ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

អាមេរិក ចោទ​ចិន ថា​ប្រើ​បណ្តាញ LinkedIn ​ដើម្បី​ធ្វើ​ចារកិច្ច

media  
Small toy figures are seen between displayed U.S. flag and Linkedin logo in this illustration picture, August 30, 2018 Reuters

តំណាង​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​រ​បស់​អាមេរិក បាន​លើកឡើង​ថា រដ្ឋាភិបាល​ចិន បានបន្លំ​ចូល​មក​ធ្វើ​ចារកិច្ច ស៊ើបយក​ដំណឹង​​ និង​បូមយក​ចំណេះដឹង​បច្ចេកវិទ្យា របស់​អាមេរិក ​តាម​រយៈបណ្តាញ​ LinkedIn។ ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក​ បាន​ដាស់តឿន​ ក្រុមហ៊ុន​LinkedIn ថា​ត្រូវ​ចាត់​វិធានការ​ លប់ចោល​នូវ​រាល់​គណនី​ក្លែងក្លាយ ដែល​ចិន​បាន​បង្កើត​ឡើង ដើម្បី​ទប់ស្កាត់​ សកម្មភាព​ដែល​ចិន​ចង់ ​បោកប្រាស់​ ​អូសទាញ​យក​អ្នក​ជំនាញ​របស់​អាមេរិក។

លោក William Evanina តំណាងភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានលើកឡើងថា អ្នកជំនាញការចិន បានបន្លំខ្លួនបង្កើតគណនីក្លែងក្លាយ​​ នៅលើបណ្តាញ LinkedIn ដើម្បីជាមធ្យោបាយ ចូលទៅ​អូសទាញ បោកប្រាស់ជនជាតិអាមេរិកណា ដែលអាចផ្តល់ដំណឹងសំងាត់ ទាក់ទងនឹងរដ្ឋាភិបាល ឬសេដ្ឋកិច្ចពាណិជ្ជកម្មអាមេរិក។ តែយ៉ាង​ណា តំណាងស៊ើបការណ៍សំងាត់អាមេរិករូបនេះ មិនបានបញ្ជាក់ទេ អំពីចំនួននៃគណនីក្លែងក្លាយ ដែលចិនបានបង្កើត ក៏ដូចជាជនជាតិអាមេរិក ដែលបានជាប់អន្ទាក់ចិននោះ។

មន្ត្រីអាមេរិកដដែល បាននិយាយដាស់តឿនថា ក្រុមហ៊ុន LinkedIn គួរតែយកគម្រូតាមក្រុមហ៊ុន Facebook និង Twitter ក្នុងការចាត់វិធានការលប់ចោល នូវគណនីក្លែងក្លាយទាំងឡាយណា ដែលចិន​បាន​បង្កើតឡើង។ ដោយឡែក ភាគីចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួន បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ ហើយអះអាងថា វាគឺជាចេតនាបង្កាច់បង្ខូច មានបំណងអ្វីផ្សេង ពីសំណាក់រដ្ឋាភិបាលអាមេរិក។

សូមបញ្ជាក់ថា បណ្តាញLinkedIn គឺជាបណ្តាញសង្គមមួយ ដ៏មានប្រជាប្រិយភាព របស់ក្រុមហ៊ុន Microsoft។ លក្ខណៈពិសេស នៃបណ្តាញ​នេះ គឺវាជាបណ្តាញការងារ វិជ្ជាជីវៈ ដោយអ្នកប្រើប្រាស់ ត្រូវដាក់​បង្ហាញ និងចែករំលែក នូវប្រវត្តិរូបសង្ខេប សញ្ញាប័ត្រជំនាញ ព្រមទាំង​បទពិសោធន៍ការងារ នៅលើបណ្តាញនេះ។ LinkedIn ក៏ត្រូវបានគេ​ប្រើប្រាស់ ដើម្បីរកការងារធ្វើ ឬក៏ដើម្បីស្វែងរក ជ្រើសរើសបុគ្គលិកជំនាញ។ បច្ចុប្បន្ន LinkedIn មានអ្នកប្រើប្រាស់ ប្រមាណជា៥៧៥លាននាក់ ទូទាំងពិភពលោក។ ក្នុងចំណោមនោះ គ្រាន់តែជនជាតិអាមេរិក មានដល់ទៅ១៥០លាននាក់។

លោក Paul Rockwell មន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខ របស់បណ្តាញ​LinkedIn បានអះអាងថា​ ក្រុមហ៊ុន មិនមែនអង្គុយរងចាំ ទាល់តែរដ្ឋាភិបាល​អាមេរិក ដាស់តឿន ទើបបានស្រវ៉េស្រវ៉ាចាត់វិធានការនោះទេ។ កន្លងមក កាលពីខែសីហាថ្មីៗនេះ បណ្តាញLinkedIn បាន​លប់​ចោល​គណនី​ក្លែងក្លាយ​ប្រមាណ៤០គណនីរួចទៅហើយ។ តែយ៉ាងណា​ លោក​មិនបានបញ្ជាក់ទេ ថាជាគណនីនោះមានប្រភពនៅ​ចិន ឬអត់ទេ។

គួរ​បញ្ជាក់ដែរថា មន្ត្រីជំនាញផ្នែកស៊ើបការណ៍សំងាត់អាមេរិក ធ្លាប់បានលើកឡើងជារើយៗ ថារុស្ស៊ី និងអ៊ីរ៉ង់ បាននិងកំពុងប្រើគ្រប់ វិធីដើម្បីបូមយកព័ត៌មានសំងាត់នានាស្តីពីអាមេរិក។ ក៏ប៉ុន្តែ អ្វីដែលចិនកំពុងធ្វើ គឺវាគួរឲ្យព្រួយបារម្ភណាស់ ព្រោះចិនធ្វើ ក្នុងទ្រង់ទ្រង់ធំ។ វិស័យដែលចិន ចង់បានដឹងពីអាមេរិក មានដូចជាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកវិទ្យានុយក្លេអ៊ែរ បច្ចេកវិទ្យាNanotechnologie និងវិទ្យាសាស្ត្រសុខាភិបាល ជាដើម។ បើយោងតាម FBI សកម្មភាពចារកិច្ចរបស់ចិន មកលើអាមេរិក គឺផ្តោតសំខាន់ប្រមាណ៧០%ទៅលើវិស័យឯកជន ហើយមានភាគតិចណាស់ដែលផ្តោតលើវិស័យនយោបាយ រដ្ឋបាល។

ដោយឡែក កាលពីខែធ្នូ ចុងឆ្នាំ២០១៧ រដ្ឋាភិបាលអាល្លឺម៉ង់ បានជូនដំណឹង ដាស់តឿន ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែមន្ត្រីជំនាញរបស់រដ្ឋាភិបាលចិន អាចបាននឹងកំពុង ប្រមូលយកព័ត៌មាននានា ទាក់ទងនឹងអ្នកនយោបាយ ឬមន្ត្រីអ្នកទទួលខុសត្រូវជនជាតិអាល្លឺម៉ង់ នៅលើបណ្តាញ LinkedIn នេះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ