ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាមេរិក

ហេតុអ្វី​បានជាអាមេរិក​គ្មាន​ឈ្មោះ​ក្នុង​រឿងអាស្រូវ Panama Papers?

media  
DR

ឥស្សរជន​នយោបាយ​ធំៗ ដូចជា​នាយករដ្ឋមន្រ្តី​អង់គ្លេស អ៊ីស្លង់ ឬ​អាហ្សង់ទីន រួម​ទាំង​មនុស្ស​ស្និទ្ធ​នឹង​លោកប្រធានាធិបតី​រុស្ស៊ី ឬ​ចិន​ជាដើម​សុទ្ធ​តែ​កំពុងជាប់​ក្នុង​រឿងអាស្រូវ​គេចពន្ធ​Panama Papers។ ប៉ុន្តែ ជាមួយគ្នានេះ សំណួរ​មួយ​បាន​ចោទឡើង​ថា ហេតុអ្វី​បាន​ជា​អ្នកនយោបាយ ឬ​មហាសេដ្ឋី​អាមេរិក​គ្មាន​ឈ្មោះ នៅក្នុង​បញ្ជីPanama Papers? តើ​អាមេរិក​មាន​តម្លាភាព ហើយ​អ្នកនយោបាយ​អាមេរិកាំង​ស្អាតស្អំ​ជាងគេ​ឬ​យ៉ាងណា?

 

ថ្នាក់ដឹកនាំ​របស់​ប្រទេស​ចិន រុស្ស៊ី អង់គ្លេស អាហ្សង់ទីន និង​អ៊ីស្លង់​សុទ្ធ​តែ​ប៉ះពាល់​ដោយ​រឿងអាស្រូវ​គេចពន្ធ ក្រោយ​ការចុះផ្សាយ​សំណុំឯកសារ​Panama Papers។ ឈ្មោះ​របស់​ឥស្សរជន​នយោបាយ និង​មហាសេដ្ឋី​ក្នុងលោក​បាន​លេច​ឈ្មោះ​ជា​បន្តបន្ទាប់​ក្នុង​បញ្ជីឈ្មោះ​Panama Papers ដែល​រហូតមកដល់​ពេលនេះ បានផាត់ ​ដកឲ្យ​រួចខ្លួន ថ្នាក់ដឹកនាំ​អាមេរិកាំង។ នេះមិនមែន​មានន័យថា នៅ​ក្នុង​Panama Papers គ្មាន​ឈ្មោះ​ជនជាតិ​អាមេរិកាំង​សោះនោះទេ។

 

តាម​លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា Warlker Guevara អនុប្រធាន​អង្គការ​អ្នកកាសែត​អន្តរជាតិ​(ICIJ) ដែល​បាន​ស៊ើបអង្កេត​លើ​សំណុំរឿង​គេចពន្ធ​នៅ​ប្រទេស​ប៉ាណាម៉ា មានដែរ​ឈ្មោះ​ជនជាតិ​អាមេរិកាំង ប៉ុន្តែ ពួកគេ​ភាគច្រើន​គ្រាន់​តែ​ជាបុគ្គល​ឯកជន គ្មាន​ឈ្មោះ​ល្បី ហើយ​មិនមែន​ជា​អ្នកធ្វើ​នយោបាយ​នៅ​អាមេរិក​នោះទេ។ សរុប​មក ទាំងអស់​នេះ​មិនមែន​បញ្ជាក់ថា ឥស្សរជន​នយោបាយ និង​មហាសេដ្ឋី​អាមេរិក​មាន​តម្លាភាព ស្អាតស្អំ និង​ស្មោះត្រង់​ជាងជនជាតិ​ដទៃនោះទេ។

 
សម្រាប់​លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា Warlker Guevara មាន​ហេតុផល​បី​ដែល​ធ្វើ​ឲ្យ​គេ​មិន​ឃើញ​ឈ្មោះ​អ្នកនយោបាយ ឬ​មហាសេដ្ឋី​អាមេរិកាំង​ក្នុង​បញ្ជី​ក្រុមហ៊ុន​នៅ​ប្រទេស​ប៉ាណាម៉ា។ ទី១ ជនជាតិ​អាមេរិកាំង​មាន​ជម្រើស និង​មធ្យោបាយ​ច្រើន​ដើម្បី​គេចពន្ធរដ្ឋ។ ពួកគេ​អាច​មិនជ្រើសរើស​យក​ប្រទេស​ប៉ាណាម៉ា ដើម្បី​ធ្វើ​ជា​ឋានសួគ៍​គេច​ពន្ធ​របស់​​ពួកគេ។ តាម​លោកស្រីហ្គេវ៉ារ៉ា ដើម្បី​គេ​មិន​បង់ពន្ធ​រដ្ឋ ជនជាតិ​អាមេរិកាំង​ទំនង​ទុកចិត្ត ផ្ញើលុយ​ទៅ​ទុកនៅ​​កោះ​របស់​ប្រទេស​អង់គ្លេស ឈ្មោះ Virgine Island ឬ​នៅ​កោះ​ដែល​និយាយ​ភាសាអង់គ្លេស ដូចជាង Cayman Islands ជាដើម។

មួយវិញទៀត ជនជាតិ​អាមេរិកាំង​មួយចំនួនទៀត​មិនចាំបាច់​បញ្ជូន​លុយ​របស់ខ្លួន​ទៅ​លាក់​ទុក​នៅ​បរទេស ដើម្បី អាច​គេច មិន​បង់ពន្ធរដ្ឋ​នោះទេ ព្រោះ​ក្នុង​ទឹកដី​អាមេរិក​ផ្ទាល់ ក៏​មាន​ប្រព័ន្ធ​ច្បាប់​សម្រួល​ឲ្យ​អ្នកដែល​មាន​លុយ​អាច​បង្កើត​ក្រុមហ៊ុន​ក្នុង​ស្រុក ដោយមិនចាំបាច់ ប្រកាស​ប្រាប់​រដ្ឋ​ពី​ឈ្មោះ អ្នកដែល​ទទួល​ប្រាក់​ចំណេញ​ពី​ក្រុមហ៊ុន​នោះដែរ។ ទីបី​ទៀត គឺ​ការរឹតបន្តឹង​ច្បាប់​ដាក់​ពិន័យ​លើ​ធនាគារ​ក្នុង​ទឹកដី​អាមេរិក ដែល​ជួយ​អតិថិជន ក្នុង​ការបង្វិល​ប្រាក់​ទៅលាក់​ទុក​នៅបរទេស។ ក្នុងប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដោយសារ​តែរឿង​អាស្រូវ​របស់​ធនាគារ​ស្វ៊ីស រដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម ទៅលើ​ធនាគារ​បរទេស​មួយចំនួន ក្នុង​ទឹកដីអាមេរិក ឲ្យ​បង់ប្រាក់​ពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​បទល្មើស​ដែល​បាន​ជួយ​អតិថិជន​ឲ្យ​គេច មិន​បង់ពន្ធ​រដ្ឋ​អាមេរិកាំង។ ជាក់ស្តែង រដ្ឋអាមេរិក​បាន​ដាក់​ពិន័យ​ធនាគារ​UBS ឲ្យ​បង់​ប្រាក់​ពិន័យ ៧៨០​លាន​ដុល្លារ និង​២ពាន់ ៦រយលាន​ដុល្លារ សម្រាប់​ធនាគារ​Credit ​Suisse។

ហេតុផល​ទាំង​៣​ខាងលើ​ធ្វើ​ឲ្យ​ឈ្មោះ​ឥស្សរជន អ្នកនយោបាយ​សំខាន់ៗ​របស់​អាមេរិក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជីPanama Papers។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​ការសង្ស័យ​ដែល​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​CIA បាន​ឃុបឃិត​បង្កើត​សំណុំរឿង Panama Papers ដើម្បី​បង្ក​អស្ថិរភាព​នៅ​ប្រទេស​ដទៃ ជាពិសេស​រុស្ស៊ី។

យ៉ាងណាកដ៏ដោយ សម្រាប់​អ្នកទទួលខុសត្រូវ​របស់​អង្គការ​អ្នកកាសែត​អន្តរជាតិ វា​នៅ​ឆាប់ណាស់ ដើម្បី​សន្និដ្ឋាន​ថា ឥស្សរជន​នយោបាយ​អាមេរិកាំង​រួចខ្លួន មិន​ជាប់​ឈ្មោះ ក្នុង​Panama Papers ព្រោះថា ឯកសារ​Panama Papers​មាន​ដល់​ទៅ ១១លាន ៥​សែន​ឯកសារ ហើយ​ពេលនេះ គេ​ទើប​ពិនិត្យ​មើល​បាន​ឯកសារ​តែ​មួយភាគតូច​ប៉ុណ្ណោះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ