អានតួអត្ថបទ
សហរដ្ឋអាមេរិក

មន្ទីរ​ប៉ង់តាហ្កូន​បង្កើន​សម្ពាធ​ប្រឆំាង​នឹង​ Wikileaks

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ សីហា មន្ទីរ​ប៉ង់តាហ្កូន​បាន​ដំឡើង​​សំឡេង​ប្រឆំាង​នឹង​វិបសៃត៍ Wikileaks ដោយ​បាន​ទាមទារ​ឲ្យ​វិបសៃត៍ព័ត៌មាន​មួយ​នេះ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ខ្លួន​ វិញ​នូវ​ឯកសារ​ចំនួន ១៥ ០០០ ឯកសារ​ដែល​មិន​ទាន់​បាន​ចុះ​ផ្សាយ។ គឺ​ជា​ឯកសារ​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិកំាង​ស្តីពី​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ ជា​មួយ​គ្នា​នេះ មន្ទីរ​ប៉ង់តាហ្កូន​ក៏​បាន​បង្ខំ​ឲ្យ​វិបសៃត៍ Wikileaks ដក​ចេញ​វិញ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ខ្លួន​បាន​ចុះ​ផ្សាយ​រួច​ហើយ។

លោក Julian Assange ស្ថាបនិក​វិបសៃត៍ Wikileaks
លោក Julian Assange ស្ថាបនិក​វិបសៃត៍ Wikileaks Reuters/Andrew Winning
ផ្សាយពាណិជ្ជកម្ម
02:31

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ការ​ទាមទារ​នេះ​បាន​ត្រូវ​ប្រកាស​ដោយ​អ្នក​នំា​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិកំាង​លោក Geoff Morrel។ អ្វី​ដែល​ក្រសួង​ការពារជាតិ​បាន​ទាមទារ គឺ​សុំ​ឲ្យ​វិបសៃត៍ Wikileaks បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​អាមេរិកំាង​ជា​បន្ទាន់ នូវ​គ្រប់​ឯកសារ​សម្ងាត់​ទំាង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការពារជាតិ។ មួយ​វិញ​ទៀត លោក Geoff Morrel ក៏​បាន​ស្នើ​ឲ្យ​វិបសៃត៍ Wikileaks ដក​ឯកសារ​សម្ងាត់​ទំាង​នោះ​ចេញ​ពី​គេហទំព័រ​របស់​ខ្លួន លុប​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ និង​ពី​កន្លែង​តម្កល់​ទុក។

អ្នក​នំា​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិកំាង​រូប​នោះ​ដដែល​បាន​អះអាង​ថា ឯកសារ​សម្ងាត់​ជា​ច្រើន​ស្តី​ពី​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្កានីស្តង់​ដែល​វិបសៃត៍ Wikileaks បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នា​ពេល​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​កម្លំាង​ទ័ព​អាមេរិក និង​កម្លំាង​ទ័ព​អន្តរជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​ជួប​គ្រោះ​ថ្នាក់។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ដំណាច់​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ វិបសៃត៍ Wikileaks បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នូវ​ឯកសារ​សម្ងាត់​ជាង ៩ម៉ឺន​ឯកសារ។ សុទ្ធសឹង​ជា​ឯកសារ​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិកំាង​ដែល​ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​ចន្លោះ​ឆ្នំា ២០០៤ និង ២០០៩។ អ្វី​ដែល​ធ្វើ​ឲ្យ​ទំាង​អស់​គ្នា​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​ឯកសារ​សម្ងាត់​នោះ គឺ​ការ​លេង​ល្បែង​មុខ​ពីរ​របស់​ប្រទេស​ប៉ាគីស្តង់ ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ ឯកសារ​សម្ងាត់​របស់​ទាហាន​អាមេរិកំាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ អំពី​ការ​រួម​សហការ​របស់​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ យោង​តាម​ឯកសារ​ដដែល ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​ថែម​ទំាង​បាន​ផ្តល់​តំបន់​កុលសម្ព័ន្ធ​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​អាហ្វហ្កានីស្តង់ ឲ្យ​ពួក​មេ​តាលីបង់​ធ្វើ​ជា​មូលដ្ឋាន​របស់​គេ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ថ្មី។ ធ្ងន់ធ្ងរ​ជាង​នេះ បើ​យោង​តាម​ឯកសារ​នោះ​ដដែល ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់ និង​មេតាលីបង់​បាន​ជួប​ប្រជុំ​គ្នា​ដោយ​សម្ងាត់​ជា​អចិន្ត្រៃយ៍ ដើម្បី​រៀប​ចំ​ផែនការ និង​យុទ្ធសាស្រ្ត​ក្នុង​ការ​វាយប្រហារ​ទាហាន​អាមេរិកំាង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។

អ្នក​នំា​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិកំាង​លោក Geoff Morrel​បាន​ព្រមាន​ថា នៅ​ក្នុង​ករណី​ដែល​វិបសៃត៍ Wikileaks មិន​ព្រម​ដក​ចេញ និង​លប់​ឯកសារ​សម្ងាត់​ទំាង​នោះ​ចោល​ទេ ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្តើម​សិក្សា​រក​វិធានការ​ផ្សេង​ទៀត។ ជា​មួយ​គ្នា​នេះ លោក Geoff Morrel ក៏​បាន​រម្លឹក​ជា​ថ្មី​ថា ក្រសួង​ស៊ើបការ​សម្ងាត់​អាមេរិកំាង FBI និង​ក្រសួង​យុត្តិធម៌​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែក​រក​មូលហេតុ​នៃ​ការ​ធ្លាយ​ឯកសារ​សម្ងាត់​ទំាង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ