អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​ហាម​អ្នក​ដំណើរ​​តាម​​យន្តហោះ​មក​​ពី​​ប្រទេស​៨ ​មិន​ឲ្យយកឧបករណ៍​អេឡិចត្រូនិច​តាម​ខ្លួន ក្រៅ​ពី​ទូរស័ព្ទ​

អាជ្ញាធរ​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ ទើប​បាន​សម្រេច​ ហាម​មិន​ឲ្យ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ ​មក​ពីប្រទេស​៨​នៅ​តំបន់​អារ៉ាប់ ​មិន​ឲ្យ​យក​ឧបករណ៍​អេឡិចត្រូនិក​ទាំង​ឡាយ​ណា ​ដាក់​តាម​ខ្លួន​​ ក្រៅ​ពី​ទូរស័ព្ទ​ដៃ​ឡើយ។ ការ​ហាមប្រាម​នេះ​ ត្រូវ​បាន​ផ្សាយ​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៩ ​ហើយ​ដែល​រដ្ឋាភិបាល​អាមេរិក ​បាន​អះអាង​ថា​ គឺ​ដើម្បី​បញ្ចៀស ​ការ​ធ្វើ​ភេរវកម្ម​នៅ​តាម​យន្តហោះ ហើយ​បើក្រុម​ហ៊ុន​ណា​មិន​ធ្វើ​តាម​ គេ​នឹង​ដក​សិទ្ធិ​ធ្វើ​អាជីវកម្ម។

ព្រលានយន្តហោះ​នៅឈីកាហ្គោ
ព្រលានយន្តហោះ​នៅឈីកាហ្គោ Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ​ទី​២១​មីនា ​ម៉ោង​៧ព្រឹក​មក ​ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ​មាន​ពេល​៤ថ្ងៃ​ ដើម្បី​ធ្វើការ​ជូន​ដំណឹង​ទៅ​កាន់​អតិថិជន​ខ្លួន​ទាំងអស់​​ ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ ​មក​កាន់​សហរដ្ឋ​អាមេរិក ​ថា​មិន​ត្រូវ​យក​ឧបករណ៍​អាឡិច​ត្រូនិក ​ ដូចជា ​កុំព្យូទ័រ​លែបថប ​និង​ តាប្លែត ​ដាក់​តាម​ខ្លួន​ទេ ​លើកលែង​តែ​ទូរស័ព្ទ​ដៃ។ ឧបករណ៍​អេឡិចត្រូនិច​ទាំង​នោះ ​ត្រូវតែ​ដាក់​ទៅ​ក្នុង​កញ្ចប់​បញ្ញើរ​បិទជិត ​ទុក​នៅ​បាត​យន្តហោះ”។

 
នេះ​គឺ​​ជាការ​ប្រកាស ​របស់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិក ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​បំរាម​នេះ ​ មាន​ចំនួន​៨​ ដែល​សុទ្ធតែ​ជា​ប្រទេស​ជាប់​ចំណង​សម្ព័ន្ធមិត្ត​ ជាមួយ​សហរដ្ឋអាមេរិក​ទាំងអស់​ ​មាន​ដូច​ជា ​ ហ្សកដានី ​អេហ្ស៊ីប ​តួកគី ​អារ៉ាប៊ីសាអូឌីត ​កូវ៉េត​ កាតា ​ អេមៀរ៉ាតអារ៉ាប់រួម​ និង​ម៉ារ៉ុក។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​មាន​ជើង​ហោះហើរ ​ហោះត្រង់​ពី​ប្រទេស​ទាំង​នោះ ​មក​កាន់​សហរដ្ឋ​អាមេរិក​ មាន​៩​ក្រុមហ៊ុន ​ហើយ​ដែល​មួយ​ថ្ងៃៗ​ មាន​ជើង​ហោះហើរ​សរុប​ប្រមាណ​ជា​ជាង៥០​ មក​កាន់​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិក ​ មិន​បាន​បញ្ជាក់ ​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​ល្អិតល្អន់​ទេ ​គ្រាន់តែ​បាន​លើក​ឡើង​ថា​ ​គឺ​ដើម្បី​ហេតុផល​សុវត្ថិភាព ​ព្រោះ​ពួក​ភេរវករ ​អាច​ប្រើប្រាស់ ​ឧបករណ៍​អេឡិច​ត្រូនិក​ទាំង​នោះ ​ធ្វើ​ជា​គ្រាប់បែក​ផ្ទុះ​បាន។ យ៉ាងណា​មិញ ​ មន្ត្រី​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិក​ បាន​អះអាង ​ដោយ​បាន​លើក​ជា​ឧទាហរណ៍ ​ករណី​ភេរវកម្ម​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​ដែល​តាម​ការ​សន្និដ្ឋាន ​គឺ​ភេរវជន​បាន​យក​គ្រាប់បែក​ទៅ​បំផ្ទុះ​នៅ​លើ​យន្តហោះ ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៧៤​នាក់។

ដោយ​ឡែក ​ បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​CNN ​ដែល​បាន​ស្រង់​សំដី​មន្ត្រី​អាមេរិក​ម្នាក់ ​បាន​លើក​ឡើង​ថា ​ការ​ហាមឃាត់​នេះ ​ គឺ​អាជ្ញាធរ​អាមេរិក​ មាន​ការ​ព្រួយ​បារម្ភ ​ពី​សកម្មភាព​ភេរវកម្ម ​របស់​ក្រុម​អាល់កាយដា ​នៅ​តំបន់​ឧបទ្វីប​អារ៉ាប់។

សូម​បញ្ជាក់​ថា ​វិធានការ​នេះ​​ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ​ត្រាំ ​ដែល​អះអាង​ថា ​ចង់​សំដៅ​ការពារ​សន្តិសុខ​អាមេរិក។ បន្ទាប់​ពី​បាន​ជួប​បរាជ័យ​ ក្នុង​ការ​ហាមឃាត់​ចរាចរណ៍​ចូល​ដី​អាមេរិក​ ទៅលើ​អ្នក​ដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន ​ រដ្ឋាភិបាល​លោក​ត្រាំ ​បាន​ព្យាយាម​ដាក់​ឧបសគ្គ​ថ្មី​មួយ​ផ្សេង​ទៀត ​តាម​រយៈ​វិធានាការ​ថ្មី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ