ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

លោក​ដូណាល់​ត្រាំ ថា“Shutdown”នឹង​បន្តទៀត ដរាបណា​សភា​មិនព្រមផ្តល់​​​ថវិកា​​ធ្វើ​​ជញ្ជាំង​​​ព្រំដែន

លោក​ដូណាល់​ត្រាំ ថា“Shutdown”នឹង​បន្តទៀត ដរាបណា​សភា​មិនព្រមផ្តល់​​​ថវិកា​​ធ្វើ​​ជញ្ជាំង​​​ព្រំដែន
 
លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេលប្រជុំនៅសេតវិមាន ស្តីពីវិបត្តិ shutdown។ ថ្ងៃទី​២ មករា ២០១៩ REUTERS/Jim Young

សហរដ្ឋអាមេរិក​ កំពុងបើកទំព័រឆ្នាំថ្មី ជាមួយនឹងវិបត្តិរវាងសភា និង​រដ្ឋាភិបាលលោក​ដូណាល់ត្រាំ ទាក់ទិន​នឹងបញ្ហាថវិកា។ លោកដូណាល់ ត្រាំ បានទាមទារ​ឲ្យសភា ផ្តល់កញ្ចប់​ថវិកាពិសេសមួយ ដើម្បីយកទៅសាងសង់ជញ្ជាំងព្រំដែន រវាងអាមេរិក និង​មិចស៊ិក។ ក្រុម​សមាជិក​សភាតំណាង មកពី​បក្ស​ប្រជាធិបតេយ្យ ដែលចាប់ផ្តើមមានសម្លេងភាគច្រើន ចាប់ពីដើមឆ្នាំ២០១៩នេះ បានបដិសេធ មិនព្រមផ្តល់កញ្ចប់ថវិកានេះទេ។ ភាពមិនចុះសម្រុងគ្នា ស្តីពីការសម្រេចថវិកានេះ បានបណ្តាល ឲ្យស្ថាប័នរដ្ឋ និងក្រសួងមួយចំនួន ត្រូវបិទទ្វារ ដោយសារតែគ្មានប្រាក់ដំណើរការ។ លោកដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃពុធម្សិលមិញថា “Shutdown” អាចនឹងបន្តអូសបន្លាយ ដរាបណា សភាមិនព្រមប្រគល់ប្រាក់មកឲ្យរដ្ឋាភិបាល យកទៅសង់ជញ្ជាំងព្រំដែន។

Shutdown” នឹងបន្តទៀត ដរាបណា គ្មានកញ្ចប់ថវិកា៥ពាន់លានដុល្លារយកទៅសង់ជញ្ជាំងព្រំដែន

ស្ថាប័ន ក្រសួងសហព័ន្ធ របស់អាមេរិក មួយចំនួន បានបិទទ្វារ មិនធ្វើការ ដោយសារតែគ្មានថវិកា ដំណើរការនេះ តាំងតែពីថ្ងៃទី២២ធ្នូមក។ មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយទេ។ កាលពីថ្ងៃពុធទី២មករា លោកដូណាល់ ត្រាំ បានអញ្ជើញតំណាងក្រុមសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលក្នុងនោះ មានលោកស្រី Nancy Pelosi មកជួបនៅសេតវិមាន ដើម្បីសាកល្បង រកដំណោះស្រាយ តែទាំងសងខាង បានត្រឹមតែជួបគ្នា ដោយនិយាយនៅតែមិនត្រូវគ្នាដដែល។

សូមរំលឹកថា បញ្ហានេះ គឺវាកើតចេញពីភាពមិនចុះសម្រុងគ្នា រវាងសភា​ និង រដ្ឋាភិបាលលោកដូណាល់ ត្រាំ ទាក់ទិននឹងច្បាប់កញ្ចប់ថវិកាជាតិ ឆ្នាំ២០១៩។ លោកដូណាល់ ត្រាំ បានស្នើ ឲ្យមានកញ្ចប់ថវិកា ចំនួន ៥ពាន់លានដុល្លារ ដើម្បីយកទៅ​ សាងសង់ជញ្ជាំងព្រំដែន រវាង អាមេរិក និងមិចស៊ិក។ ក៏ប៉ុន្តែសមាជិកសភាតំណាង មិនយល់ព្រមទេ។ ហើយចាប់ពីដើមឆ្នាំ ២០១៩នេះ គណបក្សប្រជាធិបតេយ្យ បានឈានមកមានសម្លេង​ភាគច្រើនក្នុងសភា ដូច្នេះ ក្រុមប្រជាធិបតេយ្យ បានរារាំង មិនព្រមអនុញ្ញាតិ ឲ្យយកប្រាក់៥ពាន់លានដុល្លារ ទៅសង់ជញ្ជាំងដែលលោកដូណាល់ ត្រាំ​ ស្រម៉ៃចង់បាននោះទេ។

ដូច្នេះហើយ បានជាបង្កឲ្យកើតជាបញ្ហាកង្វះថវិកា នៅតាមស្ថាបន័រដ្ឋផ្សេងទៀត ព្រោះច្បាប់ថវិកាថ្មី មិនទាន់អនុម័ត។ លោកដូណាល់ ត្រាំ បាន ប្រកាសម្តងទៀត កាលពីថ្ងៃពុធទី២មករា​ថា ការបិទទ្វារ​មួយផ្នែក របស់ស្ថាប័នរដ្ឋ ដែលហៅថា Shutdown នេះ អាចនឹងបន្តទៅមុខទៀត ដរាបណាក្រុមសមាជិកសភា មកពីបក្សប្រជាធិបតេយ្យ មិនព្រមផ្តល់កញ្ចប់ថវិកា ទៅតាមការចង់បាន របស់​រដ្ឋាភិបាលទេនោះ។

“យកស្ថាប័ន និងក្រសួង ធ្វើជាចំណាប់ខ្មាំង ដើម្បីសម្រេចបំណងសង់ជញ្ជាំងព្រំដែន”

យើងសង្កេតឃើញថា ភាគីទាំងសងខាង មានជំហររឹងរូសរៀងៗខ្លួន។ នៅក្នុងសំណើរច្បាប់ថវិកាជាតិ ដែលក្រុមសមាជិកសភាតំណាង បានស្នើរ គឺមាន២ផ្នែក។ ផ្នែកទីមួយ​ ដែលសំខាន់នោះ គឺទាក់ទិននឹងថវិការបស់ក្រសួងសន្តិសុខជាតិ។ ក្រុមបក្សប្រជាធិបតេយ្យ មានបំណងផ្តល់ថវិកា​ ក្នុងកំរិតដដែល ពីនេះដល់ថ្ងៃទី​៨ខែកុម្ភៈ ដែលក្នុងនោះមាន១៣០០លានដុល្លារ សម្រាប់យកទៅសាងសង់ ឬជួសជុលរបងព្រំដែន  និង​៣០០​លានផ្សេងទៀត សម្រាប់យកទៅទិញសម្ភារៈបរិក្ខាដែលប្រើប្រាស់ក្នុងការត្រួតពិនិត្យតាមព្រំដែន ដូចជាកាមេរ៉ាសុវត្ថិភាព ជាដើម។ រីឯផ្នែកទី២ គឺកញ្ចប់ថវិកា ឲ្យទៅក្រសួង និងស្ថាប័នសហព័ន្ធផ្សេង ពីនេះរហូតដល់ដាច់ខែកញ្ញា។

ដូចយើងឃើញហើយ ថាក្នុងសំណើររបស់សមាជិកសភាបក្សប្រជាធិបតេយ្យ​នេះ គឺពុំមានកាបង្កើត​កញ្ចប់ថវិកាពិសេសមួយ ចំនួន៥ពាន់លានដុល្លារ ដែលលោកដូណាល់ ត្រាំ ចង់បានយកទៅធ្វើជញ្ជាំងព្រំដែនទេ។ ដូច្នេះហើយ បានជាព្រឹទ្ធសភា ដែលក្រុមបក្សសាធារណរដ្ឋ មានសម្លេងភាគច្រើននោះ មិនព្រមអនុម័តទទួលយក។ លោក Mitch McConnell ប្រធានក្រុមសាធារណរដ្ឋនៅព្រឹទ្ធសភា​ បាននិយាយថា សាជិកព្រឹទ្ធសភា មកពីបក្សសាធារណៈរដ្ឋ នឹងមិនទទួលសំណើរ របស់សភាតំណាងទេ ព្រោះព្រឹទ្ធសភាដឹងថា លោកប្រធានាធិបតី នឹងមិន​ចុះហត្ថលេខាទទួលជាដាច់ខាត។

ចំណែកក្រុមសមាជិកសភាតំណាង បក្សប្រជាធិបតេយ្យវិញ បានរិះគន់រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ ថាបានយកក្រសួង ស្ថាប័នរដ្ឋ និងបុគ្គលិករដ្ឋប្រមាណ៨សែន ធ្វើជាចំណាប់ខ្មាំង ដើម្បីចាប់បង្ខំ ឲ្យសភា បោះឆ្នោតបើកកញ្ចប់ថវិកា យកទៅធ្វើជញ្ជាំងព្រំដែន។ ក្រុមបក្សប្រជាធិបតេយ្យ នៅតែលើកឡើងថា ជញ្ជាំងព្រំដែននោះ គឺជាការចំណាយ​ដែលគ្មានប្រយោជន៍ ព្រោះវាគ្មានប្រសិទ្ធិភាពក្នុងការទប់អន្តោប្រវេសន៍ទេ ហើយ​ក៏​មិនអាច​នឹងសាងសង់ទៅកើតដែរ។ ជាងនេះទៅទៀត វាជាជញ្ជាំងព្រំដែន ដែលប្រជាជនអាមេរិកភាគច្រើន មិនចង់បាននោះទេ។

២ឆ្នាំចុងក្រោយ លោកដូណាល់ ត្រាំ អាចនឹងមានឧបសគ្គច្រើន

ចាប់ពីឆ្នាំ២០១៩ ដល់ចុង២០២០ រដ្ឋាភិបាលលោកដូណាល់ ប្រាកដជាជួបការលំបាកច្រើន ក្នុងការអនុវត្តគោលនយោបាយមួយចំនួន ដែលខ្លួនចង់បាន។ បក្សប្រជាធិបតេយ្យ ទើប​តែឈ្នះឆ្នោត ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយឈានទៅមាន​សម្លេងភាគច្រើនក្នុងសភា។ ដូច្នេះ ច្បាប់ មួយចំនួន អាចនឹងត្រូវក្រុមប្រជាធិបតេយ្យ រារាំង មិនឲ្យចេញទេបានទេ។

ក្នុងតំណាល់កាលនេះ ទាក់ទិននឹងបញ្ហាច្បាប់ថវិកានេះ ម្នាក់ៗសុទ្ធតែមានកម្លាំងជាសំអាង។​ ខាងបក្សប្រជាធិបតេយ្យ មិនព្រមឲ្យលោកដូណាល់ ត្រាំ សម្រេចបំណងក្នុងការសង់ជញ្ជាំងព្រំដែន ដោយអាងថាខ្លួន មានសម្លេងភាគច្រើន​ ក្នុងសភា រីឯលោក​ដូណាល់ ត្រាំ អាចថា បើសភាមិនព្រម ស្ថាប័ន ក្រសួងរដ្ឋផ្សេងៗ និងបន្តបិទទ្វារតទៅ​ទៀត។ តែសួរថា តើភាគីទាំងសងខាង​ អាចប្រឈមមុខនឹងការដាក់សំពាធ ដល់ពេល​ណាទៀត ព្រោះថា គេមិនអាចបន្តបិទក្រសួងស្ថាប័នរដ្ឋ រហូតនោះទេ។ ដំណោះស្រាយមួយ ត្រូវតែរកឲ្យឃើញ គ្រាន់តែមិនដឹងថា ខាងណា ជាអ្នកបន្ទន់មុន។

តែយ៉ាងណា កាលពីល្ងាចថ្ងៃពុធ ទី ២ មករា លោក Kevin McCarthy ប្រធានក្រុមសមាជិក​សភាមកពីបក្សសាធារណៈរដ្ឋ បានលើកឡើងថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានកោះប្រជុំជាមួយសមាជិកសភា​ បក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រស្អែកនេះទៀត ដើម្បីសាកល្បងរកច្រកចេញ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ