ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាមេរិក

អាមេរិក៖ មតិរិះគន់ ​ក្រោយ​ប្រតិបត្តិការ​ចាប់​ប្រមូល​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​៦៨០​នាក់

media  
មន្ត្រីនគរបាល​អន្តោប្រវេសន៍ (HSI) ចុះឃាត់​ខ្លួន​​អន្តោប្រវេសន៍​​ខុសច្បាប់​ ​នៅក្នុងរោងចក្រ​ ក្រុង​​Canton​ រដ្ឋ​មីស៊ីស៊ីពី ថ្ងៃ​ទី​៧​ សីហា Reuters

កាលពីថ្ងៃពុធ ទី៧សីហា សមត្ថកិច្ចអាមេរិក នៅរដ្ឋ មីស៊ីស៊ីពី បានចុះចាប់ប្រមូល​ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន​ប្រមាណ​៦៨០នាក់ នៅតាមទីតាំង​រោងចក្រដែលពួកគេកំពុងធ្វើការ។ វិធានការចុះចាប់ប្រមូលយកទៅដាក់ឃុំ យ៉ាងគំហុកបែបនេះ បានធ្វើឲ្យមានការរិះគន់ជាខ្លាំង ដោយសារកុមារ ដែលជាកូន​ៗ របស់​ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវនៅតែលតោលគ្មានអាណាព្យាបាល។

ជនអន្តោប្រវេសន៍ខុសច្បាប់​ មកពីតំបន់អាមេរិក​កណ្តាល យ៉ាងហោច៦៨០នាក់ ត្រូវបានអាជ្ញាធរអាមេរិក ក្នុងរដ្ឋមីស៊ីស៊ីពី ចុះទៅ​ចាប់ប្រមូលឃាត់ខ្លួន ក្នុងពេល​ដែលពួកគេកំពុងធ្វើការនៅតាមរោងចក្រ និងកសិដ្ឋានមួយចំនួន​។ ប្រតិបត្តិការនេះ ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយព័ត៌មានអាមេរិក ចុះផ្សាយយ៉ាងព្រោងព្រាត។

ជាមួយគ្នានេះផងដែរ បណ្តាញព័ត៌មានខ្លះ បានចុះផ្សាយពីស្ថានភាពតែលតោល យំសោក​របស់កុមារ ដែលជាកូនៗរបស់ជនអន្តោប្រវេសន៍។ កុមារទាំងអស់ បានដឹងថាឪពុកម្តាយខ្លួន ត្រូវគេចាប់បញ្ជូនយកទៅដាក់ឃុំ នៅ​ពេលពួកគេ​​ចេញពីសាលារៀន។ លោក William Truly អភិបាលក្រុងម្នាក់ ដែលជាប់ក្នុងប្រតិបត្តិការនេះ បានថ្លែងប្រាប់ទូរទស្សន៍CNN ថាអ្វីដែលលោកព្រួយបារម្ភបំផុត គឺកុមារតូចៗ ​ថាពួកគេនឹងទៅជាយ៉ាងណា?

លោកស្រី Nancy Pelosi ប្រធានសភាតំណាង បានលើកឡើងថា អ្វីដែល​រដ្ឋាភិបាលកំពុងធ្វើ គឺជារឿងអាម៉ាសបំផុត សម្រាប់ប្រជាជន​អាមេរិក ព្រោះទង្វើនេះវាប្រាសចាកពីទឹកចិត្តមនុស្សធម៌ ដែលជាតម្លៃរបស់សហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ស្របពេល​ដែល​មានការរិះគន់ ស្តីពីចំណាត់ការជ្រុលហួសហេតុ​ ដោយអមនុស្សធម៌ ធ្វើទៅលើជនអន្តោប្រវេសន៍ រដ្ឋាភិបាល​អាមេរិក បានអបអរអំពីជោគជ័យ នៃការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលឆ្លងដែនដោយខុសច្បាប់ មកពីប្រទេសមិចស៊ិក។ យោងតាមតួលេខផ្លូវការ​ នៅខែកក្កដាកន្លងទៅ ​ចំនួន​អ្នកឆ្លងដែនដោយខុសច្បាប់ ចូលដីអាមេរិក បានថយចុះ២១% បើប្រៀបធៀបទៅ​ខែ​មិថុនា។ ការចុះថយនេះ គឺជាលទ្ធផល​នៃការអនុវត្តកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និង​ប្រទេស​អាមេរិក​កណ្តាល​មួយ​ចំនួន មានដូចជាមិចស៊ិក ហ្កាតេម៉ាឡា ហុងឌូរ៉ាស និងសាល់វ៉ាដ័រ។

សូមរំលឹកថា លោកដូណាល់ ត្រាំ ធ្លាប់​បាន​លើកឡើងថា សហរដ្ឋអាមេរិក កំពុងតែត្រូវ​បាន​ពួកអន្តោប្រវេសន៍ខុសច្បាប់ ​សម្រុកចូលមកទន្ទ្រាន និងដណ្តើមការងារធ្វើ។ លោកបានសន្យថា នឹងបណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់​រាប់លានអ្នកទាំងនេះ ចេញ​ឲ្យអស់។ ទោះយ៉ាងណា ការលើកឡើងរបស់លោកដូណាល់ ត្រាំ ត្រូវបាន​មតិមួយចំនួនបដិសេធ ដោយថាអត្រាអ្នកអត់ការងារធ្វើ​បច្ចុប្បន្ន មានទាបបំផុត ជាងនេះទៀត ការងារដែលជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើ គឺសុទ្ធតែជាការងារប្រើកម្លាំងលំបាកបំផុត ហើយដែលប្រជាជនអាមេរិកសាមញ្ញ មិនចង់ធ្វើឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ