើន​ដូច​ទៅ​នឹង​ការ​យល់ឃើញ​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​តែ​វា​ផ្ទុយ​សឹង​តែ​ទាំងស្រុង ​ពី​ទស្សនវិស័យ​របស់​លោក​ដូណាល់ ត្រាំ។

ជាក់ស្តែង ​ទាក់ទិន​ទៅ​នឹង​វិបត្តិ​ជាមួយ​រុស្ស៊ី ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ចោទ​រុស្ស៊ី​ ​ថាបាន​ចូល​លូកដៃ ​ក្នុង​កិច្ចការ​បោះឆ្នោត ​តាម​រយៈ​ការ​បញ្ជា​ឲ្យ​ចោរព័ត៌មានវិទ្យា ​ចូល​មក​លួច​ទិន្ន័យ។ បញ្ហា​នេះ​ គឺ​សមាជិក​សភា​គណបក្ស​សាធារណៈរដ្ឋ ​យល់​ដូច​លោក​អូបាម៉ា ​ហើយ​ទាមទារ​ឲ្យ​មាន​នយោបាយ​វាយបក​ទៅ​លើ​រុស្ស៊ីវិញ ​ ក៏​ប៉ុន្តែ​លោក​ដូណាល់ ត្រាំ ​នៅ​តែ​ប្រកែក​ថា​វា​មិនមែន​ជា​ការពិត ​ ថារុស្ស៊ី​មិន​ធ្វើ​រឿង​បែប​នេះ។

ចំណុច​មួយ​ទៀត ​ មិនមែន​ជា​ឧបសគ្គ​រឺ​វិវាទ​អ្វី​ទេ ​តែ​ជា​ការ​ព្រួយ​បារម្ភ ​ស្តីពី​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់​លោក​ដូណាល់ត្រាំ។ សហរដ្ឋ​អាមេរិក ​ជា​មហាអំណាច​កំពូល​គ្រប់​វិស័យ ​ដូច្នេះ ​ ការ​ដឹកនាំ​កាច់​ចង្កូត​ប្រទេស​នេះ ​ មិនមែន​ចេះតែ​ធ្វើ​ឲ្យ​តែ​បានៗ​ទៅ​ទេ។ គ្រាន់តែ​ក្នុង​សេតវិមាន ​ មាន​មនុស្ស​ជាង​៤០០​នាក់ ​ ដែល​ជា​ទីប្រឹក្សា ​នឹង​ត្រូវ​ធ្វើ​ការ​ជាប្រចាំ​ជាមួយ​ប្រធានាធិបតី។

មានគេ​កំពុង​តែ​ចោទ​សួរ​ច្រើន​ណាស់​ថា ​លោក​ដូណាល់ត្រាំ ​ ប្រហែល​ជា​មិន​ដឹង ​ មិន​យល់​ពី​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​ទេ ​ថា​តើ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ ​ ត្រូវ​សម្រេច​អ្វី​ខ្លះ​រាល់ថ្ងៃ។ ​សេចក្តី​សម្រេច​នីមួយៗ​ចេញពី​សេតវិមាន​ មិន​មាន​ប៉ះពាល់​តែ​អាមេរិក​ ​តែ​ឯង​ទេ ​ ​តែ​វា​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល។ ប្រធានាធិបតី​អាមេរិក​មួយ​ទាំងមូល ​ មិន​អាច​ចេះ​តែ​និយាយ​តែ​ផ្តេសតែ​ផ្តាស ​នៅ​លើ​ទំព័រ​ Twetter ​ ដូច​ដែល​លោក​ដូណាល់ ត្រាំ ​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ