ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាមេរិក

Michael Flynn​ ទទួល​សារភាព​ថា​បាន​កុហក ​FBI​ ក្នុង​សំណុំ​រឿង​រុស្ស៊ី

media  
លោក Michael Flynn ពេលចេញ​ពី​តុលាការ​ថ្ងៃទី​១ ធ្នូ ២០១៧ REUTERS/Jonathan Ernst

លោក Michael Flynn អតីតទីប្រឹក្សាពិសេសរបស់លោកដូណាល់ ត្រាំ ហើយដែលកំពុងជាប់សង្ស័យ ក្នុងសំណុំរឿងឃុបឃិតជាមួយរុស្ស៊ីនោះ បានសារភាពទទួលស្គាល់ថា ខ្លួន ពិតជាបានកុហក ក្រុមស៊ើបអង្កេតFBI ទាក់ទិននឹងការស៊ើបសួរ ស្តីអំពីជំនួបដោយសំងាត់ រវាងលោក និងអគ្គរដ្ឋទូតរុស្ស៊ី។​ ចំលើយ សារភាពទទួលស្គាល់នេះ និងបើកទំព័រថ្មី ដល់ការស៊ើបអង្កេតលើរឿងអាស្រូវ ឃុបឃិតគ្នា រវាងរុស្ស៊ី និងក្រុមការងាររបស់លោកដូណាល់ ត្រាំ។ រឿងអាស្រូវនេះ បាននិង​កំពុង តែបំពុលអាណត្តិប្រធានាធិបតី របស់លោកដូណាល់ ត្រាំ។

នៅចំពោះមុខរដ្ឋអាជ្ញាស៊ើបអង្កេត កាលពីថ្ងៃសុក្រ ទី១ ធ្នូ ម្សិលមិញនេះ  លោក Michael Flynn បានទទួលស្គាល់ថា លោកពិតជាបាន កុហកក្រុមការងារFBI ដោយបានលាក់ មិនប្រាប់ការពិត ស្តីពីខ្លឹមសារ នៃការនិយាយឆ្លើយឆ្លងគ្នា រវាងលោក និង លោកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រុងវ៉ាស៊ីនតោន។ លោក Michael Flynn បានអះអាងថា ចាប់ពីពេលនេះទៅ ដោយយោងលើផលប្រយោជន៍ក្រុមគ្រួសារលោក និងផលប្រយោជន៍ជាតិអាមេរិកទាំងមូល លោកសូមធានា ថានឹងសហការជាមួយនឹងក្រុមស៊ើបអង្កេត ឲ្យបានពេញទី។

តែយ៉ាងណា មេធាវីរបស់សេតវិមាន បានអះអាងថា សម្តីទទួលស្គាល់របស់លោក Michael Flynn គឺជាចំលើយ ដែលទាក់ទងតែរូបលោកម្នាក់តែប៉ុណ្ណោះ។​ មន្ត្រីផ្សេងៗទៀត របស់រដ្ឋាភិបាលមិនមានជាប់ពាក់ព័ន្ធឡើយ។

សូមរំលឹកថា លោក Michael Flynn គឺជាអតីតទីប្រឹក្សាផ្នែកសន្តិសុខផ្ទៃក្នុង របស់លោកដូណាល់ ត្រាំ។ កាន់មុខដំណែងនេះបានតែប៉ុន្មានថ្ងៃ រឿងអាស្រូវនេះ បានបង្ខំ ឲ្យលោកដូណាល់ ត្រាំ​ដកលោកចេញពីតំណែងវិញ។ ការសារភាពទទួលស្គាល់ របស់លោក Michael Flynn នាពេលនេះ និងផ្តល់សន្ទុះថ្មី ឲ្យដល់ការស៊ើបអង្កេត ដែលដឹកនាំដោយលោករដ្ឋអាជ្ញា Robert Mueller ដែលគ្រប់គ្នាទទួលស្គាល់ថា ជាមនុស្សម៉ឺងម៉ាត់ មិនរាថយ។

ការសន្យាសហការរបស់លោក Michael Flynn អាចនឹងនាំឲ្យគេដឹង អំពីសកម្មភាព និងតួនាទីពិតប្រាកដ របស់លោក Jared Kuchner កូនប្រសារសំណព្វ របស់លោកដូណាល់ ត្រាំ ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយរុស្ស៊ីនេះ។ ក្រុមការងារស៊ើបអង្កេត បានសង្ស័យថា មានមនុស្សដ៏សំខាន់ និងមានអំណាចម្នាក់ ក្នុងក្រុមការងាររបស់លោកត្រាំ ដែលបានដឹកនាំ សកម្មភាពជួបប្រជុំ ជាមួយអគ្គរដ្ឋទូតរុស្ស៊ី នៅក្នុងកំឡុងពេល រៀបចំបង្កើតរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ ប្រភពជាច្រើន បានអះអាងប្រាប់ទីភ្នាក់ងារ Reuters ថា មនុស្សមានអំណាចរូបនោះ គឺរូបលោក Jared Kuchner កូនប្រសារលោកដូណាល់ ត្រាំតែម្តង។

ដោយឡែក បើតាមប្រភពពី ទូរទស្សន៍ ABC News បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះថា លោក Michael Flynn បានទាំងសន្យា ថានឹងនិយាយលំអិតទាំងអស់ នូវសម្តីរបស់លោក ដូណាល់ ត្រាំ ​ដែលបានបង្គាប់បញ្ជារមកលើរូបលោក ឲ្យទៅទាក់ទងជាមួយនឹងរុស្ស៊ី ទៀតផង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ