អានតួអត្ថបទ
ជនភៀសខ្លួន

អង្គការ​ទួលបន្ទុក​ជនភៀសខ្លួន ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កុំ​ផ្អាក​កម្មវិធី​ទទួល​ជនភៀស​ខ្លួន​

មួយថ្ងៃ​ ក្រោយការ​ចុះ​ហត្ថលេខា ​របស់​លោក​ដូណាល់ ត្រាំ ​លើ​ក្រឹត្យ​ច្បាប់​ផ្អាក​កម្មវិធី​ទទួល​ជនភៀសខ្លួន​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​ប្រតិកម្ម​បាន​មាន​ជា​បន្តបន្ទាប់​ ដោយ​អ្នក​ខ្លះ​ ថ្កោលទោស​ថា​គឺ​ជា​ការ​សម្រេច ​ដោយ​គ្មាន​ហេតុផល ​និង​គ្មាន​មេត្តា​ធម៌ ​ និង​​ជាពិសេស ​គឺ​ធ្វើ​ឲ្យ​អព្វឱន​កិត្តិយស​របស់​សហរដ្ឋ​អាមេរិក។​ ដោយឡែក​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) និង​អង្គការ​អន្តរជាតិ​ដើម្បី​ជនអន្តោប្រវេសន៍ (IMO) ​​បាន​អំពាវនាវ​ឲ្យ​លោក​ដូណាល់ ត្រាំ ​បន្ត​អនុវត្ត​កម្មវិធី​ទទួល​ជនភៀសខ្លួន​ដោយ​សង្រ្គាម ​តទៅ​ទៀត។

លោកប្រធានាធិបតី​ដូនណាល់ ត្រាំ
លោកប្រធានាធិបតី​ដូនណាល់ ត្រាំ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ឧត្តម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​និង​អង្គការ​អន្តរជាតិ​ដើម្បី​ជន​អន្តោប្រវេសន៍ ​បាន​ចេញ​សេចក្តី​ប្រកាស​រួមគ្នា​ សំណូមពរ​ដល់​រដ្ឋាភិបាល​របស់​លោក​ដូណាល់ត្រាំ ​ឲ្យ​បន្ត​អនុវត្ត​កម្មវិធី​ទទួល​ជន​ភៀសខ្លួន ​តទៅទៀត ​កុំផ្អាក​ឲ្យ​សោះ។

 
ការអំពាវនាវ​នេះ ​បាន​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក ​បាន​ចុះ​ហត្ថលេខា​ លើ​ក្រិត្យ​ច្បាប់ ​ដើម្បី​ផ្អាក​រយៈពេល​៣ខែ ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​ ដែល​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន​៧។ ប្រទេស​ទាំង​នោះ​ មាន​ស៊ីរី ​អ៊ីរ៉ាក់​ អ៊ីរ៉ង់ ​យេមែន ​លីប៊ី ​ស៊ូដង់ ​និង​ សូម៉ាលី។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោក ដូណាល់ ត្រាំ ​បាន​បញ្ជាឲ្យ​ផ្អាក​៤ខែ ​នូវ​កម្មវិធី​ទទួល​ជនភៀសខ្លួន​ ដែល​រត់គេច​ពីសង្រ្គាម ​មិន​ថា​មក​ពី​ប្រទេស​ណា​ក៏ដោយ។

អង្គការ​ទទួល​បន្ទុក​ជួយ​ជនភៀសខ្លួន​ទាំង​២​ខាង​លើ ​បាន​លើកឡើង​ថា ​បច្ចុប្បន្ន​នេះ ​ចំនួន​ជនភៀស​ខ្លួន​ បាន​កើនឡើង​យ៉ាង​ខ្លាំង ​ដោយសារ​តែ​ស្ថានភាព​សង្រ្គាម ​នៅ​អាហ្វ្រិក ​និង​តំបន់​ដើមបូព៌ា។ កម្មវិធី​ជួយ​ទទួល​យក​ជន​ភៀសខ្លួន​ទៅ​ស្នាក់នៅ ​របស់​រដ្ឋាភិបាល​អាមេរិក ​កន្លង​មក​ ​គឺបាន​ជួយ​សម្រាល​ច្រើន​ណាស់។ មាន​ប្រទេស​៦ ​ដែល​ចូលរួម​អនុវត្ត​កម្មវិធី​នេះ ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​អង្គការ​ទាំង​ពីរ​ខាងលើ ​ក្នុង​ការ​រៀបចំ​ឯកសារ​សម្រប​សម្រួល​ដល់​ជន​ភៀសខ្លួន។

អង្គការ​ទាំងពីរ​ បាន​ឆ្លៀត​បន្ថែម​ថា ​ជន​ភៀសខ្លួន​ម្នាក់ៗ​ ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​តាមដាន​យ៉ាង​ម៉ដ្ឋចត់​ ពី​សំណាក់​ក្រុម​ការងារ​របស់​អង្គការ​ ព្រម​ទាំង​មន្ត្រី​អាមេរិក ​មុន​នឹង​បញ្ជូន​សំណុំ​ឯកសារ ​ចូលទៅ​រស់​នៅក្នុង​សហរដ្ឋ​អាមេរិក។ ដូច្នេះ ​ហេតុផល​របស់​លោក ​ដូណាល់ ត្រាំ ​ដែល​ចង់​ទប់​ស្កាត់​ក្រុម​​ភេរវកម្ម ​តាម​រយៈ​ការ​ផ្អាក​ឈប់​ទទួល​យក​ជន​ភៀស​ខ្លួន​នោះ ​គឺ​ជារឿង​មិន​សមហេតុ​ផល​ទេ។ មួយ​វិញ​ទៀត ​ជនភៀសខ្លួន​ទាំងអស់ ​ត្រូវតែ​ទទួល​បាន​សិទ្ធិ​និង​ការ​គោរព​ដោយ​ស្មើភាព​គ្នា ​ទោះ​អ្នក​នោះ​កាន់​សាសនា​អ៊ីស្លាម​ រឺសាសនា​ ​អ្វី​ក៏​ដោយ។

ដោយឡែក​ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​អ្នក​ បាន​ចេញ​មុខ​រិះគន់​លោក​ប្រធានាធិបតី​ ត្រាំ ​ទាក់ទិន​ទៅ​នឹង​វិធានការ ​ដែល​គេ​ចាត់​ទុក​ថា​ ជា​វិធានការ​បែប​រើសអើង ​និង​រំលោភ​លើសិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។ ជាក់ស្តែង ​លោក​ Ben Cardin ​ប្រធាន​គណកម្មការ​កិច្ចការ​បរទេស ​នៃ​ព្រឹទ្ធ​សភា​អាមេរិក​ បានលើក​ឡើង​ថា ​លោក​ដូណាល់ ត្រាំ​គិតតែ​នឹង​ចុង​ក្រមុះ ​មើល​មិន​បាន​​ឆ្ងាយ​ពី​ផល​វិបាក​នៃ​វិធានការ​ដ៏​ល្ងង់​ខ្លៅ​របស់​ខ្លួន។

លោក​លើកឡើង​ថា ​ជន​ភៀសខ្លួន ​ដែល​គេ​ទទួល​ឲ្យ​មករស់​នៅ​សហរដ្ឋ​អាមេរិក ​គឺ​ត្រូវ​បាន​គេ​ពិនិត្យ​តាម​ដាន ​មាន​នីតិវិធី​យ៉ាង​តឹងតែង ​ដែល​លោក​ដូណាល់ ត្រាំ ​មិន​ទាំង​ដឹង​ថា​នីតិវីធី​នេះ​មាន​អ្វីខ្លះ​ផង។ ផ្ទុយ​ទៅវិញ ​ការ​ដែល​ផ្អាក​ ឈប់​ទទួល​ជនភៀសខ្លួន ​គឺ​ជា​ការ​បំបាក់មុខ​សហរដ្ឋ​អាមេរិក​ ចំពោះ​មុខ​ប្រទេស​ជាមិត្ត​ផ្សេង​ទៀត​ និង​ជា​ពិសេស ​គឺ​បំភ្លេច​អតីត​កាល​ខ្លួន​ឯង​របស់​សហរដ្ឋ​អាមេរិក​ ដែល​ជា​ដែនដី​ធ្លាប់​តែ​ទទួល​ជនភៀសខ្លួន ​និង​អ្នក​ដែល​ត្រូវការ​ជំនួយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ