ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាមេរិក

អាមេរិក​ផ្តល់​ទិដ្ឋាការ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ អម​ដោយ​​ការ​​រឹតត្បិត​​ការ​​ធ្វើ​​ដំណើរ

media  
អាគារ​ទីស្នាក់ការ​ធំ របស់​អង្គការ​សហប្រជាជាតិ នៅ​​ទីក្រុង​ញូយ៉ក AFP

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវដឹកនាំគណៈប្រតិភូ ទៅប្រជុំនៅអង្គការសហប្រជាជាតិ ឯ​ទីក្រុងញូយ៉ក នៅ​ថ្ងៃពុធ ទី​១៧កក្កដា។ តាមការឲ្យដឹង លោករដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ ត្រូវបាន​ក្រសួងការបរទេសអាមេរិក ចេញទិដ្ឋាការឲ្យចូលដីអាមេរិក ក៏ប៉ុន្តែទិដ្ឋាការនោះ​ មានអមដោយ​ ការរឹតត្បិតការធ្វើដំណើរ។ បន្ទាប់​ពីបាន​ដឹងដំណឹងនេះ លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន​សម្តែងការសោកស្តាយ និងរិះគន់​ចំណាត់ការ របស់ក្រសួងការបរទេសអាមេរិក។

ក្រសួងការបរទេសអាមេរិក បានប្រគល់​ទិដ្ឋាការទៅឲ្យលោក Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ព្រមទាំងគណៈប្រតិភូអ៊ីរ៉ង់ ដោយមានភ្ជាប់ជាមួយ នូវការរឹតត្បិតការធ្វើដំណើរ។ នេះបើតាមការអះអាង របស់​លោក Farhan Haq អ្នកនាំពាក្យម្នាក់ របស់​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យ​ដដែល ​បញ្ជាក់ថា លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានដឹងដំណឹងនេះហើយ ហើយ​ក៏បានសម្តែងការ​សោកស្តាយ និងការព្រួយបារម្ភ ទៅកាន់​អាជ្ញាធរសហរដ្ឋអាមេរិក ដែលជាប្រទេសម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា លោក​ Javad Zarif បានដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងញូយ៉ក កាលពីថ្ងៃអាទិត្យទី​១៤កក្កដា ដើម្បីចូលរួមកិច្ចប្រជុំមួយ នៅរបស់អង្គការសហប្រជាជាតិ ស្តីពី​ការ​អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលគ្រោងធ្វើនៅថ្ងៃពុធ ទី១៧កក្កដា។ តាមធម្មតា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការអង្គការសហប្រជាជាតិ  សហរដ្ឋ​អាមេរិក​ មានកាតព្វកិច្ច ផ្តល់ទិដ្ឋាការឲ្យ​គណៈប្រតិភូ នៃប្រទេសសមាជិកទាំងអស់ ដែល​មកប្រជុំនៅអង្គការសហប្រជាជាតិ។

ផ្អែកតាម​មន្ត្រីអង្គការសហប្រជាជាតិ ទិដ្ឋាការអមដោយការរឹតត្បិតការធ្វើដំណើរ ដែល​គេ​បានផ្តល់ទៅឲ្យ​លោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺបាន​ហាមឃាត់ មិនឲ្យ​លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើដំណើរទៅណាបានឆ្ងាយ ពីបរវេននៃទីស្នាក់ការរបស់អង្គការសហប្រជាជាតិ​ទេ។ ពោលគឺអាចធ្វើដំណើរទៅមកបាន តែនៅចន្លោះ ​រវាង​អាអាគារស្នាក់ការអង្គការសហប្រជាជាតិ និងអាគារដែលជាទីតាំង របស់គណៈប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ​ របស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ដោយឡែក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់កាសែត Washington Post ឲ្យដឹងថា នៅក្រុងតេអេរ៉ង់ គ្មាន​មន្ត្រីទូតអាមេរិកណាម្នាក់ អាចមានសិទ្ធិដើរហើរដោយសេរីបានទេ។ ដូច្នេះ មានរឿងអ្វី ដែលមន្ត្រី​ទូតអ៊ីរ៉ង់ អាចមានសិទ្ធិដើរហើរដោយសេរីបាន​ នៅញូយ៉ក? រដ្ឋមន្ត្រីការបរទេសអាមេរិក​បញ្ជាក់ទៀតថា កន្លងមករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​ឆក់ឱកាសដែល​មាន​ទិដ្ឋាការ មានសិទ្ធិដើរហើរនៅអាមេរិក ដើម្បី​ដើរទៅនិយាយផ្សព្វផ្សាយ និង​ឃោសនារឿងមិនល្អ។

គួរកត់សំគាល់ថា កាលពីថ្ងៃចន្ទទី​១៥ កក្កដា លោក Javad Zarif បានផ្តល់បទសម្ភសន៍មួយ ឲ្យដល់ទូរទស្សន៍ NBC របស់អាមេរិក។ ក្នុងនោះលោកបានលើកឡើងថា អ៊ីរ៉ង់មិនមានចេតនាណាមួយ ទៅផលិត​​​អាវុធនុយក្លេអ៊ែរនោះទេ ហើយបើអ៊ីរ៉ង់ចង់បាន​វា ម្លេះអ៊ីរ៉ង់មានវាយូរណាស់ទៅហើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ