អានតួអត្ថបទ
អ៊ីស្រាអែល-សហរដ្ឋអាមេរិក

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ទៅ​អាមេរិក ដើម្បី​​សុំ​បង្កើន​ជំនួយ​យោធា​ពី​អាមេរិក

លោក​នាយករដ្ឋមន្រ្តី​បិនចាមីន នេតានីញ៉ាហ៊ូ​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ នៅ​សហរដ្ឋ​អាមេរិក។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី ៩​វិច្ឆិកា។ នៅក្នុង​ជំនួប​កំពូល​លើក​ទី ១ ចាប់តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល ថ្នាក់ដឹកនាំ​អាមេរិក និង​អ៊ីស្រាអែល​នឹង​ជជែក​គ្នា​ពី​ជំនួយ​យោធា ដែល​អាមេរិក​ត្រូវ​ផ្តល់​ទៅ​ឲ្យ​អ៊ីស្រាអែល ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅមុខ។ 

នៅក្នុង​អាណត្តិ​របស់​ខ្លួន លោក​អូបាម៉ា មិន​សូវ​ចុះ​សម្រុង​ប៉ុន្មាន​ជាមួយ​ភាគី​អ៊ីស្រាអែល មិន​ថា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឬ​ដំណើរ​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន
នៅក្នុង​អាណត្តិ​របស់​ខ្លួន លោក​អូបាម៉ា មិន​សូវ​ចុះ​សម្រុង​ប៉ុន្មាន​ជាមួយ​ភាគី​អ៊ីស្រាអែល មិន​ថា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឬ​ដំណើរ​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ជាមនុស្ស​ពីរ​រូប ដែល នឹង​គ្មាន​ថ្ងៃ អាច​ចុះ​ល្អូកល្អឺន​នឹង​គ្នា។ ថ្នាក់ដឹកនាំ​ទាំងពីរ អាច​ទុក​ដាក់ បញ្ហា​ផ្ទាល់​ខ្លួន នៅ​មួយ​កន្លែង និង​ងាក​មក​ជជែកគ្នា ដើម្បី​ផល​ប្រយោជន៍​សន្តិសុខ​រួម​របស់​អាមេរិក និង​អ៊ីស្រាអែល។

 
ការចរចា​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​សម្ព័ន្ធ​មិត្ត​អាមេរិក និង​អ៊ីស្រាអែល ល្អក់កករ។ លោក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មើល​មុខ​គ្នា កាន់តែ​មិនត្រង់ បន្ទាប់​ពី នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល កាលពី​ខែ​មីនា បាន​ឡើង​ទៅ​និយាយ​រិះគន់​រដ្ឋបាល​អាមេរិក នៅ​មុខអ្នកតំណាងរាស្រ្ត​សភា​អាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ។ នៅក្នុង​ទស្សនកិច្ច​នៅ​អាមេរិក កាលណោះ លោក​នេតានីញ៉ាហ៊ូ​មិនបាន​ចូលជួប​លោក​អូបាម៉ា​ទេ។ តាម​មន្រ្តី​អាមេរិក លោក​នេតានីញ៉ាហ៊ូ បាន​រំលោភ​ពិធីការ​របស់​សេតវិមាន។

ទៅ​អាមេរិក​លើកនេះ ដើម្បី​ផលប្រយោជន៍​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ​ទំនង​នឹង​មិន​ធ្វើ​កំហុស​ឆ្គង ដូច​លើក​មុន​នោះទេ។ នៅក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ចង់​សុំ​បង្កើន​ជំនួយ យោធា ដែល​អាមេរិក បាន​ផ្តល់​ទៅ​ឲ្យ​អ៊ីស្រាអែល ប្រមាណ ៣ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។ តាម​សមាជិក​សភា​អាមេរិក​ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters អ៊ីស្រាអែល​ចង់​ឲ្យ​អាមេរិក បន្ថែម​ជំនួយ​យោធា ឲ្យ​ដល់ ៥០ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ១០​ឆ្នាំ គឺ​ដើម្បី​ជា​សំណង​ជម្ងឺ​ចិត្ត ដែល​អាមេរិក​បាន​ចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​អ៊ីរ៉ង់ ដែល​ជាសត្រូវ​របស់​អ៊ីស្រាអែល។

កិច្ច​ព្រមព្រៀង​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ីស្រាអែល ដែល​មាន​តម្លៃ ៣០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ១០ឆ្នាំ នឹង​ត្រូវបិទ​បញ្ចប់ នៅ​ឆ្នាំ​២០១៧។ លោក​បារ៉ាក់ អូបាម៉ា​ធ្លាប់​បាន​និយាយ​ថា លោក​ត្រៀមខ្លួន ដើម្បី ចុះ​កិច្ច​ព្រមព្រៀង សម្រាប់​រយៈពេល ១០​ឆ្នាំ​បន្តទៀត។ ប៉ុន្តែ តាម​មន្រ្តី​អាមេរិក នឹង​គ្មានទេ ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​យោធា ​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេតានីញ៉ាហ៊ូ​នៅ​អាមេរិក។ ផ្ទុយទៅវិញ លោក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល អាច​ផ្តោត​លើការចរចា​ស្តីពី​អនុស្សរណៈ​យោគយល់​គ្នា ដែល​នៅក្នុង​នោះ អ៊ីស្រាអែល​ចង់​បាន​សព្វាវុធ​ទំនើបៗ​បន្ថែម​ពី​អាមេរិក។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ៊ីស្រាអែល​ចង់​បាន​បន្ថែម​យន្តហោះ​ចម្បាំង​ប្រភេទ F35 ដែល​ជា​យន្តហោះ​មហាទំនើប​ចុងក្រោយ​របស់​អាមេរិក ដែល​មាន​សមត្ថភាព​បំភាន់​គ្រាប់មីស៊ីល​បាញ់​យន្តហោះ។ អ៊ីស្រាអែល​ដែល​នឹង​ទទួល​បាន​យន្តហោះ​ចម្បាំង ប្រភេទ F35 ចំនួន​៣៣​គ្រឿង នៅ​ឆ្នាំ ២០១៦ ចង់​បាន​យន្តហោះ​ទំនើប​របស់​អាមេរិក ដើម្បី​យក​ទៅ​ទប់ទល់​នឹង​គ្រាប់មីស៊ីល​ដែល​អ៊ីរ៉ង់​បាន​បញ្ជារ​ទិញ​រួចហើយ​ដែរ​ពី​រុស្ស៊ី។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ