អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Edward Snowden​ហ៊ាន​ផ្ចាញ់​រដ្ឋបាល​លោកអូបាម៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​អាមេរិក​កំពុង​តាម​ប្រមាញ់ Edward Snowden ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ ថា ជា​អ្នកទទួល​ខុសត្រូវ ក្នុង​ការដាក់​សន្តិសុខ​ជាតិ ទៅក្នុង​គ្រោះថ្នាក់។ គេ​ដឹងថា Edward Snowden​អាយុ ២៩​ឆ្នាំ ជា​អតីត​ជំនួយការ​ព័ត៌មានវិទ្យា របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA និង​ជា​អ្នក​ទទួល​ម៉ៅការ​ការងារ​បន្ត​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ អាមេរិកាំង NSA។ តើ​យុវជន​Edward Snowden ជា​អ្នកណា​ឲ្យ​ពិតប្រាកដ? ហើយ​តើ​គេ​អាង​អ្វី​បាន​ជា​ហ៊ាន​ផ្ចាញ់ផ្ចាល​រដ្ឋាភិបាល​អាមេរិក ដោយ​ផ្តល់​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​អ្នកកាសែត? 

កាសែត​ចិន​សរសេរ​ពីការបើកកកាយ​របស់​​Edward Snowden និង​រដ្ឋបាល​លោក​អូបាម៉ា​ដែល​ឈឺក្បាល​ដោយសារSnowden
កាសែត​ចិន​សរសេរ​ពីការបើកកកាយ​របស់​​Edward Snowden និង​រដ្ឋបាល​លោក​អូបាម៉ា​ដែល​ឈឺក្បាល​ដោយសារSnowden REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃ​ពុធ សប្តាហ៍មុន Edward Snowden បាន​បង្ហាញ​មុខ​របស់ខ្លួន នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត អង់គ្លេស The Guardian។ Edward Snowden​ដែល​បាន​ទទួល​ស្គាល់​ថា គេ​ជាអ្នកបញ្ចេញ​ឯកសារ​សម្ងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ទៅ​ឲ្យ​អ្នកកាសែត បាន​ធ្វើ​ឲ្យ​ពិភព​ក្រុមអ្នកស៊ើបការណ៍​សម្ងាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

តើ​យុវជន​Snowden ជាអ្នកណា? ហើយតើមាន​អ្វី​ដែល​ជំរុញ​ឲ្យ​យុវជន​អាមេរិកាំង​រូបនេះ ចេញមុខ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់ខ្លួន ហើយ រត់ទៅ​ជ្រកកោន នៅ​ទីក្រុង​ហុងកុង ដែល​ទឹកដី​របស់​ប្រទេស​ចិន សត្រូវ​របស់​អាមេរិក?

Edward Snowden​កើតនៅ​រដ្ឋ​North Caroline ​បាន​ធំដឹងក្តី​នៅ​រដ្ឋMaryland  នៅជិត​Fort Meade ដែល​ជាទីតាំង​របស់​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិNSA ដែល​ជា​ក្បាល​ម៉ាស៊ីន​ស្រង់​ទិន្ន័យ​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិកាំង។ Snowden​មិនដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ជាន់ខ្ពស់​ណាមួយ​ទេ។ គេ​បាន​បោះបង់​ចោល​ការសិក្សា​នៅវិទ្យាល័យ នៅត្រឹម​ថ្នាក់ទី ១០។ Snowden​ធ្លាប់​បាន​ប្រាប់​ថៅកែ​ក្រុមហ៊ុន​ថា គេ​បាន​បញ្ចប់​ថ្នាក់​កុំព្យូទ័រ​និង​ទទួល​បាន​សញ្ញាប័ត្រ​ពី​សកលវិទ្យាល័យ​Maryland ក្នុង​ទីក្រុង​តូក្យូ។ លើសពីនេះទៀត Snowdenធ្លាប់​បាន​និយាយ​ថា គេ​នឹង​ត្រូវ​ទទួលសញ្ញាប័ត្រ​អនុបណ្ឌិត ពី​សកលវិទ្យាល័យ​Liverpool ក្នុង​ប្រទេស​អង់គ្លេស។ ប៉ុន្តែ រាល់សាលា​ដែល​គេ​បាន​ទាក់ទង​សួររក​ប្រវត្តិ​របស់​ Snowden សុទ្ធ​តែ​បាន​បញ្ជាក់ថា គេ​គ្មានឈ្មោះ សិស្សEdward Snowden ឬ​ Snowden​មិនសូវ​បាន​រៀន​ពេញលេញ។

ចាប់ពី​ឆ្នាំ ២០០១ យុវជន​ Snowden​ធ្លាប់​ធ្វើការ​ជា​អ្នកបង្កើត​វិបសៃតិ៍ ឲ្យ​ក្រុមហ៊ុន​អ៊ីនធ័រណេត មុន​នឹង​ចុះឈ្មោះ ចូល​ធ្វើ​ជា​ទាហាន នៅ​ឆ្នាំ ២០០៣។ ប៉ុន្តែ ដោយសារ​គ្រោះថ្នាក់​របួសជើង នៅក្នុង​ពេល​ហ្វឹកហាត់ គេ​បាន​ចាកចេញ​ពី​កងទ័ព និង​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA រើស​ចូល​ធ្វើ​ជាអ្នកជំនួយការ ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា។

បើទោះបី​ជា​គ្មាន​សញ្ញាប័ត្រ​ធំដំ ប៉ុន្តែ អ្នកជំនាញ​មួយ​ចំនួន​ភ្ញាក់ផ្អើល​ដែល​ឃើញ​ Snowden​ចេះ​តែ​ឡើង​ឋានៈ​មិនឈប់។ ជាក់ស្តែង នៅឆ្នាំ ២០០៧ Snowden ធ្លាប់​កាន់លិខិត​ឆ្លងដែន​ការទូត នៅពេល​គេ​បំពេញ​បេសកកម្ម ក្នុង​ប្រទេស​ស្វីស។ មួយវិញទៀត គេ​ឆ្ងល់ថា ហេតុអ្វី​បាន​ជា​បុគ្គលិក​មាន​ឋានៈ តួនាទី​តូចតាច​ដូច​ Snowden​អាច​មាន​សិទ្ធិ និង​លទ្ធភាព​រហូត អាច​ចូល​មើល និង​ថត​ចម្លង​ឯកសារ​សម្ងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​NSA? រហូតមកដល់​ពេលនេះ គេ​នៅមិនទាន់​បាន​ទទួល​ចម្លើយ​ច្បាស់លាស់ ទៅ​នឹង​សំណួរ​នេះ​នៅឡើយទេ ប៉ុន្តែ បើតាម អ្នកជំនាញ​ខាងផ្នែកស៊ើបការណ៍​សម្ងាត់ យុវជន​ Snowden​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA រើស​បញ្ចូល​ជា​បុគ្គលិក នៅក្រោយ​អំពើ​ភេរវកម្ម ឆ្នាំ ២០០១ គឺ​ក្នុង​ដំណាក់កាល​មួយ ដែល​គេ​ត្រូវការ​ច្រើន ចំនួន អ្នកចេះដឹង​ខាងផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា ដើម្បី​ស្វែងរក និង​កំណត់អត្តសញ្ញាណ​របស់​ក្រុមភេរវករ។

ចុងក្រោយនេះ Snowden បានធ្វើការ​​ឲ្យ​ក្រុមហ៊ុន​Booz Allen Hamilton ដែល​ជា​ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​យោធា ឲ្យ​ទីភ្នាក់ងារ​NSA។ ធ្លាប់​បាន​ប្រាប់ទៅ​ថៅកែ​របស់ខ្លួន គឺ​ក្រុមហ៊ុន​ថា សុំ​សម្រាក​ព្យាបាល​ជម្ងឺ​ស្កន់ ដែល​គ្រូពេទ្យ​បាន​រកឃើញ​ក្នុង​កាលពីឆ្នាំ ២០១២។ គេ​បាន​ប្រាប់​មិត្តស្រី​របស់គេ​ថា គេ​នឹង​អវត្តមាន​មួយរយៈ ប៉ុន្តែ មិន​បាន​ប្រាប់​ពី​ហេតុផលអ្វីទេ។ នៅ​ថ្ងៃ​ទី ២០ ឧសភា Edward Snowden បាន​ទៅដល់​ទីក្រុង​ហុងកុង និង​បាន​ទាក់ទង​អ្នកយកព័ត៌មាន​របស់​កាសែត The Guardian។

តាម​យុវជន​ Snowden គ្មាន​ហេតុផល​ពិសេស​ណាមួយ​ជំរុញ​ឲ្យ គេ​បញ្ចេញ​សកម្មភាព​នៅពេលនេះទេ។ គឺ​គ្រាន់តែ​នៅពេលនេះ គេ​មាន​ការភ្ញាក់​មនសិការ ដែល​ឃើញ​រាល់​ប្រធានាធិបតី​ចេះតែ​និយាយ​កុហក ដើម្បី​បាន​អំណាច និង​មិនគោរព​ការសន្យា​របស់ខ្លួន។ ចាប់ពី​ឆ្នាំ ២០០៩ គឺ​ពេល​គេ​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​NSA យុវជន Snowden ធ្លាប់​បញ្ចេញមតិ​ នៅក្នុង​វិបសៃត៍​នានា ដែល​បញ្ជាក់​ពី​ការមិនសប្បាយ​ចិត្ត​របស់គេ ទាក់ទង​នឹង​សកម្មភាពរបស់​ទីភ្នាក់ងារ​NSA។ ដោយ​ដាក់ឈ្មោះ​ក្លែងក្លាយ Snowden​ធ្លាប់​សរសេរ​បរិហារ​ពីសកម្មភាព​មិនត្រឹមត្រូវ​របស់​ទីភ្នាក់ងារ​ដែល​បាន​ប្រើ​កម្មវិធី Prisme ស្រង់ តាមដាន និង​លបស្តាប់​ការសន្ទនា​របស់​ប្រជាជន​អាមេរិកាំង។

Snowden បាន​និយាយ​ថាគេ​មិន​បាន​បោះឆ្នោត​ឲ្យ​លោក​អូបាម៉ាទេកាលពី​ឆ្នាំ២០០៨ប៉ុន្តែគេ​និយាយ​ថាគេ​ជឿ​នៅតែ​ជឿ​លើ​ការសន្យា​របស់​លោក​អូបាម៉ាដែល​បើ​តាម​ Snowden គឺ​ធ្លាប់​គោរពនិង​ផ្តល់​តម្លៃដល់​ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិកាំង។ នៅពេលនេះ Snowden បាន​សម្រេច​ចេញមុខ ដើម្បី​ទាមទារ​ឲ្យគេ​ផ្តល់​​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ដាក់ទោស​លើ​សកម្មភាព​របស់​រដ្ឋាភិបាល ដែល​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជីវិត​ឯកជន​មនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ