អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ រដ្ឋអាជ្ញា​Robert Mueller ប្រគល់​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រទី២២មីនា លោកRobert Mueller រដ្ឋអាជ្ញាពិសេស ទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងនេះ ទើបតែបានបិទបញ្ចប់ការស៊ើបអង្កេត​ ហើយបានប្រគល់សេ​ចក្តីសន្និដ្ឋាន​ចុង​ក្រោយមួយ​ ទៅឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក។ ជាការសន្និដ្ឋាន ដែលអាចបង្កផលលំបាក ទៅដល់លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ព្រោះសំណុំរឿងនេះ បានរំលេចនូវការសង្ស័យ ស្តីពី​ការ​ឃុបឃិតគ្នា រវាងមនុស្សរបស់រុស្ស៊ី ជាមួយនឹងក្រុមការងាររបស់លោកដូណាល់ ត្រាំ ក្នុងការ​បំបាក់លោកស្រីហ៊ីឡារី គ្លីនតុន ហើយធ្វើឲ្យលោកដូណាល់ ត្រាំ បានឈ្នះឆ្នោត។

លោក Robert Mueller រដ្ឋអាជ្ញាពិសេស ទទួលបន្ទុក​​សំណុំ​រឿង​នៃ​ការ​លូក​ដៃ​​របស់​រុស្ស៊ី មកក្នុង​​ការ​​បោះឆ្នោត​​អាមេរិក​
លោក Robert Mueller រដ្ឋអាជ្ញាពិសេស ទទួលបន្ទុក​​សំណុំ​រឿង​នៃ​ការ​លូក​ដៃ​​របស់​រុស្ស៊ី មកក្នុង​​ការ​​បោះឆ្នោត​​អាមេរិក​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

លោក Robert Mueller បានប្រគល់សេចក្តីសន្និដ្ឋានចុងក្រោយមួយច្បាប់ ទៅឲ្យលោក Bill Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃសុក្រ ទី​២៣មីនា បន្ទាប់ពីបានធ្វើការស៊ើបអង្កេត អស់រយៈពេលប្រមាណ​ជិត២ឆ្នាំមកនេះ។ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក គឺជាមនុស្សតែម្នាក់គត់ ដែលបានទទួល និងបានអាន សេចក្តីសន្និដ្ឋានចុងក្រោយ​ របស់លោករដ្ឋអាជ្ញា Robert Mueller។ សូម្បីតែ ខាងសេតវិមាន​ ក៏ពុំបានដឹងអ្វី អំពីសេចក្តីសន្និដ្ឋានចុងក្រោយ នេះដែរ។

ដូច្នេះសម្រាប់ពេលនេះ គឺគ្មាននរណាផ្សេង អាចដឹងបាន​ អំពីខ្លឹមសារនៃសេចក្តីសន្និដ្ឋា​នេះទេ។ បើតាមការរំពឹងទុក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើការសង្ខេបខ្លឹមសារនៃសេចក្តីសន្និដ្ឋាន​នេះ ហើយប្រគល់ទៅឲ្យ​គណកម្មការ​យុត្តិធម៌ នៃសភាខុសក្រេស នៅរវាងចុងសប្តាហ៍​នេះតែម្តង។

ដំណឹងល្អសម្រាប់លោកត្រាំ?

បើតាមព័ត៌មានបែកធ្លាយ ហើយផ្សព្វផ្សាយ ដោយបណ្តាញព័ត៌មានរបស់អាមេរិក កាល​ពី​រសៀល​ថ្ងៃសុក្រទី២៣មីនា​ គឺនៅក្នុងសេចក្តីសន្និដ្ឋាននេះ លោករដ្ឋអាជ្ញា Robert Mueller មិនបានធ្វើបទចោទប្រកាន់ ថ្មីណាមួយបន្ថែមទៀតទេ ជុំវិញសំណុំរឿងនៃការលូកដៃរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

បើសិនព័ត៌មានលេចធ្លាយនេះ ជាការពិតមែន​ គឺយើងអាចថា វាដំណឹងល្អមួយ សម្រាប់លោកដូណាល់ ត្រាំដែរ ព្រោះថា មួយរយៈចុងក្រោយនេះ គឺក្រុមរបស់លោកដូណាល់ ត្រាំ​មានការព្រួយបារម្ភ ទាក់ទិនទៅនឹងការស៊ើបអង្កេត ទៅលើកូនប្រុស និងកូនប្រសារលោកដូណាល់ ត្រាំ។ អ្នកទាំង២នេះ បានណាត់ជួបប្រជុំជាមួយនឹង មេធាវីរុស្ស៊ីម្នាក់ កាលពីខែមិថុនា ឆ្នាំ២០១៦ នៅឯអាគារ Trump Tower ដោយមានវត្តមាន របស់លោក Paul Manafort ប្រធានាក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំទៀតផង។

បើសិនក្នុងការសន្និដ្ឋានចុងក្រោយ លោករដ្ឋអាជ្ញា Robert Mueller មិនបានធ្វើការចោទប្រកាន់ថ្មីណាមួយទៀតនោះទេ នោះគឺមានន័យថា ក្រុមស៊ើបអង្កេត មិនបានរកឃើញអ្វីឲ្យ​ធំដំ ទាក់ទិននឹងការប្រជុំរវាងកូនប្រុស និងកូនប្រសារលោកដូណាល់ ត្រាំ ជាមួយនឹងមេធាវីជនជាតិរុស្ស៊ីនោះទេ។

លោកត្រាំ អាចជាប់ចោទ​​ពីបទរារាំងប្រព័ន្ធតុលាការ

ទោះយ៉ាងណា នៅមានចំណុចមួយ​ ដែលវាអាចធ្វើឲ្យលោកដូណាល់ ត្រាំភ័យខ្លួន។ គឺលោក រដ្ឋអាជ្ញា Robert Mueller អាចចោទ លោកដូណាល់ ត្រាំ ពីបទរារាំងការងាររបស់ប្រព័ន្ធយុត្តិធម៌។ នេះគឺជាការវិភាគរបស់អ្នកជំនាញនយោបាយនៅអាមេរិក ដោយផ្អែកលើ ចំណុចមួយចំនួន ដែលកន្លងមក លោកដូណាល់ ត្រាំបានធ្វើ ហើយដែលបង្កឲ្យមានបំពានអំណាច ទៅលើប្រព័ន្ធយុត្តិធម៌។

ចំណុចទាំងនោះមានដូចជា ការដែលលោកត្រាំ បានដកតំណែង អគ្គនាយកFBI ឈ្មោះ James Comey ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងនេះ កាលពីដំបូង។ បន្ទាប់ពីមកទៀត លោកដូណាល់ ត្រាំ បាននិយាយដាក់សំពាធ បែបគំរាម ទៅលើលោក Jeff Sessions អតីត​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថាត្រូវតែផ្អឹបសំណុំរឿងនេះចោលទៅ។ កាលពីថ្ងៃសុក្រ ម្សិលមិញនេះទៀត លោកដូណាល់​ត្រាំខ្លួនឯង ក៏ហាក់បង្ហាញថា គាត់ប្រហែលជាត្រូវលោករដ្ឋអាជ្ញា Robert Mueller ចោទពីបទរារាំងការងាររបស់ប្រព័ន្ធតុលាការនេះដែរ។

ត្រូវផ្សាយសេចក្តីសន្និដ្ឋាន​ជាសាធារណៈ ដើម្បីតម្លាភាព​

ក្រុមគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ដើម្បីប្រយោជន៍រួមរបស់ប្រជាជនអាមេរិក សេចក្តីសន្និដ្ឋាន គឺត្រូវតែធ្វើការផ្សព្វផ្សាយបើកចំហរ ជាសាធារណៈ ដើម្បីធានាឲ្យមានតម្លាភាព​។ លោកស្រី Nancy Pelosi ប្រធានសភាតំណាង និងលោក Chuck Schumer តំណាងក្រុមសមជិកព្រឹទ្ធសភា បក្សប្រជាធិបតេយ្យ សុទ្ធតែបាន​លើកឡើង ដូចៗគ្នា ថាត្រូវតែប្រកាសផ្សាយសេចក្តីសន្និដ្ឋាន​នេះ ជាសាធារណៈ។

សំណុំរឿងនៃការលូកដៃរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ គឺវារឿងប៉ះពាល់ដោយផ្ទាល់ ទៅលើគោលការណ៍គ្រិះ និងតម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ដូច្នេះ ប្រជាពលរដ្ឋអាមេរិក ត្រូវតែមានសិទ្ធិដឹងឮទាំងស្រុង។ លោក Bernie Sanders អតីបេក្ខជនប្រធានាធិបតីមួយរូបដែរ ក៏បានសរសេរលើទំព័រTwitter ថា “ត្រូវតែទំលាយសេចក្តីសន្និដ្ឋាននេះ ឲ្យបានឆាប់បំផុត ព្រោះថា គ្មាននរណាម្នាក់ធំជាងច្បាប់នោះទេ កុំថាឡើយដលើទៅប្រធានាធិបតី” ។

ចំណែកប្រធានគណកម្មការទាំង៦ នៅសភាតំណាង ដែលមកពីបក្សប្រជាធិបតេយ្យ បានទាមទារ ឲ្យលោករដ្ឋអាជ្ញា ត្រូវតែប្រគល់ភស្តុតាង ទាំងអស់​ដែលបានរកឃើញ ក្នុងការស៊ើបអង្កេតនេះ ហើយត្រូវប្រគល់ទៅឲ្យគណកម្មការដែលពាក់ព័ន្ធ របស់សភាខុនក្រេស។

ការសម្រេចសន្និដ្ឋានកន្លងមក របស់រដ្ឋអាជ្ញា Robert Mueller៖

បើនិយាយពីបទចោទប្រកាន់​ ដែលលោករដ្ឋអាជ្ញា Robert Mueller បានសម្រេច គឺមាន២ផ្នែកធំៗ។ ទីមួយ គឺទាន់ទិននឹង ការលូកដៃកកូកកាយ របស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ចំពោះផ្នែកនេះ គឺលោករដ្ឋអាជ្ញា បានសន្និដ្ឋានថា រុស្ស៊ីពិតជាបានប្រើវិធីសាស្ត្រ ក្នុងការបំបាក់ បេក្ខ​ភាព​របស់លោកស្រីហ៊ីឡារី គ្លីនតុន ហើយព្រមជាមួយគ្នានោះ គឺជួយជ្រោមជ្រែកឲ្យបេក្ខភាព របស់លោក​ដូណាល់ ត្រាំ។

ទាក់ទិននឹងផ្នែកនេះ លោករដ្ឋអាជ្ញា បានចោទប្រកាន់ កាលពីខែ​កុម្ភៈ ២០១៨ ទៅលើជនជាតិរុស្ស៊ី ១៣នាក់ ថា​បានឃុបឃិតជាមួយ ក្រុមហ៊ុនឯកជនមួយឈ្មោះ Internet Research Agency មានទីតាំងនៅក្រុង​សាំងប៉េតេសបួរ ប្រទេសរុស្ស៊ី ក្នុងការធ្វើសកម្មភាព​ផ្សព្វផ្សាយបំប៉ោងព័ត៌មានមិនពិត ដើម្បីបំភ័ន្តមតិសាធារណៈ នៅតាមបណ្តាញសង្គម Facebook Twitter Youtube ជាដើម។ បន្ទាប់មកទៀត នៅខែកក្កដា ឆ្នាំ២០១៨ រដ្ឋអាជ្ញាRobert Mueller បានចោទភ្នាក់ងារចារកិច្ចសំងាត់រុស្ស៊ី១២នាក់ ពីបទចូលទៅលួចទិន្ន័យEmails របស់មន្ត្រីធំៗ រ​បស់គណបក្សប្រជាធិប​តេយ្យ​ ដែលក្នុងនោះគឺមានរូបលោកស្រីហ៊ីឡារី គ្លីនតុនតែម្តង។​ ទិន្នន័យទាំងនោះ ត្រូវបានគេបញ្ជូនបន្ត ទៅ​ឲ្យ Wikileaks អ្នកផ្សព្វផ្សាយទំលាយ។

ចំណែកផ្នែកទី២ គឺទាន់ទិននឹងការចូលដៃ របស់ក្រុមការងារ លោកដូណាល់ ត្រាំ ជាមួយនឹងរុស្ស៊ី ដើម្បីយកឈ្នះការបោះឆ្នោត។ គឺផ្នែកនេះហើយ ដែលមានការលំបាកខ្លាំង ក្នុងការស៊ើបអង្កេត។ គិតមកត្រឹមពេលនេះ មាន​មនុស្ស២នាក់ដែលស្និតនឹងលោកដូណាល់ ត្រាំ ត្រូវបានតុលាការសម្រេចទោសរួចហើយ។ ក្នុងនោះមានលោក Paul Manafort អតីប្រធានក្រុមការងារឃោសនាបោះឆ្នោត របស់លោកត្រាំ និងលោក Michael Cohen មេធាវីផ្ទាល់ខ្លួន របស់លោកដូណាល់ ត្រាំ។ ទាំងលោក Michael Cohen លោក Michael Flynn និង លោក Gorge Papadopoulos សុទ្ធតែបានសារភាព​ថា បានកុហក FBI ទាក់ទិននឹងទំនាក់ទំនង ជាមួយនឹងភ្នាក់ងាររបស់រុស្ស៊ី។ មានតែលោកដូណាល់ ត្រាំ មួយទេ ដែលបានប្រកែកហើយ ប្រកែកទៀត ថា មិនមានការចូលដៃឃុបឃិតណាមួយ ជាមួយរុស្ស៊ី ដើម្បីយកឈ្នះលោកស្រីគ្លីនតុន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ